ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រំពឹង​លើ​តារា​ដើម្បី​រក​គន្លឹះ​នៃ​ជីវិត​នៅ​លើ​ភព​ផែន​ដី​សម័យ​បុព្វកាល


ថនិកសត្វ​មួយ​ចំនួន​ដែល​ធ្វើដំណើរ​គ្មានទិសដៅ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​កាល​ពី​ចន្លោះ​២​លាន​ទៅ​៨​លាន​ឆ្នាំ​មុន។
ថនិកសត្វ​មួយ​ចំនួន​ដែល​ធ្វើដំណើរ​គ្មានទិសដៅ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​កាល​ពី​ចន្លោះ​២​លាន​ទៅ​៨​លាន​ឆ្នាំ​មុន។

​រូបវិទូ​ លោក​ Brian Thomas ​នៃ​សាកល​វិទ្យាល័យ​ Washburn​ ​បាន​ធ្វើ​សំណាក​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការ​ផ្ទុះ​ភព​ផ្កាយ​ ឬ​ supernova ​ដើម្បី​សិក្សា​ស្វែង​យល់​ពី​ការ​ប្រែប្រួល​នៃ​ភព​ផែន​ដី​។

ក្រុម​អ្នក​វិទ្យា​សាស្ត្របាន​ដឹង​ថា មាន​ផ្កាយ​ធំ​មហិមា​ពីរ​ដែល​បាន​ផ្ទុះ​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​៣០០​ឆ្នាំ​ពន្លឺ​ពី​ភព​ផែន​ដី កាល​ពី​ជិត​១០​លាន​ឆ្នាំ​មុន។ ការ​ផ្ទុះ​ទាំង​ពីរ​លើក​នោះ​ ​លើក​ទី​មួយ​កើត​ឡើង​ចន្លោះ​ពី​៨,៧​ទៅ​៦,៥​លាន​ឆ្នាំ​មុន ហើយ​លើក​ទី​ពីរ​ប្រហែល​កាល​ពី​៣​លាន​ឆ្នាំ​មុន។ ការ​ផ្ទុះ​ទាំង​នេះ​កើត​មាន​ឡើង​ក្នុងយុគ​សម័យ​ដែល​មាន​សត្វ​ល្មូន​យក្ស​ មាន​ដូច​ជា​ដំរី​យក្ស​ ប្រភេទ​សត្វ​ជើង​បួន​ឈ្មោះ​ Ground sloths ខ្លា​ឃ្មុំ ​និង​បុព្វ​បុរស​របស់​មនុស្ស។ ក្នុង​អំឡុង​ពេល​នោះ​ ភព​ផែន​ដី​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្តូរ​ផ្នែក​ភូមិសាស្ត្រ​និង​បរិស្ថាន​សំខាន់ៗ។ នៅ​ពេល​នោះ​ ក៏​មាន​ការ​ផុត​ពូជ​ជីវៈ​តូច​ខ្លះៗ​ដែរ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មាន​ចម្ងល់​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ ថា​តើ​ការ​ផ្ទុះ​ទាំង​ពីរ​លើក​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រែប្រួល​នៃ​ផែន​ដី​ដែរ​ឬ​ទេ។ ​រូបវិទូ​ លោក​ Brian Thomas ​នៃ​សាកល​វិទ្យាល័យ​ Washburn​ ក្នុង​រដ្ឋ​ Kansas ​បាន​ធ្វើ​សំណាក​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការ​ផ្ទុះ​ភព​ផ្កាយ​ ឬឈ្មោះ​បច្ចេកទេស​ថា​ supernova ​ដើម្បី​សិក្សា​ស្វែង​យល់​ពី​ការ​ប្រែប្រួល​នេះ។

ការ​បំបែក​ខ្លួន​កាំ​រស្មី​លោហធាតុ

ការ​ផ្ទុះ​ភព​ផ្កាយ​នេះ​គឺ​ជា​ការ​ផ្ទុះ​បំផ្លាញ​តារា​ដ៏​ធំ​មួយ។ ផ្កាយ​ដែល​ប្រៀប​បាន​នឹង​គ្រាប់​បែកនៅ​ក្នុង​តារា​វិថី​មិន​ត្រឹម​តែ​បញ្ចេញ​ពន្លឺ​ដ៏​ខ្លាំង​ទៅ​គ្រប់​ទិស​ទី​ប៉ុណ្ណោះទេ ពួក​វា​ក៏​បញ្ចេញ​ថាម​ពល​ពន្លឺ​ខ្ពស់​ដូច​ជា​កាំ​រស្មី​វិទ្យុ​សកម្ម និង​ភាគ​ល្អិតៗ​ដ៏​ច្រើន​ដែល​គេ​ស្គាល់​ថា​ គន្លង​កាំ​រស្មី​ចក្រ​វាឡ​មក​លើ​ភព​ផែនដី។ ភាគ​ល្អិតៗ​នៃ​កម្ទេច​លោហធាតុ​ផ្ទុះ​ក្នុង​ចក្រ​វាឡ​ទាំង​នេះ​ អាច​បង្ក​ការ​ខូច​ខាត​ដល់​បរិយាកាស​ភព​ផ្សេង​ទៀត និង​ជីវៈ​សត្វ ​រុក្ខជាតិ​នានាដែល​ស្ថិត​នៅ​ជិត​បំផុត​ទៅ​នឹង​កន្លែង​ផ្ទុះ​នោះ។

ដោយ​សារ​តែ​គ្មាន​អ្វី​មាន​ល្បឿន​លឿន​ជាង​ល្បឿន​ពន្លឺ​នោះ​ លោក​ Thomas និង​សហការី​របស់​លោក​បាន​ពិនិត្យ​ជា​ដំបូង​ទៅ​លើ​អ្វី​ដែល​អាច​កើត​មាន​នៅ​ពេល​ពន្លឺ​ចេញពី​ការ​ផ្ទុះ​នោះ​បាន​មក​ដល់​ភព​ផែន​ដី។ ជា​សំណាង​ល្អ​ដែរ​សម្រាប់​ជីវៈ​សត្វ​រុក្ខជាតិ​ផ្សេងៗ​ នៅ​ក្នុង​សម័យ​កាល​នោះ ​កាំ​រស្មី​វិទ្យុ​សកម្ម​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នោះ​បាន​ចុះ​ខ្សោយ។ ប៉ុន្តែ​ប្រសិន​បើពន្លឺ​ចេញ​ពី​ការ​ផ្ទុះ​នោះ​មាន​វត្តមាន​វិញ ពន្លឺ​នោះ​នឹង​ភ្លឺ​ដូចគ្នា​នឹង​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី​ និង​បន្ត​ភ្លឺ​រហូត​ដល់​រយៈ​ពេល២​ទៅ៣​សប្តាហ៍។ លោក​ Thomas បាន​ពន្យល់​ប្រាប់​ VOA ថា៖ «ផ្អែក​តាម​ការ​ស្រាវជ្រាវ​ការ​បំពុល​ដោយ​ពន្លឺ​ យើង​រក​ឃើញ​ថា​ អនុភាព​ពន្លឺ​នៃ​ការ​ផ្ទុះ​ភព​ផ្កាយ​អាច​នឹងមាន​ឥទ្ធិពល​សមល្មម​ធ្វើ​ឲ្យ​មាន​ផលប៉ះ​ពាល់​តិច​តួច​ ប៉ុន្តែ​វា​មិន​ធ្ងន់​ធ្ងរ​ដល់​មនុស្ស​ជាតិ​យើង​ទេ»។ លោក​បន្ថែម​ថា​ បើ​សិន​ជា​មាន​ការ​បំពុល​ដោយ​ពន្លឺ​បន្ថែម​ទៀត​ វា​នឹង​អាចរំខាន​ដល់​ដំណេក​ ឬ​ការ​រក​ចំណី​របស់​បក្សី​រាត្រី​ចរ សម្រាប់​រយៈ​ពេល​ខ្លី​ណា​មួយ។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ពន្លឺ​នោះ​មាន​គន្លង​កាំ​រស្មី​វិទ្យុ​សកម្ម។ ដោយ​សារ​តែ​បំណែក​តូចៗ​ទាំង​នេះ​ស្ថិត​ក្នុង​កម្រិត​មួយ​ច្រើន​មហិមា ពួក​វា​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ដី​និង​ទឹក​បាន​យ៉ាង​ងាយ​ស្រួល។ ពួក​វា​បង្កើត​បាន​ជា​ភាគ​ល្អិតៗ​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម​ នៅ​ពេល​ពួក​វា​ចូល​មក​ក្នុង​បរិយាកាស។ កម្រិត​បរិមាណ​នៃ​ជាតិ​វិទ្យុ​សកម្ម​ចេញ​ពី​ការ​ធ្លាក់​ជាតិ​វិទ្យុ​សកម្ម​ក្នុង​ចក្រវាឡ​នេះ​អាច​ស្មើ​នឹង​កម្រិត​បរិមាណនៃ​វិទ្យុសកម្ម​បញ្ចេញ​ពី​ម៉ាស៊ីនស្កែន​មួយ​ដង។ ហេតុ​ដូច្នេះ​ហើយ​ លោក​ Thomas និយាយ​ថា បើ​សិន​មាន​ផល​ប៉ះពាល់​ផ្នែក​ជីវសាស្ត្រ​ណា​មួយ​ វា​មាន​កម្រិត​តិច​តួច​ប៉ុណ្ណោះ។

កាល​ពីអតីត​កាល ផល​ប៉ះ​ពាល់​ចម្បងៗ​ ធ្លាប់​កើត​មានរូចហើយ​នៅ​ក្នុង​បរិយាកាស។ គន្លង​កាំ​រស្មី​វិទ្យុ​សកម្ម​បាន​ធ្វើ​ឲ្យ​មាន​ការ​ចម្លង​ស្រូប​ថាមពល​អគ្គិសនី​កាន់​តែ​ច្រើន​នៅ​តំបន់​ដែល​បរិយា​កាស​មាន​សម្ពាធ​ទាប។ វា​ស្រដៀង​នឹង​អ្វី​ដែល​កើត​ឡើង​នៅ​ពេលអ្នក​ដាក់​ជើង​របស់​អ្នក​នៅ​លើ​កម្រាល​ព្រំ​ ហើយ​នៅ​ពេល​នោះ​អ្នក​នឹង​ដឹង​ថា​ មាន​ការ​ចម្លង​ស្រូប​អគ្គិសនី​កាន់​តែ​ខ្លាំង។ ថាមពល​អគ្គិសនី​ដែលបាន​ចម្លង​ស្រូប​បន្ថែម​នេះ​ ត្រូវ​តែ​បញ្ចេញ​ទៅ​វិញ​នៅ​កន្លែង​ផ្សេង​ទៀត ដូច្នេះ​នៅ​ពេល​អ្នក​ចាប់​ដៃ​ទ្វារ​លោហៈ​ វា​បង្កើត​បាន​ជា​ផ្កា​ភ្លើង។ កន្លែង​ដែល​បរិយា​កាស​ចរន្ត​អគ្គិសនី​នេះ​អាច​ថមថយ​ គឺ​មាន​តែ​នៅ​លើ​ដី​ផ្ទាល់ប៉ុណ្ណោះ។

ដូច្នេះ ​ពន្លឺ​ផ្លេក​បន្ទោរ ឬ​ពន្លឺ​រន្ទះ​បាញ់​ អាច​នឹង​កើន​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល​២​ម៉ឺន​ឆ្នាំ​ខាង​មុខ។ លោក​ Thomas ​មិន​ប្រាកដ​ទេ​ថា​ ការ​កើន​ពន្លឺផ្លេក​បន្ទោរ​នេះ​នឹង​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ទៅ​លើ​បរិស្ថាន​ ឬ​លើ​អាកាសធាតុ។ នេះ​គឺ​ជា​ចំណុច​ដែល​ត្រូវ​ស្រាវជ្រាវ​បន្ថែម​ទៀត​ក្នុង​ពេល​ពេល​អនាគត។

ផល​ប៉ះពាល់​លើ​បរិស្ថាន

ខណៈ​ពេល​ដែល​ក្រុម​ការងារ​លោក​ Thomas​ មាន​គម្រោង​សិក្សា​ផល​ប៉ះ​ពាល់​លើ​បរិស្ថាន​ VOA​ បាន​សាក​សួរ​អ្នកស្រាវជ្រាវ​ខាង​ជីវៈ​បុរាណ​អំពី​រឿង​នេះ។

លោក​ Edward Davis គឺ​ជា​អ្នក​អភិរក្ស​ផូស៊ីល​នៅ​សាកល​វិទ្យាល័យ​ Oregon។ លោក​និយាយ​ថា​ របាយ​ការណ៍​ស្រាវជ្រាវ​នានា​ដែល​ត្រូវ​បានចុះ​ផ្សាយក្នុង​ទស្សនា​វដ្តី​តារាសាស្ត្រ បាន​បង្ហាញគំនិត​គួរ​ឲ្យ​ចាប់​អារម្មណ៍។ លោក​បាន​បកស្រាយ​ថា៖ «ពួក​គេ​កំពុង​ព្យាយាម​ប្រមូល​ផ្តុំ​របាយការណ៍​ស្រាវជ្រាវ​របស់​ពួក​គេ​ ហើយ​ចាត់​ទុក​ការ​រក​ឃើញ​ទាំងអស់​នោះថា​ជា​មូលហេតុ​ចម្បង​នៃ​ការ​ប្រែប្រួល​បរិស្ថាន។​ ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំឆ្ងល់​ ថា​តើ​ហេតុ​អី​ចាំ​បាច់​បង្កើត​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​ និង​ត្រូវ​រក​ហេតុផល​បកស្រាយ​ផ្សេងទៀត​ធ្វើ​អ្វី»។

កាល​ពីអតីត​កាល ​អំឡុង​ពេល​ដែល​ជាតិ​វិទ្យុ​សកម្ម​ និង​ពន្លឺ​កើត​ចេញ​ពី​ការ​ផ្ទុះភព​ផ្កាយ​បាន​ឈាន​មក​ដល់​ភព​ផែន​ដី ពេល​នោះ​គឺ​មាន​ការ​ប្រែប្រួលបរិស្ថាន​សាកល​ទាំង​មូល។ ពេល​នោះ​ ភព​ផែន​ដី​បាន​ប្រែ​ក្លាយ​ពី​ភព​មួយដែល​គ្រប​ដណ្ដប់​ភាគច្រើន​ដោយ​ទឹកកក​ ទៅ​ភព​មួយ​ក្នុង​យុគ​សម័យ​ទឹកកក​ ដែល​ពេល​នោះ​ហើយ​ផ្ទាំង​ទឹកកក​បាន​រសាត់​ចុះ​ឡើង​ ​ពង្រីក​ទំហំ​ហើយ​គ្រប​ដណ្តប់​ភព​ផែនដី​បន្តិច​ម្តងៗ។ ផ្ទៃដី​គោក​នៃ​ភព​ផែនដីក៏​ត្រូវ​តែ​សម្រប​ខ្លួនវា​ផង​ដែរ។ អ្នក​ស្រាវជ្រាវ​ផ្នែក​ជីវៈ​បុរាណ​យល់​ឃើញ​ថា​ សត្វ​ផុត​ពូជ​តូចៗ​ដែល​រស់​នៅ​ក្នុង​ទឹក​កាល​ពីយុគ​សម័យ​នោះ​ ប្រហែល​ជា​ផុត​ពូជ​ដោយ​សារ​តែ​ចរន្ត​ប្រែប្រួល​បែប​នេះ។

លោក​ Richard Bambach ​អ្នក​ស្រាវជ្រាវ​ផ្នែក​ជីវៈ​បុរាណ​នៃ​វិទ្យាស្ថាន​ Smithsonian ​បាន​ធ្វើ​ការ​ជាមួយ​រូប​វិទូ​នានា​ ដើម្បី​បង្កើត​សំណាកនៃ​ការ​ប្រែប្រួល​ភពផែន​ដី​កើត​ចេញ​ពី​បាតុភូត​តារា​រូប​សាស្ត្រ​មួយ។ ក្តី​មន្ទិល​សង្ស័យ​ធំ​របស់​លោក​គឺ​ថា​ រយៈ​ពេល​នៃ​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះភព​ផ្កាយ​នេះ​ គឺ​វា​ខ្លី​ពេក​ដែល​យើង​មិន​អាចឃើញ​មានតាម​រយៈ​ផូស៊ីល​ដែល​បាន​កត់ត្រា។ ដូច្នេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​ជីវៈ​បុរាណ​ មិន​មាន​វិធី​ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​លទ្ធផល​ដែល​លោក​ Thomas បាន​លើក​ឡើង​ទេ។

លោក​ Davis និង​លោក​ Bambach និយាយ​ថា​ ផលប៉ះ​ពាល់​បន្ថែម​ដោយ​ «ការ​បំពុល​ដោយ​ពន្លឺ» ​មិន​មាន​អ្វី​ប៉ះ​ពាល់ខ្លាំង​លើស​ពី​ការ​រំខាន​តិច​តួច​ដល់​សត្វ​ពាហនៈ​នោះ​ទេ។ ហើយ​ការ​កើន​ឡើង​នៃ​ពន្លឺ​ផ្លេក​បន្ទោរ​ ក៏​ដូច​ជា​កម្រិត​នៃ​ជាតិ​វិទ្យុ​សកម្ម ​នឹង​មាន​ផល​ប៉ះពាល់​អាក្រក់​តិច​តួច​ទៅ​លើ​សត្វ​មាន​ជីវិត​ ឬ​លើ​បរិស្ថាន​ប៉ុណ្ណោះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​ដែល​បាន​កើត​ឡើង​រូច​ហើយ។​

ក្រុម​អ្នក​ស្រាវជ្រាវ​ជីវៈ​បុរាណ​ដែល​បាន​ស្រាវជ្រាវ​លើជីវៈ​ក្នុង​អំឡុង​ពេល​នោះ​ដែរ​ មិន​ត្រូវ​ការ​ភព​ផ្កាយ​ដើម្បី​ពន្យល់​ពី​ការ​ផុត​ពូជ​ជីវៈ​ សត្វ​ រុក្ខជាតិ​នានា ឬ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ទេ។ ការ​ស្រាវជ្រាវ​របស់​ពួកគេ​បាន​បញ្ជាក់​ច្បាស់​លាស់​ហើយ។

យើង​បន្ត​ពិភាក្សា​អំពី​ការ​ផុត​ពូជ

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Davis និយាយ​ថា​ ការងារ​នេះ​មាន​សារៈ​សំខាន់ដោយ​សារ​ហេតុ​ផល​មួយ​ចំនួន។ ការណ៍​នេះ​ហើយ ​បាន​ធ្វើ​ឲ្យ​មនុស្ស​បន្ត​ពិភាក្សា​ពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ប្រភេទ​ជីវៈ​សត្វ​រុក្ខជាតិ​នានា​ផុត​ពូជ ហើយ​ករណីនេះ​ មានសារៈ​សំខាន់​ណាស់ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ទោះ​បី​ជា​មាន​ ឬ​គ្មាន​ការ​ផ្ទុះ​ភព​ផ្កាយ​ក៏​ដោយ លោក​ Davis បាន​កត់​សម្គាល់​ឃើញ​ថា​ ការ​ផុតពូជ​ជីវៈ​សត្វ​រុក្ខជាតិ​នៅ​ក្នុង​យុគ​សម័យ​កាល​នោះ​ មានតិច​តួច​ប៉ុណ្ណោះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ផុត​ពូជជីវៈ​សត្វ​រុក្ខជាតិ​នា​ពេល​បច្ចុប្បន្ន​ដែល​អ្នក​វិទ្យា​សាស្រ្ត​បាន​កត់​ត្រា។ ដូច្នេះ​ ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សម័យ​បច្ចុប្បន្ន និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដែល​បាន​កើត​ឡើង​ នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​គិត​អំពី​ទំនាក់​ទំនង​រវាង​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​ការ​ផុត​ពូជ​ជីវៈ​សត្វ​រុក្ខជាតិ​នានា។

លោក ​Davis បាន​និយាយ​បែប​សុទិដ្ឋិ​និយម​ថា៖ «បើ​សិន​យើង​អាច​ធ្វើ​ឲ្យ​មនុស្ស​គិត​គូរ​អំពី​ការ​ផុត​ពូជ​ជីវៈ​សត្វ​រុក្ខជាតិ​បាន​ នោះ​គឺ​ជា​ការ​ល្អ»៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG