ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពស់​ទឹក​ទន្លេ​មេគង្គ​ទាប​ក្នុង​ខែ​វស្សា​អាច​ជា​ផល​ល្អ​ដល់​កសិផល ប៉ុន្តែ​ពលរដ្ឋ​ព្រួយ​ខ្លាច​ខ្វះ​ទឹក


ផ្ទះ​ប្រជាពលរដ្ឋ​តាម​ដងទន្លេ​មេគង្គ​ត្រើយ​ខាង​កើត​ត្រូវ​បាន​ថត​ក្នុង​រាជធានីភ្នំពេញ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

អ្នក​អភិរក្ស​បរិស្ថាន​បារម្ភ​ថា​ របប​ទឹក​ទន្លេ​មេគង្គ​ទាប​នៅ​ឆ្នាំ​នេះ​អាច​បង្ក​ដោយ​​ទំនប់​វារី​អគ្គិស​នី​នៅ​ប្រទេស​ចិន។

«ខ្ញុំ​ធ្លាប់​នៅ​រាល់​ឆ្នាំ​ ទឹក​ទាប​ក៏​មិន​ទាប​ដល់​ថ្នាក់​ហ្នឹង​ពេក​ដែរ​គឺ​ខែ​នេះ​អាច​មក​ត្រឹម​ស្មើ​ច្រាំង»។​

លោក យិន ស៊ុំ​ និយាយ​អំពី​កម្ពស់ទឹកដែល​ស្ថិត​នៅ​ក្រោម​មាត់​ច្រាំង​នៃ​ដង​ទន្លេ​មេគង្គ​ក្នុង​ភូមិ​អរិយក្សត្រ ស្រុក​ល្វាឯម​ខេត្ត​កណ្តាល។​

ស្ថិត​ក្រោម​កំដៅ​ថ្ងៃ​ចែង​ចាំង​ពី​ទិស​ខាង​លិច​ ​អ្នក​ដាំ​ស្លឹក​គ្រៃ​អាយុ​៦៣​ឆ្នាំ​រូប​នេះ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​គាត់​ទៅ​ហើយ។​

«ថា​ រាល់​ឆ្នាំ​ខែ​ហ្នឹង​ឡើង​ដល់​មាត់ច្រាំង​ហ្មង​ ដល់​មាត់​ច្រាំង​វា​អាច​លិច​ស្លឹក​គ្រៃ​ លិច​អី​អស់​បាត់​ហើយ»។​

យោង​តាម​ការ​ចេញ​ផ្សាយ​អំពី​កម្ពស់​ទឹក​ទន្លេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ​នៅថ្ងៃ​ទី១៥​ ខែសីហា ឆ្នាំ​២០១៩​នេះ ​កម្ពស់​ទឹក​ទន្លេ​នៅ​ស្ថានីយ​ជលសាស្ត្រ​ ទន្លេ​បាសាក់​ ចតុមុខ​ ​ ទឹក​ទន្លេ​មាន​កម្ពស់​ប្រហែល​៤​ម៉ែត្រ​កន្លះ​គឺ​ទាប​ជាង​ឆ្នាំ​មុនជិត​៦​ម៉ែត្រ។

ដូច​គ្នា​នេះ​ដែរ​ ​របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​ បាន​បង្ហាញ​ថា​ ​កម្ពស់​ទឹក​ទន្លេ​មេគង្គដែលហូរ​កាត់​ប្រទេស​ថៃ ​ឡាវ​ កម្ពុជា​និង​វៀត​ណាម ​មាន​កម្រិត​ទាបដែល​មិន​ធ្លាប់​មាន​ពីមុន​មក។ ​មូលហេតុ​គឺ​ដោយ​សារ​ភ្លៀង​ធ្លាក់​មិន​គ្រប់​គ្រាន់​តាំង​ពី​ដើម​ឆ្នាំ​ និង​ដោយ​សារ​តែ​ទំនប់​វារី​អគ្គិសនី ​Jinghong ​ក្នុង​ខេត្ត​យូណាន ​ប្រទេស​ចិន​បាន​កាត់​បន្ថយ​លំហូរ​ទឹក​ពី​១.១០០​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី​មក​ត្រឹម​៦០០​ទៅ​៨០០​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី​វិញ។

តៀម​ក្នុង​ចម្ការ​របស់​លោក ចន ឃុន កសិករ​ដាំ​បន្លែ​តាម​ដងទន្លេ​មេគង្គ​នៅ​សង្កាត់​កោះដាច់ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
តៀម​ក្នុង​ចម្ការ​របស់​លោក ចន ឃុន កសិករ​ដាំ​បន្លែ​តាម​ដងទន្លេ​មេគង្គ​នៅ​សង្កាត់​កោះដាច់ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

អ្នក​ស្រី វ៉ែន ស្រី កសិករ​ដាំ​បន្លែ​តាម​ដងទន្លេ​មេគង្គ​នៅ​សង្កាត់​កោះដាច់ ​រាជធានី​ភ្នំពេញ អង្គុយ​នៅ​ក្នុង​តៀមលក់​គ្រឿង​ទេសរបស់​ខ្លួន​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
អ្នក​ស្រី វ៉ែន ស្រី កសិករ​ដាំ​បន្លែ​តាម​ដងទន្លេ​មេគង្គ​នៅ​សង្កាត់​កោះដាច់ ​រាជធានី​ភ្នំពេញ អង្គុយ​នៅ​ក្នុង​តៀមលក់​គ្រឿង​ទេសរបស់​ខ្លួន​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

ទោះ​យ៉ាង​ណា​ ​ក្រុម​ប្រជា​ពលរដ្ឋ​ ​ដែល​ប្រកប​របរ​ដាំ​ដំណាំ​ចម្ការ​ដែល​ពឹង​អាស្រ័យ​នឹង​របប​ទឹក​ទន្លេ​មេគង្គ​ ទទួល​បាន​ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជមាន​ នៅ​ពេល​ដែល​របប​ទឹក​ទន្លេនេះមាន​កម្រិត​ទាប។​

លោក​ យិន ស៊ុំ​ ​ប្រកប​របរ​ដាំ​ស្លឹក​គ្រៃ​លក់ក្នុង​ភូមិ​អរិយ​ក្សត្រ ​ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ខេត្ត​កណ្តាលអស់​រយៈ​ពេលជាង​២០​ឆ្នាំ​មក​ហើយ។ ដោយ​សារ​ថ្នាល​ដាំ​ស្លឹក​គ្រៃ​របស់​លោក​នៅ​ជាប់​នឹងច្រាំងទន្លេ​មេគង្គ ​ដូច្នេះ​លោក​ពឹង​អាស្រ័យ​យ៉ាង​ច្រើន​លើ​របប​ទឹក​នៃ​ទន្លេ។​

«សម្រាប់​ខ្ញុំ​ ខ្ញុំ​ចង់​ឲ្យ​ទឹក​ឡើង​ ដូចរាល់​ឆ្នាំ​ទៅ។​ ប៉ុន្តែឆ្នាំ​នេះ​ ​វា​អត់​ឡើង។​ វា​ឡើង​បាន​តិច ​ប៉ុន្តែ​អំណោយ​ផល​របស់​យើង​បាន​ច្រើន‍»។​

នៅ​ចម្ងាយ​ពី​លោកយិន ស៊ុំប្រមាណ​ជិត​២០​គីឡូម៉ែត្រ ​នៅ​ក្នុង​ភូមិ​រនះ​ សង្កាត់​កោះដាច់ ​ជាយ​រាជ​ធានី​ភ្នំពេញ ​អ្នក​ស្រី​វ៉ែន ស្រី​គឺអ្នក​តម្បាញផង​ និង​ជាអ្នក​ដាំ​ត្រសក់​ផង។ ក្នុង​វ័យ៦១​ឆ្នាំ ​អ្នក​ស្រី​មើល​ឃើញ​ពី​ផល​ប្រយោជន៍​ច្រើនពី​កម្រិត​ទឹក​ទន្លេ​មេគង្គដែល​ធ្លាក់​ចុះ​នេះ។​

«ប៉ុន្តែ​បង្ក​បង្កើត​ផល​ ខ្ញុំ​ដាំ​ឥឡូវ​ច្រើន​ណាស់​ដោយ​សារ​យល់​ឃើញ​ថា​ ​ទឹក​មិន​អាច​ឡើង​មក ​យល់​ហើយ​ណា៎​ក្មួយ​ណា៎។​ តែ​បើ​សិន​ជា​ទឹក​ឡើង​មក ​វា​អាច​ដែល​ដាំ​ប្រថុយ​ទាំង​អស់​គ្នា​នេះ​គឺ​ប្រជាជន​ទាំង​អស់​ហ្នឹង​វា​អាច​បាត់​បង់​ខ្លះ​ហើយ។ ​តែ​បើ​សិន​ជា​លិច​ក៏​លិច​ចុះ ​ក្នុង​នាម​ប្រជាជន​ទាំង​អស់​ បើ​លិច​មក​ក៏​ល្អ​ដី​ដែរ»។​

ប្រជា​កសិករ​ម្នាក់​ទៀត​ដែល​ធ្វើ​ចម្ការ​តាម​ដង​ទន្លេ​មេគង្គ​នៅ​សង្កាត់​កោះ​ដាច់​នេះ​ដែរ​បាន​និយាយ​ថា​ ​លោក​ចង់​ឲ្យ​ទឹក​ទន្លេ​ឡើង​មក​លិច​ដី​ចម្ការ​របស់​លោក​នៅ​ក្នុង​រដូវ​នេះ ​បន្ទាប់​ពី​ប្រមូល​ផល​រួចដើម្បី​រក្សា​គុណភាព​ដី​ដាំ​ដំណាំ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។​

លោក ចន ឃុន កសិករ​ដាំ​បន្លែ​តាម​ដងទន្លេ​មេគង្គ​នៅ​សង្កាត់​កោះដាច់ ​រាជធានី​ភ្នំពេញ អង្គុយ​នៅ​ក្នុង​តៀម​ក្នុង​ចម្ការ​របស់​ខ្លួន​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
លោក ចន ឃុន កសិករ​ដាំ​បន្លែ​តាម​ដងទន្លេ​មេគង្គ​នៅ​សង្កាត់​កោះដាច់ ​រាជធានី​ភ្នំពេញ អង្គុយ​នៅ​ក្នុង​តៀម​ក្នុង​ចម្ការ​របស់​ខ្លួន​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

លោក​ ចន ឃុន ​អាយុ​៥០​ឆ្នាំ ​ជា​អ្នក​ធ្វើ​ចម្ការ​នៅ​សង្កាត់​កោះដាច់​ជាង​១០​ឆ្នាំ​មក​ហើយ។​ លោកបាន​និយាយ​ប្រាប់​ VOA ​នៅ​ក្នុង​ខ្ទម​កណ្តាល​ចម្ការ​របស់​លោក​ថា៖​

«វាមិន​សូវ​ល្អ​ទេ ​ដល់​ទឹក​ទន្លេ​អត់​លិច​អ៊ីចឹង ​វា​អត់​ល្អ ​ទាល់​តែ​លិច​បាន​ល្អ។​ ដូច​ថា​ វានាំ​ជីរជាតិ​ចូល​មក​អ៊ីចឹង​ណា៎។ ​ដល់​វា​អត់​លិច​អ៊ីចឹង​ អត់​ល្អ​ទេ ​ពិបាក​ធ្វើ​ណាស់។​ វា​មាន​ស្រមោច​មាន​អីអ៊ីចឹង​ណា៎ ​ហ្នឹង​ហើយ»។

លោក​ ចាន់​ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយមឲ្យ​ដឹង​ថា​ ​បាតុភូត​អែលនីញ៉ូ​អំឡុង​រដូវ​ប្រាំង​ដែល​បាន​អូស​បន្លាយ​រហូត​ដល់​ខែ​ឧសភា​ជា​មូល​ហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​កម្ពស់​ទឹក​ទន្លេ​ក្នុង​ឆ្នាំ​២០១៩​នេះ​ទាប​ជាង​ការ​រំពឹង​ទុក។​

«ហើយ​ដោយ​សារ​បាតុភូត​នេះ​គឺ​មិន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ ​មាន​ដែរ​មាន​តិចតួច​បំផុត​នៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​របស់​ទន្លេ​មេគង្គ។​ ហើយ​កាល​ណា​អត់​ភ្លៀង​គឺ​ទឹក​ទន្លេ​មិន​ឡើង​ទេ ​ហើយ​ឆ្នាំ​នេះ​យើង​ឃើញ​ថា​ ទាប។​ ​ហើយ​តាំង​ពី​ឆ្នាំ​១៩៩២​មក​ ​យើង​ធ្លាប់​ទាប​ម្តង»។​

ទោះ​យ៉ាង​ណា​លោក ​ចាន់ យុត្ថា​ បាន​អះអាង​ថា​ ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ដែល​ធ្លាក់​ចុះ​មិន​ពាក់​ព័ន្ធ​នឹង​ទំនប់​វារី​អគ្គិសនី ​Jinghong ​ក្នុង​ខេត្ត​យូណាន​ ប្រទេស​ចិន​នោះ​ទេ។​

ទោះ​ជា​បែប​នេះ​ក្តី ​ លោក​ Gary Lee​ អ្នក​គ្រប់គ្រង​គម្រោង​ទន្លេ​មេ​គង្គ​នៃ​អង្គ​ការ​ទន្លេ​អន្តរ​ជាតិ​ ​បាន​និយាយ​សង្កត់​ធ្ងន់​ថា ​របប​ទឹក​ទន្លេ​មេគង្គមាន​សារៈ​សំខាន់​ចំពោះ​សហគមន៍​តាម​ដង​ទន្លេ​នេះ ​ហើយ​ថា​ ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​អាច​នឹង​បំផ្លាញ​ធនធានធម្មជាតិ​នៅ​ក្នុង​ទន្លេ​មេគង្គ។​

តាម​រយៈសារ​អេឡិចត្រូនិក​ លោក ​Gary Lee ​បាន​សរសេរ​មក​កាន់​ VOA​ ថា៖

«ដោយសារ​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​ ​ ​លំហូ​ទឹក​ទន្លេ​មេ​គង្គ​នៅ​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ​ និង​មិន​អាច​ទស្សទាយ​បាន​ទៀត​នោះ​ទេ។ ​ទំនប់​វារី​អគ្គិសនី​ធំៗ​បាន​រាំង​ស្ទះ​បន្លាស់​ទី​ត្រី ​បំផ្លាញ​ជម្រក​សំខាន់ៗ ​និង​បំផ្លាញ​លំហូ​ដី​ល្បាប់​និង​ទឹក​ដែល​នឹង​ប៉ះពាល់​ដល់​ផលិត​ភាព​របស់​ធនធាន​ក្នុង​ទឹក​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ជីវភាព​សហគមន៍»។​

អគារ​ខ្ពស់ៗត្រូវ​បាន​មើល​ឃើញ​ពី​ត្រើយ​ខាង​កើត​នៃ​ទន្លេ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)​
អគារ​ខ្ពស់ៗត្រូវ​បាន​មើល​ឃើញ​ពី​ត្រើយ​ខាង​កើត​នៃ​ទន្លេ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)​

អ្នក​ជំនាញ​ផ្នែក​ទន្លេ​មេគង្គ​ជនជាតិ​អូស្ត្រាលី​រូប​នេះបាន​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​គិត​គូរ​ម្តង​ទៀត​ចំពោះ​គម្រោង​វារី​អគ្គិសនី​ទំហំ​ធំ​នៅ​តាម​ដង​ទន្លេ​មេគង្គ​គឺ​ទំនប់​វារី​អគ្គិសនី​សំបូរ ស្ទឹង​ត្រែង​និង​ស្រែពក​ជាដើម​ដែល​គម្រោង​ទាំង​នេះ​កំពុង​ឋិត​ក្នុង​តំណាក់​កាលសិក្សា​នៅ​ឡើយ។​

ទោះ​យ៉ាង​ណា​ ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅ​តាម​ដង​ទន្លេ​សង្ឃឹម​ថា​ កម្ពស់​ទឹក​ទន្លេ​មេគង្គនឹង​កើន​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​ ​បើសិន​ជា​ភ្លៀង​បន្ត​ធ្លាក់៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG