ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​បង្ហាញ​ពី​ភាព​ចាំបាច់​នៃ​ការ​សហការ​​ថ្នាក់​​តំបន់​ដែល​ប្រសើរ​ជាង​មុន


អ្នក​សម្តែង​មួយ​រូប​បង្ហាញ​ខ្លួន​នៅ​​មុខ​បដា​នៅ​អាកាសយានដ្ឋាន Kuala Lumpur ​ដែល​មាន​សរសេរ​សារ​ចែក​រំលែក​ទុក្ខ​និង​បួងសួង​ដល់​អ្នក​ដំណើរ​លើ​យន្តហោះ​ MH370 ដែល​បាត់​ដាន
អ្នក​សម្តែង​មួយ​រូប​បង្ហាញ​ខ្លួន​នៅ​​មុខ​បដា​នៅ​អាកាសយានដ្ឋាន Kuala Lumpur ​ដែល​មាន​សរសេរ​សារ​ចែក​រំលែក​ទុក្ខ​និង​បួងសួង​ដល់​អ្នក​ដំណើរ​លើ​យន្តហោះ​ MH370 ដែល​បាត់​ដាន
ខណៈ​ដែលប្រតិបត្តិការ​រុករក​យន្តហោះ​ម៉ាឡេស៊ី​បាន​ឈាន​ចូល​ដល់សប្តាហ៍​ទី​៣ ​ហើយថែម​ទាំងមានសេចក្តី​រាយការណ៍​ពី​ការ​ប្រទះ​ឃើញ​បំណែក​អណ្តែតនៅ​ឯ​នាយ​ឆ្នេរសមុទ្រ​ភាគ​និរតី​របស់​ប្រទេស​អូស្ត្រាលី រដ្ឋាភិបាល​ម៉ាឡេស៊ី​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ព្យាយាម​ឆ្លើយ​តប​ឲ្យ​បាន​សម​រម្យ​ចំពោះ​ក្រុមគ្រួសារ​នៃ​អ្នក​ដំណើរ​លើ​យន្តហោះ​ដែល​បាត់ និង​ជៀសវាងបញ្ហា​ខាង​ការ​ទូត។ អ្នកវិភាគ​និយាយ​ថា​ឧប្បត្តិហេតុ​នេះ​លាត​ត្រដាង​អំពី​សារៈ​សំខាន់​នៃ​ការ​ការ​ធ្វើ​សហប្រតិបត្តិការ​តំបន់​ប្រសើរ​ជាង​មុន។ (ចុច​មើល​ក្រាហ្វិក​ប្រទេស​មួយ​ចំនួន​ដែលបាន​ចូល​រួម​ប្រតិបត្តិការ​ពហុជាតិ)

នៅ​ក្រោយ​ពេល​ក្រុម​គ្រួសារ​នៃ​អ្នក​ដំណើរ​លើ​យន្តហោះ​ដែល​បាត់​ខ្លួន​បាន​រិះ​គន់​ខ្លាំងៗ​ចំពោះរបៀប​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចាត់​ការ​រឿង​អាថ៌កំបាំង​បាត់ដាន​យន្តហោះ MH370 អាជ្ញាធរ​នៅ​រដ្ឋធានី​គូឡាឡាំពួ​បាន​ប្រកាស​ថា ​ពួក​គេ​នឹង​បញ្ជូន​គណៈប្រតិភូទៅ​កាន់​ទី​ក្រុង​ប៉េកាំង ដែល​នៅ​ទី​នោះ​សាច់​ញាតិ​ជិត​របស់​អ្នក​ដំណើរ​បាត់​ខ្លួន​កំពុង​រង់​ចាំ​ព័ត៌មាន​ការ​រក​ឃើញ​ថ្មីយ៉ាង​អន្ទះសារ។

វិធានការ​នេះ​ជា​កិច្ច​ខិត​ខំ​ប្រឹងប្រែង​មួយ​ទៀត​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដើម្បី​កែសម្រួល​ជំហាន​ខុស​ពី​មុនៗ​ដែល​បាន​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ពី​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​ជនជាតិ​ភាគច្រើន​នៅ​លើ​យន្តហោះ​ដែល​បាត់​ដាន​នោះ។

ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​នេះ​មិន​គ្រាន់តែ​ឆ្លុះ​បញ្ចាំង​ពីរបៀប​ដែល​ប្រទេសមួយ​ចាត់ចែង​ក្នុង​គ្រា​វិបត្តិ​ដូច្នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ហាញ​អំពី​កង្វះ​ការ​ឆ្លើយ​តប​ថ្នាក់​តំបន់​ដែល​ប្រកប​ដោយ​ការ​សហការ​គ្នា។

លោក Nicholas Thomas ជា​សាស្ត្រាចារ្យខាង​ផ្នែក​អភិបាលកិច្ច​នៅ​តំបន់​អាស៊ី នៅ​សាកលវិទ្យាល័យ City University នៅ​ទី​ក្រុង​ហុងកុង​ពន្យល់​ថា៖ «ខ្ញុំ​គិត​ថា​វាបង្ហាញ​ថា​ ទោះ​បី​មាន​ការ​ជជែក​គ្នា​ច្រើន​អំពី​រឿងកិច្ចការ​សហប្រតិបត្តិការ​តំបន់​ក្តី ក៏​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​តែ​ជា​តំបន់​មួយ​ដែល​ត្រូវ​ជំរុញ​ដោយ​គោលនយោបាយ​ជាតិ និង​អាទិភាព​ប្រទេស​ជាតិ​និមួយៗ។»

ក្រុម​មន្ត្រី​ថ្នាក់​រដ្ឋមន្ត្រី​និង​ប្រមុខ​រដ្ឋ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ទៀងទាត់​តែង​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​អំពី​បញ្ហា​សន្តិសុខ​និង​កិច្ចការ​យោធា​តាម​រយៈ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន។

ប្រទេស​នៅ​ក្នុង​តំបន់ រួម​ទាំង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​ផង​ដែរ តែង​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​ដើម្បី​ប្តូរ​ព័ត៌មាន​គ្នា​និង​បង្កើន​សមត្ថភាព​ខាង​ការ​ប្រឆាំង​ភេរវកម្ម។ ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា​ មក​ទល់​ពេល​នេះ សហប្រតិបត្តិការ​ខាង​កិច្ចការ​រុករក​និង​សង្គ្រោះ​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ទេ។

អ្នក​វិភាគ​ទាំង​នោះ​ថា កិច្ច​ប្រឹងប្រែង​រួម​ខ្លាំង​ជាង​គេ​គឺ​ចេញ​ពី​កងទ័ព​ជើង​ទឹក។ នៅ​ឆ្នាំ​២០១០ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​អនុម័ត​សេចក្តី​ប្រកាសរួម​មួយ​អំពីបេសកកម្មរុករក​និង​សង្គ្រោះ​សម្រាប់​នាវា​ដែល​ជួយ​គ្រា​អាសន្ន។

សេចក្តី​ប្រកាស​រួម​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋនានា​បង្កើត​ការិយាល័យ​សម្រាប់​បេសកកម្ម​រុករក​និង​សង្គ្រោះ​ ចែក​រំលែក​ព័ត៌មាន​គ្នា​និង​ផ្តល់​ការ​គាំទ្រ​ក្នុង​ករណី​ដែល​នាវា​ជួយ​គ្រា​អាសន្ន​នៅ​សមុទ្រ។ ប៉ុន្តែ​សេចក្តី​ប្រកាស​នេះ​មិន​មាន​បញ្ញត្តិកំណត់​អំពី​ករណី​មហន្តរាយ​ដូច​ការ​បាត់​ដាន​យន្តហោះ​ MH370ទេ។

លោក Thomas និយាយ​ថា​ឧបសគ្គមួយ​ចំពោះ​ការសហការ​គ្នា​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចការ​រុករក​និង​សង្គ្រោះ​នៅ​អាស៊ី​អាគ្នេយ៍​គឺ​គម្លាត​ដ៏​ធំ​ខាង​សមត្ថភាព​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់។

«តំបន់​ដែល​ពិបាក​កំណត់​ផែនទី ច្រើន​តែ​ជា​តំបន់​ក្នុង​ប្រទេស​ដែល​មាន​សមត្ថភាព​ទាប​ខាង​ការ​រុករក​នេះ។»

សហរដ្ឋ​អាមេរិក​បាន​ដើរ​តួនាទី​នាំ​មុខ​មួយខាង​សន្តិសុខ​ដែន​សមុទ្រ​នៅ​អាស៊ី​អាគ្នេយ៍​ ហើយ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាមេរិក​បាន​ពង្រីក​វត្តមាន​នៅ​តាម​មូលដ្ឋាន​យោធា​នៅ​ហ្វីលីពីន​និង​អូស្ត្រាលី។

ប្រទេស​ចិន​មិន​មាន​មូលដ្ឋាន​យោធា​នៅ​ក្រៅ​ប្រទេស​ទេ ប៉ុន្តែ​បាន​បង្កើន​សមត្ថភាព​កងកម្លាំង​ជើង​ទឹក​របស់​ខ្លួន​នៅ​ជិត​កោះ​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Li Mingjiang អ្នក​វិភាគ​ខាង​សន្តិសុខ​មួយ​រូប​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ថ្លែង​ថា ទំនើបកម្ម​របស់​យោធា​ចិន​អាច​ជា​ជំនួយ​មួយ​ដល់​បេសកកម្ម​រុករក​និង​សង្គ្រោះ​នេះ។

«ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បាន​បង្កើន​សមត្ថភាព​របស់​ខ្លួន។ ឥឡូវ​នេះ​ចិន​មាន​ទាំង​ឧបករណ៍​ទំនើប និង​កម្មវិធី​បច្ចេកវិជ្ជា​ទំនើបៗ​ទាំង​អស់​ផង​ដែរ​ រួម​ទាំង​ផ្កាយ​រណប​និង​សមត្ថភាព​ខាង​ការ​ឃ្លាំ​មើលផ្សេង​ទៀត​ដែរ។ ដូច្នេះ​អ្វី​ដែល​នៅ​ខ្វះ​គឺ​ឆន្ទៈ​ខាង​នយោបាយ​តែ​បុណ្ណោះ។»

អ្នក​វិភាគ Li ថ្លែង​ថា បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ភាគ​ច្រើន​ខ្វះ​សមត្ថភាព​ខាង​កិច្ចការ​នេះ ហើយ​ទំនង​ស្វាគមន៍​ចំពោះ​ការ​ចូល​រួម​សកម្ម​ជាង​មុន​របស់​ប្រទេស​ចិន គឺ​មិន​ខុសពី​ការ​ស្វាគមន៍​ចំពោះ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ទេ។

លោក​និយាយ​ថា​បញ្ញា​សន្តិសុខ​ដែល​មិន​ទាក់​ទង​នឹង​រឿងសន្តិសុខ​ជាតិ ដូច​ជា​ការ​សហករ​គ្នា​ក្នុង​បេសកកម្ម​រុករក​និង​សង្គ្រោះ​នេះ គឺ​មិន​មែន​ជា​រឿង​រសើប​ទេ៕

សូម​ចូល​គេហទំព័រ​ពិសេសដោយ​ចុច​ត្រង់​នេះ

ប្រែសម្រួល​ដោយ​ សឹង សុផាត

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG