ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូដកម្ម​​បុគ្គលិក​តុលាការ​បាន​​ធ្វើឱ្យ​រាំងស្ទះ​​ដំណើរការ​តុលាការ​​ក្នុង​ប្រទេស​ម៉ាឡាវី​​


បុគ្គលិក​ធ្វើ​កូដកម្ម​នៅ​ខាង​ក្រៅ​តុលាការ​ជាន់ខ្ពស់​នៅ​ទី​ក្រុង Blantyre ប្រទេស​ម៉ាឡាវី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២។
បុគ្គលិក​ធ្វើ​កូដកម្ម​នៅ​ខាង​ក្រៅ​តុលាការ​ជាន់ខ្ពស់​នៅ​ទី​ក្រុង Blantyre ប្រទេស​ម៉ាឡាវី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២។

ក្រុម​បុគ្គលិក​តុលាការដែល​ធ្វើ​កូដកម្ម​ក្នុង​ប្រទេស​ម៉ាឡាវី បាននាំ​គ្នា​ស្រែកតវ៉ា​ ជជែក​ និង​លេង​បាល់ទាត់​និង​បាល់​បោះ​នៅ​ជុំវិញ​បរិវេណ​តុលាការ។​

លោក​ Andy Haliwa អ្នក​នាំពាក្យក្រុម​បុគ្គលិកធ្វើ​កូដកម្ម​ បាន​ប្រាប់​វីអូអេ​ថា ការ​ធ្វើ​កូដកម្ម​នេះ​ ​គឺ​ជា​លទ្ធផល​នៃ​ភាព​បរាជ័យរបស់​រដ្ឋាភិបាល​ ក្នុងការ​ដោះស្រាយ​ក្តី​បារម្ភ​របស់​ពួកគេ​ជុំវិញ​ការ​ទាមទារ​លក្ខណ្ឌ​ការងារ​ ដែល​ត្រូវ​កែប្រែ​ជា​រៀង​រាល់​៣​ឆ្នាំម្តង​នោះ។​

លោក​ថ្លែង​ដូច​នេះថា៖ ​«ការកែប្រែ​លក្ខខណ្ឌ​ការងារ​ចុងក្រោយ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៨។​ យើង​រំពឹង​ទុក​ពី​ការ​កែប្រែ​ជាថ្មី​ទៀតក្នុង​ឆ្នាំ២០២១​ ហើយពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០២២​ យើង​បាន​ធ្វើការ​ងារ​ជា​ច្រើនទៅ​លើ​ឯកសារ​សម្រាប់​ឱ្យ​មាន​ការផ្លាស់ប្តូរ​លក្ខខណ្ឌ​ការងារ​ទាំង​នេះ។​ ​កាល​ពីព្រឹក​ម្សិលមិញ​ យើង​បាន​ទទួល​ការ​ទាក់​ទង​មួយពីការិយាល័យ​ចុះបញ្ជី​ឯកសារតុលាការ​ថា លក្ខខណ្ឌ​ការងាររបស់​ក្រុម​បុគ្គលិក​តុលាការ​ ត្រូវ​បាន​យល់​ព្រម​រួច​ហើយ។ ប៉ុន្តែ​ជា​ការ​ភ្ញាក់ផ្អើល​ អ្វី​ដែល​ជា​ការ​យល់ព្រម​នោះ ​គឺ​ផ្ទុយ​ទៅនឹងអ្វី​ដែលយើង​បាន​ដាក់ជូន​ ទៅ​ឱ្យ​គណៈកម្មការ​សេវាកម្ម​តុលាការ»។​ ​ ​

លោក​ Haliwa ​និយាយ​ថា​ ក្រុម​បុគ្គលិក​តុលាការ បាន​ទាមទារឱ្យ​មាន​ការ​ផ្តល់​ប្រាក់​ទៅ​លើ​ការ​ធ្វើ​ការ​លើស​ម៉ោង​ និង​ការ​ធ្វើ​ការ​នៅ​ក្រៅ​រង្វង់ការ​ងារជា​ទូទៅ​របស់​គេ​ ក៏​ដូច​ជា​បញ្ហាមួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។​

កាល​ពី​ឆ្នាំ​២០១៥​ ប្រទេស​ម៉ាឡាវី​ ក៏​ធ្លាប់​មាន​ការធ្វើ​កូដកម្ម​ប្រហាក់​ប្រហែល​គ្នា​មួយអូស​បន្លាយ
ពេល​ដល់​ទៅពីរ​ខែ​ដែរ​ ដែល​នៅ​ពេលនោះ​ ក្រុមបុគ្គលិកបាន​ទាមទារឱ្យមាន​ការ​ដំឡើង​ប្រាក់ខែ​របស់​គេចំនួន​៣០​ភាគរយ។​

លោក​ Haliwa​ និយាយ​ថា​ ​នៅ​ពេល​នេះ​ បញ្ហា​ដំឡើង​ប្រាក់​ខែ​មិន​មែន​ជាការ​ទាមទារ​នោះ​ឡើយ​ ពី​ព្រោះ​រដ្ឋាភិបាល​និយាយ​ថា​ ខ្លួនគ្មាន​លុយសម្រាប់​ការ​ដំឡើង​ប្រាក់​ខែ​នោះ​ឡើយ។​ ​លោក​បាន​បន្ថែម​ដូច​នេះ​ថា៖ «យើង​មិនថា​អី​ទេរឿង​ការ​ដំឡើង​ប្រាក់ខែ​នោះ​ ព្រោះ​យើង​យល់​ពី​ស្ថានភាព​សេដ្ឋកិច្ចនាពេល​បច្ចុប្បន្ន​នេះ។​ ប៉ុន្តែមាន​ប្រាក់​បំណាច់ផ្សេង​ៗ​ ដែល​យើង​ទាមទារ​ចង់បាន ព្រោះ​យើងត្រូវ​ការ​ប្រើប្រាស់ចំណាយ​នៅ​ពេល​បញ្ចប់​ការងារ​ជា​រៀង​រាល់​ថ្ងៃ។ ​អ្វី​ដែល​ក្រសួង​ហិរញ្ញវត្ថុធ្វើ​នោះគឺ​ថា​ គេ​បាន​កែ​ប្រែ​រួច​ហើយ​ ប៉ុន្តែ​ការកែប្រែ​នោះ​ មិនមែន​ជា​អ្វី​ដែល​យើង​ចង់បាន​នោះ​ឡើយ»។

ការ​ព្យាយាម​ដើម្បីសុំការ​បកស្រាយ​ពីមន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ជុំវិញ​រឿង​នេះ​ មិន​ទទួល​បាន​ជោគជ័យ​ឡើយ។​ ក្រុម​អ្នក​ធ្វើ​កូដកម្ម បាន​ប្រើប្រាស់​មែកឈើដើម្បីបិទ​ផ្លូវទៅ​កាន់​អគារ​តុលាការ​ ដោយ​មិន​អាចឱ្យ​ចៅក្រម​ ​មេធាវីនិង​អ្នក​ផ្សេង​២ទៀត​ អាចចូល​ទៅតុលាការ​បាន​នោះទេ។​

​ការ​ធ្វើ​កូដកម្ម​ប្រឆាំង​តវ៉ា​របស់ក្រុម​បុគ្គលិក​តុលាការ​នេះ​ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​និង​ផ្អាកដល់​សំណុំ​រឿង​ប្រមាណជាង​៦០គ្រាន់​តែថ្ងៃ​ចន្ទ​មួយ​តែ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​ក៏​រួម​មាន​សវនាការ​ក្តីមួយ​ចំនួនពាក់ព័ន្ធ​នឹង​រឿង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ផង​ដែរ។​ ក្រុមអ្នក​ធ្វើ​យុទ្ធនាការការពារ​សិទ្ធិមនុស្ស​ និង​អ្នក​ជំនាញ​ច្បាប់មួយ​ចំនួន​លើក​ឡើង​ថា ការ​ធ្វើ​កូដកម្ម​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ចុង​ចោទ​ក្នុង​សំណុំ​រឿងនានា។ ​

លោក​ Victor Mhango ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស អប់រំ​ ណែនាំ​ ​និង​ការគាំទ្រ ដែល​ហៅ​កាត់​ថា​ CHREAA បាន​និយាយ​ដូច​នេះ​ថា៖​ «យើង​ក៏​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ដូច​អ្នក​ដែរ។ មជ្ឈមណ្ឌល​ CHREAA ធ្វើ​ការ​ងារ​ភាគ​ច្រើនជួយ​ដល់​អ្នក​ទោសនិងជនក្រីក្រដែល​អត់​មាន​មេធាវី​តំណាងពួក​គេ។​ យើង​មាន​សំណុំ​រឿង​មួយ​ចំនួនឡើង​ដល់​តុលាការ​ហើយ។ ដូច​នេះ​ហើយ​ការ​ធ្វើ​កូដកម្ម​នេះ បាន​ប៉ះពាល់​ដល់​ការងារ​របស់​យើង។​ ​យើង​ក៏​បាន​ឃើញ​នូវការ​រំលោភ​បំពាន​សិទ្ធិមួយ​ចំនួន​ ពាក់ព័ន្ធនឹង​សិទ្ធិ​របស់​ជន​សង្ស័យ​ផង​ដែរ»។

ប្រធាន​គណ:មេធាវីម៉ាឡាវី Malawi Law Society​ លោក Patrick Mpaka បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ ការ​ធ្វើ​កូដកម្ម​របស់​ក្រុមបុគ្គលិក​តុលាការ​នេះ​ ​បាន​បង្ក​ឱ្យមាន​ការលំបាក​ជា​ខ្លាំង​ក្នុង​ការស្វះស្វែងរក​យុត្តិធម៌។​

ក្រុម​មន្ត្រី​តុលាការ​ម៉ាឡាវី​ បាន​ជួបប្រជុំ​ពិភាក្សា​ជា​មួយមេដឹកនាំ​ក្រុម​កូដកម្ម​ ក្នុងកិច្ច​ប្រឹង​ប្រែង​មួយ​ ដើម្បី​បញ្ចុះ​បញ្ចូល​ពួក​គេ​ឱ្យ​ឈប់​ធ្វើ​កូដកម្ម​តទៅ​ទៀត​ ប៉ុន្តែ​ក្រុម​កូដករ​និយាយ​ថា​ ពួក​គេ​នឹង​មិន​ចូល​ធ្វើការ​វិញ​នោះ​ឡើយ​ រហូត​ដល់​ការ​ទាមទារ​របស់​គេ​បាន​សម្រេច៕​

XS
SM
MD
LG