ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​បិទ​សកម្មភាព​ជា​ថ្មី​​នៅ​តំបន់​ខ្លះ ​ខណៈ​កូវីដ១៩​បាន​ឆ្លង​ដល់​ពលរដ្ឋ​ជិត​១​លាន​នាក់


រូបឯកសារ៖ ក្មេងប្រុសម្នាក់កំពុងត្រូវបានមន្រ្តីសុខាភិបាលយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពមួយ ក្នុងក្រុង Hyderabad កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កើន​ជិ​ត​ដល់១​លាន​នាក់​នោះ អាជ្ញាធរ​បាន​ចាប់​ដាក់​វិធានការ​បិទ​សកម្មភាព​សង្គម​ជា​ថ្មី​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា ស្របពេលដែល​អាជ្ញាធរ​មូលដ្ឋាន​ព្យាយាម​ការពារ​ប្រព័ន្ធសុខាភិបាល​មិន​ឲ្យ​ហួស​សមត្ថភាព​មើល​ថែ​អ្នក​ជំងឺ។​

ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ពុធ​បាន​រាយការាណ៍​ពី​ចំនួនឆ្លង​ប្រចាំ​ថ្ងៃ​ថ្មី​ចំនួន​ជិត​៣០.០០០​ករណី​និង​អ្នក​ស្លាប់​ ៥៨២​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់​៩៣៦.០០០​នាក់ ហើយ​អ្នក​ស្លាប់​សរុប​ ២៤.០០០​នាក់។ អ្នក​ជំនាញ​ថា​ ចំនួន​ពិត​ប្រាកដ​ទំនង​លើស​ចំនួន​នេះ​ខ្លាំង ​ដោយ​សារ​ឥណ្ឌា​ខ្វះ​លទ្ធភាពក្នុង​ការ​ធ្វើ​តេស្ត​រក​អ្នក​ជំងឺ។

វិធានការបិទ​សកម្មភាព​ជា​ថ្មី​រយៈ​ពេល​២​សប្តាហ៍នឹង​ត្រូវ​អាជ្ញាធរ​ចាប់​អនុវត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រដ្ឋ Bihar ភាគ​ខាង​កើត​ឥណ្ឌា ​ដែល​រដ្ឋ​នេះ​មាន​ប្រជាជន​ ១២៨​លាន​នាក់​និង​ប្រព័ន្ធ​សុខភាព​ទន់​ខ្សោយ។ ចាប់​ពី​ថ្ងៃ​សៅរ៍​កន្លង​នេះ រដ្ឋ​ Bihar បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​១.០០០​ករណី​ក្នុង​មួយ​ថ្ងៃ​បើ​ទោះ​បីការ​ធ្វើ​តេស្ត​មាន​កម្រិត។​

មាន​ពលករ​ក្រីក្រ​ឥណ្ឌា​ជិត​២.៥លាន​នាក់បាន​ជាប់​នៅ​តាម​ទី​ក្រុង​នានា​របស់​ឥណ្ឌា​នៅ​ដំណាក់កាល​ដំបូង​នៃ​ការបិទ​សកម្មភាព​ប្រទេស ហើយ​ពួក​គេ​បាន​ទៅ​ដល់​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ ក្រោយ​ពី​បាន​បាត់បង់​ការងារ​នៅ​តាម​ទី​ក្រុង។

នៅ​ទី​ក្រុង Bangalore ដែល​ជា​តំបន់​បច្ចេកវិទ្យា​នៅ​ភាគ​ខាង​ត្បូង​ឥណ្ឌាដែល​មាន​ការិយាល័យ​តំណាង​របស់​ក្រុមហ៊ុន​ដូច​ជា​ Amazon និង Apple អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បិទ​សកម្មភាព​មួយ​សប្តាហ៍​ចាប់​ពី​ថ្ងៃ​អង្គារ​មក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG