ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ប្តេជ្ញា​បន្ត​ជួយ​អភិវឌ្ឍ​និង​រក្សា​ដៃគូ​នឹង​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ


អ្នក​នេសាទ​ម្នាក់ ​បាន​ប្រមូល​សំណាញ់នេសាទ​ត្រី​លើ​ទន្លេ​មេគង្គ​ក្បែរ​ស្រុក Chiang Khan ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ២៤ កក្កដា​ ២០១៦។ (នៅ​ វណ្ណរិន/VOA​ Khmer)
អ្នក​នេសាទ​ម្នាក់ ​បាន​ប្រមូល​សំណាញ់នេសាទ​ត្រី​លើ​ទន្លេ​មេគង្គ​ក្បែរ​ស្រុក Chiang Khan ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ២៤ កក្កដា​ ២០១៦។ (នៅ​ វណ្ណរិន/VOA​ Khmer)

បណ្តូរ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​បណ្តាប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​មាន​ចំនួន​១០៩​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៨។​ ក្នុងឆ្នាំ​២០១៧​សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ទុន​ចំនួន​​១៧​ពាន់​លាន​ដុល្លារ​ដែល​កើនឡើង​ពី​ទឹក​ប្រាក់​​វិនិយោគ​ចំនួន​១០ពាន់​លាន​ក្នុងឆ្នាំ​២០០៩។​ ​

សហរដ្ឋ​អាមេរិក​បន្តចាត់​ទុកតំបន់​ទន្លេ​មេគង្គថា​ជា​តំបន់​ដែល​មាន​សារៈ​សំខាន់​ជាយុទ្ធសាស្រ្ត​ដែល​នឹង​ត្រូវពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​និង​មើល​ឃើញ​ថា​សេដ្ឋកិច្ចនៃ​តំបន់នេះកំពុង​មាន​ការរីកចម្រើន​លឿននិងមាន​ពលរដ្ឋ​វ័យក្មេងជាច្រើន។

លោក​ម៉ាក ក្លាក (Mark Klark) ​ឧបការីរងស្តីទី​នៃ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បានបញ្ជាក់​ប្រាប់​អ្នកចូលរួម​នៅ​ឯ​មជ្ឈមណ្ឌល ​Meridian ​អន្តរជាតិកាលពី​ដើម​ខែ​មិថុនា​ថា៖

«តំបន់​ទន្លេមេគង្គ​គឺ​ជា​តំបន់​មាន​សារៈសំខាន់​ជាយុទ្ធសាស្រ្ត​ដល់​សហរដ្ឋ​អាមេរិក។ ទីនេះ​មាន​ប្រទេស​ថៃ​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដែល​មាន​សន្ធិសញ្ញា​របស់​យើងនិង​វៀតណាម​ដែល​ជាដៃគូ​កាន់តែ​សំខាន់​ឡើង​របស់​យើង ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​នឹង​ធ្វើ​ជា​ប្រធានសមាគមអាស៊ាននៅ​ឆ្នាំ​២០១៩​និង​២០២០។ ដោយ​រួមបញ្ចូល​ប្រទេស​ឡាវ ភូមា និង​កម្ពុជា​គឺ​រួមគ្នា​បាន​ជា​សេដ្ឋកិច្ច​ដែល​មាន​ការរីកលូតលាស់​យ៉ាង​រហ័ស​និង​មាន​ពលរដ្ឋ​វ័យក្មេង​រស់រវើក‍»។

បណ្តូរ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​បណ្តាប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​មាន​ចំនួន​១០៩​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៨។​ ក្នុងឆ្នាំ​២០១៧​សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ទុន​ចំនួន១៧​ពាន់​លាន​ដុល្លារ​ដែល​កើនឡើង​ពី​ទឹក​ប្រាក់វិនិយោគ​ចំនួន​១០ពាន់​លាន​ក្នុងឆ្នាំ​២០០៩។​ ​

នៅខែកក្កដា​ខាងមុខ​នេះ​សហរដ្ឋ​អាមេរិក​និង​បណ្តាប្រទេស​នៅ​ទន្លេមេគង្គខាងក្រោម​ដែល​មាន​កម្ពុជា ​វៀតណាម ​ឡាវ​ ថៃ​និង​ភូមា​នឹង​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​ការអនុវត្ត​គម្រោង​គំនិត​ផ្តួចផ្តើម​ទន្លេ​មេគង្គ​ផ្នែក​ខាងក្រោម​ ដែល​ជា​គម្រោង​បង្កើតឡើង​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នានៅថ្នាក់​អនុតំបន់។ គំនិត​ផ្តួចផ្តើម​នេះ​ធ្វើ​ជា​វេទិកា​រសម្រាប់​ដោះស្រាយ​ការអភិវឌ្ឍឆ្លង​ព្រំដែន​ដែល​មាន​លក្ខណៈ​ពហុវិស័យ​និង​បញ្ហា​ប្រឈម​ខាងគោល​នយោបាយ​នៅ​អនុតំបន់​ទន្លេមេគង្គក្រោម។

​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ​សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជាង​៣,៨​ពាន់​លាន​ដុល្លារជួយ​ដល់​បណ្តា​ប្រទេស​ទំាង៥​នៅ​តំបន់​ទន្លេ​មេគង្គ​ ហើយ​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋជាង​១,៤​លាន​នាក់​តាម​រយៈ​ការនាំទំនិញ​ចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក។​

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​វិញ​តាមរយៈគម្រោង​គំនិតផ្តួចផ្តើម​ទន្លេមេគង្គ​ខាងក្រោម​ សហរដ្ឋ​អាមេរិក​បាន​ជួយ​ដល់​កសិករ​២០០.០០០នាក់​ឱ្យ​រកចំណូលបាន​លើសពី​៤០០ដុល្លារ​ក្នុងមួយឆ្នាំនិង​មាន​ជួយ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើនទៀត។

លោកជុំ សុន្ទរី ​ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ក្រោយ​ពី​កិច្ចប្រជុំ​ថា៖

«យើង​បាន​ពិនិត្យ​ឃើញ​ថា​កិច្ចសហ​ប្រតិបត្តិការ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​បណ្តា​ប្រទេស​ដែលជា​សមាជិក​មេគង្គ​ខាងក្រោម​ទាំង​៥នេះ​ ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ក្តី​ក៏ដូច​ជា​ក្នុង​ក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​ទន្លេ​មេគង្គ​នេះ​គឺ​បាន​នាំមក​នូវ​កិច្ច​អភិវឌ្ឍ​នៅក្នុង​តំបន់​នេះ​ហើយ​ក៏​អាច​រួម​ចំណែកជួយ​ដល់​អនុតំបន់​មេគង្គ​នេះ​ក្នុងការប្រឈមនឹង​បញ្ហា​ដែល​យើង​ចាត់​ទុក​ថា​ជាបញ្ហា​បន្ទាន់និងសំខាន់​ចំពោះមុខ​ដូច​ជា​បញ្ហា​ទឹកជំនន់ ការរាំងស្ងួត ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​បញ្ហា​ការប្រើប្រាស់​ធនធាន​ទឹក​ប្រកប​ដោយ​ចីរភាពជាដើម‍»។

លោក​ហា គីមង៉ុក ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅរដ្ឋ​ធានី វ៉ាស៊ីនតោន​បាន​លើក​ឡើងថា​បណ្តា​ប្រទេស​ទន្លេ​មេគង្គត្រូវការ​កិច្ចសហ​ប្រតិបត្តិការ​យ៉ាងខ្លាំង​ពី​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឋាមពល​កកើត​ឡើងវិញ ​និង​សេដ្ឋកិច្ច​ឌីជីថល‍។​

រីឯ​លោកស្រី​ប៊ូសារ៉ា កញ្ចនាឡៃ ​ភារធារី​នៃ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​អាមេរិកាំងទៅធ្វើ​ការវិនិយោគ​បន្ថែម​នៅ​ក្នុង​តំបន់​មេគង្គ។​

លោក​ស្រី​បាន​បន្ថែម​ថា៖

«យើង​អាចផ្តល់​កន្លែង​ដែល​សហរដ្ឋ​អាមេរិក​អាច​ពង្រីក​ជំនួញ​ក៏ដូចជា​ពង្រីកតួនាទី​គាំទ្រ​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​ធ្វើ​គម្រោង​ជាច្រើន​ដែល​ផ្តល់​ប្រយោជន៍​ដល់​តំបន់​មេគង្គ​ប៉ុន្តែ​ផ្តល់​ផលប្រយោជន៍​ដល់​សហរដ្ឋ​អាមេរិកវិញ​និង​ពង្រឹង​មិត្តភាព​រវាង​សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​ទន្លេ​មេគង្គ‍»។

ទន្ទឹម​នឹង​នេះ​ដែរ​ក៏ សហរដ្ឋ​អាមេរិក​មើល​ឃើញ​ថា​តំបន់​នេះ​កំពុងជួប​នឹង​និន្នាការ​គួរឱ្យ​ព្រួយ​បារម្ភមួយ​ចំនួន​។ ក្នុងនោះ​មានកង្វះ​អភិបាល​កិច្ច​ល្អ​និងការងាក​មក​ពឹង​លើ​ប្រាក់បំណុល​បរទេសកាន់​តែ​ខ្លាំង​ឡើង​ជាពិសេស​មក​ពី​ប្រទេស​ចិន​ ការព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការអភិវឌ្ឍន៍​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ ផែនការ​បូម​ខ្សាច់ ការធ្លាក់ចុះ​នៃ​ការគ្រប់គ្រង​ទន្លេ ​ការរីករាលដាល​ឧក្រិដ្ឋកម្មឆ្លងដែន និង​ការ​ជួញ​ដូរ​មនុស្សនិងថ្នាំញៀន​ជាដើម។

លោក​ម៉ាក ក្លាក (Mark Klark) នៃក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​បន្ថែម​ថា៖​

«និន្នាការ​ទាំងនេះ​នាំ​ឱ្យ​មាន​ហានិភ័យ​ដល់​អនាគត​សេដ្ឋកិច្ច ឯករាជ្យ​ភាព​ខាង​សេដ្ឋកិច្ច​និង​ឋាមពល​ទឹក ​និង​សុវត្ថិភាព​ស្បៀងអាហារ​នៃ​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ‍»។

សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ថា​ដោយសារតែ​និន្នាការ​ទាំងនេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍របស់​ខ្លួន​ទើប​សហរដ្ឋ​អាមេរិក​នឹង​ខិតខំ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​តាម​រយៈ​យន្ត​ការជាច្រើន​ក្នុងនោះ​មាន​ដូច​ជា​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​ជាដើម។​

លោក​ម៉ាក ក្លាក​បាន​ពន្យល់​ថា​តំបន់​មេគង្គ​គឺ​ជា​ចំណុច​ផ្តោត​ចំណាប់អារម្មណ៍​នៃ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​ហើយ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ច​ខិតខំប្រឹង​ប្រែង​ទូលំទូលាយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​ដល់​អាស៊ាន​ក្នុង​នោះ​មាន​គំនិតផ្តួចផ្តើម​របស់​អាស៊ាន​ក្នុង​ការ​ធ្វើ​សមា​ហរណកម្ម​តំបន់​ដើម្បី​បិទភ្ជិត​គម្លាត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​សមាជិក​ហើយ​ជំរុញ​ឱ្យ​មាន​ឯកភាព​ក្នុងតំបន់។​

លោក​ម៉ាក ក្លាក​បាន​បន្ថែម​ថា៖

«យើង​ចូលរួម​ជាមួយ​នឹង​តំបន់​មេគង្គ​ដោយ​ឈរ​លើ​គោលការណ៍​វិជ្ជមាន​ផ្តោត​លើ​សន្តិសុខ​និង​វឌ្ឍនភាព​នៅ​ទូទាំង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ក្នុង​ពេល​ជាច្រើន​ទសវត្សរ៍​ទៅមុខ​ទៀត​ហើយ​យើង​ស្ថិត​នៅ​ចំណុច​ស្នូល​នៃ​យុទ្ធសាស្រ្ត​ថ្នាក់​តំបន់នេះ។ ក្នុងនេះ​រួមមាន​ការប្តេជ្ញា​គោរព​អធិបតេយ្យ​ភាព តម្លាភាព អភិបាល​កិច្ច​ល្អ ការប្រមូលផ្តុំ​អាស៊ាន និង​សណ្តាប់​ធ្នាប់​ផ្អែក​លើ​ច្បាប់​ដែល​មាន​ការគោរព​ច្បាប់​អន្តរជាតិ‍»។​

សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​ពីការ​ប្តេជ្ញាថែមទៀត​នៅ​អំឡុង​កិច្ច​ប្រជុំ​ថ្នាក់រដ្ឋ​មន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​ទន្លេ​មេគង្គក្រោមនៅទីក្រុង​បាងកកនៅ​ខែ​សីហា​ខាងមុខ។ បន្ទាប់មក​គឺបង្ហាញ​នូវកិច្ច​ខិតខំ​ប្រឹងប្រែង​មេគង្គថ្មី​មួយ​ទៀតដែលមានដូច​ជា​ការ​ប្រឆាំង​នឹង​ការជួញដូរថ្នាំញៀន ជួញ​ដូរមនុស្ស​និង​សត្វព្រៃ​ជាដើម​ដើម្បីបន្ថែម​ដល់គំនិតផ្តួចផ្តើម​ទន្លេមេគង្គក្រោម​ឱ្យ​ស្រប​តាម​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​ និង​សម្រប​កិច្ច​ខិតខំប្រឹង​ប្រែង​ឱ្យ​ស្រប​គ្នា​នឹង​ដៃគូ​មួយ​ចំនួន​ទៀត​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ជប៉ុន អូស្រ្តាលី និង​កូរ៉េខាងត្បូង​ដែល​កំពុង​ជួយ​ប្រទេស​នៅ​តំបន់​នេះ​ដែរលើផ្នែក​ឋាមពល​ ការប្រយុទ្ធនឹង​ឧក្រិដ្ឋកម្មឆ្លងដែន​និង​អភិបាលកិច្ច​លើ​ផ្នែក​សេដ្ឋកិច្ច។

យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​ក៏​បញ្ចូល​គំនិតផ្តួចផ្តើម​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​តំបន់​ទន្លេ​មេគង្គ​ផង​ដែរ​ដែល​ផ្តោត​លើ​ហេដ្ឋារចនា​សម្ព័ន្ធ ​ឋាមពល​ ពាណិជ្ជកម្ម​ឌីជីថល និង​ការផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍន៍។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​ថា​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​ចូលរួម​កាន់តែ​ខ្លាំង​នៅក្នុង​តំបន់​ត្រូវបាន​ទទួលស្វាគមន៍​យ៉ាងកក់ក្តៅ​ប៉ុន្តែ​ឥទ្ធិពល​ចិន​ក៏បាន​ដាក់​សម្ពាធខ្លះ​មក​លើ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​ផងដែរ។​

លោក​ម៉ាក ក្លាក ​(Mark Klark) ​បាន​បញ្ជាក់​ថា៖

«នៅពីក្រោម​នោះ​គឺមានភាព​មិនស្ងប់ស្ងាត់​និង​ភាព​អន្ទះសារ​ដោយសារ​មាន​សម្ពាធ​ពី​ប្រទេស​ចិន​ឱ្យ​ទទួល​យក​គំរូអភិវឌ្ឍន៍​ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម​និង​មាន​សម្ពាធ​ឱ្យ​ពឹងផ្អែក​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​លើ​ប្រទេស​ចិន‍»។​

លោក​ម៉ាក ក្លាក ​បាន​បន្ថែម​ថា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​លើក​កម្ពស់​គឺ​ផ្តល់សិទ្ធិ​ឱ្យ​ប្រទេស​ទាំង​នោះមាន​ជម្រើស​ក្នុងការគិតឱ្យ​បាន​ប្រយ័ត្ន​ប្រយែង​មុននឹង​ទទួល​យក​អ្វី​ដែលមើល​ទៅ ហាក់​ដូចជាវិថី​ដ៏​ងាយស្រួលក្នុងការទទួលបាន​ហិរញ្ញវត្ថុ​ប៉ុន្តែ​វា​នឹង​ក្លាយ​ទៅជា​ការ​ពឹងផ្អែកសេដ្ឋកិច្ច​លើប្រទេស​គេ​យ៉ាងខ្លាំង​ហើយឈាន​ទៅដល់​បាត់​អធិបតេយ្យ​ភាព​ប្រទេស​ក្នុង​ពេល​អនាគត។

លើ​ជ្រុង​នៃកិច្ច​សហប្រតិបត្តិការ​យោធា​វិញ ក្រសួងការពារជាតិ​សហរដ្ឋ​អាមេរិក​មើលឃើញ​ថា​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេសនីមួយ​នៅក្នុ​ង​តំបន់​មេគង្គមានការខុសប្លែកគ្នា។ សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​តិចតួច​ជាមួយនឹង​ប្រទេស​ឡាវ​និង​កម្ពុជា ក្នុង​ខណៈ​ពេល​ដែល​ទំនាក់​ទំនង​ជាមួយ​នឹង​ថៃ​មាន​លក្ខណៈ​ចាស់ទុំ​ និង​យូរអង្វែង​ហើយ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​វៀតណាម​កំពុងតែ​ប្រសើរឡើង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ រ៉ែនដាល ស្ជ្រាយវើ (Randal Schriver) ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG