រុស្ស៊ីមានឆន្ទៈធ្វើការជាមួយរដ្ឋបាលថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ចាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរប្រសើរឡើង បើសហរដ្ឋអាមេរិកមានបំណងធ្វើដូច្នេះពិតប្រាកដ តែវាអាស្រ័យលើអាមេរិកជាអ្នកចាប់ផ្តើមមុន។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍និងដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Trump បានបង្ហាញខ្លួនលោកថាជាអ្នកពូកែខាងធ្វើឲ្យភាគីជម្លោះត្រូវរ៉ូវគ្នា និងបានប្តេជ្ញាថានឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឲ្យបានឆាប់ ប៉ុន្តែមិនបានបង្ហាញថាលោកអាចសម្រេចកិច្ចការនេះបានដោយរបៀបណានោះទេក្រៅពីការឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy យល់ព្រមបញ្ចប់ការប្រយុទ្ធគ្នានេះ។
លោកឧត្តមសេនីយ៍ឯកចូលនិវត្តន៍ Keith Kellogg ដែលជាប្រេសិតអាមេរិកដែលលោក Trump បានតែងតាំងឲ្យដោះស្រាយបញ្ហាអ៊ុយក្រែន បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃទី ១៨ ខែធ្នូថាភាគីទាំងពីរត្រៀមខ្លួនរួចហើយសម្រាប់ការចរចាសន្តិភាព និងថាលោក Trump ស្ថិតក្នុងតួនាទីដ៏ល្អឥតខ្ចោះដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនេះ។
លោក Lavrov បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងមូស្គូថា៖ «បើសញ្ញាចេញមកពីក្រុមថ្មីក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីស្តារឡើងវិញនូវកិច្ចសន្ទនាដែលអាមេរិកបានបង្អាក់ក្រោយពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេស [សង្គ្រាមនៅអ៊ុយក្រែន] គឺពិតប្រាកដមែន នោះយើងនឹងឆ្លើយតប»។
លោក Lavrov ដែលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសរុស្ស៊ីអស់ជាង ២០ ឆ្នាំមកហើយនោះ បានបន្ថែមថា៖ «ប៉ុន្តែអាមេរិកជាអ្នកកាត់ផ្តាច់កិច្ចសន្ទនានេះ ដូច្នេះអាមេរិកគួរតែជាអ្នកចាប់ផ្តើមមុន»។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនតាំងពីឆ្នាំ ២០២២ មកបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់និងមនុស្សរាប់លាននាក់បង្ខំគេចចេញពីផ្ទះសម្បែង ហើយធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ីនិងក្រុមបស្ចិមប្រទេសមានភាពប្រេះឆាបំផុតតាំងពីពេលដែលមានវិបត្តិមីស៊ីលនៅគុយបានៅឆ្នាំ ១៩៦២ មក៕