ប្រធានាធិបតីម៉ាឡាវីលោក Lazarus Chakwera បានអំពាវនាវឱ្យប្រទេសនេះ ផ្លាស់ប្តូរពីការធ្វើកសិកម្មដែលភាគច្រើនជាលក្ខណៈចិញ្ចឹមក្រពះ ទៅជាការធ្វើកសិកម្មជាលក្ខណៈពាណិជ្ជកម្មនិងឧស្សាហកម្មវិញ។ លោកបានថ្លែងថា ការផ្លាស់ប្តូរនេះ មានសារៈសំខាន់ណាស់ក្នុងការឈានដល់គោលដៅធ្វើឱ្យប្រទេសនេះ មានស្បៀងអាហារគ្រប់គ្រាន់នៅត្រឹមឆ្នាំ២០៣០។ ទោះបីជាយ៉ាងនេះក្តី កសិករមិនមានភាពជឿជាក់លើការអំពាវនាវនេះទេ។
ក្នុងពេលបើកពិព័រណ៍កសិកម្មជាតិនៅក្នុងក្រុង Blantyre លោកប្រធានាធិបតី Lazarus Chakwera បានថ្លែងថា លោកមានការបារម្ភថា កសិករចំនួន ៨០% ក្នុងប្រទេសម៉ាឡាវីជាកសិករតូចតាច ខណៈដែលប្រទេសនេះ មានធនធានច្រើនដែលអាចផ្លាស់ប្តូរទៅជាប្រទេសមានកសិកម្មជាលក្ខណៈពាណិជ្ជកម្ម។
លោក Lazarus Chakwera បានថ្លែងថា៖ «វិស័យនេះ ជាវិស័យដែលបង្កើតការងារឱ្យយើងបានច្រើនបំផុត។ វិស័យនេះ ជាវិស័យដែលជួយជំរុញខ្លាំងដល់កំណើនផលិតផលសរុបក្នុងស្រុករបស់យើង។ វិស័យនេះ ហើយជួយដល់កំណើនការនាំចេញនិងចំណូលពីការជួញដូររូបិយប័ណ្ណបរទេស (forex) របស់យើង។ វិស័យនេះ នឹងផ្តល់ឱ្យយើងនូវសមត្ថភាពក្នុងការធ្វើសេដ្ឋកិច្ចចម្រុះរបស់យើង និងធ្វើឱ្យប្រទេសយើងមានភាពរឹងមាំនិងចិរភាពជាងមុន»។
លោក Chakwera បានថ្លែងថា នៅពេលមានកសិករកាន់តែច្រើនចូលរួមក្នុងវិស័យកសិកម្មដែលមានតម្លៃខ្ពស់ និងបន្ថែមគុណតម្លៃទៅលើផលិតផលរបស់ខ្លួន ពួកគេនឹងទទួលបានកំណើនប្រាក់ចំណេញកាន់តែច្រើន។
លោកប្រធានាធិបតីបានបន្ថែមទៀតថា ការសង្កត់ធ្ងន់របស់លោកវិស័យកសិកម្មមិនមានន័យថា លោកមិនចង់ឱ្យប្រទេសម៉ាឡាវីរីកចម្រើនលូតលាស់ចេញពីវិស័យទេសចរណ៍ រុករករ៉ែ និងទូរគមនាគមន៍នោះទេ។ លោកប្រធានាធិបតី បានមានប្រសាសន៍ទៀតថា៖ «វាគ្រាន់តែថា នៅដំណាក់កាលនៃការអភិវឌ្ឍជាតិរបស់យើងនៅពេលនេះ ការធ្វើឱ្យវិស័យកសិកម្មជោគជ័យជាគ្រឹះយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់យើង។ លើកក្រោយនៅពេលអ្នកឮអ្នកណាម្នាក់សរសើរពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក សូមប្រាប់ពួកគេថា ផ្នែកដ៏ធំមួយដែលអាចរក្សាសេដ្ឋកិច្ចរបស់ពួកគេឱ្យខ្លាំងក្លាបាន និងជួយដល់ពិពិធកម្មនោះ គឺកសិកម្ម»។
លោកបានលើកជាឧទាហរណ៍ថា សហរដ្ឋអាមេរិក ជាប្រទេសផលិតពោតធំជាងគេ ផលិតសណ្តែកសៀងធំជាងគេទី២ និងផលិតស្រូវសាលីធំជាងគេទី៤ នៅក្នុងពិភពលោក។
លោក Chakwera បានថ្លែងថា ម៉ាឡាវីកំពុងប្រឹងប្រែងផ្លាស់ប្តូរវិស័យកសិកម្ម។ លោកថា កិច្ចប្រឹងប្រែងទាំងនោះ រួមទាំងការសង្កត់របស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរពីកសិកម្មពឹងផ្អែកខ្លាំងលើទឹកភ្លៀងមកជាកសិកម្មជាលក្ខណៈធារាសាស្ត្រ។ លោកប្រធានាធិបតីបានថ្លែងទៀតថា៖ «ជាឧទាហរណ៍ នៅក្នុងថវិកាជាតិឆ្នាំ២០២១/២០២២ ពន្ធនាំចូលលើម៉ាស៊ីនកសិកម្មត្រូវបានលើកលែងដើម្បីធ្វើឱ្យបរិក្ខារធារាសាស្ត្រកាន់តែមានតម្លៃទាប និងអាចរកទិញបាន។ ជាការពិត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសយើង រុញច្រានដោយឆន្ទៈក្នុងការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគតរបស់យើង»។
ទោះជាយ៉ាងនេះក្តី កសិករមិនទាន់ជឿជាក់លើពាក្យសម្តីរបស់លោកប្រធានាធិបតីនោះទេ។ លោក Masauko Kabapha ជាម្ចាស់កសិដ្ឋានមួយកន្លែងឈ្មោះ Chimwemwe នៅក្នុងស្រុក Kasungu ប្រទេសម៉ាឡាវី។
លោកថា កសិកម្មជាលក្ខណៈពាណិជ្ជកម្មនៅម៉ាឡាវីអាចធ្វើទៅបាន ទាល់តែធនាគារមានភាពបត់បែនជាមួយនឹងកសិករជាងនេះ។ លោក Kabapha បាននិយាយទៀតថា៖ កសិកម្មជាលក្ខណៈពាណិជ្ជកម្មមិនអាចធ្វើទៅបានទេ ដោយសារតែបរិក្ខារ និងម៉ាស៊ីនធ្វើកសិកម្មមានតម្លៃថ្លៃហួសហេតុសម្រាប់កសិករតូចតាច ហើយការទទួលបានប្រាក់កម្ចីពីធនាគារក៏មានការលំបាកដែរដោយសារតែធនាគារជាទូទៅទាមទារទ្រព្យធានា ដែលកសិករភាគច្រើនមិនអាចរកបាន។
លោក Kabapha បានផ្តល់យោបល់ឱ្យរដ្ឋាភិបាលអនុម័តគោលនយោបាយរឹតត្បិតធនាគារពាណិជ្ជពីការទាមទារទ្រព្យធានា។
លោកក៏និយាយផងដែរថា ទោះបីជារដ្ឋាភិបាល បានលើកលែងពន្ធគយនាំចូលលើម៉ាស៊ីនសម្រាប់កសិកម្មជាលក្ខណៈធារាសាស្ត្រក្តី តំបន់ជាច្រើនក្នុងប្រទេសម៉ាឡាវីនៅតែខ្វះបរិក្ខារសំខាន់ៗ។ លោកថា ទំនប់ទឹក និងអាងស្តុកទឹកភាគច្រើនដែលត្រូវបានសាងសង់សម្រាប់គោលបំណងនេះ មិនដំណើរការ និងត្រូវធ្វើការស្តារឡើងវិញ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន