ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ម៉ាឡាវី ប្រកាស​ពី​វិធានការ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ


រូបឯកសារ៖ កម្មករ​ជនជាតិ​ម៉ាឡាវី រៀបចំ​ស្លឹក​ថ្នាំជក់ នៅមុន​ការដេញថ្លៃ​មួយ​នៅឯ​កសិដ្ឋាន​​ដាំ​ថ្នាំជក់​មួយ​កន្លែង​ក្នុង​ក្រុង Zomba នៃ​ប្រទេស​ម៉ាឡាវី កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។

លោក​ប្រធានាធិបតី Lazarus Chakwera បាន​ចាប់​ផ្តើម​ព្រឹត្តិការណ៍​នៅ​ថ្ងៃទី១ ខែឧសភា ដោយ​ដឹកនាំ​ការ​ដើរ​លក្ខណៈ​សាមគ្គីភាព​មួយ​នៅ​ក្នុង​បរិវេណ​វិមាន​ការិយាល័យ​ប្រធានាធិបតី​ជាមួយ​នឹង​អ្នក​តំណាង​នៃ​សហជីព​កម្មករ​ជាច្រើន​នៅ​ក្នុង​ប្រទេស​ម៉ាឡាវី។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក លោក Chakwera ថា លោក​ដឹង​អំពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការងារ​ដែល​កើត​ឡើង​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩ ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា។

លោក​ប្រធានាធិបតី Chakwera ថា៖ «ការ​ពិត​គឺ​ថា ការ​រាតត្បាត​ជំងឺ​ជា​រឿង​លំបាក​សម្រាប់​កម្មករ​គ្រប់​គ្នា ជា​ការ​ខាតបង់​សម្រាប់​កម្មករ​ភាគច្រើន ការ​គំរាមកំហែង​ដល់​អាយុជីវិត​សម្រាប់​មនុស្ស​ជាច្រើន និង​ជា​ផលប៉ះពាល់​ដ៏​មហន្តរាយ​ដល់​មនុស្ស​មួយ​ចំនួន។ យើង​ត្រូវ​តែ​តម្រង់​ជំនួយ​របស់យើងទៅឱ្យ​កម្មករ​ដែល​ជួប​បញ្ហា​ទាំង​នេះ។ វា​សមហេតុផល​ក្នុង​ការ​ចាត់ទុក​កម្មករ​ទាំង​នោះ ​ជា​អាទិភាព​ ដោយ​ហេតុផល​ការពារ​ដល់​បុគ្គល និង​សង្គមជាតិ»។​

លោក Chakwera ដែល​បាន​កាន់​តំណែង​នៅ​ក្នុង​ខែមិថុនា បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​ជា​ថ្មី​កាលពី​ឆ្នាំ​មុន បាន​ប្រកាស​ថា ការ​ធ្វើ​កំណែទម្រង់​រដ្ឋបាល​របស់​លោក​នឹង​ធានា​ដល់​លក្ខខណ្ឌ​ការងារ​ល្អ​សម្រាប់​កម្មករ​នៅ​ប្រទេស​ម៉ាឡាវី។​

លោក​ប្រធានាធិបតី Chakwera ថ្លែងថា៖ «នៅ​ក្នុង​សង្គម​ម៉ាឡាវី​ថ្មី​ដែល​យើង​កំពុង​កសាង មិន​មាន​កម្មករ​ណា​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​ជាង​ប្រាក់​ឈ្នួល​អប្បបរមា​ [៦២ដុល្លារ​អាមេរិក] ដែល​យើង​បាន​កំណត់​ជា​ធរមាន​ចាប់តាំងពី​ពេល​ខ្ញុំ​ឡើង​កាន់​តំណែង​នោះ​ទេ។ នៅ​ក្នុង​សង្គម​ម៉ាឡាវី​ថ្មី​ដែល​យើង​កំពុង​កសាង ពលកម្ម​ជា​ថ្នូរ​នឹង​ការ​បាន​កន្លែង​ស្នាក់នៅ​ ពលកម្ម​ដោយ​បង្ខំ និង​ពលកម្ម​កុមារ​នឹង​ត្រូវ​បាន​លុប​បំបាត់។ នៅ​ក្នុង​សង្គម​ម៉ាឡាវី​ថ្មី​ដែល​យើង​កំពុង​កសាង ជន​បរទេស​ណា​ដែល​ជួល​និង​ជន​បរទេស​ដែលប្រព្រឹត្ត​អំពើ​មិន​គប្បីចំពោះ​ប្រជាជន​ម៉ាឡាវី នឹង​មិន​អាច​បន្ត​មាន​បុព្វសិទ្ធិ​រស់​នៅ​ទីនេះ​ទៀត​ទេ»។

លោក Luther Mambala ជា​ប្រធាន​សភា​សហជីព​ពាណិជ្ជកម្ម​ម៉ាឡាវី។ លោក​ថា រដ្ឋាភិបាល​ក៏​គួរ​ដោះស្រាយ​បញ្ហា​គម្លាត​ប្រាក់ខែ​រវាង​កម្មករ​បរទេស ​និង​កម្មករ​ក្នុង​ស្រុក​ផង​ដែរ។

លោក Mambala ថ្លែងថា៖ «ទោះអ្នក​មាន​គុណវុឌ្ឍ​ដូច​គ្នា ឬ​ខ្ពស់​ជាង​អ្នក​ផ្សេង​មក​ពី​បរទេស​ ជន​បរទេសនឹង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាង​អ្នក ដោយសារ​អ្នក​ជា​ជនជាតិ​ម៉ាឡាវី។ វា​មិន​មែន​ជា​បាបកម្ម​នោះ​ទេ​ដែល​យើង​កើត​មក​ជា​ប្រជាជន​ម៉ាឡាវី។ ដូច្នេះ ប្រជាជន​ម៉ាឡាវី​គួរ​តែ​ទទួល​បាន​សមភាព​ បើធៀប​នឹង​បុគ្គល​នោះ ហើយ​មិនមែន​ជន​បរទេស​ទាំង​អស់​មាន​ជំនាញ​ណា​មួយ​ដែល​ប្រជាជន​ម៉ាឡាវី​មិន​មាន​នោះ​ទេ»។

លោក​ក៏​បាន​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ពិចារណា​អនុម័ត​ច្បាប់​ដែល​អាច​ការពារ​កម្មករ ដែល​ត្រូវ​បាន​បញ្ឈប់​ដោយសារ​ស្ថានភាព​ដូចជា​ជំងឺ​កូវីដ១៩​ជាដើម។ បុគ្គលិក​មក​ពី​វិស័យ​ជាច្រើន​នៅ​ក្នុង​វិស័យ​ឯកជន ​ក៏​បាន​ចែករំលែក​ពី​ការ​លំបាក​ដែល​ពួកគេ​បាន​ជួប​នៅ​កន្លែង​ធ្វើ​ការ​ផង​ដែរ។

លោក Gladys Gondwe ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ផលិត​មួយ​នៅ​ក្នុង​ក្រុង Blantyre។

លោក Gondwe ថា៖ «កម្មករ​ដូច​ជា​រូប​ខ្ញុំ​មក​ពី​វិស័យ​ឯកជន ​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច។ ពួកគេ​នឹង​ឱ្យ​អ្នក​ធ្វើ​ការងារ​ដែល​គេ​ដឹង​ថា អ្នក​នឹង​មិន​អាច​បញ្ចប់​នៅ​ពេល​ជាក់លាក់​ណា​មួយ​បាន។ ដូច្នេះ អ្នក​ធ្វើ​ការ​នោះ និង​ធ្វើ​បន្ថែម​ម៉ោង ប៉ុន្តែ​ពួកគេ​នឹង​និយាយ​ថា យើង​មិន​មាន​គោលការណ៍​ធ្វើ​ការ​ថែម​ម៉ោង​នោះ​ទេ។ សម្រាប់​ខ្ញុំ វា​ជា​ការ​កេងប្រវ័ញ្ច​កម្មករ»។

លោក Gondwe ថា ក្តីបារម្ភ​មួយ​ទៀត​ គឺ​កង្វះខាត​ធានារ៉ាប់រង​សុខភាព​សម្រាប់​កម្មករ​ភាគច្រើន​នៅ​ក្នុង​វិស័យ​ឯកជន។

លោក Gondwe ថ្លែង​ថា៖ «វា​គួរ​ឲ្យ​សោកសង្រេង​ណាស់​ដែល​កម្មករ​ប្រឹងប្រែង​ធ្វើ​ការ ប៉ុន្តែ​នៅទី​ចុង​បញ្ចប់​ ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ជំនួយ​ផ្នែក​សុខភាព ដូច្នេះ​ប្រសិនបើ​រដ្ឋាភិបាល​អាច សូម​កំណត់​ឱ្យ​វា​ជា​កាតព្វកិច្ច​សម្រាប់​វិស័យ​ឯកជន​ទាំង​អស់ ​ត្រូវ​ផ្តល់​ធានារ៉ាប់រង​សុខភាព​ដល់​កម្មករ​របស់​ពួកគេ»។​

លោក Chakwera ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ទៅ​លើ​ច្បាប់​ការងារ​ថ្មី​ដែល​នឹង​ដោះស្រាយ​ក្តីបារម្ភ​ដែល​លើក​ឡើង​ដោយ​កម្មករ៕

ប្រែសម្រួល​ដោយអ្នកនាង ស្រេង លក្ខិណា

XS
SM
MD
LG