ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បច្ចេកវិទ្យា​នា​ពេល​អនាគត​នឹង​ផ្លាស់ប្ដូរ​មុខងារ​របស់​មនុស្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បច្ចេកវិទ្យា​នា​ពេល​អនាគត​នឹង​ផ្លាស់ប្ដូរ​មុខងារ​របស់​មនុស្ស (VOA វិទ្យាសាស្រ្ត ៦៦)

Richard និង Daniel Susskind ថា ការពិត​ដែល​ថា ចុង​ឆ្នាំ​២០១៥ មនុស្ស​៣​ពាន់​លាន​នាក់​មាន​អ៊ីនធឺណិត​ប្រើប្រាស់ និង​ត្រឹម​ចុង​ឆ្នាំ​២០១៨ មនុស្ស​៣​ពាន់​លាន​នាក់​ទៀត​​អាច​នឹង​ទាក់ទង​គ្នា​បាន គឺ​ជា​ភស្តុតាង​បង្ហាញ​ថា ការផ្លាស់ប្ដូរ​ពិភពលោក បច្ចេកវិទ្យា និង​សង្គម​ដ៏​ខ្លាំង​ក្លា​កំពុង​តែ​មក​ដល់។

លោក Daniel និង​លោក Richard Susskind បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ថ្មី​របស់​ពួកគេ​ដែល​មាន​ចំណង​ជើង​ថា «ការងារ​នា​ពេល​អនាគត» យ៉ាង​ដូច្នេះ​ថា «នា​ពេល​អនាគត ម៉ាស៊ីន​នឹង​បញ្ជា​គ្រប់យ៉ាង ដូចជា​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​មិន​ត្រូវ​ការ​មនុស្ស​ជាដើម»។ អ្នកនិពន្ធ​ទាំង​២​បាន​លើក​ឡើង​ថា បច្ចេកវិទ្យា​នឹង​ជំនួស​ការងារ​ជាច្រើន និង​កែប្រែ​មធ្យោបាយក្នុង​ការ​ទទួល​យក​និង​ផ្ទេរ​ចំណេះដឹង​ផង​ដែរ។ នៅ​ក្នុង​បទ​សន្ទនា​មួយ​ជាមួយ​នឹងអ្នកនិពន្ធ​សៀវភៅ​ទាំង​២​រូប​នេះ លោក ​Jela de Franceschi ​នៃ VOA បាន​ពិនិត្យ​មើល​លម្អិត​ទៅ​លើ​ការ​អះអាង​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​នោះ ដែល​បាន​ទទួល​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​ប្រទេស​អង់គ្លេស​និង​សហរដ្ឋអាមេរិក។ ​

សៀវភៅ «ការងារ​នា​ពេល​អនាគត»
សៀវភៅ «ការងារ​នា​ពេល​អនាគត»

Richard និង Daniel Susskind ថា ការពិត​ដែល​ថា ចុង​ឆ្នាំ​២០១៥ មនុស្ស​៣​ពាន់​លាន​នាក់​មាន​អ៊ីនធឺណិត​ប្រើប្រាស់ និង​ត្រឹម​ចុង​ឆ្នាំ​២០១៨ មនុស្ស​៣​ពាន់​លាន​នាក់​ទៀតអាច​នឹង​ទាក់ទង​គ្នា​បាន គឺ​ជា​ភស្តុតាង​បង្ហាញ​ថា ការផ្លាស់ប្ដូរ​ពិភពលោក បច្ចេកវិទ្យា និង​សង្គម​ដ៏​ខ្លាំង​ក្លា​កំពុង​តែ​មក​ដល់។

ខណៈ​ដែល​គេ​ដឹង​រួច​ហើយ​ថា​ការទាក់ទង​គ្នា​មាន​ការផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ក្ដីក៏​ល្បឿន​នៃ​ការ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ជំរុញ​ឲ្យ​មាន​សង្គម​មួយ​ដែល​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​នោះ ​ការងារ​សព្វថ្ងៃ​លែង​មាន​ទៀត​ហើយ។

លោក​ Daniel Susskind បាន​ពន្យល់​ថា៖ «វា​ជា​អ្វី​ដែល​យើង​ហៅ​ថា​ជា​ប្រព័ន្ធ​និង​ម៉ាស៊ីន​ដែល​កាន់​តែ​មាន​សមត្ថភាព ដែល​មិន​មែន​ជា​មនុស្ស​ទៀត​ទេ នឹង​ធ្វើ​ការងារ​ជាច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ដូច​ជា វេជ្ជបណ្ឌិត មេធាវី និង​គ្រូបង្រៀន​ជាដើម។»

មនុស្ស​ច្រើន​ទៀត​ចុះ​ឈ្មោះ​រៀន​វគ្គ​សិក្សា​តាម​អ៊ីនធឺណិត​របស់ Harvard ក្នុង​មួយ​ឆ្នាំ​ច្រើន​ជាង​រៀន​នៅ​សាកលវិទ្យាល័យ​ផ្ទាល់ តាំង​ពី​៣៧៧​ឆ្នាំ​មុន​ម្ល៉េះ។ នៅ​អាមេរិក មាន​ចំនួន​ចូល​មើល WebMD ជា​រៀងរាល់​ខែ ច្រើន​ជាងអ្នក​ទៅ​ជួប​ពេទ្យ​ដោយ​ផ្ទាល់។ នៅ​អាមេរិក ជម្លោះ​ផ្នែក​ជំនួញក្នុង​ចំណោម​អ្នក​លក់​ដូរ​លើ eBay ​អាច​ដោះស្រាយ​បាន​លើ​អ៊ីនធឺណិត​ច្រើន​ជាង​តាម​ការ​ប្តឹង​ផ្តល់​៣​ដង។ ​ឆ្នាំ​២០១៥ អ្នក​បង់​ពន្ធ​អាមេរិកាំង​ជាង​៥០​លាន​នាក់​បង់ពន្ធឲ្យ​រដ្ឋាភិបាល​សហព័ន្ធ តាមរយៈប្រព័ន្ធ​អ៊ីនធឺណិត​ដោយខ្លួន​ឯង។

Richard Susskind ថា នេះ​ជា​គុណសម្បត្តិ​របស់​កុំព្យូទ័រ​ដែល​អាច​វិភាគ​គំរូ​ដែល​លាក់បាំង លាតត្រដាង​របាំង និង​ព្យាករណ៍​និន្នាការ​បាន។

លោក​បន្ត​ថា៖ «នៅ​អាមេរិក មាន​ប្រព័ន្ធ​មួយ​ដែល​អាច​ព្យាករណ៍​លទ្ធផល​នៃ​ជម្លោះ​ជាក់​ស្ដែង​បាន​សុក្រឹត​ជាង​មនុស្ស​ទៅ​ទៀត។ ប៉ុន្តែ​ប្រព័ន្ធ​នេះ​មិន​ចេះ​ច្បាប់​ទាល់​តែ​សោះ។ អ្វី​ដែល​វា​មាន​គឺ​ព័ត៌មាន​អំពី​ករណី​ចំនួន​១សែន​កាល​ពី​មុន ដូចជា នរណា​ជា​ចៅក្រម នរណា​ជា​ភាគី​ដើម​ចោទ​និង​ចុងចោទ នរណា​ជា​មេធាវី អង្គហេតុ និង​សារៈសំខាន់​នៃ​ជម្លោះ​នេះ។»

Susskind ថា ភាព​ឆ្លាតវៃ​សិប្បនិម្មិត​មិន​ដូច​ចិត្ត​មនុស្ស​ទេ។ លោក​ថា៖ «អ្វី​ដែល​យើង​កំពុង​ឃើញ​គឺ​ជា​ប្រព័ន្ធ​ថ្មី​មួយ​ដែល​ដំណើរ​ការ​ក្នុង​កម្រិត​ខ្ពស់​ខ្លាំង ប៉ុន្តែ​មិនមែន​ធ្វើ​តាម​វិធី​ដែល​អ្នកជំនាញការជា​មនុស្ស​ធ្វើ​នោះ​ទេ។»​

​ដំបូង កម្មវិធី​លេង​អុក Deep Blue ​អាច​យក​ឈ្នះ​លើ​ស្ដេច​អុក Garry Kasparov ដែល​មនុស្ស​ជាច្រើន​ចាត់​ទុក​ថា​ស្មើ​នឹង​កម្រិត​ឆ្លាតវៃ​របស់​មនុស្ស។

រូបភាព៖ ស្តេច​អុក​ពិភពលោក Garry Kasparov យក​ដៃ​ខ្ទប់​មុខ​ខណៈ​ពេល​ដែល​រូប​លោក​ត្រូវ​បាន​គេ​ដាក់​លើ​កញ្ចក់​ទូរទស្សន៍​ពេល​លោក​កំពុង​ប្រកួត​លេង​អុក​ជាមួយ​មហា​កុំព្យូទ័រ​របស់​ IBM​ ដែល​មាន​ឈ្មោះ​ថា Deep Blue ថ្ងៃ​ទី​១១ ខែ​ឧសភា ​ឆ្នាំ​១៩៩៧។ (Reuters)
រូបភាព៖ ស្តេច​អុក​ពិភពលោក Garry Kasparov យក​ដៃ​ខ្ទប់​មុខ​ខណៈ​ពេល​ដែល​រូប​លោក​ត្រូវ​បាន​គេ​ដាក់​លើ​កញ្ចក់​ទូរទស្សន៍​ពេល​លោក​កំពុង​ប្រកួត​លេង​អុក​ជាមួយ​មហា​កុំព្យូទ័រ​របស់​ IBM​ ដែល​មាន​ឈ្មោះ​ថា Deep Blue ថ្ងៃ​ទី​១១ ខែ​ឧសភា ​ឆ្នាំ​១៩៩៧។ (Reuters)

៤​ឆ្នាំ​ក្រោយ​មក​កម្មវិធី Watson បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Jeopardy និង​បាន​យក​ឈ្នះ​លើ​ជើង​ឯក​កម្មវិធី​នេះ​២​នាក់។​

Daniel Susskind ថា លោក​មិន​បាន​ដឹង​ទេ ហើយ​ថ្លែងបន្ត​ទៀត​ថា៖ «កម្មវិធី​នោះ​មិន​ចេះបង្ហាញ​ក្តី​រំភើប​ទេ។ វា​មិន​បាន​ទូរស័ព្ទ​ទៅ​មិត្តភ័ក្ដិ​របស់​វា​ដើម្បី​ប្រាប់​ពី​ជ័យជំនះ​នោះ​ទេ។ វា​មិន​ទៅ​ផឹក​ស្រា​នៅ​ក្លឹង​រាត្រី​ទេ។ វា​មិន​គិត​ដូច​មនុស្ស​យើង​ទេ ប៉ុន្តែ​វា​ពូកែ​ជាង​យើង។»​

អ្នក​វិទ្យាសាស្ត្រ​ចង់​ផលិត​កុំព្យូទ័រ​មួយ​គ្រឿង​ដូច​ខួរ​ក្បាល​មនុស្ស។ វា​ពិសេស​ណាស់។ វា​អាច​រៀន​និង​សម្រប​ខ្លួន​ដោយ​មិន​ត្រូវ​ការ​បញ្ចូល​កម្មវិធី​ឬធ្វើ​បច្ចុប្បន្នភាព​ទេ។ វា​មាន​អង្គ​ចង​ចាំ​គ្មាន​ដែន​កំណត់​ហើយ​មិន​ងាយ​គាំង​ទេ។

ឪពុក​កូន Susskind ទស្សន៍ទាយ​ថា ឆាប់ៗ​នេះ​កុំព្យូទ័រ​យួរ​ដៃ​ធម្មតា​មួយ​គ្រឿង​ នឹង​មាន​ថាមពល​ដំណើរការ​ខ្លាំង​ជាង​មនុស្ស​ទាំងអស់​បូក​បញ្ចូល​គ្នា។ សម័យ​បច្ចេកវិទ្យា​ដែល​នឹង​មក​ដល់​នេះ នឹង​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​ធ្វើការ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​និង​ក្នុង​វិជ្ជាជីវៈ​របស់​យើង៕

ប្រែ​សម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG