ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

MRC: ទឹកទន្លេ​មេគង្គ​នៅ​កម្ពុជា ឡាវ ​និង​ថៃ​ ថយ​ចុះ​ព្រោះ​​ចិន​ទប់​​ទឹក​​ឱ្យ​ពលរដ្ឋ​ធ្វើ​បុណ្យ​សាច​ទឹក​លេង


រូបឯកសារ៖ វារីអគ្គិសនី Dachaoshan ដៃដង​ទន្លេ​មេគង្គលើ ដែលហូរកាត់តំបន់ Danchaoshan ខេត្តយូណាន ប្រទេស​ចិន។
រូបឯកសារ៖ វារីអគ្គិសនី Dachaoshan ដៃដង​ទន្លេ​មេគង្គលើ ដែលហូរកាត់តំបន់ Danchaoshan ខេត្តយូណាន ប្រទេស​ចិន។

ក្រសួង​ធនធាន​ទឹក​របស់​ប្រទេស​ចិន​បាន​ជូនដំណឹង​​ទៅ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ថា ចិន​នឹង​បិទទ្វារ​ទឹក​ខ្លះ​នៅ​ទំនប់​វារីអគ្គិសនី​ជីងហុង រយៈពេល ​៧ ថ្ងៃ​ ​ពីថ្ងៃទី​ ១១ ដល់​ ១៧ ខែ​មេសា​ ដើម្បី​ឱ្យ​ជនជាតិ​តៃ​របស់​ខ្លួន ​ធ្វើ​បុណ្យ​ប្រពៃណី​សាចទឹកលេង។

កម្ពស់​ទឹក​ទន្លេមេគង្គ​នៅក្នុង​ខេត្ត​ក្រចេះ​អាចនឹង​ធ្លាក់​ចុះ​រហូតដល់​ ១,៥០ម៉ែត្រ ​ក្នុង​រយៈពេល​ជាង​ពីរសប្តាហ៍​ដើមខែ​មេសា​នេះ​ ដោយសារតែ​ប្រទេស​ចិន​បិទ​ទ្វារ​ទឹក​ខ្លះ ដើម្បី​រក្សា​ទឹក​ទុកឱ្យ​ពលរដ្ឋ​របស់​ខ្លួន​រៀបចំ​ពិធី​បុណ្យ​សាចទឹក​ប្រចាំ​ឆ្នាំ។​ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ​នៅថ្ងៃ​ចន្ទ​នេះ។

តំបន់​ដែល​ប៉ះពាល់​ដូច​កម្ពុជា​ដែរ ​រួមមាន​ស្ថានីយ​លួងប្រាបាង​របស់​ឡាវ ដែល​កម្ពស់​ទឹក​ធ្លាក់ចុះ​ពី​ ០.៥ ដល់​ ១,៥០ ម៉ែត្រ ពីថ្ងៃទី២ដល់១៩ ខែ​មេសា​នេះ។ រីឯ​ប្រទេស​ថៃ​គឺ​ទឹកស្រក​ចុះពី​ ០,៧ ដល់ជាង​ ១ ម៉ែត្រ​ នៅ​ពាក់​កណ្តាល​ខែមេសា។

ក្រសួង​ធនធាន​ទឹក​របស់​ប្រទេស​ចិន​បាន​ជូនដំណឹងទៅ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ថា ចិន​នឹង​បិទទ្វារ​ទឹក​ខ្លះ​នៅ​ទំនប់​វារីអគ្គិសនី​ជីងហុង រយៈពេល ​៧ ថ្ងៃ​ ​ពីថ្ងៃទី​ ១១ ដល់​ ១៧ ខែ​មេសា​ ដើម្បី​ឱ្យ​ជនជាតិ​តៃ​របស់​ខ្លួន ​ធ្វើ​បុណ្យ​ប្រពៃណី​សាចទឹកលេង។

​លោក អាន ពេជ្រ ហត្ថដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ​អន្តរជាតិ​ ដែល​មកពី​ប្រទេសកម្ពុជា បានបញ្ជាក់ថា៖

«ការ​ជូនដំណឹង​ដូចនេះ​របស់​ប្រទេស​ចិន​មាន​សារៈសំខាន់ និង​ជួយ​ដល់​បណ្តា​ប្រទេស​នៅ​ខាង​ក្រោមទន្លេមេគង្គ​ និង​សហគមន៍​នានា​ ដើម្បី​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ការ​ប្រឈម​ណាមួយ​ និង​ការ​បង្កើន​ផលិតកម្ម​របស់​ពួកគេ​នៅ​តាម​ដង​ទន្លេ​មេគង្គ‍»។

គណៈកម្មាធិការ​ទន្លេមេគង្គ​បាន​បន្ថែម​ថា​ ការ​បន្ថយ​ទឹក​នេះ​នឹង​មិន​មាន​ផល​ប៉ះពាល់​អ្វី​ធំដុំ​ដល់​ពលរដ្ឋ​ ឬ​ទន្លេ​ឡើយ។

ក្រសួង​ធនធាន​ទឹក​កម្ពុជា​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេ ​ប៉ុន្តែ​ធ្លាប់​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​ថា ​ប្រទេស​កម្ពុជា​នឹង​ប្រឈម​នឹង​«សភាព​ក្តៅ​ហួតហែង​ខ្លាំង‍»​ នៅខែ​មេសា​ និង​ឧសភា​ ដោយសារ​តែ​មាន​បាតុភូត​ធម្មជាតិ​គ្រប​ដណ្តប់​លើ​តំបន់​និង​ពិភពលោក៕

XS
SM
MD
LG