ប្រទេសអង់គ្លេសសមនឹងទទួលបានការរួចផុតពីការឈ្លោះគ្នា ការឈប់សម្រាកពីនយោបាយ និងការឈប់និយាយអំពីរឿងដកសមាជិកភាពរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុបឬហៅកាត់ថា Brexitតទៅទៀត។ នេះគឺជាការថ្លែងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) កាលពីថ្ងៃសុក្រ បន្ទាប់ពីគណបក្សអភិរក្សនិយមរបស់លោកបានឈ្នះអ្វីដែលលោក ចនសុន បានពិពណ៌នាថាជាការបោះឆ្នោត «វិសាមញ្ញ»។
លោក ចនសុន បានផ្ដោតការខិតខំធ្វើយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកដោយប្រើពាក្យស្លោកថា«ត្រូវដោះស្រាយបញ្ហា Brexit ឱ្យបាន»។ លោកបាននិយាយថាសំឡេងភាគច្រើននៃរដ្ឋសភាខាងគណបក្សអភិរក្សនិយមរបស់លោក នឹងអនុញ្ញាតឱ្យលោកជំរុញកិច្ចព្រមព្រៀងផ្ដាច់ខ្លួនចេញពីសហភាពអឺរ៉ុប ដែលត្រូវបានបដិសេធពីលើកមុន ឱ្យបានត្រឹមថ្ងៃទី៣១ខែមករា ឆ្នាំ២០២០។
លោក ចនសុន បានថ្លែងអំណរគុណដល់អ្នកគាំទ្រគណបក្សពលករដែលបានបោះឆ្នោតអោយគណបក្សអភិរក្សនិយមនេះជាលើកដំបូង ហើយបានសន្យាថានឹងមាន«រដ្ឋាភិបាលអភិរក្សនិយមជាតិតែមួយ»។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្ដល់ការទុកចិត្តរបស់អ្នកមកលើពួកយើងនិងខ្ញុំ។ យើងនឹងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញតាមអ្វីដែលអ្នកចង់បាន ដោយមានរដ្ឋសភាមួយដែលធ្វើការឱ្យអ្នក»៕