ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រៃ​ទាប លក្ខខណ្ឌ​ការងារ​មិនល្អ ភាព​នឿយហត់​ដោយ​សារ​ជំងឺកូវីដ បង្ក​ឲ្យ​មាន​កង្វះខាត​គិលានុបដ្ឋាក​ទូទាំង​ពិភពលោក


រូបឯកសារ៖ ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាកកំពុងពិនិត្យមើលម៉ាស៊ីនជំនួយដកដង្ហើមរបស់អ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Riffa ប្រទេសបារ៉ែន កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០។
រូបឯកសារ៖ ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាកកំពុងពិនិត្យមើលម៉ាស៊ីនជំនួយដកដង្ហើមរបស់អ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Riffa ប្រទេសបារ៉ែន កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០។

ក្រុម​ប្រឹក្សា​គិលា​នុបដ្ឋាក​អន្តរជាតិ​ព្រមាន​ថា ​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ថែ​ទាំ​អ្នក​ជំងឺ​ ហើយ​អាច​នឹង​មាន​កង្វះ​ខាត​ធ្ងន់ធ្ងរ​នៅ​ក្នុង​កម្លាំង​ពលកម្ម​ផ្នែក​ថែទាំ​អ្នក​ជំងឺ​ទូទាំង​សាកល​លោក ​ក្នុង​ពេល​ពីរ​បីឆ្នាំ​ខាង​មុខ។

កម្លាំង​ពលកម្ម​ផ្នែក​ថែទាំ​អ្នក​ជំងឺទូទាំង​សាកល​លោក ​ចំនួន​ ២៧ លាន​នាក់ ​អាច​នឹង​ត្រូវ​បាន​ថយចុះ​ពាក់កណ្តាល​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

ក្រុម​ប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិនិយាយ​ថា​ ​ការ​ស្ទង់មតិ​ចុង​ក្រោយ​របស់​ខ្លួន​លើ​សមាគម​ថែ​ទាំ​អ្នក​ជំងឺចំនួន​ ៦៤ ​បាន​រក​ឃើញ​ជម្លោះ​នានា​ ដែលមាន​ដូចជា​ប្រាក់​បៀវត្សរ៍​ លក្ខខណ្ឌ​ការងារ អំពើ​ហិង្សា និង​ការ​បំភិតបំភ័យ ​កំពុង​បង្ក​ឲ្យគិលា​នុបដ្ឋាក​បោះបង់​អាជីព​របស់​ពួកគេ។

ក្រៅ​ពី​បញ្ហា​ទាំង​នោះ​ហើយ ក៏​មាន​ផលប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩ ​ផងដែរ។ ​របាយ​ការណ៍​ក៏​រក​ឃើញ​ផងដែរ​ថា ​កង្វះការ​ការ​ពារ ការ​ធ្វើ​ការ​យូរ​ និង​ភាពតាន​តឹង​កំពុង​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​គិលានុបដ្ឋាក​នៅ​ទូទាំង​សាកលលោក។

នាយក​ប្រតិបត្តិ​របស់​ក្រុម​ប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិ​លោក Howard Catton និយាយ​ថា​ ទាំង​អ្នក​នយោបាយ​និង​មេដឹក​នាំ​បាន​ទទួល​ស្គាល់​តម្លៃ​របស់​គិលានុបដ្ឋាក​ចំពោះ​ការ​ថែទាំ​ និង​ការ​អាណិត​អាសូរ​របស់​ពួកគេ។​ ប៉ុន្តែ​លោក​និយាយ​ថា ​ពួកគេ​មិន​បាន​ទទួល​ស្គាល់​តម្លៃ​របស់​គិលានុបដ្ឋាក​ចំពោះ​សង្គម​ និង​មិន​បាន​ផ្តល់​ការ​ប៉ះប៉ូវ​ដល់​ពួកគេ​សមស្រប​ឡើយ។

លោក Catton បាន​និយាយ​ថា៖ «​ខ្ញុំ​គិត​ថា ​វា​ជា​ចំណុច​សំខាន់​នៃ​ការ​មិន​សប្បាយចិត្ត ដែល​យើង​ឃើញ​តាម​រយៈ​សកម្មភាព​មួយ​ចំនួន​របស់​ក្រុម​គិលានុបដ្ឋាក​នៅ​ទូទាំង​ពិភពលោក។ វា​មាន​គម្លាត​ខ្លាំង​រវាង​ពាក្យ​សម្តី​វិជ្ជមាន ​គាំទ្រ​គិលានុបដ្ឋាក និង​សកម្ម​ភាព​តិចតួច​ដែល​សម្តែង​ចេញ​បញ្ជាក់​ពី​ការ​គាំទ្រ​ទាំង​នេះ»។

កូដកម្ម​លើ​ប្រាក់បៀវត្សរ៍​និង​លក្ខខណ្ឌ​ការងារ​របស់​គិលានុបដ្ឋាក​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ លីបង់ អៀរឡង់​ខាងជើង សហរដ្ឋ​អាមេរិក ​និង​ទីកន្លែង​ផ្សេង​ទៀត។ របាយការណ៍​នោះ​និយាយ​ថា​ ជម្លោះ​នានា​ការ​កើនឡើង​នូវ​ភាព​មិន​សប្បាយ​ចិត្ត​ និង​ការ​បារម្ភ ដូចជា​ការ​ការពារ​នៅ​កន្លែង​ធ្វើ​ការ​ជាដើម​នោះ​ កំពុង​ធ្វើឲ្យ​ធ្លាក់​ចុះ​នូវ​ចំណាប់អារម្មណ៍​ក្នុង​ការ​ចាប់​យក​អាជីព​ជា​គិលានុបដ្ឋាក។

លោក Catton និយាយ​ថា​បញ្ហា​ផ្សេង​ទៀត​ដែល​វិជ្ជាជីវៈ​នេះ​កំពុង​ប្រឈម​គឺ​ការ​ខកខាន​ក្នុង​វិស័យ​អប់រំ​ដោយ​ជំងឺ​រាតត្បាត។ លោក​និយាយ​ថា​វា​បណ្តាល​ឲ្យ​មាន​ការ​យឺតយ៉ាវ​ពី​៦​ទៅ១២ខែ​ចំពោះ​គិលានុបដ្ឋាក​ថ្មី។

លោក Catton និយាយ​បន្ត​ថា៖ «ដូច្នេះ​ទាំង​ការ​យឺតយ៉ាវ​ និង​ភាព​មិន​សប្បាយ​ចិត្តកាន់​តែ​ខ្លាំង យើង​គិត​ថា នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ទាំង​ការ​រើស​គិលានុបដ្ឋ​ថ្មី និង​ការ​រក្សា​គិលានុបដ្ឋាក​ដែល​យើង​មាន​រួច​ហើយ»។

បញ្ហា​និង​ការ​បារម្ភ​ទាំង​នេះ​កើត​មាន​ទូទាំង​ពិភពលោក ​ប៉ុន្តែ​វាគួរ​ឲ្យ​កត់សម្គាល់​ខ្លាំង​នៅ​ក្នុង​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម។ ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មានកំណើន​គិលានុបដ្ឋាក​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រ​ទេស។ របាយការណ៍​កត់សម្គាល់ពី​ការ​ចាកចេញ​របស់​គិលានុបដ្ឋាក​យ៉ាង​ច្រើន​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ទៅ​កាន់​ប្រទេស​ដែល​រីកចម្រើន​ជាង ដែល​មាន​ប្រាក់បៀវត្សរ៍ ​និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ របាយការណ៍​របស់​ក្រុម​ប្រឹក្សា​គិលា​នុបដ្ឋាក​អន្តរជាតិ និយាយ​ថា ​ប្រទេស​ដែល​រីកចម្រើន​ជាង​មួយ​ចំនួន​កំពុង​ស្វះស្វែង​ជ្រើស​រើស​គិលានុបដ្ឋាក​ពីប្រទេស​ក្រីក្រ​ ដើម្បី​កាត់បន្ថយ​កង្វះ​បុគ្គលិក​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG