ខណៈដែលករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង ១៣ លាននាក់ និងមានករណីស្លាប់ជាង ៥ សែន ៧ ម៉ឺន នាក់ សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនរំពឹងថា នឹងចាប់ផ្ដើមផលិតវ៉ាក់សាំងបង្ការត្រឹមចុងរដូវក្ដៅនេះ។ បណ្ដាប្រទេសនានាកំពុងតែអនុវត្តវិធានការបិទសកម្មភាពសង្គមជាថ្មីទៀត បញ្ជាឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងរក្សាគម្លាតពីគ្នា ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាតត្បាតជំងឺកូវីដ១៩។
បណ្ដាញព័ត៌មាន CNBC នៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃចន្ទថា មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលរបស់លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដំណើរការផលិតវ៉ាក់សាំងកំពុងតែប្រព្រឹត្តទៅ បើទោះបីជាពួកគេមិនប្រាកដថាតើវ៉ាក់សាំងនោះនឹងមានប្រសិទ្ធភាពដែរឬយ៉ាងណា។ មន្ត្រីជាន់ខ្ពស់រូបនោះត្រូវបានគេស្រង់សម្ដីថា ពួកគេបានទិញសម្ភារៈសម្រាប់ផលិតវ៉ាក់សាំងរួចរាល់ហើយ ហើយក៏បានត្រៀមកន្លែងសម្រាប់ផលិត និងវត្ថុធាតុដើមដែលចាំបាច់នានាផងដែរ។
បណ្ដាញព័ត៌មាន CNBC បានផ្សាយថា ក្រុមហ៊ុនពីរដែលពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងថ្មីនេះ គឺមានក្រុមហ៊ុន Moderna និងក្រុមហ៊ុន Johnson & Johnson។ ក្រុមហ៊ុនទាំងពីរនេះត្រូវបានគេរំពឹងថា នឹងធ្វើការពិសោធន៍វ៉ាក់សាំងដំណាក់កាលចុងក្រោយលើមនុស្សនៅត្រឹមចុងខែនេះ៕