ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិកនិយាយថា ថ្នាំវ៉ាក់សាំងចាក់ការពារមេរោគកូរ៉ូណាដែលកំពុងពិសោធន៍បានបង្ហាញនូវការឆ្លើយតបប្រព័ន្ធភាពស៊ាំប្រកបដោយក្តីសង្ឃឹមនៅក្នុងការសិក្សាដំណាក់កាលដំបូង។
ថ្នាំវ៉ាក់សាំងថ្មីដែលត្រូវបានផលិតដោយក្រុមហ៊ុនជីវៈបច្ចេកវិទ្យា Moderna ដែលមានទីតាំងក្នុងសហរដ្ឋអាមេរិកនិងត្រូវបានអភិវឌ្ឍដោយក្រុមអ្នកស្រាវជ្រាវនៅឯវិទ្យាស្ថានជាតិជំងឺឆ្លងសហរដ្ឋអាមេរិក។
ក្នុងរបាយការណ៍មួយដែលបានចេញផ្សាយក្នុងទស្សនាវដ្តីពេទ្យ New England ក្រុមអ្នកស្រាវជ្រាវ បានផ្តល់ថ្នាំវ៉ាក់សាំងពិសោធន៍ចំនួន២ដូសទៅឲ្យក្រុមអ្នកស្ម័គ្រចិត្តចំនួន៤៥នាក់ ដែលមានអាយុពីរវាង១៨ឆ្នាំទៅ៥៥ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា មិនមានអ្នកស្ម័គ្រចិត្តណាម្នាក់ បានជួបប្រទះផលប៉ះពាល់ធ្ងន់ធ្ងរទេ ក៏ប៉ុន្តែពួកគេជាងពាក់កណ្តាលបានរាយការណ៍ថា មានប្រតិកម្មតិចតួចឬមិនខ្លាំងដូចជា អស់កម្លាំង ឈឺក្បាល គ្រុនរងា ឈឺសាច់ដុំ និងឈឹសម្លាក់ជាដើម។
លទ្ធផលនៃថ្នាំវ៉ាក់សាំងដែលត្រូវបានសាកល្បងលើមនុស្សលើកដំបូង ជាផ្នែកមួយនៃដំណាក់ការសាកល្បងលើកទីមួយដែលត្រូវបានធ្វើឡើងដើម្បីធ្វើតេស្តសាកល្បងដែលមានចំនួនដូសវ៉ាក់សាំងតិច មធ្យម និងច្រើន ដើម្បីវាស់ស្ទង់ទាំងសុវត្ថិភាពនិងសមត្ថភាពរបស់ថ្នាំវ៉ាក់សាំងនោះដើម្បីបង្កើតប្រព័ន្ធស៊ាំ។
លោកវេជ្ជបណ្ឌិត William Schaffner ជាអ្នកឯកទេសជំងឺឆ្លងនៅឯសាលាពេទ្យនៅសាកលវិទ្យាល័យ Vanderbilt ក្នុងទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក ដែលមិនទាក់ទិនក្នុងការសិក្សានោះបាននិយាយថា៖ «វាជាជំហានដំបូង ក៏ប៉ុន្តែ វាជាជំហានដំបូងប្រកបដោយការរំភើបបំផុត»។
ក្រុមហ៊ុន Moderna នៅពេលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលទី២នៃការធ្វើតេស្តសាកល្បងថ្នាំវ៉ាក់សាំងដែលនឹងទាក់ទិនក្រុមអ្នកស្ម័គ្រចិត្តទ្រង់ទ្រាយធំដើម្បីកំណត់ពីប្រសិទ្ធភាពរបស់ថ្នាំវ៉ាក់សាំងនោះ៕