បញ្ហាបរិស្ថានមិនមែនជាបញ្ហាតូចដែលយុវជនកម្ពុជាអាចព្រងើយកន្តើយ ហើយរំពឹងថាអ្វីៗនឹងផ្លាស់ប្តូរដោយខ្លួនឯងបាននោះទេ។ នៅរយៈពេលប៉ុន្មានឆ្នាំនេះ មានការកើនឡើងនៃចំនួនយុវជន ដូចជាអេកូយុវទូត ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។
អេកូយុវទូត ដែលជាក្រុមយុវជនវ័យក្មេងនិងខ្នះខ្នែងពីបរិស្ថាននៅកម្ពុជា មានសមាជិកចំនួន១០០នាក់។ ពួកគេបានចំណាយពេលច្រើនដើម្បីសិក្សា ចែករំលែកចំណេះដឹង និងរកដំណោះស្រាយចំពោះបញ្ហាបរិស្ថាននានានៅប្រទេសកម្ពុជា។ ថ្មីៗនេះ អេកូយុវទូតក៏ត្រូវបានទទួលស្គាល់យ៉ាងច្រើនពីសាធារណជន លើការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការប្រមូលផ្តុំយុវជននិងសាធារណជនឲ្យថែរក្សាការពារបរិស្ថាននិងផែនដី។
ជាផ្នែកមួយនៃគម្រោងរបស់ពួកគេ អេកូយុវទូត នឹងរៀបចំកម្មវិធី «ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត» ស្តីពីអច្ឆរិយភាពនៃទន្លេមេគង្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជានិងកូរ៉េនៅក្នុងទីក្រុងភ្នំពេញ ពីម៉ោង៩ព្រឹកដល់៧ល្ងាច នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។
កម្មវិធីនេះធ្វើឡើង ដើម្បីបញ្ចប់គម្រោងស្តីពីអច្ឆរិយភាពនៃទន្លេមេគង្គ ដែលមានរយៈពេល១៥ខែ។ គម្រោងនេះមានអ្នកចូលរួមជាយុវជនប្រហែលជា ៣០ នាក់ ដោយពួកគាត់បានធ្វើដំណើរដើម្បីសិក្សាស្វែងយល់ និងលើកកម្ពស់តម្លៃដ៏សំខាន់នៃសេវាកម្មប្រព័ន្ធអេកូឡុស៊ីរបស់ទន្លេមេគង្គ តាមរយៈការចូលរួមក្នុងការសិក្សាស្រាវជ្រាវ សិក្ខាសាលា ការបណ្តុះបណ្តាល ការប្រាស្រ័យទាក់ទងជាមួយអ្នកជំនាញនិងការធ្វើទស្សនកិច្ចទៅតំបន់ទន្លេមេគង្គ។
កញ្ញា អាំង សិរីរតន៍ ដែលជាសហស្ថាបនិកនិងអ្នកសម្របសម្រួលមួយរូបរបស់អេកូយុវទូត បានឲ្យដឹងថា កម្មវិធីនេះមានបំណងដើម្បីបង្ហាញនូវសមិទ្ធផលរបស់មេគង្គយុវទូត ក្នុងការអប់រំនិងអភិរក្សបរិស្ថាន ហើយសំខាន់ជាងនេះទៅទៀតគឺ ដើម្បីជូនដំណឹងទៅដល់ប្រជាជនកម្ពុជាអំពីសារប្រយោជន៍នៃទន្លេមេគង្គ។
កញ្ញា សិរីរតន៍ បានប្រាប់ VOA តាមទូរស័ព្ទថា៖
«នៅក្នុងកម្មវិធី «ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត» ស្តីពីអច្ឆរិយភាពនៃទន្លេមេគង្គនេះ យើងចង់ផ្តោតសំខាន់ធ្វើយ៉ាងម៉េចឲ្យគម្រោងដែលយុវជនដែលបានធ្វើកន្លងមកនឹងបានឲ្យអ្នកដទៃផ្សេងទៀតបានដឹង។ ពួកខ្ញុំនឹកឃើញថា គម្រោងដែលយុវជនដែលបានធ្វើនឹងសុទ្ធតែជាសកម្មភាពដែលអ្នកដទៃទៀត គាត់អាចចូលរួមបានដែរ។ អញ្ចឹងខ្ញុំចង់ឲ្យអ្នកចូលរួមទាំងយុវជនទាំងសាលា និងទាំងស្ថាប័នផ្សេងៗគាត់បានចូលរួមកាន់តែច្រើនបានឃើញពីការងារទាំងអស់នេះ ហើយគាត់អាចនឹងចូលរួមសហការជាមួយយើងក្នុងការធ្វើការផ្សព្វផ្សាយពីទន្លេមេគង្គតទៅមុខទៀត»។
ទន្លេមេគង្គគឺជាប្រភពទ្រទ្រង់ជីវិតដ៏សំខាន់បំផុតសម្រាប់ប្រជាជនជាង៧០លាននាក់នៅបណ្តាប្រទេសដែលទន្លេមេគង្គហូរកាត់ ដែលក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ លោក សៀត លីឃាង ដែលជាអ្នកសម្របសម្រួលរបស់អេកូយុវទូត បានប្រាប់ VOA ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្លេមេគង្គបានជួបប្រទះនឹងបញ្ហាដូចជាការនេសាទត្រីហួសកម្រិត ការចុះអន់ថយនៃទីជម្រាលទឹកទន្លេមេគង្គ សំរាមប្លាស្ទិក និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលបានគំរាមកំហែងជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ។
អ្នកនេសាទនៅតែប្រមូលផលដោយមិនរើសមុខដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដោយមិនគិតពីទំហំនិងប្រភេទត្រី។ ជាលទ្ធផល ប្រភេទត្រីដែលធំនិងកម្របំផុត ដូចជាត្រីយក្សនិងផ្សោតទន្លេកំពុងត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ការសាងសង់ទំនប់វារិអគ្គិសនីក៏បានធ្វើឲ្យបញ្ហាទាំងអស់នេះកាន់តែធ្ងន់ធ្ងរឡើង ដោយបានរំខានដល់សន្តិសុខអាហារធម្មជាតិក្នុងតំបន់។
លោក ប្រាជ្ញ សឿងជាលី ដែលជាអ្នកសម្របសម្រួលផ្នែកចំណេះដឹងរបស់អេកូយុវទូត បានមើលឃើញស្ថានភាពជាក់ស្តែងនៃទន្លេមេគង្គតាមរយៈដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ទន្លេមេគង្គ។ លោកក៏បានកត់សម្គាល់ឃើញថា ទន្លេមេគង្គត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការបោះចោលសំរាមមិនបានត្រឹមត្រូវផងដែរ។
លោក ជាលី បាននិយាយថា៖
«សុខភាពរបស់ទឹកទន្លេរបស់យើងអត់សូវល្អទេ។ ឃើញទឹកទន្លេរងការបំពុលខ្លាំងមែនទែន បំពុលដោយសំរាមបំពុលដោយបង្ហូរទឹកកខ្វក់។ វាប៉ះពាល់ខ្លាំងមែនទែនទៅដល់ធនធាននិងជីវចំរុះនៅក្នុងទន្លេនឹងទាំងមូលហើយទៅដល់ប្រជាជនដែលគាត់យកផលប្រយោជន៍ចេញពីទន្លេមេគង្គនេះផ្ទាល់ផងដែរ»។
បើតាមសន្ទស្សន៍នៃការបំពេញការងារផ្នែកបរិស្ថានឆ្នាំ ២០១៨ ដែលបានបង្កើតឡើងដោយមជ្ឈមណ្ឌលច្បាប់និងគោលនយោបាយបរិស្ថាននៃសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១៥០ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលនេះជាការធ្លាក់ពីចំណាត់ថា្នក់លេខ ១១៤ កាលពីប្រហែល ១០ ឆ្នាំមុន។ ការណ៍នេះបង្ហាញពីភាពអវិជ្ជមាននៃសកម្មភាពការពារបរិស្ថានរបស់ប្រទេសកម្ពុជា។
កញ្ញា អ៊ុំ រស្មីធីតា ដែលជាសមាជិកម្នាក់របស់អេកូយុវទូត បានប្រាប់ឲ្យដឹងថា មូលហេតុចម្បងនៃបញ្ហាប្រឈមខាងបរិស្ថាននៅកម្ពុជាគឺ ការខ្វះចំណេះដឹងអំពីបរិស្ថានរបស់ប្រជាជនកម្ពុជា។
កញ្ញា ធីតា បាននិយាយថា៖
«គោលបញ្ហាធំនឹង គឺដោយសារតែការការយល់ដឹងរបស់ប្រជាជនកម្ពុជានឹងនៅមានកម្រិត។ យើងអត់សូវបានដឹងច្បាស់ពីថាការប៉ះពាល់នៃបញ្ហាបរិស្ថាននឹងថាវាប៉ះពាល់អ្វីខ្លះមកដល់ការរស់នៅរាល់ថ្ងៃរបស់ពួកយើង។ ឧទាហរណ៍ដូចជា ការប្រើប្លាស្ទិក ពួកគាត់អត់ដឹងថា នៅពេលដែលប្រើទៅវាប៉ះពាល់យ៉ាងម៉េច គាត់អត់ទាន់ឃើញនឹងភ្នែកនោះទេ។ ឥឡូវនេះគម្រោងមេគង្គដែលពួកយើងកំពុងធ្វើនឹងក៏យើងបានបញ្ជ្រាបពីបញ្ហាប្លាស្ទិកដែរ ពីព្រោះអីប្លាស្ទិកដែលប្រជាជនយើងប្រើភាគច្រើនគាត់ក៏បានបោះចោលចូលទៅក្នុងទន្លេមេគង្គ។ អញ្ចឹង នេះអាចប៉ះពាល់ទៅនឹងជីវចម្រុះផ្សេងៗនៅក្នុងទន្លេនឹងដូចជាត្រីនិងរុក្ខជាតិផ្សេងៗ»។
លោក ជាលី ក៏បានបន្ថែមដែរថា បញ្ហាបរិស្ថានគួរតែត្រូវបានដោះស្រាយ ពីព្រោះបរិស្ថានមានសារប្រយោជន៍ណាស់ក្នុងការទ្រទ្រង់ជីវិតនៅលើភពផែនដី។ លោកសង្កត់ធ្ងន់ថា មនុស្សម្នាក់ៗ ដោយមិនគិតពីអាយុ កម្រិតសិក្សានិងការងារ សុទ្ធតែមានតួនាទីក្នុងការការពារបរិស្ថាន។
លោក ជាលី បានបន្តទៀតថា៖
«រាល់ថ្ងៃនឹង បរិស្ថានប្រៀបដូចជាបេះដូងរបស់ខ្ញុំអញ្ចឹង។ បើសិនជាខ្ញុំអត់មានបរិស្ថានទេ មានន័យថា ខ្ញុំមិនអាចរស់នៅបាន។ បញ្ហាបរិស្ថានមិនមែនជាបញ្ហាដែលអ្នកធ្វើការខាងបរិស្ថានគាត់ត្រូវតែទទួលខុសត្រូវតែម្នាក់ឯងនោះទេ។ ប៉ុន្តែវាជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា របស់អ្នកទាំងអស់គ្នា របស់ខ្ញុំ ហើយនឹងរបស់សង្គមជាតិរបស់យើងទាំងមូល»។
អេកូយុវទូតបានប្រាប់ឲ្យដឹងថា ប្រជាជនគ្រប់រូបអាចធ្វើសកម្មភាពតូចៗ ដូចជាការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ទំនិញ ជាពិសេសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការមិនបោះចោលសំរាមផ្តេសផ្តាស ដែលនេះនឹងជួយធ្វើឲ្យបរិស្ថានល្អប្រសើរហើយក៏ជួយថែរក្សាធនធានធម្មជាតិផងដែរ។
កញ្ញា សិរីរតន៍ បានប្រាប់ VOA ថា អេកូយុវទូតកំពុងធ្វើការផ្លាស់ប្តូរផ្នែកបរិស្ថានតាមរយៈការអប់រំ និងការចូលរួមរបស់យុវជន ពីព្រោះពួកគេជឿថា យុវជនមានសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយដោយភាពច្នៃប្រឌិតចំពោះបញ្ហាបរិស្ថានដែលកំពុងតែកើនឡើង។
កញ្ញា សិរីរតន៍ សង្ឃឹមថា កម្មវិធី «ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត» ស្តីពីអច្ឆរិយភាពនៃទន្លេមេគង្គនេះ នឹងជំរុញឲ្យប្រជាជនកម្ពុជា ជាពិសេសយុវជនយល់ដឹងកាន់តែច្បាស់ពីបញ្ហាបរិស្ថាន ស្គាល់ពីតម្លៃធនធានធម្មជាតិដ៏ច្រើនរបស់ទន្លេមេគង្គ និងចូលរួមកាន់តែច្រើនក្នុងការការពារបរិស្ថាន។
កម្មវិធីនេះនឹងមានការសម្តែងចម្រៀងពីក្រុមតូច Small World Small Band និងរបាំសហសម័យ ដើម្បីឆ្លុះបញ្ចាំងពីតថភាពដែលថា សកម្មភាពមនុស្សកំពុងបង្កអន្តរាយដល់ត្រីនិងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ។ បន្ថែមពីលើសនេះទៅទៀត ក៏មានសិក្ខាសាលា ការតាំងពិពរណ៌ និងការធ្វើត្រាប់ប្រកបដោយភាពច្នៃប្រឌិតដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងលើកទឹកចិត្តទស្សនិកជនចូលរួមក្នុងការអភិរក្សបរិស្ថាន។
ក្រុមអេកូយុវទូតនេះ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ មានគោលបំណងដើម្បីជំរុញឲ្យមានទំនាក់ទំនងនិងការផ្លាស់ប្តូរព័ត៌មាន ដើម្បីអប់រំបុគ្គលនិងសង្គមពីការរស់នៅដោយមាននិរន្តភាព និងប្រមូលផ្តុំសហគមន៍ ដើម្បីឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយាដ៏ចាំបាច់ដើម្បីថែរក្សាបរិស្ថាន។
ចាប់តាំងពីឆ្នាំ ២០១៥ មក ដោយទទួលបានការគាំទ្រនិងជំនួយមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក (USAID) និងស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា អេកូយុវទូត បានផ្តួចផ្តើមគម្រោងបរិស្ថានជាច្រើនដែលទាក់ទងទៅនឹងទឹក សត្វព្រៃ ព្រៃឈើ ប្លាស្ទិក ថាមពល ការដឹកជញ្ជូននិងចំណីអាហារ៕