ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាង Malala Yousafzai និយាយ​ថា​ស្ត្រី​នៅ​អាហ្វហ្កានីស្ថាន​រស់​នៅ​ក្រោម​របប​អាផាថេត​ផ្នែក​យេនឌ័រ


នាង Malala Yousafzai ដែល​ជា​ជ័យលាភី​ពាន​រង្វាន់​ណូបែលថ្លែង​កាលពីថ្ងៃទី​០៥ ធ្នូ ឆ្នាំ២០២៣។
នាង Malala Yousafzai ដែល​ជា​ជ័យលាភី​ពាន​រង្វាន់​ណូបែលថ្លែង​កាលពីថ្ងៃទី​០៥ ធ្នូ ឆ្នាំ២០២៣។

នាង Malala Yousafzai ដែល​ជា​ជ័យលាភី​ពាន​រង្វាន់​ណូបែល បាន​ស្នើ​ទាំង​ក្ដី​រំជួលចិត្ត​សុំ​ឱ្យ​ចាត់​ទុក​អ្វីដែល​នាង​ហៅថា «អាផាថេត​ផ្នែក​យេនឌ័រ» (gender apartheid) ជា​បទ​ឧក្រិដ្ឋ​នៅ​ក្រោមច្បាប់​អន្តរជាតិ។

ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង នាង Yousafzai បាន​អំពាវនាវ​ឱ្យ​ពិភព​លោក​ទាំង​មូល​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​ទៅ​លើ​ក្មេង​ស្រី និង ស្ត្រី នៅ​ក្នុង​របប​គ្រប់គ្រង​របស់​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន។

នាង Malala Yousafzai គឺជា​សកម្មជន​ប៉ាគីស្ថាន​ដែល​បាន​រស់​រាន​មាន​ជីវិត​ពី​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្បាល​ដោយ​ក្រុម​ខ្មាន់​កាំភ្លើង​តាលីបង់ នៅ​ពេល​នាង​មាន​អាយុ​ ១៥ ឆ្នាំ ដោយសារ​តែ​នាង​ហ៊ាន​តស៊ូ​ស្វះស្វែង​រក​ការសិក្សា។ នាង​បាន​ធ្វើ​បាឋកថា​ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ​នៃ​មូលនិធិ​ Nelson Mandela (នែលសិន ម៉ាន់ឌេលឡា) នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ដែល​ឆ្នាំ​នេះ​គឺជា​ខួប​ទី​១០ ​នៃ​មរណភាព​របស់​លោក ម៉ាន់ឌេលឡា​ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ដំបូងគេ​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។

ស្ត្រីដែល​មាន​វ័យ​ ២៦ ឆ្នាំ​រូប​នេះ​បាន​ប្រៀប​ប្រដូច​ការ​តស៊ូ​ដ៏​យូរ​អង្វែង​របស់​លោក​ម៉ាន់ឌេលឡា​ ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​អំណាច​របស់​ជន​ស្បែក​ស​ភាគតិច និង ការ​បែងចែក​ពូជសាសន៍​នៅ​ក្រោម​របប​អាផាថេត​នៅ​អាហ្វ្រិក​ខាងត្បូង ទៅ​នឹង​ស្ថានភាព​ដែល​ស្ត្រី​នៅ​អាហ្វហ្កានីស្ថាន​កំពុង​ប្រឈម​ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុងក្រោយ​នេះ ចាប់តាំង​ពី​ក្រុម​តាលីបង់​ បាន​កាន់កាប់​អំណាច។

នាង Malala Yousafzai ថ្លែង​ថា៖ «ខ្ញុំ​ចងចាំ​នូវ​មរតក​របស់​លោក​ម៉ាន់ឌេលឡា​ នៅ​ក្នុង​ខួរក្បាល​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា តើ​ភាព​អយុត្តិធម៌​អ្វី​ដែល​ពិភពលោក​កំពុង​មើល​រំលង? តើ​នៅ​ទីណា​ដែល​យើង​កំពុង​អនុញ្ញាត​ឱ្យ​ភាព​អមនុស្សធម៌​ក្លាយ​ជា​រឿង​ធម្មតា? ចម្លើយ​របស់​ខ្ញុំ​គឺ​ច្បាស់​ណាស់​ថា ​បញ្ហា​ទាំង​នេះ​គឺ​ការ​គាបសង្កត់​ទៅ​លើ​ក្មេងស្រី និង ស្ត្រី​នៅ​អាហ្វហ្កានីស្ថាន»។

នាង Yousafzai ដែល​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​ នៅ​អាយុ ១៧ ឆ្នាំ​ បាន​ថ្លែង​ជា​សាធារណៈ​ថា ​វិបត្តិ​ដទៃ​ផ្សេង​ទៀត​ដែល​កំពុង​កើត​ឡើង បាន​បង្វែរ​ចំណាប់​អារម្មណ៍​ពិភពលោក​ឱ្យ​ងាក​ចាក​ឆ្ងាយ​ពី​ស្ថានភាព​នៅ​អាហ្វហ្កានីស្ថាន ដែល​នៅ​ទី​នោះ ក្មេង​ស្រី មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រៀន​នៅ​អនុវិទ្យាល័យ ចំណែក​ស្ត្រី​វិញ​ ត្រូវ​បាន​ហាម​មិន​ឱ្យ​ធ្វើការ​ឬ​ចាកចេញ​ពី​ផ្ទះ​ដោយ​ខ្លួន​ឯង។

នាង Yousafzai ថ្លែង​បន្ត​ថា៖ «ពលរដ្ឋ​អាហ្វ្រិកខាងត្បូង​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​អាផាថេត​រើសអើង​ជាតិសាសន៍ ដើម្បីបាន​ការ​ទទួល​ស្គាល់​នៅ​កម្រិត​អន្តរជាតិ​ និង ចាត់​ទុក​ទង្វើ​បែប​នេះ​ថា​ជា​បទ​ល្មើស។

ប៉ុន្តែ ទង្វើ​បែប​អាផាថេត​ផ្នែក​យេនឌ័រ​ មិន​ទាន់​ត្រូវ​បាន​រៀបចំ​ជា​មូលដ្ឋាន​ច្បាប់​នៅ​ឡើយ​ទេ។ ហេតុដូច្នេះ​ហើយ បាន​ជា​ខ្ញុំ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទាំង​អស់ នៅ​គ្រប់​ប្រទេស​ ឱ្យ​ចាត់​ទុក​អាផាថេត​ផ្នែក​យេនឌ័រ ​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»។

អ្នកស្រី Graca Machel ភរិយា​លោក​ម៉ាន់ឌេលឡា​ និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ផងដែរ​នោះ​ ក៏​បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​ យ៉ាង​ដូច្នេះថា៖

«យើង​ទាំង​អស់​គ្នា​ត្រូវ​ច្បាស់ក្នុង​ចិត្ត​ថា ការ​យល់ថា បុរស​មាន​សិទ្ធិ​ទៅ​លើ​ជីវិត​របស់​ស្ត្រី ការ​ជឿ​ថា ពួក​គេ​មាន​សិទ្ធិ​លើ​រូបរាងកាយ​របស់​ស្ត្រី ត្រូវ​តែ​បញ្ចប់​នៅ​ពេល​នេះ»។

នាង Yousafzai និយាយ​ថា អង្គការ​សហប្រជាជាតិ​គួរ​តែ​ដាក់​បញ្ចូល​ភាសា​ពាក់ព័ន្ធ​នឹង​អាផាថេត​ផ្នែក​យេនឌ័រ ទៅ​ក្នុង​សន្ធិសញ្ញា​ថ្មី​ស្ដី​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​កំពុង​ត្រូវ​បាន​ព្រាង​ឡើង៕

XS
SM
MD
LG