ប្រធានាធិបតីស.រ.អាលោក បារ៉ាក់ អូបាម៉ា បានសរសើរកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុ ដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីសថា ជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ពិភពលោក។
លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងនេះ តំណាងឲ្យឱកាសដ៏ល្អបំផុតដែលយើងត្រូវបានជួយសង្គ្រោះផែនដីមួយដែលយើងមាន»។
នៅក្នុងសុន្ទរកថា ដែលមានរយៈពេល៨នាទីកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងដែលបានអនុម័តនោះ មានប្រទេសជិត២០០ បានបង្ហាញពិភពលោក ទាំងឆន្ទៈ និងសមត្ថភាពដើម្បីចាត់វិធានការតទល់នឹងការផ្លាស់ប្តូរអាកាសធាតុ ដោយការកាត់បន្ថយការបញ្ចេញឧស្ម័នកខ្វក់ និងការតាំងចិត្តបញ្ចុះឧស្ម័នកាបូននៅពេលអនាគត។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍នៅក្នុងបន្ទប់គណៈរដ្ឋមន្រ្តីក្នុងសេតវិមានថា «យើងបានរួបរួមគ្នានៅជុំវិញកិច្ចព្រមព្រៀងដ៏ខ្លាំងមួយដែលពិភពលោកត្រូវការ។យើងបានសម្រេចគោលដៅនៅពេលនេះ»។
កិច្ចព្រមព្រៀងការផ្លាស់ប្តូរអាកាសធាតុនេះបានកំណត់គោលដៅរក្សាកំដៅសាកលលោកឲ្យស្ថិតនៅក្រោមសីតុណ្ហភាពពីរអង្សាសេ ហើយបានអំពាវនាវដល់ប្រទេសចំនួន ១៩៥ ឲ្យអនុវត្តកិច្ចខំប្រឹងប្រែងដើម្បីកម្រិតការកើនឡើងនូវសីតុណ្ហភាព១,៥ អង្សាសេនៅកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម។
នៅក្រោមកិច្ចព្រមព្រៀងនោះ ប្រទេសទាំងអស់នឹងធ្វើការប្រាស្រ័យទាក់ទងគ្នានូវទីដៅអាកាសធាតុរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំម្តង ដោយចាប់ផ្តើមនៅឆ្នាំ២០២០។ កិច្ចព្រមព្រៀងនោះបង្កើតប្រព័ន្ធតម្លាភាពមួយ ដែលប្រទេសទាំងអស់នឹងមិនត្រឹមតែប្រាប់ឲ្យដឹងពីការបញ្ចេញឧស្ម័នកាបូនប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រភពនៃការបញ្ចេញឧស្ម័នទាំងនោះ និងពីអ្វីដែលប្រទេសទាំងអស់នោះត្រូវធ្វើដើម្បីបន្ធូរការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕