ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បន្ទោស​ចិន​ជុំវិញ​ការ​បង្ក​«ហានិភ័យ»​ក្នុង​តំបន់​ទន្លេ​មេគង្គ


រូបឯកសារ៖ វារីអគ្គិសនី Dachaoshan ដៃដង​ទន្លេ​មេគង្គលើ ដែលហូរកាត់តំបន់ Danchaoshan ខេត្តយូណាន ប្រទេស​ចិន។
រូបឯកសារ៖ វារីអគ្គិសនី Dachaoshan ដៃដង​ទន្លេ​មេគង្គលើ ដែលហូរកាត់តំបន់ Danchaoshan ខេត្តយូណាន ប្រទេស​ចិន។

អ្នកការទូត​មួយ​រូប​របស់​អាមេរិក​នៅ​សប្ដាហ៍​នេះ​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ដាក់​ប្រទេស​ចិន​ ​ដោយ​ហាក់​បាន​បន្ទោស​ប្រទេស​មួយ​នេះ​អំពី​ការ​បង្ក​ជា​ហានិភ័យ​ដល់​និរន្តរភាព​នៃ​អាង​ទន្លេ​មេគង្គ​និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ តាមរយៈ​ការ​កសាង​ទំនប់​វារី​អគ្គីស​នី

អ្នក​ការទូត​អាមេរិក​នៅ​សប្ដាហ៍​នេះ​បាន​រិះគន់​បន្ទោស​ប្រទេស​ចិន​ជុំវិញ​ការ​បង្ក​ជា​«ហានិភ័យ‍»​និង​បញ្ហា​ប្រឈម​នានា​សម្រាប់​និរន្តរភាព​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ ​តាម​រយៈ​ការសាងសង់​និង​វិនិយោគ​ទំនប់​វារី​អគ្គីស​នី​លើ​ប្រភព​ទឹក​នៃ​មហា​គង្គា​ដ៏​វែង​អន្លាយ ​ដែល​ហូរកាត់​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក​មួយ​នេះ។

​ការ​ថ្លែង​ខាងលើ​ហាក់​ផ្ដល់​ជា​សញ្ញា​ថា ​តំបន់​អាង​ទន្លេ​មេគង្គ​អាច​ក្លាយ​ជា​ទី​សមរភូមិ​ថ្មី​រវាង​សហរដ្ឋអាមេរិក​និង​ចិន ​ក្នុង​ឈុត​ឆាក​វាយ​ដណ្ដើម​ឥទ្ធិពល​និង​អនុត្តរភាព​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ខណៈ​ដែល​ភាព​តានតឹង​ជា​សាកល​រវាង​មហា​អំណាច​ទាំងពីរ​កំពុង​អង្រួន​ពិភពលោក​ តាម​រយៈ​សំណុំ​រឿង​សង្គ្រាម​ពាណិជ្ជកម្ម​ ​ការ​ប្រឈម​មុខ​គ្នា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​កា​រសង្គ្រឺត​ធ្មេញ​ដាក់​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម។

​ថ្លែង​ទៅ​កាន់​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្ដីពី​អនាគត​ទន្លេ​មេគង្គ​រៀបចំឡើង​នៅ​ភ្នំពេញ ដោយ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព CICP​ លោក​ ​Michael​ Newbill​ ​ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ថ្លែង​ថា សកម្មភាព​របស់​ប្រទេស​«តែមួយគត់»​នៅក្នុង​តំបន់​មេគង្គ​ ដែល​គ្មាន​នរណា​ក្រៅតែ​ពី​ចិន​ បាន​បង្ក​ជា​ក្ដី​បារម្ភ​ជាទូទៅ​សម្រាប់​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​នេះ ​និង​សម្រាប់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

​អ្នក​ការទូត​អាមេរិក​រូប​នេះ​បាន​ថ្លែង​ប្រាប់​អង្គ​សិក្ខាសាលា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ យ៉ាង​ដូច្នេះ​ថា៖

​«រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ ការ​រំកិល​ប្រែប្រួល​នៃ​ចរន្ត​ភូមិសាស្ត្រ​នយោបាយ​បាន​ចាប់ផ្ដើម​បង្ក​ជា​បញ្ហា​ប្រឈម​ចម្បងៗ​ក្នុង​រូបភាព​ថ្មី។ បច្ចុប្បន្ន​នេះ​ តំបន់​មេគង្គ​ត្រូវ​ប្រឈម​នឹង​ការគ្រប់គ្រង​ដោយ​មិន​មាន​សមាមាត្រ ​ជុំវិញ​ទំនប់​វារី​អគ្គីស​នី​ច្រើន​ជាង១០​ ដែល​កសាង​ដោយ​ប្រទេស​តែ​មួយ​គត់​ដែល​បាន​គ្រោង​បំផ្ទុះ​និង​បូម​យក​ច្រាំង​ទន្លេ​ទៀត​ផង»។

​លោក​ភារធារី​នៃ​ស្ថានទូត​អាមេរិក​បាន​បន្ត​ដោយ​បាន​លើក​ឡើង​ថា ការ​កសាង​ទំនប់​វារី​អគ្គីសនី​និង​ការ​គាំទ្រ​ផ្នែក​វិនិយោគ​របស់​ចិន​ទៅលើ​ទំនប់​ទាំងនោះ​ ​បាន​នាំ​ឱ្យ​មាន​ការ​សាប​រលាប​ឥទ្ធិពល​នៃ​យន្តការ​អភិបាលកិច្ច​លើ​ដងទន្លេ​ដែល​មាន​ស្រាប់​ ​ការ​ចល័ត​ល្បាត​ឆ្លង​ព្រំដែន​ដោយបង្ខំ​តាម​ដងទន្លេ​ ​និង​កំណើន​នៃ​លំហូរ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ​និង​ការ​រត់ពន្ធ​មនុស្ស​និង​គ្រឿងញៀន។

​លោក​បាន​បន្ត​ថា៖​

​«និន្នាការ​ទាំងអស់​នេះ​បង្ក​ជា​ហានិភ័យ​ទៅ​ដល់​ស្វយ័ត​ភាព​ ​ឯករាជ្យ​ភាព​ផ្នែក​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​ធនធាន​ទឹក​ សន្តិសុខ​ថាមពល​ និង​សន្តិសុខ​ស្បៀង​ ​នៅ​តាម​តំបន់​អាងទន្លេ​មេគង្គ»។

រូបឯកសារ៖ កម្មករ​ចិនកំពុងធ្វើការនៅ​ការដ្ឋានសាងសង់វារីអគ្គិសនីមួយនៅលើដងទន្លេមេគង្គ។
រូបឯកសារ៖ កម្មករ​ចិនកំពុងធ្វើការនៅ​ការដ្ឋានសាងសង់វារីអគ្គិសនីមួយនៅលើដងទន្លេមេគង្គ។

​លោក​ ​Pongphisoot​ ​Busbarat​ ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ ​ប្រចាំ​សាកល​វិទ្យាល័យ​ ​Chulalongkorn​ ​ប្រទេស​ថៃ​ ​បាន​ថ្លែង​ថា​ ការ​ប្រកួត​ប្រជែង​រវាង​អាមេរិក​និង​ចិន​ ​បាន​នឹង​កំពុង​លាតសន្ធឹង​ចូល​មក​ដល់​តំបន់​មេគង្គ​កាន់តែ​ខ្លាំង​ឡើង​ ​ដោយ​ហេតុ​តែ​«ភាព​សកម្ម​ខាងនយោបាយ​ការបរទេស»​របស់​ចិន​ ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​បង្ក​ជា​ការ​សង្ស័យ​ក្នុងចំណោម​ប្រទេស​ដៃគូ​ផ្សេង​ទៀត ដែល​ការ​សង្ស័យ​ជា​ចម្បង​ពី​សហរដ្ឋអាមេរិក​តែ​ម្ដង។

អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​ ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

​«តំបន់​មេគង្គ​ជាក់ច្បាស់​ណាស់​គឺ​ជា​ទីតាំង​ប្រកប​ដោយ​សក្ដានុពល​នៃ​ការ​ប្រកួត​ប្រជែង​រវាង​មហាអំណាច​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ក្រៅតែ​ពី​តំបន់​សមុទ្រ​ចិន​ខាងត្បូង»។

​លោក​ ​Pongphisoot​ ​Busbarat​ ​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ទៀត​ថា៖

​«បើ​ទោះជា​ប្រទេស​ចិន​បាន​បង្ហាញ​ភាព​ស្មោះត្រង់​របស់​ខ្លួន​ដដែល​ជា​ដដែល​ ​ហើយ​បើ​ទោះជា​យើង​មិន​អាច​បដិសេធ​ការណ៍​ដែល​ថា​តួនាទី​របស់​ប្រទេស​ចិន​បាន​ផ្ដល់​ជា​វិភាគទាន​និង​ផល​ប្រយោជន៍​ដល់​តំបន់​មួយ​នេះ​ជាច្រើន​រូបភាព​ក៏ដោយ​ ​ភាព​សកម្ម​ផ្នែក​គោលនយោបាយ​ខាងលើ​នេះ​ ​បាន​ទទួលការ​រិះគន់​ ​និង​ក្ដី​សង្ស័យ​ដោយ​ជៀស​មិន​ផុត​ពី​ចេតនា​ពិតប្រាកដ​ [ថា​ចិន​ចង់បាន​អ្វី]»។

​VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ឆ្លើយតប​ពីសំណាក់​ស្ថានទូត​ចិន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ ​តែ​មិនបាន​ទទួលការ​ឆ្លើយតប​អ្វី​ទាល់​តែ​សោះ​ ​គិត​ត្រឹម​ល្ងាច​ថ្ងៃសុក្រ​នេះ។

​នៅក្នុង​អង្គ​សិក្ខាសាលា​ខាងលើ​ក៏​មានការ​ជជែក​ផង​ដែរ​ ​អំពី​អនាគត​ដ៏​ស្រពិច​ស្រពិល​នៃ​អាង​ទន្លេ​មេគង្គ​ ​ថា​តើ​ប្រភព​ធនធាន​ទឹក​ ​មច្ឆា​ ​និង​ដីល្បប់​មួយ​នេះ​ ​អាច​នឹង​មាន​លទ្ធភាព​បន្ត​ផ្ដល់​ប្រយោជន៍​ដល់​បណ្ដាជន​រាប់​លាន​នាក់​ដែល​រស់នៅ​អាស្រ័យ​ផល​នឹង​ទន្លេ​ ​ហើយក៏​មាន​ការ​អំពាវនាវ​ផង​ដែរ​ ​ឱ្យ​មាន​ការ​សិក្សា​និង​រៀបចំ​តាក់តែង​គោលនយោបាយ​សម្រាប់​អនុវត្ត​ឱ្យ​បាន​ជាក់ច្បាស់​ ​ដើម្បី​ធានា​ថា​ប្រជាជន​ងាយ​រងគ្រោះ​នឹង​ត្រូវ​បាន​ផ្ដល់​អាទិភាព​ក្នុង​ការ​អភិវឌ្ឍ។

​លោក​ ​ពូ​ ​សុធី​រៈ​ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ ​CICP​ ​បាន​លើក​ឡើង​ថា​ ​ការ​សាងសង់​ប្រកប​ដោយ​«ភាព​មិន​សមប្រកប» និង «​ខ្វះ​ទំនួល​ខុសត្រូវ»​នៃ​ទំនប់​វារី​អគ្គីសនី​តាម​ដងទន្លេ​មេគង្គ​ជាដើម​ចម​ ដែលគេ​គួរ​បន្ទោស​សម្រាប់​ការ​កើតឡើង​ជា​ញឹកញាប់​នូវ​គ្រោះមហន្តរាយ​ ​រាំងស្ងួត​ ​និង​ទឹកជំនន់​ ​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់។

​អតីត​អ្នក​ការទូត​ខ្មែរ​រូប​នេះ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

​«គម្រោង​អភិវឌ្ឍ​ដែល​ខ្វះ​ការ​គិតគូរ​ទាំង​នេះ​ ​មាន​លទ្ធភាព​ធំធេង​ក្នុង​ការ​បង្ក​ការ​ខូចខាត​ដ៏​បំផ្លិច​បំផ្លាញ​ បើសិន​បើ​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​សមស្រប​ណាមួយ​ ​មិន​ត្រូវ​សម្រេច​បាន​ដោយ​គ្រប់គ្រាន់​ទេ​នោះ»។

រូបឯកសារ៖ វាលស្រែរងគ្រោះរាំងស្ងួតនៅខេត្ត Soc Trang នៅតាមដងទន្លេមេគង្គនៃប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ វាលស្រែរងគ្រោះរាំងស្ងួតនៅខេត្ត Soc Trang នៅតាមដងទន្លេមេគង្គនៃប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។

រូបឯកសារ៖ ទំនប់វារីអគ្គិសនី Nam Theun 2 នៅលើដងទន្លេមេគង្គក្នុងប្រទេសឡាវ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១០។
រូបឯកសារ៖ ទំនប់វារីអគ្គិសនី Nam Theun 2 នៅលើដងទន្លេមេគង្គក្នុងប្រទេសឡាវ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១០។

​ទន្លេ​មេគង្គ​ហូរ​តាម​ខ្សែទឹក​ដែល​មាន​ប្រវែង​ប្រមាណ​ ​៤៣០០​ ​គីឡូម៉ែត្រ​ ​មាន​ប្រភព​ពី​ខ្ពង់រាប​ ​Tibet​ ​ប្រទេស​ចិន​ ​ធ្វើដំណើរ​កាត់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​ ​មុននឹង​ចប់​ត្រឹម​ប្រទេស​វៀតណាម​ ​ហូរចាក់​ទៅ​ក្នុង​សមុទ្រ​ខាងត្បូង។ ទន្លេ​នេះ​មានឈ្មោះ​ថា​ ​ឡាន​ឆាង (Lancang)​ ក្នុង​សូរសៀង​ភាសា​ចិន។

​គណៈកម្មការ​ទន្លេមេគង្គ​ ​MRC​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៥​ ​ដោយ​ប្រទេស​តាម​ដងទន្លេ​ទាំងអស់​ លើកលែង​តែ​ចិន​ ​និង​ភូមា​ ​ដើម្បី​ធ្វើការ​គ្រប់គ្រង​ធនធាន​តាម​ដងទន្លេ​នេះ​ប្រកប​ដោយ​ចីរភាព ​តែ​ស្ថាប័ន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ខ្វះ​អំណាច​និង​លទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ ​ការ​សាងសង់​ទំនប់​វារី​អគ្គីស​នី​នានា​ជា​បន្តបន្ទាប់​ដែល​មាន​លទ្ធភាព​បង្ក​អតុល្យភាព​ដល់​សុខមាលភាព​ និង​ជីវៈ​ចម្រុះ​នៃ​មហា​គង្គា​នេះ។

​គិត​ត្រឹម​ឆ្នាំ២០៣០​ ​មាន​ការ​រំពឹង​ថា​ទំនប់​វារី​អគ្គីស​នី​ប្រមាណ៣០​ ​នឹង​ត្រូវ​បាន​សាងសង់​និង​ដំណើរការ​កាត់​ទទឹង​ទន្លេមេគង្គ​ ​ដែល​ទំនប់​ភាគច្រើន​ ​បើ​មិន​ស្ថិត​ក្នុង​ប្រទេស​ចិន​ ​ក៏​ជា​ការ​ផ្ដល់​ហិរញ្ញប្បទាន​វិនិយោគ​ពី​ចិន​ដែរ។​ នេះ​បើ​យោង​តាម​ការ​ប្រមើ​មើល​និង​ទិន្នន័យ​របស់​ក្រុម​អភិរក្ស​ដើម្បី​ការ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​ (CGIAR)។

​ក្រៅតែ​ពី​យន្តការ MRC​ ​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ក៏បាន​ចូលរួម​នឹង​យន្តការ​កិច្ច​សហប្រតិបត្តិ​ការ​ជាច្រើន​ផ្សេងទៀត​ផង​ដែរ​ជាមួយ​នឹង​ដៃគូ​សហការ​ពី​ខាងក្រៅ​តំបន់​ ​រួមមាន​ ​កិច្ច​សហប្រតិបត្តិ​ការ​ឡាន​ឆាង​មេគង្គ (LMC) ជាមួយ​ប្រទេស​ចិន​ ​និង​គំនិត​ផ្ដួចផ្ដើម​តំបន់​មេគង្គ​ប៉ែក​ខាងក្រោម​ ​(LMI)​ ​ជាមួយ​សហរដ្ឋអាមេរិក។

​លោក​ ​ស៊ីម​ ​វីរៈ​ ​ទីប្រឹក្សា​ក្រសួង​ការបរទេស​កម្ពុជា​ ​បាន​ថ្លែង​ថា​ ទីក្រុង​ភ្នំពេញ​និង​រដ្ឋ​ដទៃទៀត​ក្នុង​តំបន់​ប្រាថ្នា​ចង់​ស្វះស្វែង​រក​ចំណុចរួម​គ្នា​រវាង​យន្តការ​ទាំងអស់​ដែល​មានស្រាប់​ ​ធានា​យ៉ាងណា​ទាញ​យក​ប្រយោជន៍​ដល់​ប្រជាជន​និង​ប្រទេស​តាម​ដងទន្លេ​ ​និង​ធានា​ការពារ​ទន្លេ​ដ៏​មាន​សក្ដានុពល​មួយ​នេះ​ទៅ​ថ្ងៃមុខ​ផង​ដែរ។

​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​តំណាង​របស់​រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

​«បណ្ដា​ប្រទេស​ក្នុង​តំបន់​មេគង្គ​មានការ​តោង​ដឹង​ក្នុងស្មារតី​ថា​ វេទិកា​មេគង្គ​មិន​គួរ​ត្រូវ​បាន​ប្រឡូក​ក្នុង​នយោបាយ​ ​ឬ​ក៏​មិន​គួរ​ក្លាយ​ជា​សង្វៀន​ហែកហួរ​បំបែក​បំបាក់​គ្នា​ប្រឆាំង​ចិន​ ​ប្រឆាំង​សហរដ្ឋ​អាមេរិក​ ​ប្រឆាំង​ជប៉ុន​ ​ប្រឆាំង​កូរ៉េ​ ​ឬ​ប្រឆាំង​ឥណ្ឌា​នោះ​ឡើយ»។

​យ៉ាងណាក្ដី​ ​លោក​ភារធារី​ ​Michael​ ​Newbill​ ​នៃ​ស្ថានទូត​អាមេរិក​ ​បាន​លើក​ឡើង​ថា​ការ​ចូលរួម​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់​អាងទន្លេ​មេគង្គ​ ​មាន​ក្ដី​ប្រាថ្នា​ផ្ដល់​ជា​ការ​ផ្ដល់​អត្ថ​ប្រយោជន៍​បំពេញ​ឱ្យ​គ្នា​ជាមួយ​នឹង​យន្តការ​ថ្នាក់​តំបន់​ផ្សេងៗ​ទៀត​ ដើម្បី​ជួយ​ដល់​និរន្តរភាព​នៃ​អាងទន្លេ​មួយ​នេះ៕

XS
SM
MD
LG