ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អឺរ៉ុប​អំពាវនាវ​ឲ្យ​ត្រៀម​ខ្លួន​ដក​ EBA​ ទាំង​ស្រុង ប្រសិន​ការ​បោះឆ្នោត​នៅ​កម្ពុជា​មិន​យុត្តិធម៌


ទង់​សហភាព​អឺរ៉ុប​បក់​​នៅ​ខាង​ក្រៅ​អគារ​សភា​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។

សមាជិក​សភា​អឺរ៉ុប​ភាគ​ច្រើន​លើសលប់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បោះឆ្នោត​សម្រេច​លើ​ញត្តិ​មួយ ដោយ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​បង្រ្កាប​នយោបាយ​នៅ​កម្ពុជា ហើយ​បាន​ជំរុញ​ឲ្យ​គណៈ​កម្មការអឺរ៉ុប​ត្រៀម​ខ្លួន​ក្នុង​ការ​ដកឋានៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (Everthing But Arms ឬ EBA)​ទាំង​ស្រុង ប្រសិន​បើ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ មិន​យុត្តិធម៌។ នេះ​បើ​យោង​តាម​ញត្តិ​មួយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សមាជិក​សភា​អឺរ៉ុប​ដែល​ចូលរួម​ប្រជុំ ក្នុង​នោះ​៥២៦​សំឡេង បោះឆ្នោត​គាំទ្រ ៥​សំឡេង​ប្រឆាំង និង​៦៣​សំឡេង​អនុបវាទ។

ញត្តិ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​សមា​ជិក​សភា​អឺរ៉ុប​មួយ​ចំនួន ដែល​បារម្ភ​អំពី​ការ​បន្ត​បង្រ្កាប​លើ​គណបក្សនយោបាយ​ប្រឆាំង​និង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​សភា​អឺរ៉ុប​ឲ្យ​ដឹង​ថា​សមាជិក​សភា​អឺរ៉ុប​បាន​បង្ហាញ​«ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»​ទៅ​លើ​ការ​ដើរ​ថយ​ក្រោយ​នៃ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣។ ពួកគេ​ក៏​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​តាមដាន​សកម្មភាព​អនឡាញ និង​ការ​គំរាម​លើ​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​សិទ្ធិ​ឯកជនភាព។

ពួកគេ​អំពាវនាវ​ឲ្យ​គណៈ​កម្មការ​តាម​ដាន​នូវ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «ពួកគេ​[សមាជិក​សភា​អឺរ៉ុប]​និយាយ​ថា​គណៈ​កម្មការ​អឺរ៉ុប​គួរ​តែ​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​មាន រួម​មាន​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ទាំង​ស្រុង​តែ​ម្តង និង​ទណ្ឌកម្ម​ផ្សេង​ទៀត ប្រសិន​បើ​អ្នក​តាម​ដាន​ការ​បោះឆ្នោត​រក​ឃើញ​ភស្តុតាង​នៃ​ការ​បោះឆ្នោត​មិន​យុត្តិធម៌»។

ញត្តិ​នោះ​មាន​រៀបរាប់​ករណី​ជា​ច្រើន​នៃការ​បង្រ្កាប​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​ដើម។ ពួកគេ​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ជា​បន្ទាន់​លើ​លោក កឹម សុខា លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និង​មន្រ្តី​បក្ស​ប្រឆាំង​ផ្សេង​ទៀត។

ពួកគេ​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ក្រុម​មុខ​សញ្ញា និង​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​អនុម័ត​នូវ​វិធានការ​រឹត​បន្តឹង រួម​មាន​បម្រាម​ការ​ធ្វើ​ដំណើរ ការ​បង្កក​ទ្រព្យ​សម្បត្តិ​ជា​ដើម។
ពួកគេ​អំពាវនាវ​ដល់​គណៈ​កម្មការ​អឺរ៉ុប​តាម​ដាន​ការ​គាំទ្រ​ជំនួយ​ទ្វេ​ភាគី​ទាំង​អស់​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ហើយ​ធានា​ការ​គាំទ្រ​ទ្វេ​ភាគី​ទៅ​កាន់​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​វិញ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ​ សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​ លើកលែង​សព្វាវុធ» ​ឬ​ Everything But Arms ​(EBA)​ ចំនួន​២០%​ពី​កម្ពុជា ​ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀកបំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប។ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​មួយ​ផ្នែក​ នេះ​កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សភា​អឺរ៉ុប​ក៏​បាន​ជំរុញ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់នៃ​ការ​ដក​ប្រព័ន្ធ EBA ​ដោយ​ផ្នែក​នេះ​ផង​ដែរ។

លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​បោះឆ្នោត​របស់​សភា​អឺរ៉ុប ជា​«ការ​លម្អៀង​ផ្នែក​នយោបាយ»​មួយ។ លោក​បន្ថែម​ថា​ការ​លើក​ឡើង​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ស្ថានភាព​ពិតនៅ​កម្ពុជា​ឡើយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​ការ​បោះឆ្នោត​សម្រេច​បែប​ណា​របស់​ជន​បរទេស វា​ជា​ការ​លម្អៀង​ខាង​នយោបាយ គាត់​ជឿ​តែ​ម្ខាង។ យើង​ឃើញ​ថា​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ស៊ី​ប្រាក់​ខែ​មក​ពី​ហ្នឹង យក​មូលនិធិ​ឧបត្ថម្ភ​ពី​ខាង​ហ្នឹង​មក។ អញ្ចឹង​ហើយ​គាត់​ត្រូវ​ជឿ​កូន​ជឹង​របស់​គាត់​ហើយ។ បើ​កូន​ជឹង​របស់​គាត់​ថា​ម៉េច គាត់​ជឿ​តាម​ហ្នឹង»។

លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​សុក្រ​ថា​ ការ​អនុម័ត​ញត្តិ​នេះ បន្ទាប់​ពី​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក កាល​ពីថ្ងៃ​២០ និង​២១ ខែ​មេសា ឆ្នាំ​២០២២ ដើម្បី​ទៅ​ជួប​អ្នក​មុខ​អ្នក​ការ​ក្នុង​ស្ថាប័ន​សហភាព​អឺរ៉ុប​មួយ​ចំនួន។

លោក​បញ្ជាក់​ថា៖ «ញត្តិ​របស់​សភា​អឺរ៉ុប​នេះ ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ទាំង​មូល មាន​ប្រទេស​២៧ ជា​សមាជិក ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង មក​លើ​របប​លោក ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ ដំណើរ​ការ​ឡើង​វិញ នៅ​កម្ពុជា ដោយ​មាន​គណបក្ស​សង្គ្រោះជាតិ ចូលរួម​យ៉ាង​សកម្ម»។

លោក អំ សំអាត ​នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា​ សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​លើ​ការ​ដក​ EBA​ ទាំង​ស្រុង ដោយ​សារ​មិន​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ស្ថានភាព​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា​សង្គម​ស៊ីវិល​ចង់​ឃើញ​ស្ថាន​ភាព​មួយ​ដែល​មាន​ការ​លើក​កម្ពស់​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ការ​គោរព​សិទ្ធិ និង​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បញ្ចប់​វិបត្តិ​នយោបាយ ដែល​រង​ការ​រិះគន់។

លោក​បញ្ជាក់​ថា៖ «យើង​ឃើញ​ថា​សហគមន៍​អឺរ៉ុប​ក៏​គេ​កត់​ចំណាំ ហើយ​និង​គេ​រង់​ចាំ​មើល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​នេះ តើ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ដែរ​ឬ​ទេ? អាហ្នឹង​វា​សុទ្ធ​តែ​ស្ថិត​ក្នុង​លក្ខខណ្ឌ​មួយ​រង់ចាំ​មើល​ទាំង​អស់​គ្នា​ហ្នឹង​ហើយ»។

លោក​បន្ត​ថា​សង្គម​ស៊ីវិល​មិន​ចង់​ឃើញ​ការ​ផ្តាច់​ប្រព័ន្ធ EBA ​ទាំង​ស្រុង​ឡើយ ដែល​វា​នឹង​ប៉ះពាល់​ដល់​កម្មករ​រាប់​ម៉ឺន​នាក់​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​ក្នុង​ប្រទេស៕

XS
SM
MD
LG