សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ផ្តល់ការកត់សម្គាល់សេរីភាពនយោបាយរបស់លោក កឹម សុខា ថា មានទំនាក់ទំនងនឹងការរក្សាបានចំណងពាណិជ្ជកម្មមានលក្ខណៈអនុគ្រោះជាមួយសហភាពអឺរ៉ុប ខណៈតុលាការបានបន្តបើកសវនាការសំណុំរឿងក្បត់ជាតិរបស់អតីតមេបក្សជំទាស់រូបនេះចំនួន៣៩លើកហើយ គិតត្រឹមថ្ងៃពុធនេះ។
កាលពីដើមខែឧសភា ឆ្នាំ២០២២នេះ សមាជិកសភារបស់សហភាពអឺរ៉ុបច្រើនលើសលប់ បានបោះឆ្នោតសម្រេចលើញត្តិមួយដែលបានបង្ហាញការព្រួយបារម្ភអំពីការបន្តបង្ក្រាបនយោបាយនៅកម្ពុជា និងបានជំរុញឱ្យគណៈកម្មការអឺរ៉ុបត្រៀមខ្លួនក្នុងការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» (Everything But Arms ឬ EBA) ទាំងស្រុងប្រសិនបើការបោះឆ្នោតនាពេលខាងមុខមិនមានភាពសេរី និងយុត្តិធម៌។ ពួកគេក៏ជំរុញឱ្យមានការទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ម៉េង សុភារី សហមេធាវីមួយរូបក្នុងចំណោមសហមេធាវីបួនរូបរបស់លោក កឹម សុខា ប្រាប់អ្នកកាសែតថា សវនាការនៅថ្ងៃពុធនេះ មិនមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ដោយភាគីតំណាងអយ្យការ និងមេធាវីដើមបណ្តឹងបានបន្តសួរសំណួរច្រំដែល ពាក់ព័ន្ធនឹងហេតុការណ៍មុន និងក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលមានភាពចន្លោះប្រហោង និងមិនត្រូវគ្នានឹងបទចោទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស។
អ្នកស្រីបន្តថា បើសិនជាគ្មានភស្តុតាងច្បាស់លាស់គាំទ្រដល់បទចោទប្រកាន់លើលោក កឹម សុខា ហើយសំណុំរឿងនេះនៅតែបន្ត ប្រជាពលរដ្ឋកម្ពុជាអាចប្រឈមមុខនឹងការខាតបង់ប្រយោជន៍ពាណិជ្ជកម្មដែលអនុគ្រោះពន្ធពីបណ្តាប្រទេសផ្សេងៗ ដោយសារការដាក់ទណ្ឌកម្ម។
អ្នកស្រីនិយាយថា៖ «អ្វីដែលជាការទាមទារកន្លងមកហ្នឹង គឺទាមទារទាក់ទងទៅនឹងបញ្ហារឿងបោះឆ្នោត។ ដូច្នេះហើយ បញ្ហាចោទប្រកាន់ទៅលើឯកឧត្តម កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយនឹងបរទេសហ្នឹងយើងឃើញថា មានការប៉ះពាល់ទៅដល់ទំនាក់ទំនងអន្តរជាតិ ហើយដែលបញ្ហានេះ គឺហាក់ដូចជាការដើរបញ្ច្រាសទិសរវាងរដ្ឋាភិបាលដែលខិតខំកសាង ខិតខំរក្សាទំនាក់ទំនងអន្តរជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរយើងក៏ដូចជា សង្គមជាតិយើងផងដែរ»។
អ្នកស្រីបន្ថែមថា៖ «ត្រង់ចំណុចនេះ ថាតើប្រយោជន៍ខ្មែរយ៉ាងម៉េច? ទីមួយ គឺដូចជាបញ្ហា រឿង EBA។ បើជាបញ្ហាទំនាក់ទំនងនេះ ត្រូវបានរង្គោះរង្គើ នោះប្រយោជន៍របស់ប្រជាពលរដ្ឋយើង ក៏ត្រូវបាត់បង់ទៅតាមនោះ។ នេះហើយ ខ្ញុំមានការព្រួយបារម្ភ បែបហ្នឹងទេ។ ហើយបើសិនជា ប៉ះពាល់បែបហ្នឹងថាតើ អ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះការបាត់បង់ផលប្រយោជន៍ប្រទេសជាតិ ក៏ដូចជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង»។
ស្របពេលតុលាការបើកសវនាការលោក កឹម សុខា នៅព្រឹកថ្ងៃពុធនេះ គេសង្កេតឃើញអ្នកគាំទ្រជាច្រើននាក់របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ ឈរនិងអង្គុយនៅមុខសាលាដំបូងរាជធានីភ្នំពេញ។ លោក កឹម សុខា បានចាកចេញពីតុលាការ ក្រោយសវនាការរយៈពេលជាង៣ម៉ោង។
លោក ហ៊ុន កុសល ដែលជាអ្នកគាំទ្រលោក កឹម សុខា អះអាងថា អវត្តមានរបស់លោក កឹម សុខា ក្នុងឆាកនយោបាយកម្ពុជា អាចនឹងធ្វើឱ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោតនាពេលខាងមុខ និងអាចធ្វើឱ្យខូចប្រយោជន៍ជាតិ ក្នុងវិស័យពាណិជ្ជកម្មដែលមានភាពអនុគ្រោះសម្រាប់ការនាំទំនិញចេញដោយមិនជាប់ពន្ធ។
«សិទ្ធិនយោបាយរបស់លោក កឹម សុខា ក៏តំណាងឱ្យអត្ថប្រយោជន៍ប្រជាជាតិខ្មែរទាំងមូលផងពាក់ព័ន្ធនឹងបញ្ហាការអនុគ្រោះពន្ធ EBA ក្តី GSP របស់សហរដ្ឋអាមេរិកក្តី ឬនយោបាយការបរទេសរបស់កម្ពុជាទាំងមូលក្តី គឺយើងបានឃើញទាំងអស់គ្នាហើយ ទាំងអូស្រ្តាលីក្តី ទាំងសហរដ្ឋអាមេរិកក្តី សហគមន៍អឺរ៉ុបទាំងមូលក្តីបានកំណត់នូវសិទ្ធិសេរីភាពរបស់លោកកឹម សុខា គឺជាលម្ហប្រជាធិបតេយ្យ។ ដូច្នេះ គឺតំណាងឱ្យនយោបាយការបរទេសកម្ពុជាទាំងមូលទៅទៀត មិនត្រឹមតែសិទ្ធិនយោបាយនៅក្នុងការចូលរួមបោះឆ្នោតទេ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្តីក្តាំដែលជាប់ហេតុផលនយោបាយរបស់អតីតមេបក្សប្រឆាំងមិនគួរត្រូវបានយកចាត់ការតាមប្រព័ន្ធតុលាការទេ ហើយរឿងនេះគួរតែត្រូវបានសម្របសម្រួលទៅតាមការចរចានយោបាយដោយផ្ទាល់ជាមួយគណបក្សកាន់អំណាច ដើម្បីបញ្ចៀសការខាតបង់ក្នុងដំណើរការកសាងប្រជាធិបតេយ្យ និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។
លោកនិយាយថា៖ «មានតែមធ្យោបាយមួយទេ គឺការធ្វើយ៉ាងណាឱ្យមានកិច្ចជំនួបចរចារកដំណោះស្រាយនយោបាយរវាងអ្នកនយោបាយជាជាងយើងនៅតែបន្តការប្រើប្រាស់វិធីសាស្ត្រតុលាការ ក្នុងការដាក់សម្ពាធគូភាគីបែបនេះ វាធ្វើឱ្យបញ្ហាទាំងអស់នេះ មិនអាចដោះស្រាយបានទេ។ ហើយផលជះនៃអំពើ ការអនុវត្តកន្លងមកហ្នឹងគឺ នឹងជះទៅដល់ការប៉ះពាល់ដល់រដ្ឋាភិបាលទៅវិញ អាហ្នឹងគឺជាអ្វីដែលយើងមានការព្រួយបារម្ភ»។
ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាមិនទាន់ឆ្លើយតបសំណួររបស់ VOA ផ្ញើតាមសារអេឡិចត្រូនិកអ៊ីមែល។ ចំណែកមន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកលោក Chad Roedemeier ស្នើឱ្យអ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិកយោងទៅតាមការធ្វើការអត្ថាធិប្បាយរបស់លោកឯកអគ្គទូត W. Patrick Murphy តាមប្រព័ន្ធទំនាក់ទំនងសង្គម Twitterកាលពីខែមីនាកន្លងទៅ។
បើតាមការធ្វើអត្ថាធិប្បាយតាមប្រព័ន្ធទំនាក់ទំនង Twitter នោះ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា លោកបានជួបពិភាក្សាជាមួយលោក កឹម សុខា និងបានបន្ថែមក្នុងន័យដើមថា៖ «ប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍ពីការផ្តល់ឡើងវិញនូវសេរីភាព និងសិទ្ធិនយោបាយរបស់លោក កឹម សុខា ចូលរួមក្នុងដំណើរការបោះឆ្នោត»។
គួររំឭកឡើងវិញផងដែរថា មុនពេលឡើងតុលាការនៅថ្ងៃពុធនេះ លោក កឹម សុខាបានជួបប្រាស្រ័យទាក់ទងជាមួយនឹងឯកអគ្គរដ្ឋទូតបីរូបសំខាន់ៗរួមមានលោក ឯកអគ្គរដ្ឋទូត W. Patrick Murphy អ្នកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Carmen Moreno និងលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Christian Berger។ នេះបើតាមសារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា។
លោក កឹម សុខា ផ្តល់ការអត្ថាធិប្បាយថា ក្នុងជំនួបដាច់ដោយឡែកផ្សេងៗគ្នានោះ លោកបានពិភាក្សាផ្លាស់ប្តូរព័ត៌មាន និងទស្សនៈគ្នា ដោយធ្វើបច្ចុប្បន្នភាពនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាន នៅសហភាពអឺរ៉ុប នៅសហរដ្ឋអាមេរិក និងនៅកម្ពុជាថ្មីៗនេះ និង ជាពិសេសអំពីទំនាក់ទំនងនានា ដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាតំបន់។ ដំណាលគ្នានោះដែរ តំណាងប្រទេសជាមិត្តក៏លើកពីបញ្ហាលម្ហប្រជាធិបតេយ្យនៅកម្ពុជាក៏ដូចជាការទាមទាររកយុត្តិធម៌ និងសិទ្ធិសេរីភាពរបស់លោកក្នុងការចូលរួមសកម្មភាពនយោបាយផងដែរ។
លោកបន្ថែមថា ជំនួបរបស់លោកជាមួយតំណាងរដ្ឋបរទេសជាមិត្តមានន័យពីរយ៉ាងគឺ ទី១ លោកគឺជាតួអង្គតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលអាចចូលរួមស្វែងរកដំណោះស្រាយបញ្ហាជាតិ រវាងខ្មែរ និង ខ្មែរដោយមានការសាទរពីសហគមន៍អន្តរជាតិបាន។ ទី២ ផ្តល់តម្លៃដល់លោក ដែលប្តេជ្ញាចិត្តមិនរត់ចោលមាតុភូមិកម្ពុជា និងមិនបោះបង់ចោលឆន្ទៈប្រជាពលរដ្ឋខ្មែរ ដោយមានការអត់ធ្មត់ដើម្បីស្វែងរកដំណោះស្រាយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាធិបតេយ្យជាធំ មិនបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ និងដោយប្រកាន់យកនូវគោលការណ៍អហិង្សា។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃ ពុធនេះថា សំណុំរឿងលោក កឹម សុខា កំពុងស្ថិតក្នុងដៃតុលាការដែលគ្មានស្ថាប័នណាលូកដៃបានឡើយ។
លោកថ្លែងថា៖ «រឿងក្តីកឹម សុខាហ្នឹង កំពុងស្ថិតនៅក្នុងតុលាការដែលតុលាការកំពុងតែដំណើរការតាមនីតិវិធី។អ៊ីចឹងគឺអ្នក ដទៃ ក្រៅពីតុលាការ អត់មាននរណាហ៊ានលូកដៃជ្រៀតជ្រែកចូលកិច្ចការតុលាការទេ»។
ទាក់ទិនលទ្ធភាពដែលសហភាពអឺរ៉ុប អាចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជានោះ លោក សុខ ឥសានថា សហភាពអឺរ៉ុបមានសិទ្ធិក្នុងការសម្រេចលើបញ្ហានេះ។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBAចំនួន២០%ពីកម្ពុជា ដែលប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ទៅប្រទេសនៅអឺរ៉ុប។ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែកនេះកើតឡើង បន្ទាប់ពីសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕