មន្ត្រីអង្គការអូតង់ទទូចថា មានដំណើរការវិវត្តទៅមុខនៅក្នុងកិច្ចប្រជុំកាលពីសប្ដាហ៍មុនក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដើម្បីប្រារព្ធខួបទី៧០របស់អង្គការនេះ។ បណ្ដាមេដឹកនាំនានាដែលចូលរួមក្នុងកិច្ចប្រជុំនេះបានធានាសារជាថ្មីឡើងវិញអំពីការប្ដេជ្ញារបស់ពួកគេ ក្នុងការសហការគ្នាការពារប្រទេសរបស់ខ្លួនពីភាពគឃ្លើនរបស់រុស្ស៊ី។ ប៉ុន្តែកិច្ចប្រជុំកំពូលនេះទំនងជាត្រូវបានគេចងចាំនូវទំនាក់ទំនងដ៏ងាយប្រេះឆារវាងបណ្ដាមេដឹកនាំនានា រួមមានទាំងហេតុការណ៍ដ៏អាម៉ាស់សម្រាប់នាយករដ្ឋមន្ត្រីកាណាដាផងដែរ។
រូបថតរបស់ក្រុមមេដឹកនាំនៃអង្គការអូតង់បង្ហាញនូវស្នាមញញឹមនិងការចាប់ដៃគ្នា។ ប៉ុន្តែអង្គការនេះហាក់ដូចជាលែងដំណើរការទៅមុខហើយឬយ៉ាងណា។
កិច្ចប្រជុំនៅទីក្រុងឡុងដ៏ ដើម្បីប្រារព្ធខួបទី៧០របស់អង្គការអូតង់ទំនងនឹងត្រូវគេចងចាំបំផុត នៅពេលដែលនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងមេដឹកនាំពិភពលោកដទៃទៀតត្រូវគេចាប់សំឡេងបានតាមក្បាលមីក្រូ ដោយនិយាយសើចចំអកឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
លោកប្រធានាធិបតី ត្រាំ បានឆ្លើយតបទៅនឹងស្ថានការណ៍នោះវិញ យ៉ាងដូច្នេះថា៖ «លោកគឺជាមនុស្សដែលមានមុខពីរ»។
លោក Trudeau បានបដិសេធថា លោកមិនបានសើចចំអកលោក ត្រាំ នោះទេ។
លោក Trudeau បាននិយាយយ៉ាងដូច្នេះថា៖ «ទំនាក់ទំនងរវាងប្រទេសកាណាដានិងសហរដ្ឋអាមេរិកនៅតែរឹងមាំដដែល។ ខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងលោកប្រធានាធិបតី ត្រាំ និងក្រុមការងាររបស់លោក»។
ប៉ុន្តែហេតុការណ៍នោះទំនងជាបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់លោក ត្រាំ។ លោក ត្រាំ បានលុបចោលសន្និសីទសារព័ត៌មានមួយ ដែលគ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃពុធ ទី៤ ហើយលោកបានចាកចេញពីកិច្ចប្រជុំកំពូលនោះមុនពេលបិទបញ្ចប់។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅតែគាំទ្រចំពោះការព្រមានរបស់លោកកាលពីមុននេះ ដែលថា អង្គការអូតង់លែងដំណើរការទៅមុខហើយ។
អ្នកវិភាគនិយាយថា អង្គការនេះកំពុងតែជួបនឹងបញ្ហាប្រទាំងប្រទើសគ្នាដោយសារតែឥរិយាបថរបស់បុគ្គលនិងទស្សនៈទៅថ្ងៃអនាគតសម្រាប់អង្គការនេះ។
លោក Ian Lesser នៃមូលនិធិ The German Marshall Fund របស់សហរដ្ឋអាមេរិក បានថ្លែងថា៖ «ត្រូវមានប្រទេសណាមួយដឹកនាំអង្គការនេះ។ ប្រទេសអាល្លឺម៉ង់មិនអាចដឹកនាំអង្គការនេះបានទេ ដោយសារតែស្ថានភាពបច្ចុប្បន្ន។ ប្រទេសបារាំងអាចនាំមុខបាន ប៉ុន្តែបើសិនជាគ្មានសហរដ្ឋអាមេរិក ក៏អង្គការអូតង់មិនអាចដំណើរការទៅមុខបានដែរ»។
ក្រុមមន្ត្រីអង្គការអូតង់ទទូចថា ការពិភាក្សាគ្នាទៅលើការចំណាយលើការការពារប្រទេសមានដំណើរការទៅមុខ។ ប្រទេសតួគីត្រូវបានគេបញ្ចុះបញ្ចូលមិនឲ្យរារាំងដល់ផែនការនានាក្នុងការការពារបណ្ដាប្រទេសនៅអឺរ៉ុបខាងកើត។
រដ្ឋាភិបាលក្រុងអង់ការ៉ាកាលពីមុនបានទាមទារឲ្យក្រុមសម្ព័ន្ធមិត្តរបស់អង្គការអូតង់ ប្រកាសថា យុទ្ធជនក្រុមឃឺដនៅក្នុងប្រទេសស៊ីរីគឺជា«ភេរវជន» ដើម្បីជាថ្នូរនឹងការគាំទ្ររបស់ខ្លួន។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ បានមានប្រសាសន៍ថា៖ «សក្ដានុពលរបស់អង្គការអូតង់គឺថា យើងតែងតែអាចយកឈ្នះលើការខ្វែងគំនិតគ្នាបាន ហើយរួបរួមគ្នាដើម្បីធ្វើការងារចម្បងរបស់យើង ដើម្បីការពារគ្នាទៅវិញទៅមក។ នេះជាលើកទីមួយហើយដែលយើងលើកឡើងពីអានុភាពរបស់ចិន ទាំងឧបសគ្គនិងឱកាសដែលបង្កើតឡើងដោយចិន និងឥទ្ធិពលរបស់ចិនមកលើសន្ដិសុខរបស់យើង»។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានឲ្យតម្រុយថា លោកប្រហែលជាធ្វើតាមសហរដ្ឋអាមេរិក ក្នុងការហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន។
លោក Johnson បាននិយាយយ៉ាងដូច្នេះថា៖ «យើងមិនអាចធ្វើបុរេវិនិច្ឆ័យផលប្រយោជន៍សន្ដិសុខជាតិដ៏សំខាន់របស់យើងបានទេ ហើយយើងក៏មិនអាចធ្វើបុរេវិនិច្ឆ័យសមត្ថភាពរបស់យើងក្នុងការសហការជាមួយនឹងដៃគូសន្ដិសុខFive Eyes បានដែរ។ នោះហើយគឺជាលក្ខខណ្ឌសំខាន់ ដែលយើងនឹងប្រើប្រាស់ដើម្បីធ្វើការសម្រេចចិត្តអំពីក្រុមហ៊ុន Huawei»។
Five Eyes គឺជាក្រុមសម្ព័ន្ធមិត្តស៊ើបការណ៍សម្ងាត់ ដែលរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងនូវែលហ្សេឡង់។
លោក Bobby Ghosh អ្នកវិភាគផ្នែកការពារប្រទេសនៃក្រុមហ៊ុន Bloomberg បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាថ្មីៗ ដូចជាសង្គ្រាមអ៊ីនធឺណិតនិងព័ត៌មានប្រឌិត អង្គការអូតង់គួរតែប្រយ័ត្នប្រយែង មិនគួរលូកដៃហួសហេតុពេកទេ។
លោក Ghosh បានលើកឡើងថា៖ «អង្គការអូតង់មិនអាចដោះស្រាយគ្រប់បញ្ហាទាំងអស់បានទេ។ ហើយអង្គការអូតង់ក៏មិនគួរដោះស្រាយបញ្ហាទាំងអស់ ដោយសារតែខ្លួនជាស្ថាប័នមួយដែលត្រូវបានបង្កើតឡើងហើយ និងមានសមាជិកជាច្រើនដែលជាប្រទេសមហាអំណាចនោះដែរ»។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បណ្ដាមេដឹកនាំអង្គការអូតង់ទាំង២៩បានធានាជាថ្មីឡើងវិញនូវការប្ដេជ្ញារបស់ពួកគេ ចំពោះការរួមគ្នាការពារប្រទេសរបស់ខ្លួន និងព្រមព្រៀងគ្នាថា សកម្មភាពរបស់រុស្ស៊ីគឺជាការគំរាមកំហែងដល់សន្ដិសុខរបស់បណ្ដាប្រទេសអឺរ៉ុបដែលស្ថិតនៅជាប់មហាសមុទ្រអាត្លង់ទិក។ នេះគឺជាការព្រមានដ៏ខ្លាំងក្លាបំផុត៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា