ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ស្រុក​និយាយ​ថា មនុស្ស​យ៉ាង​តិច​៥១​នាក់​​​បាន​ស្លាប់​​​ក្នុង​ការ​វាយ​​​​​ឆ្មក់​ចូល​​ភូមិ​ក្នុង​ប្រទេស​ម៉ាលី


តំបន់ Gao ក្នុង​ប្រទេស​ម៉ាលី។
តំបន់ Gao ក្នុង​ប្រទេស​ម៉ាលី។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ឱ្យ​ដឹង​ថា អ្នក​ភូមិ​យ៉ាង​ហោច​ណាស់​ចំនួន​៥១​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ក្រុម​ជីវពល​អ៊ីស្លាម​បានវាយ​ឆ្មក់​ចូលភូមិ​អ្នកស្រុក​ចំនួន​៣ ​នៅ​ភាគ​កណ្តាលប្រទេស​ម៉ាលីជិតព្រំដែន​ជា​មួយ​ប្រទេស​នីហ្សេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋបាល​ស្រុក​ម្នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ។

ភូមិ Ouatagouna ភូមិ Karou និង​ភូមិ Deouteguef ត្រូវ​រងការ​វាយ​ប្រហារ​ព្រមៗ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​៦​លា្ងច។ នេះ​បើយោង​តាម​លិខិត​របស់​មន្ត្រី​រដ្ឋបាល​ស្រុក Asongo ផ្ញើ​ឲ្យ​អភិបាល​តំបន់ Gao ប្រទេស​ម៉ាលី។

លិខិត ​ដែល​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters បាន​ឃើញ សរសេរ​ថា ផ្ទះ​អ្នក​ភូមិត្រូវ​បាន​ក្រុមជីវពល​អ៊ីស្លាម​ចូល​រើ​កកាយ​និង​ដុត​ឆេះ ហើយ​សត្វ​ពាហនៈរបស់​អ្នក​ភូមិ​ត្រូវ​បាន​ក្រុម​នេះ​នាំយក​ទៅ​ជា​មួយ។​ តួលេខ​បណ្តោះ​អាសន្ន​បង្ហាញ​ថា​ មនុស្ស​សរុប​ប្រមាណ​៥១​នាក់​ត្រូវ​បាន​សម្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស។

នៅ​ពុំ​មាន​ក្រុម​ណា​មួយ​ប្រកាស​ទទួល​ខុសត្រូវ​ពី​ការ​វាយ​ប្រហារក្នុង​តំបន់​នោះ ទី​ដែល​កងទ័ព​ម៉ាលី​ កងទ័ព​បារាំង​ កង​ទ័ព​សហភាព​អឺរ៉ុប​ និង​កម្លាំង​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​កំពុង​ច្បាំង​ជា​មួយ​ក្រុម​បះបោរ​ ដែល​មាន​ទំនាក់​ទំនង​ជា​មួយក្រុម​រដ្ឋ​អ៊ីស្លាម និង​ក្រុម​អាល់ខៃដា។

អ្នក​នាំ​ពាក្យ​កង​ទ័ព​ម៉ាលី​លោក​អនុសេនីយ៍​ឯក Souleymane Dembele បាន​បញ្ជាក់​ថា​ មាន​ការ​វាយ​ប្រហារ​មែន តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ឡើយ។

ប្រភពផ្សេងៗ​ក្នុង​ស្រុក​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters ថា ក្រុម​ជីវពល​ទាំង​នោះ​បាន​មក​បោះ​ទី​តាំងនៅ​ផ្លូវ​ចូលទៅ​កាន់​ទីប្រជុំ​ជន​ទាំង​នោះ ហើយ​បាញ់​ប្រហារ​ដោយ​មិន​រើស​មុខ​ទៅ​លើ​ជន​ស៊ីវិល។

មន្ត្រី​រដ្ឋបាល​បាន​និយាយ​ថា​ កងទ័ព​ម៉ាលី​កំពុង​បោស​សម្អាត​តំបន់​នោះ។ យោង​តាម​លិខិត​នោះ​ ​លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​យោធា​ជួយ​ការពារ​ពិធី«បុណ្យ​សព​ធានា​ដល់​ប្រជាជន​និងចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​អ្នក​ស្លាប់»៕

XS
SM
MD
LG