ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Human Rights Watch៖ ប្រទេស​កម្ពុជា​ត្រូវ​ធ្វើការ​ផ្លាស់ប្តូរ


លោក ប្រេដ អាដាមស៍ (Brad Adams) (ឆ្វេង) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី
លោក ប្រេដ អាដាមស៍ (Brad Adams) (ឆ្វេង) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី

អ្នក​ជំនាញ​នៅ​តែ​មាន​ទុទិដ្ឋនិយម​ចំពោះ​កំណែ​ទម្រង់​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។ មក​ទល់​ថ្ងៃ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រឡូក​ចូល​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល​៣០ឆ្នាំ​គត់ គិត​ចាប់តាំង​ពី​ថ្ងៃ​ទី១៤ ខែមករា​ ឆ្នាំ១៩៨៥មក។ កាលពី​ថ្ងៃទី១៣ ខែមករា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​ចេញរបាយ​ការណ៍​ថ្មី​មួយ​ស្តី​អំពី​កំណត់ត្រា​សិទ្ធិ​មនុស្ស​កម្ពុជា ក្រោម​ការ​ដឹក​នាំរបស់​លោក​នាយករ​ដ្ឋម​ន្ត្រី ហ៊ុន សែន។

នៅក្នុង​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch)នេះ បាន​វិភាគ​លើ​កំណត់​ត្រា​ស្តី​អំពី​សិទ្ធិ​មនុស្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន មួយ​ថ្ងៃ​មុន​ថ្ងៃ​គំរប់​ខួប​៣០​ឆ្នាំ​នៃ​ការដឹក​នាំ​ប្រទេស​របស់​លោក។ របាយការណ៍​នេះ ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​នៅ​មាន​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ក្នុង​ការធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ និទណ្ឌ​ភាព ការរំលោភ​សិទ្ធិ​មនុស្ស និង​ការរំលោភ​អំណាច​ដោយ​មន្ត្រី​រដ្ឋាភិបាល ដើម្បី​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​និយម​ដ៏​ពេញ​លេញ​មួយ​នោះ។

លោក ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ឲ្យ​ដឹង​ថា របាយ​ការណ៍​នេះ​នឹង​បង្ហាញ​ឲ្យ​សាធារណ​ជន​ដឹង​អំពី​បរាជ័យ​នៃ​ការ​លើក​កម្ពស់សិទ្ធិ​មនុស្ស​ លទិ្ធ​ប្រជាធិប​តេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណបក្ស​កាន់​អំណាច។

លោក​និយាយ​ថា៖ «លោក ហ៊ុន សែន បាន​ក្លាយ​ជា​មេ​ដឹក​នាំ​ទី​៦ ដែល​កាន់​តំណែង​យូរ​បង្អស់​ក្នុង​ពិភពលោក។ ហើយ​នេះ វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ។ ប្រទេស​កម្ពុជា ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស កសាង​លទ្ធិ​ប្រជាធិប​តេយ្យ នីតិរដ្ឋ អភិបាល​កិច្ច​ល្អ និង​រដ្ឋាភិបាល​ដែល​មាន​តម្លា​ភាព។ ប៉ុន្តែ អ្វី​ទាំង​អស់​នេះ​បាន​បរាជ័យ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន»។

ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​៩០​មក ក្រោយ​ពេល​ដែល​អ៊ុនតាក់ (UNTAC) បាន​ចូល​រួម​ក្នុង​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ជា​រៀង​រាល់​ឆ្នាំ ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់​ជំនួយ​ពី​ប្រទេស​ម្ចាស់​ជំនួយ​យ៉ាង​ហោច​ណាស់ ១រយលាន​ដុល្លារ។ ឥទ្ធិពល​របស់​ប្រទេសជាម្ចាស់​ជំនួយ​មក​លើ​ការ​កសាង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មិន​សូវ​មាន​ភាព​សកម្ម​ប៉ុន្មាន​ទេ ដោយ​សារ​តែ​គោល​នយោបាយ​បែប​រឹង​ទទឹង និង​ផ្តាច់ការ​របស់​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​នេះ។

លោក អាដាមស៍ ថា រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ម្ចាស់​ជំនួយ​ដឹង​ថា ការព្យាយាម​ផ្លាស់ប្តូរ​របប​នយោបាយ​កម្ពុជា​គឺជា​រឿង​ដ៏លំបាក​ជា​ទី​បំផុត ក្រោម​ការ​ដឹក​នាំ​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក និយាយ​ថា៖ «ជាទូទៅ រដ្ឋា​ភិបាល​ជា​ប្រទេសម្ចាស់​ជំនួយ​និយាយ​ថា ប្រទេស​កម្ពុជា​មិន​មែន​ជានយោបាយ​ស្នូល​ខាង​ភូមិសាស្ត្រ​ទៀត​ទេ។ យើង​នឹង​បន្ត​ផ្តល់​ប្រាក់​ជំនួយ​ដល់​កម្ពុជា ដោយ​សារ​តែ​យើង​មាន​អារម្មណ៍​ថា​បាន​ធ្វើ​ខុស​មក​លើ​ស្ថាន​ភាព​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ យើង​នឹង​មិន​បណ្តាក់​ទុន​ច្រើន​លើ​ការផ្លាស់​ប្តូរ​របប​នយោបាយ​របស់​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ទេ។»

ទាក់ទង​នឹង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ដែល​រដ្ឋា​ភិបាល​កម្ពុជាកំពុង​តែ​ឃោសនា ថា​ខ្លួន​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​មាន​ភាពត្រឹមត្រូវ និង​យុត្តិធម៌ លោក អាដាមស៍ ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ឆន្ទៈ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ណា​មួយ​ឡើយ ជា​ពិសេស គឺ​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មាការ​រៀប​ចំការ​បោះ​ឆ្នោត​ដោយ​ឯករាជ្យ។

លោក បក​ស្រាយ​ថា៖ «គណបក្ស​កាន់​អំណាច​ប្រជាជន​កម្ពុជា កំពុង​តែ​បង្ហាញ​សញ្ញា​ថា ខ្លួន​នឹង​ព្យាយាម​រារាំង​កំណែ​ទម្រង់។ ហើយ​កាល​ពី​ម្សិល​មិញ​នេះ លោក ប៊ិន ឈិន ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចង់​កាត់បន្ថយ​រយៈ​ពេល​សម្រាប់ដំណើរ​ការ​ឃោសនា​បោះឆ្នោត។ ដូច្នេះ ខ្ញុំ​មើល​មិន​ឃើញ​សញ្ញា ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​ទេ។ ខ្ញុំ​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ព្យាយាម​និយាយ​ថា ខ្លួន​កំពុង​ធ្វើ​កំណែ​ទម្រង់ ទាំង​មិន​បាន​ធ្វើ​កំណែ​ទម្រង់​អ្វី​ផង ពីព្រោះ​ខ្លួន​ដឹង​ថា កាល​ណា​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​មាន​ស្ថាប័ន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដោយ​ឯករាជ្យ នោះ​មាន​ន័យ​ថា គណបក្ស​របស់​ខ្លួន​នឹងចាញ់​ឆ្នោត»។

ឥរិយាបថ​ថ្មីៗនេះ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​ ថា​តើ​ការ​ផ្លាស់ប្តូរ​ដ៏​ប្រសើរ​ជាង​មុន ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ និទណ្ឌភាព និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អាច​នឹង​កើត​មាន​ឡើង ឬ យ៉ាង​ណា។ លោក អាដាមស៍ ថា កម្ពុជា​មាន​ក្តី​សង្ឃឹម​តិច​តួច​ក្នុង​ការរំពឹង​ការផ្លាស់ប្តូរ​ពី​ថ្នាក់​ជាតិ ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក​យល់​ថា៖ «ខ្ញុំមិន​យល់​ថា យើង​អាច​រំពឹង​បាន​ការ​ផ្លាស់​ប្តូរ​ពី​លោក ហ៊ុន សែន ទេ។ ច្បាស់​ណាស់ យើង​ទាំង​អស់​គ្នា​រំពឹង​ថា​គាត់​នឹង​ផ្លាស់​ប្តូរ ប៉ុន្តែ មិន​មាន​សញ្ញា​អ្វី​ទាល់​តែ​សោះដែល​ថា លោក ហ៊ុន សែន កំពុង​តែ​ផ្លាស់​ប្តូរ។ តែ អ្វី​ដែល​យើង​អាច​រំពឹង​បាន​នោះ គឺ​ការ​ផ្លាស់​ប្តូរ​ពី​ថ្នាក់​ក្រោម។ ចំនួន​យុវជន​កម្ពុជា​វ័យ​ក្មេង ដែល​បាន​ទៅ​បោះ​ឆ្នោត ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ពួក​គេ​ក្នុង​បញ្ហា​នយោបាយ និង​ភាព​សោមនស្ស​រីក​រាយ​ចង់​បាន​លទ្ធិ​ប្រជាធិប​តេយ្យ​ដ៏​ពេញ​លេញ​សម្រាប់​ប្រទេស​របស់​ខ្លួន អាច​នឹង​មាន​ឥទ្ធិពល​ជា​ការ​ផ្លាស់​ប្តូរ»។

ចំពោះ​មុខ ភាពចម្រូង​ចម្រាស​ខាង​នយោបាយ​បែប​នេះ អ្នក​ជំនាញ​ថា ប្រទេស​ជា​ម្ចាស់​ជំនួយ គួរ​តែ​ស្តាប់​សម្លេង​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​បាន​ច្រើន ដើម្បី​ការ​ផ្លាស់​ប្តូរ​ប្រសើរ​ជាង​មុន។ កម្ពុជា​នៅ​មាន​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ពេញ​លេញ ហើយ​ការ​ផ្លាស់​ប្តូរ​អាច​កើត​មាន​ឡើង​ពី​ថ្នាក់​ក្រោម ជា​ជាង​ថ្នាក់​លើ ជា​ពិសេស តាម​រយៈ​ការ​ចូលរួម​របស់​យុវជន​កម្ពុជា​ក្នុង​បញ្ហា​សង្គម និង​នយោបាយ៕

XS
SM
MD
LG