ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ជំងឺ​កូវីដ​ថ្មីៗធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​បេសកកម្មយោធា​អាមេរិក​នៅ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​​


រូបឯកសារ៖ មូលដ្ឋានទ័ពអាកាសកងម៉ារីនអាមេរិកនៅកោះ Okinawa ប្រទេសជប៉ុន។

អ្នក​វិភាគ​មួយ​ចំនួន​បាន​ព្រមាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ភាពអសមត្ថភាព​របស់​អាមេរិក​ក្នុង​ការ​ទប់​ទល់​ការ​ឆ្លង​រាត​ត្បាត​នៃវីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​បេសកកម្ម​យោធា​អាមេរិក​នៅ​ក្រៅ​ប្រទេស​ ដោយ​ការ​ឆ្លងវីរុស​កូរ៉ូណា​មាន​ការកើន​ឡើង​ខ្ពស់ ក្នុង​ចំណោម​កង​ទ័ព​អាមេរិក​ដែល​កំពុង​បំពេញ​បេសកកម្មក្នុង​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

មន្រ្តី​ជប៉ុន​ក្នុង​ទីក្រុង Okinawa ​បាន​ និយាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា​ យ៉ាង​ហោច​ណាស់​មានការ​ឆ្លង​វីរុសកូរ៉ូណា​ជាង​៦០​ករណី ត្រូវ​បាន​គេ​រាយការណ៍​នៅ​មូលដ្ឋាន​កង​ទ័ព​ម៉ារីន​របស់​អាមេរិក​ចំនួន​២ក្នុង​សប្តាហ៍​កន្លង​ទៅ ដែល​ក្នុង​នោះរួម​មានមូលដ្ឋាន​អាកាស​របស់​កងទ័ព​ម៉ារីន Futenma​ និង ​Camp Hansen​។ កាល​ពី​ថ្ងៃចន្ទ​នេះ​ សារព័ត៌មាន​របស់​ជប៉ុន​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ចំនួន​៣២​ករណី​ថ្មី​បន្ថែម​ទៀត​ក្នុង​មូលដ្ឋាន​យោធា​ Futenma។

ឆ្លើយ​តប​បញ្ហា​នេះ​ យោធា​អាមេរិក​បាន​ដាក់កងទ័ព​ម៉ារីន​និង​ក្រុម​គ្រួ​សារ​របស់​គេ​ ក៏ដូច​បុគ្គលិក​ជាប់​កិច្ច​សន្យា​ក្នុង​ទី​ក្រុង​ Okinawa ដោយ​មិន​ឲ្យ​ចេញ​ទៅ​ណា​ និង​ហាមផ្តាច់មិន​ឲ្យ​ចេញ​ក្រៅ​មូលដ្ឋាន​យោធា​។​

នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ អភិបាល​ក្រុង Okinawa លោក ​Denny Tamaki និយាយ​ថា​ លោក​មាន​ការ​ ​«រន្ធត់​ចិត្ត​» ដែល​បាន​ដឹង​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងី​កូវីដ​១៩​នេះ ហើយ​លោក​ដាក់ការ​សង្ស័យ​យ៉ាង​ខ្លាំង​លើវិធាន​ការរបស់​កងទ័ព​អាមេរិក​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាលឆ្លង​នៃ​មេរោគកូរ៉ូណា​នេះ​។

គេ​នៅមិន​ទាន់ដឹងច្បាស់​នៅ​ឡើយថាតើករណី​ឆ្លងក្នុងចំណោម​យោធា​អាមេរិក​ក្នុង​ទី​ក្រុង Okinawa មានប្រភព​មក​ពី​ណា​នោះ​ទេ ប៉ុន្តែ​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Kyodo ចេញ​ផ្សាយ​ថា ក្រុម​កង​ម៉ារីន​អាមេរិក​ មាន​ជាប់​ពាក់​ព័ន្ធនឹង​បុគ្គល​ក្នុង​កន្លែង​ចំនួន​ពីរដែល​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​មាន​រោគ​សញ្ញា​កូវីដ​១៩។

អ្នក​ទើប​មកពី​អាមេរិក

ដោយ​ឡែក​ការ​ផ្ទុះ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ​ក្នុង​ចំណោម​កងទ័ព​អាមេរិក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​ ហាក់​ត្រូវ​បាន​គេ​គ្រប់​គ្រង​បាន​ ដែលការ​ឆ្លង​នេះ​បាន​កើត​មាន​ឡើង​ភាគ​ច្រើន​ក្នុង​ចំណោមកង​ទ័ព​អាមេរិក​ដែល​ទើប​មក​ពី​សហរដ្ឋ​អាមេរិក។

ក្នុង​រយៈ​ពេល​២​សប្តាហ៍​កន្លង​ទៅ​ យ៉ាង​ហោច​ណាស់​មាន​យោធា​អាមេរិក​ឬ​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​កងទ័ព​អាមេរិក​ចំនួន​៣៤​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ជំងឺ​កូវីដ​១៩​ បន្ទាប់​ពី​អ្នក​ទាំង​នោះបាន​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូងពី​សហរដ្ឋ​អាមេរិក នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការ​ណ៍មួយ​ដោយ​យោធា​អាមេរិក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​ក៍​បាន​បញ្ជាក់​ផង​ដែរ​ថា​ ចំណែក​យោធា​អាមេរិក​៤រូប​ផ្សេង​ទៀត​ ត្រូវ​បាន​ធ្វើ​តេស្តមាន​ជំងឺកូវីដ​១៩​ផង​ដែរ​ បន្ទាប់​ពី​ពួក​គេមក​ពី​កន្លែង​ផ្សេងៗ​ទៀត​ ដូច​ជាអឺរ៉ុប​ និង​ប្រទេស​ជប៉ុន​ជាដើម។​

ការ​កើនឡើងការ​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ចំណោម​កង​ទ័ព​អាមេរិក​ មាន​សន្ទុះ​ខ្លាំង​ បើ​ប្រៀប​ធៀប​កាល​ពី​ខែ​មុន​ ដែល​យោធាអាមេរិក​ក្នុង​ប្រទេស​កូរ៉ខាង​ត្បូង​មាន​ករណី​នៃ​ការ​ឆ្លង​ថ្មី​តិច​តួច​តែ​ប៉ុណ្ណោះ​។

តើ​វា​ប៉ះ​ពាល់​ដល់​បេសកកម្ម​ដែរ​ឬ​ទេ​?

ការ​ឆ្លង​រាល​ដាល​នេះ​បាន​បង្កើត​ឲ្យ​មាន​ស្ថាន​ភាព​មួយ​គ្រោះ​ថ្នាក់​មួយ​ សម្រាប់​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ ដែល​មានជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់​នៃ​ការ​ឆ្លង​វីរ៉ុស​កូរ៉ូណា​ក្នុង​ពេល​កន្លង​មក។

ជប៉ុន​បាន​រាយកាណ៍ថា​ ខ្លួន​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​តិច​ជាង​១០០០​នាក់។ ចំណែកប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​អ្នក​ស្លាប់តិច​ជាង​៣០០​នាក់។ ​សហរដ្ឋ​អាមេរិក​វិញ​មាន​អ្នក​ស្លាប់​ដោយ​សារជំងឺ​កូវីដ១៩​ប្រមាណ​ជិត​១៣៥.០០០​ (រហូត​មក​ដល់​ថ្ងៃទី​១៣​ខែ​កក្កដា​នេះ)។

ជាមួយ​នឹង​ចំនួន​ឆ្លង​ថ្មីៗ​និង​អ្នក​ស្លាប់​កើន​ឡើងក្នុង​សហរដ្ឋ​អាមេរិក​ អ្នក​វិភាគ​មួយ​ចំនួន​ព្រមាន​ថា​ ​អសមត្ថភាព​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​ ក្នុង​ការ​ទប់​ទល់​នឹង​វីរុស​កូរ៉ូណា​នេះ កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​បេសកកម្ម​របស់​យោធា​អាមេរិក ក្នុង​ប្រទេស​ជប៉ុននិង​កូរ៉េ​ខាង​ត្បូង​ ដែល​មាន​កង​ទ័ព​អាមេរិក​ប្រមាណ​ជិត​៨០.០០០​នាក់​ កំពុង​បំពេញ​បេសកកម្ម​ការពារ​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​បូព៌ា។

លោក​ Daniel Pinkston អតីតគ្រូ​បង្រៀន​ភាសា​នៃ​កងទ័ព​អាកាស​ និង​បច្ចុប្បន្ន​កំពុង​បង្រៀន​មុខ​វិជ្ជា​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​Troy​ ក្នុង​ទីក្រុង​ Seoul បាន​ឲ្យ​ដឹង​ថា​ «គោល​នយោបាយសុខភាព​សាធារណៈ ទន់​ខ្សោយរបស់រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ និងអសមត្ថភាព​របស់​ខ្លួន​ ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩​ បាន​ធ្វើប៉ះ​ពាល់ដល់​ការ​ត្រៀម​ខ្លួន​របស់​កង​យោធា​អាមេរិក»​។​កូវីដ​១៩​ ជាជំងឺ​ដែល​កើត​ចេញ​ពី​វីរ៉ុស​កូរ៉ូណា​។

លោក​បន្ថែម​ទៀត​ថា៖​ «ការ​ឆ្លង​វីរ៉ុស​កូរ៉ូណា​ក្នុង​ចំណោម​យោធា​អាមេរិក​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ផង​ដែ​រ​ដល់​ការ​បណ្តុះ​បណ្តាល​រួម​គ្នា​ជា​មួយ​កម្លាំង​សម្ព័ន្ធ​មិត្ត​ ក៏ដូច​ជា​សមត្ថភាព​របស់​កង​ទ័ព​អាមេរិក​ក្នុង​ការបំពេញការ​បេ្តជ្ញាចិត្ត​របស់​ខ្លួន​ចំពោះសម្ព័ន្ធ​មិត្ត​។ ប្រការ​នេះ​ វា​អាចកាត់​បន្ថយ​នូវ​ការ​ជឿ​ជាក់​របស់​សម្ព័ន្ធ​មិត្ត​ទៅ​លើ​អាមេរិក ហើយ​អាច​ឲ្យ​មានការ​គិត​ក្នុង​ន័យ​ផ្សេង​របស់​គូសត្រូវផងដែរ​»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​កង​កម្លាំងអាមេរិក-កូរ៉េ បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​នៅ​តែ​ស្ថិត​ក្នុង​«ការ​ត្រៀម​ខ្លូន​កំរិត​ខ្ពស់​ ដោយ​មាន​យោធា​អាមេរិកចំនួន​តិច​ជាង​១%តែ​ប៉ុណ្ណោះ​ ដែល​ឆ្លង​ជំងឺ​កូវីដ​១៩នោះ។ ​

សេចក្តី​ថ្លែង​ការណ៍​របស់​កង​កម្លាំងអាមេរិក​-កូរ៉េ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ ពីការ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព​ជាមុន។​

ពេល​មក​ដល់​ប្រទេ​សកូរ៉េ​ខាង​ត្បូង​ កង​ទ័ព​អាមេរិក​ទាំង​អស់​ និង​បុគ្គល​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​ ហើយ​ត្រូវ​ស្ថិត​នៅ​ឆ្ងាយ​ពី​គេ​ក្នុង​រយៈពេល​១៤​ថ្ងៃ​ អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត។​ ពួក​គេ​ត្រូវ​ធ្វើ​តេស្ត​ថា​ គ្មាន​ជំងឺ​កូវីដ​យ៉ាង​តិច​ក៏​ម្តង​ដែរ​ មុន​ពេល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​បំពេញ​ការងារ​។​ ​

តើ​សមយុទ្ធយោធា​ត្រូវ​បាន​ពន្យា​រពេល​ជា​ថ្មី​ឬ​យ៉ាង​ណា​?

​ការ​ឆ្លង​ថ្មីៗនៃ​ជំងឺ​កូវីដ១៩នេះកំពុង​បង្កើន​លទ្ធភាព​ដែល​ថា ​កងទ័ព​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​នឹង​មិន​អាច​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​បាន​ទេ​។

កាល​ពី​សប្តាហ៍​មុន​ ទី​ភ្នាក់ងារព័ត៌មាន​ Yonhap​ របស់​កូរ៉េ​ខាង​ត្បូង​រាយការណ៍​ថា​ ប្រទេស​ទាំង​ពីរ​ទំនង​ហាក់​ដូច​ជាផ្អាក​ឬ​លុបចោល​នូវ​សមយុទ្ធ​យោធា​នោះហើយ​។​

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូងបាន​លុប​ចោល​សមយុទ្ធយោធា​រួម​ដ៏​សំខាន់​របស់ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ​ក្នុង​ឆ្នាំនេះ។​

ឧត្តមសេនីយ៍ឯកកងទ័ព​កូរ៉េ​ខាងត្បូង​ដែល​ចូលនិវត្តន៍​លោក​ Chun In-bum បាន​លើក​ឡើង​ថា​ ការលុប​ចោល​ឬ​ការ​កែ​សម្រួលការ​ធ្វើ​សមយុទ្ធ​យោធា​ «អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​» ដល់​ស្ថាន​ភាព​នៃ​ការ​ការពាររួម​គ្នា​។​

លោក​បន្ត​ថា​ «សមយុទ្ធ​យោធា​មាន​សារៈ​សំខាន់​ខ្លាំងណាស់។ សមយុទ្ធ​នេះ​ ធ្វើ​ឡើង​តែ​២ដង​ប៉ុណ្ណោះក្នុង​១​ឆ្នាំ។ កាល​ពីមុនធ្លាប់មាន​៤​ដង​ក្នុង១​ឆ្នាំ។

មន្រ្តី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់ថ្លែង​ប្រាប់​វីអូអេ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និងរដ្ឋាភិបាល​ក្រុងសេអ៊ូលកំពុង​ពិភាក្សា​គ្នាពី​បញ្ហា​នេះ​ ប៉ុន្តែ​មិន​ទាន់​មានការ​សម្រេច​ចិត្ត​ណា​មួយ​នៅ​ឡើយ​ទេ។​

សមយុទ្ធយោធា​ដែល​គ្រោងធ្វើកាល​ពី​និទាឃរដូវ​ ត្រូវ​បាន​លុប​ចោល​កាល​ពីខែ​កុម្ភៈកន្លង​ទៅ​ នៅ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូងក្លាយ​ជា​ប្រទេស​ទីមួយ​នៅ​លើ​ពិភព​លោក​ដែល​មាន​ការផ្ទុះ​ឡើងនូវ​ជំងឺ​កូវីដ​១៩​។

ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក ​កូរ៉េ​ខាង​ត្បូងទប់​ទល់​ការ​រាល​ដាល​ឆ្លង​នៃ​វីរ៉ុស​កូរ៉ូណា​បាន ដោយ​សារ​តែ​យុទ្ធសាស្រ្ត​នៃ​ការ​ធ្វើ​តេស្តដ៏ទូលំទូលាយរបស់​ខ្លួន​ ការ​ប្រើប្រាស់​ទិន្នន័យ​ស្វែ​ងរក​អ្នក​ពាក់​ព័ន្ធជំងឺ​កូវីដ​១៩ និង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ជា​បន្ទាន់ ចំពោះ​អ្នក​ពាក់​ព័ន្ធ​នឹង​ជំងឺ​នេះ។

កងទ័ព​អាមេរិកក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​ត្រូវ​បាន​គេ​សរសើរ​ផង​ដែរ​ពីវិធាន​ការណ៍ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​ខ្លួន​ ​ចំពោះ​វីរុស​កូរ៉ូណា​នេះ​៕

ប្រែ​សម្រួល​ដោយលោក ជ្រា វណ្ណារិទ្ធ​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG