ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​តាម​ដាន​ចង់​ឃើញ​ការ​ផ្សះផ្សា​នយោបាយ ក្រោយ​លោក ហ៊ុន សែន និង​លោក កឹម សុខា ជួប​គ្នា​អស់​៤​ម៉ោង


លោក កឹម សុខា (ស្ដាំ) អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ អង្គុយ​សំណេះសំណាល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បុណ្យ​សព​លោក ហ៊ុន ណេង ដែល​​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២២។ (រូបថតពី Facebook/Kem Sokha)

​រូបភាព​នៃ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា មេដឹកនាំ​គណ​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ក្តីក្តាំ​នៅ​តុលាការ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​បាន​រាយការណ៍​ថា​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ជួប​គ្នា​ក្នុង​អស់​រយៈ​ពេល​៤​ម៉ោង។

ក្នុង​ពេល​ទៅ​គោរព​សព​របស់​លោក ហ៊ុន ណេង ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក ហ៊ុន សែន ក្នុង​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម លោក កឹម សុខា ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ដោយ​ភាគី​ខាង​គណបក្ស​ប្រឆាំង​បាន​អះ​អាង​ថា​មាន​ការ​ពិភាក្សា​អំពី​«បញ្ហា​ប្រទេស​ជាតិ»។ ភាគី​ខាង​គណ​បក្ស​ទាំង​ពីរ​មិន​បាន​បញ្ជាក់​លម្អិត​នៃ​ការ​ពិភាក្សា​នៅ​ក្នុង​ជំនួប​នោះ​ឡើយ។

អ្នក​តាម​ដាន​នយោបាយ​នៅ​កម្ពុជា​យល់​ថា​ ជំនួប​នេះ​ជា​រឿង​ល្អ និង​ចង់​ឃើញ​ឱ្យ​មាន​ការ​បើក​ឱកាស​បែប​នេះ​បន្ត​ទៀត​ ដើម្បីឈាន​ទៅ​រក​ដំណោះ​ស្រាយ​នយោបាយ និង​រឿង​ក្តី​ក្តាំ​លើ​គណ​បក្ស​ស​ង្គ្រោះជាតិ។

លោក កឹម សុខា បាន​បង្ហោះរូបភាព និង​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ដោយ​បញ្ជាក់​ថា​លោក​បាន​ពិភាក្សា​បញ្ហា​ជា​ច្រើន ជា​ពិសេស​បញ្ហា​ប្រទេស​ជាតិ ​និង​អំពីប្រជា​ជន​កម្ពុជា។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​តើ​មាន​ការ​ពិភាក្សា​រឿង​នយោ​បាយ ជា​ពិសេស​ដំណើរ​ការ​ផ្សះ​ផ្សារ​ជាតិ ដែល​លោក​តែង​តែ​អំពាវ​នាវ និង​ចង់​ឃើញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក កឹម សុខា ​បាន​សរសេរ​ថា​៖ ​«ក្នុង​ឱកាស​នោះ​ដែរ​ ខ្ញុំ ​និង​សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក៏​បាន​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហាជា​ច្រើន ជា​ពិសេស​បញ្ហា​ប្រទេស​ជាតិ ​និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ផង​ដែរ»។

ទោះ​ជា​យ៉ាងណា លោក ហ៊ុន សែន ដែល​កំពុង​កាន់​ទុក្ខ​បង​ប្រុស មិន​បាន​បង្ហោះ​រូប​ភាព និង​សារ​អ្វី​ឡើយ​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក។ ប៉ុន្តែ​គេ​ឃើញ​ក្នុង​បណ្តាញ​សង្គម​តេឡេ​ក្រាម​(Telegram)​របស់លោក​នាយក​រដ្ឋ​មន្រី្ត​ដែល​ទើប​ត្រូវ​បាន​បង្កើត​កាល​ពី​ពេល​ថ្មីៗ មាន​បង្ហោះ​រូបភាព​នៃ​ជំនួប​នោះ​ដែរ និង​សារ​ខ្លី ដែល​ថា​អនុញ្ញាត​ឱ្យ​លោក កឹម សុខា ចូល​ជួប​ដើម្បី​សម្តែង​មរណ​ទុក្ខ​ដល់​បង​ប្រុស​របស់​លោក។

លោក មុត ចន្ថា ជា​មន្រ្តី​ម្នាក់​ដែល​ស្និទ្ធ​នឹង​លោក ​កឹម សុខា និង​បាន​ចូល​រួម​ក្នុង​ជំនួប​នោះ​ដែរ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​កិច្ច​សន្ទនា​នោះ​បាន​ចំណាយ​រយៈ​ពេល​៤​ម៉ោង ប្រកប​ដោយ​«ការ​ស្ថាបនា និង​ការ​យោគ​យល់គ្នា»។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​ឱកាស​ដ៏​ក្រៀម​ក្រំ​នេះ​ដែរ ឯក​ឧត្តម កឹម​ សុខា ​បាន​ចូល​សម្តែង​ការ​គួរ​សម និង​បាន​ចូល​រួម​មរណ​ទុក្ខ​ដោយក្តី​សោក​ស្តាយ​ដោយផ្ទាល់​ជាមួយ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​យ៉ាង​ពិស្តារ​អំពី​បញ្ហាជាតិ​ចម្បង​ៗ មាន​ជា​អាទិ៍​[ការ​]ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាត​ត្បាត​កូវីដ១៩ ​យុទ្ធនាការ​បង្ការ​ និង​ការ​ចាក់វ៉ាក់​សាំង​បង្ការ​កូវីដ​១៩​ជូន​ប្រជាពល​រដ្ឋ​ខ្មែរ ការ​ស្តារ​សេដ្ឋកិច្ច​នៅ​ក្រោយ​បរិបទ​ជំងឺ​រាត​ត្បាត​កូវីដ​១៩​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ​សំខាន់​ៗ ព្រម​ទាំង​ស្ថាន​ការណ៍​ក្នុង​តំបន់ និង​ពិភព​លោក​ជា​ដើម»។

ប៉ុន្តែ​លោក ​មុត ចន្ថា ​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​នោះ​ទេ​ថា​តើក្នុង​ជំនួប​នោះ​មាន​ការ​ពិភាក្សា​អំពី​ការ​ផ្សះ​ផ្សារ​ជាតិ និង​ការ​បន្ត​អូស​បន្លាយ​សំណុំ​របស់​រឿង​លោក កឹម​ សុខា នៅ​តុលាការ ឬ​យ៉ាង​ណា។

លោក មាជ សុវណ្ណារ៉ា មន្រ្តី​ម្នាក់​អម​ដំណើរ​លោក កឹម សុខា ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ស្នើ​ឱ្យ​ទាក់​ទង​ទៅ​លោក មុត ចន្ថា។ ចំណែក​អ្នកស្រី​ ម៉េង សុភារី មេធាវី​របស់​លោក កឹម សុខា ដែល​បាន​ចូលរួម​ក្នុង​ជំនួប​នោះ​ដែរ បាន​ស្នើ​ឱ្យ​ទាក់ទង​ទៅ​លោក មុត ចន្ថា វិញ នៅ​ពេល​វីអូអេ​សាក​សួរ​អំពី​ជំនួប​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ​ឥសាន យល់​ឃើញ​ថា​ការ​ជួប​ពិភាក្សា​របស់លោក​នាយក​រដ្ឋមន្ត្រី និង​លោក កឹម សុខា គឺ​ជា​មនោ​សញ្ចេត​នា​តាម​ប្រពៃ​ណី​ខ្មែរ​តែ​ប៉ុណ្ណោះ មិន​មែន​ជារឿង​នយោបាយ ឬ​ការ​ដោះ​បន្ទុក​ផ្នែក​នយោបាយ​ណាមួយ​ឡើយ។

លោក​បញ្ជាក់​ថា៖ «​ហើយ​ខ្ញុំ​លើក​ឡើង​ ខ្ញុំ​មាន​ទឡ្ហីករណ៍​របស់​ខ្ញុំ ដូច​ដែល​មាតា​ក្មេក​របស់​សម្តេច​ទទួលមរណភាព ​ក៏​លោក កឹម សុខា អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​ដែរ ហើយ​ពេល​នោះក៏​មាន​ការ​ជួប​ពិភាក្សា សំណេះ​សំណាល​គ្នា​រយៈ​ពេល​ច្រើនម៉ោង​ដែរ។ ហើយ​ក៏​ប៉ុន្តែ​ដំណើរ​ការ​ នីតិវិធី​របស់​តុលា​ការ​នៅ​តែ​ដដែល និង​ដំណើរ​ការ​នយោបាយ​នៅ​កម្ពុជា​ ក៏​នៅ​ប្រព្រឹត្ត​ទៅ​តាម​ការ​ជាក់ស្តែង​ជា​ធម្មតា​ អត់​មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជួប​គ្នា​ហើយ​សម្រួល​ដល់​សភាព​ការណ៍នយោបាយ និ​ងសភាព​ការ​ណ៍ផ្លូវ​ច្បាប់​ទេ»។

គួរ​រំឭក​ថា​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង លោក កឹ​ម សុខា​ ធ្លាប់​បាន​ជួប​ និង​មាន​កិច្ច​សន្ទនា​ដ៏​កម្រ​មួយ​ផង​ដែរ ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ពិធី​បុណ្យ​សព​របស់​លោកស្រី ប៊ុន ស៊ាងលី ដែល​ជា​ម្តាយ​ក្មេក​របស់​លោកនាយករដ្ឋ​មន្រ្តី។

អនុ​ប្រធានគណ​បក្ស​ភ្លើង​ទៀន​ លោក ​ថាច់ ​សេដ្ឋា ថ្លែង​ថា ​គណ​បក្ស​ភ្លើង​ទៀន​គាំទ្រ​រាល់​ការ​សន្ទនា ​និង​ការ​ជួបជុំរក​ដំណោះ​ស្រាយ​លើ​ប​ញ្ហា​ប្រទេស​ជាតិ ដើម្បី​ជា​គោល​ដៅ​ក្នុង​ការ​ផ្សះ​ផ្សារ​ជាតិ ការ​បង្រួប​បង្រួម​ជាតិ និង​បញ្ចប់​រាល់​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក​ថា​ប្រសិន​បើ​មិន​បាន​ពិភាក្សា​អំពី​ការ​ផ្សះ​ផ្សារ​ជាតិ​នោះ​ទេ គឺ​វា​មិន​មាន​ន័យ​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «អ៊ីចឹង​សំខាន់​បំផុត​ នៅ​ពេលជំនួប​ត្រូវ​តែ​មាន​ [ឬ]​យ៉ាង​ហោច​ណា​ស់​ត្រូវ​តែ​មាន​សញ្ញា​ថាមា​ន​ការ​ជួប​ជុំ​គ្នា​ ផ្សះ​ផ្សារ​ជាតិ​ ឬក៏​ចាប់​ផ្តើម​នៃ​ការ​សន្ទនា ដើម្បី​បញ្ចប់​វិបត្តិ​នយោ​បាយ បាន​មាន​ន័យ[​និង​]មាន​ខ្លឹម​សារ»។

លោក​បន្ត​ថា៖ «ដូច្នេះ​បើ​យើង​មាន​ចេតនា​រក​ដំណោះស្រាយ​ជូន​ជាតិ យើង​ត្រូវ​តែ​បង្កើត​ឱ្យ​មាន​ការ​សន្ទនា​ជា​ញឹក​ញាប់ ការ​ជជែក​គ្នា​ជា​ញឹក​ញាប់​រវាង​ថ្នាក់​ដឹក​នាំ​នយោ​បាយ»។

លោក មាស នី អ្នក​វិភាគ​នយោ​បាយ និង​សង្គម​ លើក​ឡើង​ថា ​វប្បធម៌​សន្ទនា​នេះ​គឺ​ជា​ការ​វិវឌ្ឍ​ជា​វិជ្ជ​មានមួយ និង​ជា​ឧបករណ៍​មួយ​សំខាន់ ដែលត្រូវ​តែ​បណ្តុះ​ឱ្យ​មាន​ច្រើនបន្ត​ទៀត ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា​នយោ​បាយ​ និង​ឈាន​ទៅផ្សះ​ផ្សារ​ជាតិក្នុង​ប្រទេស​កម្ពុជា ព្រោះ​លោក​កត់​សម្គាល់​ថា​ កន្លង​មក អ្នក​នយោបាយ​តែង​តែ​យក​វប្បធម៌​ឈ្លោះ​ប្រកែក​យក​ឈ្នះចាញ់​លើ​គ្នា ការមិន​មើល​មុខ​គ្នា ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អំណាច និង​ឥទ្ធិ​ពល​របស់​ខ្លួន ជា​ជាង​ចំណាយ​ពេល​ជួប​ជជែក​ទល់​មុខ​គ្នា ដើម្បី​ឱ្យ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ហើយ​បាន​ជា​រហូត​មក​ដល់​ឥឡូវហ្នឹង​ គឺ​យើង​បាន​ចំណាយ​ពេល​តិច​តួច​ណាស់ ដើម្បី​ផ្សះ​ផ្សារ​ជាតិ ក្រៅ​ពី​ហ្នឹង គឺ​មាន​តែ​ការ​ប្រកួត​ ដើម្បី​ដណ្តើម​អំណាច​ ដណ្តើម​ឥទ្ធិពល ដណ្តើម​នូវ​ប្រជាប្រិយ​ភាព​គ្នា​ទៅ​វិញ​ទៅ​មក។ អ៊ីចឹង​ការ​ជួបគ្នា ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ ដែល​ពី​ដើម​មក​យើង​ហៅ​ថា​វប្បធម៌​សន្ទនា​នេះ វា​ជា​ឧប​ករណ៍​មួយ​សំខាន់​សម្រាប់​ឈាន​ទៅ​រក​ការ​ផ្សះ​ផ្សារ​ជាតិ​ទាំង​ស្រុង»។

គួរ​បញ្ជាក់​ថា​លោក ​កឹម សុខា ​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ជាង​១០០​នាក់​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ លោក​បាន​រៀប​គម្រោង​ប៉ុនប៉ង​ផ្តួល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ប៉ុន្តែ​ទោះជា​យ៉ាង​ណាក្តី​ ទាំង​លោក កឹម សុខា និង​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ៕

XS
SM
MD
LG