ប្រទេសកម្ពុជានិងបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គខាងក្រោមដទៃទៀតបានអំពាវនាវឱ្យសហរដ្ឋអាមេរិកចូលរួមពាក់ព័ន្ធលើការអភិវឌ្ឍកាន់តែច្រើនថែមទៀតនៅក្នុងតំបន់ ក្នុងខណៈពេលដែលកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមទន្លេមេគង្គខាងក្រោមដែលសហរដ្ឋអាមេរិកផ្តួចផ្តើមបានឈានចូលមកដល់ខួបលើកទី១០។
ថ្លែងនៅក្នុងវេទិកាការទូតនៃប្រទេសតំបន់ទន្លេមេគង្គដែលរៀបចំដោយមជ្ឈមណ្ឌល Meridian អន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតដែលមកពីបណ្តាប្រទេសទន្លេមេគង្គខាងក្រោមដែលមានកម្ពុជា វៀតណាម ថៃ ឡាវ និងភូមា បានលើកឡើងពីសារៈសំខាន់ដែលសហរដ្ឋអាមេរិកបានផ្តល់ដល់តំបន់ទាំងលើផ្នែកភូមិសាស្រ្តនយោបាយ សន្តិសុខនិងដៃគូអភិវឌ្ឍន៍ និងភាពទាក់ទាញនៃតំបន់នេះខាងផ្នែកទីផ្សារពាណិជ្ជកម្ម សហប្រតិបត្តិការនិងការគោរពតាមនិយាមនិងច្បាប់អន្តរជាតិ។
លោកជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ប្រាប់វីអូអេនៅក្រោយពីកិច្ចប្រជុំថា៖
«យើងបានពិនិត្យឃើញថា កិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកចំពោះបណ្តាប្រទេសដែលជាសមាជិកមេគង្គខាងក្រោមទាំង៥នេះ ក្នុងក្របខណ្ឌទ្វេភាគីក្តីក៏ដូចជាក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមទន្លេមេគង្គនេះគឺបាននាំមកនូវកិច្ចអភិវឌ្ឍនៅក្នុងតំបន់នេះហើយក៏អាចរួមចំណែកជួយដល់អនុតំបន់មេគង្គនេះក្នុងការប្រឈមនឹងបញ្ហាដែលយើងចាត់ទុកថាជាបញ្ហាបន្ទាន់និងសំខាន់ចំពោះមុខដូចជាបញ្ហាទឹកជំនន់ ការរាំងស្ងួត ការអភិវឌ្ឍប្រកបដោយចីរភាពនិងបញ្ហាការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាពជាដើម»។
លោកហា គីមង៉ុក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោនបានលើកឡើងថា៖
«យើងត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឋាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល»។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ សហរដ្ឋអាមេរិកផ្តល់ជំនួយអភិវឌ្ឍន៍ជាង៣,៨ពាន់លានដុល្លារជួយដល់បណ្តាប្រទេសទំាង៥នៅតំបន់ទន្លេមេគង្គ ហើយបានបង្កើតការងារដល់ពលរដ្ឋជាង១,៤លាននាក់តាមរយៈការនាំទំនិញចូលទីផ្សារសហរដ្ឋអាមេរិក។
ដោយឡែកនៅប្រទេសកម្ពុជាវិញតាមរយៈគម្រោងគំនិតផ្តួចផ្តើមទន្លេមេគង្គខាងក្រោម សហរដ្ឋអាមេរិកបានជួយដល់កសិករ២០០.០០០នាក់ឱ្យរកចំណូលបានលើសពី៤០០ដុល្លារក្នុងមួយឆ្នាំនិងមានជួយដល់សកម្មភាពសេដ្ឋកិច្ចជាច្រើនទៀត។
យ៉ាងណាក៏ដោយទំនាក់ទំនងទ្វេភាគីរវាងបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គនេះជាមួយនឹងសហរដ្ឋអាមេរិកគឺមានកម្រិតមិនដូចគ្នាទេ។
លោក រ៉ែនដាល ស្ជ្រាយវើ (Randal Schriver) ឧបការីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានថ្លែងថា៖
«ទំនាក់ទំនងជាមួយនឹងកម្ពុជាមានលក្ខណៈមធ្យមហើយស្ថានភាពនយោបាយប្រហែលជាមិនសមស្របសម្រាប់យើងធ្វើកិច្ចការច្រើនជាមួយទេ។ ប៉ុន្តែយើងមានកម្មវិធីភាពជាដៃគូកម្រិតរដ្ឋអាយដាហូ»។
ការណ៍នេះដោយសារតែតុលាការកម្ពុជាបានរំលាយចោលអតីតបក្សប្រឆាំងហើយបានយកអាសនៈមកចែកឱ្យបក្សដទៃដែលមិនជាប់ឆ្នោតនិងងាកមកសិ្នទ្ធនឹងប្រទេសចិនកាន់តែខ្លាំងឡើងៗ ទន្ទឹមគ្នានោះដែរបានផ្អាកសមយុទ្ធយោធាប្រចាំឆ្នាំជាមួយនឹងសហរដ្ឋអាមេរិកដោយមិនកំណត់តាំងតែពីឆ្នាំ២០១៧មក។
លោកឯកអគ្គរាជទូត ជុំ សុន្ទរី នៅតែអះអាងពីជំហររក្សាទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិក។
«នៅក្នុងផ្នែកដែលនិយាយពីការរីកចំរើនផ្នែកទំនាក់ទំនងកម្ពុជាអាមេរិក ខ្ញុំបានលើកឡើងហើយអំពីការរីកចម្រើនដែលមានរហូតដល់ពេលនេះហើយក្នុងនោះខ្ញុំក៏បានគូសបញ្ជាក់អំពីការតាំងចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយនឹងសហរដ្ឋអាមេរិកហើយក្នុងនាមខ្ញុំជាឯកអគ្គរាជទូតប្រចាំនៅសហរដ្ឋអាមេរិកខ្ញុំបាននិងកំពុងតែខិតខំឱ្យអស់លទ្ធភាពដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទទួលស្គាល់ថាការណ៍ដែលសហរដ្ឋអាមេរិកចង់ចូលរួមកាន់តែខ្លាំងនៅក្នុងតំបន់ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅប៉ុន្តែឥទ្ធិពលចិនក៏បានដាក់សម្ពាធខ្លះមកលើថ្នាក់ដឹកនាំនៃប្រទេសទាំងនោះផងដែរ។
លោកម៉ាក ក្លាក (Mark Klark) ឧបការីរងស្តីទីនៃរដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាក់ថា៖
«នៅពីក្រោមនោះគឺមានភាពមិនស្ងប់ស្ងាត់និងភាពអន្ទះសារដោយសារមានសម្ពាធពីប្រទេសចិនឱ្យទទួលយកគំរូអភិវឌ្ឍន៍ក្រវាត់ផ្លូវពាណិជ្ជកម្មនិងមានសម្ពាធឱ្យពឹងផ្អែកសេដ្ឋកិច្ចកាន់តែខ្លាំងលើប្រទេសចិន»។
លោកម៉ាក ក្លាក បានបន្ថែមថាអ្វីដែលសហរដ្ឋអាមេរិកលើកកម្ពស់គឺផ្តល់សិទ្ធិឱ្យប្រទេសទាំងនោះមានជម្រើសក្នុងការគិតឱ្យបានប្រយ័ត្នប្រយែងមុននឹងទទួលយកអ្វីដែលមើលទៅ ហាក់ដូចជាវិថីដ៏ងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុប៉ុន្តែវានឹងក្លាយទៅជាការពឹងផ្អែកសេដ្ឋកិច្ចលើប្រទេសគេយ៉ាងខ្លាំងហើយឈានទៅដល់បាត់អធិបតេយ្យភាពប្រទេសក្នុងពេលអនាគត៕