ទីក្រុងបាម៉ាកូ ប្រទេសម៉ាលី — របបសឹកយោធានៅក្នុងប្រទេសម៉ាលីបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនបានទប់ ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចមួយកាលពីសប្តាហ៍មុន ដែលដឹកនាំដោយមន្ត្រីយោធាមួយចំនួនដែលបានគាំទ្រដោយប្រទេសលោកខាងលិចមួយ ដែលមិនត្រូវបានប្រាប់ឈ្មោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
សេចក្តីថ្លែងការណ៍ដែលត្រូវបានគេអាននៅលើទូរទស្សន៍រដ្ឋបានឱ្យដឹងថា៖ «ក្រុមមន្ត្រីម៉ាលីមួយចំនួនតូចដែលប្រឆាំងនឹងការរីកចម្រើននិងជាមន្ត្រីយោធាបម្រុងបានព្យាយាមប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ កាលពីយប់ថ្ងៃទី ១១ ឈានចូលថ្ងៃទី ១២ ខែឧសភាកន្លងទៅ»។
ក្រុមទាហានទាំងនោះត្រូវបានគាំទ្រដោយរដ្ឋប្រទេសលោកខាងលិចមួយ។ ការប៉ុនប៉ងនេះ ត្រូវបានទប់ស្កាត់ដោយសារតែកងកម្លាំងការពារជាតិនិងកងកម្លាំងសន្តិសុខ ដែលមានវិជ្ជាជីវៈនិងការប្រុងប្រយ័ត្នខ្ពស់»។
សេចក្តីថ្លែងការណ៍នោះមិនបាននិយាយលម្អិតពីអ្វីដែលបានកើតមានឡើងនោះទេ។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងពីការចាប់ខ្លួនមួយចំនួន ហើយថា អ្នកដែលត្រូវបានចាប់ខ្លួននេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ អត្តសញ្ញាណអ្នកដែលត្រូវបានចាប់ខ្លួននិងទីកន្លែងរបស់ពួកគេ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។
សេចក្តីថ្លែងការណ៍នោះបានបន្តទៀតថា ការត្រួតពិនិត្យត្រូវបានគេពង្រឹងនៅជុំវិញរដ្ឋធានីបាម៉ាកូ និងនៅតាមព្រំដែនរបស់ប្រទេសម៉ាលី។
ប្រភពយោធាមួយដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងពីការចាប់ខ្លួនមនុស្សប្រមាណ ១០ នាក់ហើយមួយចំនួនទៀតកំពុងប្រឈមនឹងការចាប់ខ្លួន។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលម៉ាលីបានបញ្ជាក់ថា ខ្លួនបានប្រើគ្រប់មធ្យោបាយចាំបាច់នានា ដើម្បីធ្វើការស៊ើបអង្កេតនិងរកអ្នករួមគំនិតនៅក្នុងរឿងនេះ។
គ្មានសញ្ញាណាមួយនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារត្រូវបានផ្សព្វផ្សាយថាកើតមានឡើងកាលពីសប្តាហ៍មុននោះឡើយ រហូតដល់យប់ថ្ងៃចន្ទ ទើបគេបានដឹងពីរឿងនេះ។
ប្រទេសម៉ាលីបានធ្វើរដ្ឋប្រហារចំនួន ២ ដងរួចមកហើយ ចាប់តាំងពីខែសីហា ឆ្នាំ ២០២០ មក នៅពេលដែលក្រុមយោធារបស់ប្រទេសនេះបានទម្លាក់ប្រធានាធិបតីលោក Ibrahim Boubacar Keita៕