ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡាវី​ត្រូវ​ព្យួរ​តំណែង​ពាក់ព័ន្ធ​នឹង​សារ​សំឡេង​លេច​ធ្លាយ


រូបឯកសារ៖ ​អ្នកស្រី Martha Chizuma ពេល​ធ្វើ​ការ​នៅ​តុ​របស់​អ្នកស្រី នៅ​មុន​បទសម្ភាសន៍​ជាមួយ​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ការិយាល័យ​របស់​អ្នកស្រី​នៅ​រដ្ឋធានី​លីឡុងវ៉េ ប្រទេស​ម៉ាឡាវី កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៩។
រូបឯកសារ៖ ​អ្នកស្រី Martha Chizuma ពេល​ធ្វើ​ការ​នៅ​តុ​របស់​អ្នកស្រី នៅ​មុន​បទសម្ភាសន៍​ជាមួយ​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ការិយាល័យ​របស់​អ្នកស្រី​នៅ​រដ្ឋធានី​លីឡុងវ៉េ ប្រទេស​ម៉ាឡាវី កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៩។

ប្រទេស​ម៉ាឡាវី​បាន​ព្យួរ​តំណែង​ប្រធាន​ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ​អ្នកស្រី Martha Chizuma ពាក់ព័ន្ធ​នឹង​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​ដែល​អ្នកស្រី​បាន​និយាយ​ថា​ មន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន​កំពុង​រារាំង​យុត្តិធម៌។

អ្នកស្រី Colleen Zamba ដែល​ជា​លេខាធិការ​ប្រធានាធិបតី​និង​គណៈរដ្ឋមន្ត្រី​ប្រទេស​ម៉ាឡាវី បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ជា​សាធារណៈ​មួយ​កាលពី​ថ្ងៃ​ទី ១ ខែ​មករា​ថា ការ​ព្យួរ​តំណែង​របស់​អ្នកស្រី Chizuma បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី ៣១ ខែ​មករា​មក និង​បន្ត​រហូត​ដល់​ពេល​ណា​ដែល​រឿង​ក្តី​នេះ​បញ្ចប់។

នៅ​ក្នុង​សារ​សំឡេង​ជាមួយ​បុគ្គល​មិន​ស្គាល់​ឈ្មោះ​ម្នាក់​ដែល​បាន​លេច​ធ្លាយ​ចូល​ក្នុង​បណ្តាញ​សង្គម​អនឡាញ អ្នកស្រី Chizuma បាន​និយាយ​ថា មន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន​ដែល​រួម​មាន​ទាំង​មេធាវី ចៅក្រម និង​អាជ្ញាធរ​ផង​ដែរ កំពុង​រារាំង​យុទ្ធនាការ​របស់​អ្នកស្រី​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

ករណី​នេះ​បាន​ជំរុញ​ឱ្យ​មន្ត្រី​ខ្លះ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​នេះ​ដូចជា​អតីត​ប្រធាន​រដ្ឋអាជ្ញា​លោក Steven Kayuni ជាដើម ដាក់​ពាក្យ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នកស្រី។ ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​មួយ​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​អ្នកស្រី​នៅ​ក្នុង​សារ​ជា​សំឡេង​ប្រឆាំង​នឹង​លោក​ចៅក្រម Simeon Mdeza ដែល​នៅ​ពេល​នោះ​លោក​គឺ​ជា​អ្នក​ដែល​កំពុង​កាន់​សំណុំ​រឿងក្តី​ពុករលួយ​មួយ។

ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ​គឺ​រួម​មាន​ទាំង​ការ​លើកឡើង​ដែល​មាន​បំណង​បន្ទាប​សិទ្ធិ​អំណាច​របស់​ចៅក្រម​មុន​ពេល​នីតិវិធី​តុលាការ​ត្រូវ​បាន​ធ្វើ​ឡើង និង​ការ​លើកឡើង​ដែល​អាច​ឱ្យ​មាន​ការ​លម្អៀង​ទៅ​រក​បុគ្គល​ដែល​ប្រឆាំង​នឹង​ភាគី​មួយ​នៃ​នីតិវិធី​តុលាការ​ផងដែរ។

អ្នកស្រី Martha Kaukonde ដែល​ជា​មេធាវី​របស់​អ្នកស្រី Chizumaបាន​ប្រាប់​វីអូអេ​ថា បទបញ្ជា​ព្យួរ​តំណែង​នេះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ។

អ្នកស្រី Kaukonde ថ្លែង​ដូច្នេះ​ថា៖ «ច្បាប់​ចែង​យ៉ាង​ច្បាស់​ថា អ្នកស្រី [Chizuma] អាច​ត្រូវ​បាន​ព្យួរ​តំណែង​ដោយ​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ។ ហើយ​នៅ​ក្នុង​សេណារីយូ​នេះ អ្នកស្រី​ត្រូវ​បាន​ព្យួរ​តំណែង​ដោយ​លេខាធិការ​របស់​ប្រធានាធិបតី​និង​គណៈរដ្ឋមន្រ្តី»។

ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​ប្រទេស​ជាតិ​កាលពី​ថ្ងៃ​ទី ២៤ ខែ​មករា​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី Lazarus Chakwera បាន​ពណ៌នា​សកម្មភាព​របស់​អ្នកស្រី Chizuma ថា​ជា​ រឿង​អកុសល ប៉ុន្តែ​បាន​លើកឡើង​ថា ​លោក​នឹង​មិន​បណ្តេញ​អ្នកស្រី​ចេញ​ពី​តំណែង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ធ្វើ​ការ​ព្រមាន​ថា លោក​នឹង​ឃ្លាំមើល​ទង្វើ​របស់​អ្នកស្រី។

លោក Michael Kayiyatsa ដែល​ជា​នាយក​ប្រតិបតិ្ត​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​និង​នីតិសម្បទា បាន​និយាយ​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​នឹង​ការ​ផ្លាស់ប្តូរ​ចិត្ត​យ៉ាង​ឆាប់​រហ័ស​របស់​រដ្ឋាភិបាល​ម៉ាឡាវី។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​យើង​ធ្វើការ​វិភាគ​លើ​បញ្ហា​ទាំង​មូល វា​ពាក់ព័ន្ធ​នឹង​ភាព​ពុតត្បុត។ ប្រធានាធិបតី​ធ្លាប់​មាន​ភាព​ពុតត្បុត ដោយសារតែ​អ្វី​ដែល​លោក​និយាយ​ជា​សាធារណៈ​និង​អ្វី​ដែល​លោក​ធ្វើ​នៅ​ពី​ក្រោយ​គឺ​មាន​ភាព​ផ្ទុយ​ពី​គ្នា។ លោក​ប្រធានាធិបតី​រូប​នេះ​ធ្លាប់​និយាយ​ថា «ខ្ញុំ​បាន​លើកលែង​ទោស​ឱ្យ​អ្នកស្រី Martha [Chizuma]» ប៉ុន្តែ​ក្រោយ​មក លោក​បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ព្យួរ​តំណែង​អ្នកស្រី។ លោក​បាន​បង្ហាញ​សារ​ផ្ទុយ​ស្រឡះ​ពី​គ្នា»។

សេចក្ដី​រាយកាណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ម៉ាឡាវី​បាន​បញ្ជាក់​ថា ការ​ព្យួរ​តំណែង​របស់​អ្នកស្រី Chizuma នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ពេល​ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ដាក់​ចេញ​នូវ​ដីកា​ចាប់ខ្លួន​មន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន។

អ្នកស្រី​មេធាវី Kaukonde សង្ស័យ​ថា ចំណាត់ការ​ដាក់​ពិន័យ​លើ​អ្នកស្រី Chizuma នេះ​គឺ​ត្រូវ​បាន​គ្រោង​ឡើង​ជា​យូរ​មក​ហើយ។

អ្នកស្រី Kaukonde ថ្លែង​ដូច្នេះ​ថា៖ «វា​ជា​រឿង​ច្បាស់​ណាស់។ ខ្ញុំ​គិត​ថា វា​បាន​ចាប់ផ្តើម​តាំងពី​ខែ​មករា ឆ្នាំ ២០២២ មក​ម៉្លេះ។ វា​ជា​ផែនការ​ដើម្បី​បង្អាក់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ នេះ​ជា​អ្វី​ដែល​យើង​បាន​ទាយ​ទុក។ ដូច្នេះ​មិន​មាន​អ្វី​លើស​ពី​នេះ​ទេ។ អ្នកស្រី​គ្រាន់តែ​ធ្វើ​ការងារ​របស់​អ្នកស្រី​តែ​ប៉ុណ្ណោះ ហើយ​បន្ទាប់​មក​អ្នកស្រី​ត្រូវ​បាន​បញ្ឈប់​មិន​ឱ្យ​ធ្វើ​ការងារ​នេះ»។

លោក George Phiri ដែល​ជា​អតីត​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សាកលវិទ្យាល័យ Livingstonia នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាឡាវី បាន​និយាយ​ថា ការ​ប្រែ​ក្រឡាស់​ចុះ​ឡើង​ពាក់ព័ន្ធ​នឹង​រឿង​របស់​អ្នកស្រី Chizuma នេះ​បាន​បង្ហាញ​ថា មាន​មនុស្ស​ខ្លះ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កំពុង​ព្យាយាម​រារាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

លោក Phiri ថ្លែង​ដូច្នេះ​ថា៖ «យើង​មិន​អាច​មាន​រដ្ឋាភិបាល ដែល​បាន​បង្កើត​ការិយាល័យ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ម៉ាឡាវី ហើយ​ងាក​មក​ប្រឆាំង​នឹង​ការិយាល័យ​នេះ​វិញ​នោះ​ទេ។ រដ្ឋាភិបាល​ដូច​នេះ​មិន​គួរ​កើត​មាន​នោះ​ឡើយ។ យើង​ចាំបាច់​ត្រូវ​ដឹង​ថា អ្នក​ណា​កំពុង​ធ្វើ​រឿង​ទាំង​អស់​នេះ ដោយសារតែ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​កំពុង​បន្ត​ទៅ​មុខ។ ហើយ​អ្នកស្រី Martha Chizuma បាន​ប្រកាន់​ជំហរ​ប្រយុទ្ធ​ប្រឆាំង [នឹង​អំពើ​ពុករលួយ] ដូច​អ្វី​ដែល​ការិយាល័យ​របស់​អ្នកស្រី​តម្រូវ​ឱ្យ​ធ្វើ»។

ស្រប​ពេល​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ផ្លូវ​ច្បាប់​របស់​សភា​ម៉ាឡាវី​លោក Peter Dimba បាន​លាលែង​ពី​តំណែង ដោយ​លើកឡើង​អំពី​ភាព​តឹងតែង​ជុំវិញ​វិធី​ដែល​រដ្ឋាភិបាល​ម៉ាឡាវី​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែង​របស់​លោក​ចុះ​ថ្ងៃ​ទី ២ ខែ​កុម្ភៈ លោក Dimba បាន​និយាយ​ថា លោក​សង្កេត​ឃើញ​ថា កិច្ច​ប្រឹងប្រែង​នានា​នៅ​ក្នុង​ការ​ផ្តល់​ការ​ត្រួតពិនិត្យ​និង​រក្សា​តុល្យភាព​អំណាច​ចំពោះ​រដ្ឋាភិបាល ជាពិសេស​លើ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ បាន​បង្ហាញ​ថា​មិន​មាន​ប្រសិទ្ធភាព។

លោក​បាន​បន្ថែម​ថា ក្នុង​នាម​ជា​មេដឹកនាំ​ម្នាក់ លោក​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ម៉ាឡាវី​ខកចិត្ត​នៅ​ក្នុង​រឿង​នេះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG