ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ឥណ្ឌា​កើន​ដល់​ជិត ២០ លាន​ករណី


អ្នកជំងឺកូវីដ១៩ ម្នាក់ កំពុងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ មាន​ជាង ៣ សែន​ករណី ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​ជិត ២០ លាន​ករណី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយសារ​ការ​ឆ្លង​ថ្មី​មាន​ចំនួន ៣៦៨.១៤៧ ករណី​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ ករណី​ឆ្លង​សរុប​នៅ​ឥណ្ឌា​បាន​កើន​ឡើង​ដល់​ចំនួន ១៩ លាន ៩ សែន ៣ ម៉ឺន​នាក់ ចំណែក​ឯ​ករណី​ស្លាប់​សរុប​វិញ បាន​កើន​ដល់​ចំនួន ២១៨.៩៥៩ នាក់ ដោយ​អ្នក​ស្លាប់​នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​មាន​ចំនួន ៣.៤១៧ នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​ឥណ្ឌា។

អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​បាន​និយាយ​ថា ចំនួន​មនុស្ស​ឆ្លង​ពិត​ប្រាកដ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា អាច​មាន​ចំនួន​ខ្ពស់​ជាង​ចំនួន​ផ្លូវការ​ពី ៥ ទៅ ១០ ដង។

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​អាច​ឡើង​ដល់​ចំនួន​ខ្ពស់​បំផុត​នៅ​រវាង​ថ្ងៃ​ទី ៣ និង​ទី ៥ ខែ​ឧសភា​នេះ។ នេះ​បើ​យោងតាម​គំរូ​គណិតវិទ្យា​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ផ្តល់​ប្រឹក្សា​ដល់​រដ្ឋាភិបាល​ឥណ្ឌា។

មន្ទីរពេទ្យ​ផ្ទុក​អ្នក​ជំងឺ​លើស​ចំណុះ ការ​ផ្គត់ផ្គង់​អុកស៊ីសែន​មាន​ការ​ខ្វះខាត ហើយ​កន្លែង​ដាក់​សព​និង​កន្លែង​បូជា​សព គឺ​ពោរពេញ​ទៅ​ដោយ​សព ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​កំពុង​ដោះស្រាយ​ជាមួយ​នឹង​ការ​កើនឡើង​ខ្លាំង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG