ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​ធ្វើ​របាយការណ៍​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អ.ស.ប.


លោក Surya Subedi ប្រេសិត​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
លោក Surya Subedi ប្រេសិត​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

ការ​គោរព​សិទ្ធិ​មនុស្សនៅកម្ពុជា​នៅ​តែ​ជា​ចំណោទ​បញ្ហា​មួយ​ដ៏​ធំ​សម្រាប់ប្រទេស​ក្រីក្រ​មួយ​នេះ។​ អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​នៅ​ប្រទេស​នេះ​បាន​ធ្វើ​របាយការណ៍​ស្រមោល​ជា​ច្រើន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ ​តាម​កតិការ​សញ្ញា​ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ ហើយ​បញ្ជូន​របាយការណ៍​នេះ​ទៅ​កាន់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាតិ។​ ហើយ​គណៈ​កម្មាធិការ​ពិសេស​នេះ​នឹង​លើក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មក​ពិនិត្យ​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។​

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ប្រាប់​អង្គការ​សហ​ប្រ​ជាជាតិ​ថា​ ប្រទេស​កម្ពុជានៅ​តែ​ប្រឈម​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ថែម​ទៀត។​

នៅ​ក្នុង​របាយការណ៍​រួម​មួយ​ ដែល​មាន​៨៦​ទំព័រ​ ដែល​បាន​ដាក់​ជូន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធំៗ​នៅ​ក្នុ្ងង​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា​ សិទ្ធិ​ប្រមូល​ផ្តុំ​សេរីភាពបញ្ចេញ​មតិ​ ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ និង​វិសមភាព​ផ្នែក​ជេនឌឺ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ ​ហើយ​តម្រូវ​ឲ្យមាន​ការ​កែ​ប្រែបន្ថែម​ទៀត។​

អង្គការ​ទាំង​នោះ​រួម​មាន​ អង្គការតម្លាភាព​កម្ពុជា​ ដែល​នៅ​កាត់​ថា​ TI​ វេទិកា​នៃ​អង្គារ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ​NGO Forum​ ​ គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មិនុស្ស​កម្ពុជា​ ​CHRAC​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឈន៍​នៅ​កម្ពុជា ​ADHOC និង ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋានជាដើម។​

គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាតិដែល​មាន​ទីតាំង​នៅទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​នឹង​ត្រូវ​ពិនិត្យរបាយការណ៍​សិទ្ធិ​មនុស្សនៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧​ខែ​មិនា​សប្តាហ៍​ក្រោយ​នេះ​ នៅ​ក្នុង​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​«នា​ឆ្នាំ​កន្លង​ទៅ​មាន​ការ​ប្រព្រឹត្ត​ហិង្សា​ជា​ច្រើន​ទៅលើ​បាតុករ​ រួមមាន​ការ​បាញ់​ប្រហារ​ទៅ​លើ​បាតុករ​នៅ​ផ្លូវ​វ៉េងស្រេង​នា​ខែ​មករា​ឆ្នាំ​២០១៤​ ការ​បំបែ​កបាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​និង​ការ​បិទ​ទីលាន​នេះ​ ការ​ចាប់​ខ្លួន​ និង​ការ​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​បំបិទ​សិទ្ធិ​តវ៉ា​របស់​ក្រុម​សកម្ម​ជន​បឹងកក់ ​ដែល​ជា​ការ​បំបិទ​សិទ្ធិប្រមូល​ផ្តុំ​របស់​ប្រជាពល​រដ្ឋ​ និង​ការ​បញ្ចេញ​មតិដោយ​សេរី​នៅ​កម្ពុជា»។​

បន្ថែម​ពីនោះ​ទៀត​ ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​គូស​បញ្ជាក់​ថា​ ការ​លើក​តម្កើង​សមភាព​ជេនឌឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​ ហើយ​ការ​រើស​អើង​ចំពោះ​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​មាន​កម្រិត​ខ្ពស់។​

​ដោយ​ឡែក ​របាយការណ៍​ស្រមោល​កម្រាស់៣២​ទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ CCHR​ ក៏​បាន​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​សម្ពាធ​ និង​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល ដែល​មាន​ចែង​នៅ​ក្នុងសេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការសង្គម​ស៊ីវិល​ដែល​កំពុង​ស្ថិតក្នុង​ដៃ​រដ្ឋាភិបាល​នៅ​ឡើយ។​ លើស​ពី​នេះ​ទៀត​និទណ្ឌ​ភាព ​ឬ​ភាព​គ្មានទោស​ពៃរ៍​ ​នៅ​តែ​ជា​បញ្ហា​សម្រាប់ប្រទេស​កម្ពុជា។​

លោកស្រី​ចក់​ សុភាព​ នាយិកា​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ CCHR បាន​និយាយ​ថា​ ដំណើរការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជាមាន​ការ​រីក​ចម្រើន​ ក៏​ប៉ុន្តែ​កម្ពុជានៅ​តែ​ប្រឈមបញ្ហា​សិទ្ធិ​មនុស្ស។​

«នៅ​ក្នុង​ដំណើរ​ការ​នេះ​ យើង​ឃើញ​ថា​ នៅ​មាន​ការ​ប្រឈម​ជា​ច្រើន​ ដែល​ត្រូវ​ការ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​មួយ​ក្រៅ​ពី​ទទួល​យក​លិខិតូបករណ៍​អន្តរជាតិ​នៅ​លើ​ប្រដាស​ ប៉ុន្តែ​ការ​អនុវត្ត​គ្មាន»។​

លោក ​ម៉ក់ សម្បត្តិ​ អនុប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃរដ្ឋាភិបាល​ដែល​នឹង​ដឹក​នាំ​គណៈប្រតិភូ​តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូល​រួម​ការ​ប្រជុំ​របស់​ គណៈ​កម្មការ​សិទ្ធិ​មនុស្សអង្គការ​សហ​ប្រជាតិ ​បានប្រាប់​វីអូអេ​ជា​ខេមេរភាសា​ថា ការ​លើក​ឡើង​របស់អង្គការ​សង្គម​ស៊ីវិល​គឺ​គ្រាន់​តែ​ជា​មួយ​ផ្នែក​តូចនៃ​បញ្ហា​សិទ្ធិ​មនុស្ស​តែប៉ុណ្ណោះ។​

«បើ​ថា​ ច្បាស់​សឹម​យើង​និយាយ​ កុំចេះ​តែ​និយាយ​បំពុល​ ឬ​និយាយ​ដើម្បី​ប្រយោជន៍​អ្វី​មួយ។ ​ហើយ​បើ​យើង​ចង់​និយាយ​អំពី​បញ្ហា​សិទ្ធិ​មុនស្ស​ សូម​និយាយ​សិទ្ធិ​មនុស្ស​ដើម្បី​ទាំង​អស់​គ្នា។​ ​ កុំ​ធ្វើ​ការ​សិទ្ធិ​មនុស្ស​ដើម្បី​ប្រយោជន៍​អ្វី​មួយ​ ឬ​ដើម្បី​រឿង​ស្អី​មួយ​នៅ​ពី​ក្រោយ​ខ្នង»។​

គួរបញ្ជាក់​ផង​ដែរ​ថា ​បន្ទាប់​ពី​មាន​ការ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ពេល​បោះឆ្នោត​នា​ខែ​កក្កដា​ឆ្នាំ​២០១៣​ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ជា​ពិសេស​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ​និង​ការ​បញ្ចេញ​មតិ​ជា​សា​ធារណៈ​ត្រូវ​បាន​រឹត​ត្បិត។​ ​នេះ​បើ​យោង​តាម​ការ​កត់​សម្គាល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា៕

XS
SM
MD
LG