អ្នកជំនាញបរិស្ថានបានក្រើនរំលឹកដល់ប្រទេសនានាដែលកំពុងសាងសង់ទំនប់វារីអគ្គិសនី ឬមានគម្រោងសាងសង់បន្ថែមឱ្យគិតគូរពីផលប៉ះពាល់ ដែលកើតមានលើពលរដ្ឋ ដោយកុំរង់ចាំមានគ្រោះមហន្តរាយធ្ងន់ធ្ងរ ដូចការបាក់ទំនប់ សេពៀន សេណាំណយ នៅប្រទេសឡាវ កាលពីខែកក្កដាឆ្នាំមុន។
លោកសាស្រ្តាចារ្យ អៀន បឺដ (Ian Baird) នៃសាកលវិទ្យាល័យ Wisconsin-Madison បានថ្លែងប្រាប់ក្រុមអ្នកចូលរួមស្តាប់នៅឯមជ្ឈមណ្ឌល ស្ទីមសុន (Stimson Center) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីដើមខែមេសា ថាផលប៉ះពាល់ដំណាក់កាលដំបូងដែលមានការជម្លៀសពលរដ្ឋចេញពីលំនៅដ្ឋាន និងការប៉ះពាល់លើជីវភាពរស់នៅរបស់ពួកគេ គឺប្រៀបដូចជា «អំពើហិង្សាយឺតៗ» ដែលជាទូទៅមិនត្រូវបានគេយកចិត្តទុកដាក់ទេ ហើយចាំទាល់តែមានការបាក់ទំនប់ដែលជាគ្រោះមហន្តរាយធំទើបគេប្រញ៉ាប់ប្រញ៉ាល់ដោះស្រាយ។
លោកបន្ថែមថា៖
«នេះគឺជាហេតុផលដែលខ្ញុំប្រៀបធៀបកម្រិតនៃការចាប់អារម្មណ៍លើព្រឹត្តិការណ៍មហន្តរាយទៅនឹងកម្រិតនៃការចាប់អារម្មណ៍លើហិង្សាយឺតៗ ដែលទំនប់នេះបានបង្កឡើងជាយូរឆ្នាំមកហើយ។ ខ្ញុំបានសរសេរពីបញ្ហានេះតាំងពីទសវត្សរ៍ ១៩៩០ ប៉ុន្តែគ្មានការចាប់អារម្មណ៍ច្រើនទេ។ ជារឿងគួរឱ្យហួសចិត្ត នៅពេលដែលទំនប់នេះបាក់ ស្រាប់តែមនុស្សគ្រប់គ្នាយកចិត្តទុកដាក់នឹងគម្រោងនេះ ប៉ុន្តែមុននោះគឺគ្មានអ្នកណាចាប់អារម្មណ៍ទេ»។
លោកសាស្ត្រាចារ្យ អៀន បឺដ ជឿថា ករណីបាក់ទំនប់សេពៀន សេណាំណយ នៅខេត្ត អាតាពើ ប្រទេសឡាវ នឹងធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសមួយចំនួនពិចារណាឡើងវិញពីការទប់ទឹកទន្លេ ដើម្បីធ្វើជាទំនប់វារីអគ្គិសនីដែលក្នុងពេលកន្លងមកមានប្រទេសមួយចំនួនហាក់ដូចជាមានមោទនភាពនឹងការសាងសង់សំណង់មហាសាលនេះ។
ការបាក់ទំនប់សេពៀន សេណាំណយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៩ នាក់និងបានបណ្តាលឱ្យពលរដ្ឋជាច្រើនពាន់គ្រួសារនៅប្រទេសឡាវ និងកម្ពុជាត្រូវជម្លៀសចេញពីលំនៅដ្ឋាន។ នៅពេលនេះពលរដ្ឋឡាវជាច្រើនបានធ្លាក់ក្នុងភាពក្រីក្រ មានបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្ត និងកូនៗពួកគេត្រូវឈប់រៀនដោយសារកត្តាជីវភាពជាដើម។ នេះបើតាមសេចក្តីរាយការណ៍នានា។
នេះគឺជាការបាក់ទំនប់ទីពីរហើយក្នុងប្រទេសឡាវ ក្នុងរយៈពេលតែមួយឆ្នាំ។ កាលពីខែកញ្ញា ឆ្នាំ ២០១៧ អាងទំនប់វារីអគ្គិសនី ណាមអៅ ក្នុងខេត្ត សៀង ខួង បានបាក់ម្តង ប៉ុន្តែមិនសូវមានការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារតែកម្រិតទឹកមានតែប្រមាណ ៥០០.០០០ ម៉ែត្រគូប ដែលធ្វើឡើងសម្រាប់បង្កើតថាមពលអគ្គិសនីតែ ១៥ មេហ្កាវ៉ាត់ប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យ អៀន បឺដ ក៏បានស្តីបន្ទោសប្រទេសនៅតំបន់ទន្លេមេគង្គមួយចំនួន ដែលមានឡាវនិងកម្ពុជាជាសមាជិកដែរនោះ ថាព្រងើយកន្តើយនឹងផលប៉ះពាល់ទាំងនេះមកលើពលរដ្ឋខ្លួនឯង ដោយសារតែផលប្រយោជន៍សេដ្ឋកិច្ចរៀងៗខ្លួន។
លោកបានបន្ថែមថា៖
«ដោយសារតែកម្ពុជារងផលប៉ះពាល់ពីគម្រោងនេះ អ្នកគិតថា ពួកគេនឹងស្នើសុំឱ្យមានសំណង ប៉ុន្តែពួកគេមិនទាមទារទេ។ អ្វីដែលកម្ពុជាស្នើសុំ គឺគ្រាន់តែឱ្យមានការគ្រប់គ្រងគ្រោះមហន្តរាយឆ្លងព្រំដែន។ ខ្ញុំគិតថា ការណ៍នេះគឺដោយសារតែកម្ពុជាមានផែនការសាងសង់ទំនប់វារីអគ្គិសនីផ្ទាល់ខ្លួនដែរ។ ដូច្នេះបើសិនជាពួកគេចាប់ផ្តើមតវ៉ាពីទំនប់នៅឡាវ គឺឡាវក៏នឹងតវ៉ាពីទំនប់នៅកម្ពុជាដែរ។ ដូច្នេះវាបានក្លាយទៅជាភាគបែងរួមតូចបំផុត ដែលគ្មានអ្នកណាម្នាក់ចង់តវ៉ា ដោយខ្លាចថាអ្នកដទៃក៏នឹងតវ៉ាដាក់ខ្លួនវិញដែរ»។
ពលរដ្ឋកម្ពុជាជាង ២០០០ គ្រួសារក្នុងឃុំមួយចំនួននៃខេត្តស្ទឹងត្រែងបានរងផលប៉ះពាល់ ហើយត្រូវជម្លៀសទៅទីទួលសុវត្ថិភាព ហើយដំណាំរបស់ពួកគេក៏រងការខូចខាតផងដែរ។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានចាត់ទុកថា នោះគ្រាន់តែជាគ្រោះទឹកជំនន់ប្រចាំឆ្នាំធម្មតាប៉ុណ្ណោះ ដោយសារតែហេតុផលនេះហើយទើបកម្ពុជាមិនបានសុំឱ្យភាគីឡាវផ្តល់សំណងនោះទេ។
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ VOA ថា៖
«ដោយសារត្រង់ថាឥទ្ធិពលមក វាមិនធ្ងន់ធ្ងរពេកដល់ថ្នាក់ប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នុងទេ ហើយក៏វាមិនអូសបន្លាយរយៈពេលវែងដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែរ។ អីចឹងហើយការដោះស្រាយបញ្ហានេះគឺមានតែការដោះស្រាយអន្តរាគមន៍ពីមូលដ្ឋាន ហើយនិងកម្លាំងសប្បុរសធម៌ក្នុងប្រទេស»។
ប៉ុន្តែលោកសាស្រ្តាចារ្យ អៀន បឺដ បានបញ្ជាក់ថា ពលរដ្ឋកម្ពុជាសមនឹងទទួលបានសំណង។ លោកបានបញ្ជាក់បន្ថែមប្រាប់ VOA នាពេលបញ្ចប់បទបង្ហាញថា៖
«ខ្ញុំពិតជាគិតថា នេះគឺជាបញ្ហាបង្កឡើងដោយក្រុមហ៊ុនឯកជននៅប្រទេសឡាវ ដែលមានផលប៉ះពាល់ដោយផ្ទាល់លើពលរដ្ឋកម្ពុជា ហើយក្រុមហ៊ុននោះគួរតែផ្តល់សំណង។ រដ្ឋាភិបាលកម្ពុជាត្រូវតែតំណាងឱ្យពលរដ្ឋទៅទារសំណងពីក្រុមហ៊ុននោះចំពោះផលប៉ះពាល់ទាំងឡាយ។ វាជារឿងត្រឹមត្រូវ ប៉ុន្តែរដ្ឋាភិបាលមិនបានធ្វើអីចឹងទេ»។
ក្រុមការងារបរិស្ថាន Save the Mekong ក៏ធ្លាប់បានទាមទារឱ្យក្រុមហ៊ុនផ្តល់សំណងដល់ប្រទេសកម្ពុជាចំពោះការធ្វេសប្រហែលនេះផងដែរ ដោយពួកគេចាត់ទុកថា វាមិនមែនជាគ្រោះធម្មជាតិទេ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមបរិស្ថានអន្តរជាតិនេះកាលពីចុងខែកក្កដាឆ្នាំមុន។
ផ្ទុយទៅវិញ ក្នុងកាយវិការមនុស្សធម៌ប្រទេសកម្ពុជាបានផ្តល់ទឹកប្រាក់ចំនួន ១០ម៉ឺន ដុល្លារ ទៅរដ្ឋាភិបាលប្រទេសឡាវដើម្បីជួយដល់ជនរងគ្រោះដោយមហន្តរាយទឹកជំនន់បង្កឡើងដោយការបាក់ទំនប់ សេពៀន សេណាំណយ នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងប្រទេសកម្ពុជា។
ទំនប់វារីអគ្គិសនី សេពៀន សេណាំណយ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនកូរ៉េ SK Engineering and Construction (SK E&C) និងក្រុមហ៊ុនKorea Western Power សហការជាមួយនឹងក្រុមហ៊ុនថៃ Ratchaburi Electricity Generating Holding (RATCH) និងក្រុមហ៊ុន Lao Holding State Enterprise (LHSE) របស់ឡាវ។ វាផ្តល់ថាមពលអគ្គិសនីចំនួន ៤១០ មេហ្កាវ៉ាត់។
ប្រទេសកម្ពុជាកំពុងមានតម្រូវការភ្លើងអគ្គិសនីកើនឡើងយ៉ាងខ្លាំង។ វារីអគ្គិសនីផ្តល់ ៤៥ ភាគរយនៃថាមពល ហើយរដ្ឋាភិបាលជំរុញឱ្យមានការសាងសង់ទំនប់បន្ថែមទៀតដើម្បីបំពេញតម្រូវការ។
កម្ពុជាបានសម្ពោធបើកស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ដែលមានកម្លាំង ៤០០ មេហ្កាវ៉ាត់កាលពីចុងឆ្នាំ ២០១៨ ហើយក៏គ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនីសំបូរដ៏ធំមហាសាលមួយទៀតពីលើអាងទន្លេមេគង្គនៅខេត្តក្រចេះ ដែលមានថាមពលចំនួន ២៦០០ មេហ្កាវ៉ាត់ ក្រោមជំនួយរបស់ចិនក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម។
ស្ថានទូតចិននៅប្រទេសកម្ពុជាបានបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់ខ្លួនដោយលើកសរសើរពីជំនួយរបស់ចិនក្នុងការជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជាដែលស្មើនឹង ៨០% នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា។
ប៉ុន្តែលោកសាស្ត្រាចារ្យ Ian Baird យល់ថា៖
«នេះគឺជាបញ្ហាដែលពិតជាធ្ងន់ធ្ងរ ពីព្រោះចិនបានវិនិយោគទុនលើគម្រោងទាំងនេះច្រើនណាស់ ហើយពួកគេមិនមានតម្លាភាពទេ។ ពួកគេធ្វើការមិនចុះសម្រុងនឹងពលរដ្ឋមូលដ្ឋាន។ ពួកគេក៏ធ្វើការមិនចុះសម្រុងនឹងអាជ្ញាធរមូលដ្ឋាន។ ហើយខ្ញុំគិតថាមានការព្រួយបារម្ភច្រើនពីការវិនិយោគបែបនេះ»។
លោក លាង ប៊ុនលាប អ្នកសម្របសម្រួលអង្គការបណ្តាញការពារទន្លេបីនៅតែព្រួយបារម្ភពីផលប៉ះពាល់ស្រដៀងគ្នានឹងទន្លេ សេពៀន សេណាំណយ។
«ប្រសិនបើទំនប់បាក់ ឬក៏មានយថាហេតុណាមួយដែលធ្វើឱ្យទំនប់បាក់ ដូចដែលបទពិសោធន៍ដែលកើតមាននៅ យ៉ាលី ឬសេពៀន សេណាំណយ សួរថាតើទីក្រុងដែលនៅតាមបណ្តោយទន្លេមេគង្គ ដូចជាក្រចេះ កំពង់ចាម ខេត្តកណ្តាល និងរដ្ឋធានីភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ចប្រទេសកម្ពុជាដែលត្រូវបានលិចលង់ទៅ សួរថាតើមហន្តរាយនេះវាធ្ងន់ធ្ងរយ៉ាងណាសម្រាប់ប្រទេសកម្ពុជា។ នេះជាសំណូមពរមួយដែលខ្ញុំចង់ថា ការដែលយើងអភិវឌ្ឍប្រទេសក្នុងថ្ងៃនេះ ចំណូលក្នុងថ្ងៃនេះសូមឱ្យលោកគិតគូដល់អ្វី ដែលជាអនាគតវែងឆ្ងាយរបស់ប្រទេស»។
ប៉ុន្តែលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាកាន់អំណាចយល់ថា គណៈកម្មការទន្លេមេគង្គមានការសិក្សានិងឯកភាពគ្នា ដើម្បីពិនិត្យមើលផលប្រយោជន៍និងផលប៉ះពាល់ ដែលអាចនឹងកើតមានឡើងលើប្រទេសសមាជិក។
លោកបានបន្ថែមប្រាប់ VOA ថា៖
«យើងសិក្សាទៅតាមបែបវិទ្យាសាស្រ្តអីចឹង ដូច្នេះហើយគឺអ្វីៗទាំងអស់នឹងដាក់ទៅលើដើម្បីប្រយោជន៍រួម»។
រីឯស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជាបានបង្ហោះសារកាលពីថ្ងៃចន្ទចំអកដល់ទំនប់វារីអគ្គិសនីដែលសាងសង់ដោយក្រុមហ៊ុនចិននៅប្រទេសអេក្វាទ័រ ថាពីរឆ្នាំក្រោយពីក្រុមហ៊ុនសំណង់រដ្ឋចិនបានសង់ទំនប់វារីអគ្គិសនីដ៏ធំមួយ គឺទំនប់នេះដូចជាគ្មានដំណើរការសោះ។
ស្ថានទូតសហរដ្ឋអាមេរិកបានបន្ថែមថា៖
«សំណង់គ្មានគុណភាព និងការមិនគិតពីស្តង់ដាសុវត្ថិភាព មានន័យថា កសិករនៅផ្នែកខាងក្រោមត្រូវទទួលរងការជន់លិចជាញឹកញាប់»។
គម្រោងសាងសង់នេះធ្វើឡើងក្រោមគោលនយោបាយខ្សែក្រវាត់ពាណិជ្ជកម្មរបស់ចិន ដែលមានបញ្ហាទាក់ទងនឹងកង្វះតម្លាភាព និងគណនេយ្យភាព។ នេះបើតាមការលើកឡើងរបស់ស្ថានទូត។
ការបាក់ទំនប់ សេពៀន សេណាំណយក៏បានធ្វើឱ្យប្រទេសឡាវសម្រេចធ្វើការពិនិត្យឡើងវិញលើរាល់ទំនប់វារីអគ្គិសនី ដែលមានស្រាប់និងកំពុងសាងសង់ផងដែរ និងផ្អាកការពិចារណាលើគម្រោងវិនិយោគលើវារីអគ្គិសនីថ្មីៗទាំងអស់។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការទន្លេមេគង្គ៕