ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក៖​រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ក្នុង​ការ​ការពារ​​កម្មករ


គ្រួសារ​លោកសំ រ៉ាវី កម្មករ​ដែល​ត្រូវបាញ់ស្លាប់​ធ្វើពិធី​បុណ្យសពរបស់លោ​ក
គ្រួសារ​លោកសំ រ៉ាវី កម្មករ​ដែល​ត្រូវបាញ់ស្លាប់​ធ្វើពិធី​បុណ្យសពរបស់លោ​ក

ក្រុម​សិទ្ធិ​មនុស្ស​ឈាន​មុខ​មួយ​របស់​អាមេរិក​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បរាជ័យ​ក្នុង​ការ​ការពារ​កម្មករ​នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់​ដែរដ៏​សំខាន់​របស់​ប្រទេស​នេះ។​ ​នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​សរសេរ​ថា ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​កម្ពុជា ​ជាពិសេស​ស្ត្រី​ភេទ ​ត្រូវ​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ រួមមាន​ការ​បង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង​ ការ​យារយី ​និង​កង្វះ​ជំនួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​តាម​រោងចក្រ​នានា។​

​អ្នកស្រី​ Aruna Kashyap ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​អង្គការ​ Human Rights Watch ​ថ្លែង​ថា ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​ប្រឈម​មុខ​កម្មករ​ក្នុង​វិស័យ​កាត់​ដែរ​នៅ​កម្ពុជា​គឺ​ការបង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង​ ការ​រើស​អើង​ប្រឆាំង​ស្ត្រី​មាន​គភ៌ ​ហើយរោងចក្រ​ប្រើ​កិច្ចសន្យា​ការងារ​រយៈ​ពេល​ខ្លី​ ដើម្បី​គេច​ពី​លក្ខខណ្ឌច្បាប់​ការងារ​ដែល​ការពារ​ប្រយោជន៍​កម្មករ។​

អ្នកស្រី​ Kashyap ​ដែល​ជា​អ្នក​សរសេរ​របាយ​ការណ៍​នេះ​ដែល​មាន​ឈ្មោះ​ថា «ត្រូវ​ធ្វើ​ការ​លឿន ​បើមិន​អញ្ចឹង​ទេត្រូវ​បណ្តេញ​ចេញ»​ ថ្លែង​ថា ​មាន​រឿង​ផ្សេង​ទៀត​ដែល​ត្រូវ​បន្ទោស​រដ្ឋាភិបាល​កម្ពុជា​អំពី​បរាជ័យ​នេះ ​ជាពិសេស​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។​

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និយាយ​ថា ​ក្រុម​អធិការ​កិច្ច​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ជារឿយៗ​ ទទួល​សំណូក​ពី​ម្ចាស់​រោងចក្រ​ ហើយ​មិន​អើពើ​ការ​រំលោភ​ច្បាប់។ ​អង្គការ​នេះ​និយាយ​ថា ​អធិការ​កិច្ច​របស់​របប​នេះ​បរាជ័យ​ក្នុង​គោល​ការណ៍​សំខាន់​ជាមូលដ្ឋាន។​

«អនុសាសន៍​ចម្បងៗ​របស់​យើង​ចំពោះ​រដ្ឋាភិបាលកម្ពុជា​គឺ​ថា ​ជាចាំ​បាច់​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ឆន្ទៈ​នយោបាយ​ ដើម្បី​ពង្រឹង​ច្បាប់​ការងារ​ និង​ធ្វើ​ឲ្យ​រោងចក្រ​មាន​ប្រព័ន្ធ​ទទួល​ខុសត្រូវ ​នៅពេល​រោងចក្រ​ទាំង​នោះ​មិន​អនុវត្ត​តាម​ច្បាប់​ការងារ​ ព្រោះ​ថា ​គេ​មាន​ច្បាប់​ការងារ​ដ៏​ខ្លាំង»។​

អ្នកស្រី​ Kashyap ​និយាយ​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​ក្នុង​ការ​កម្ចាត់​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​មន្ត្រី​អធិការកិច្ច​របស់​នាយកដ្ឋាន​ការងារ ​ដោយ​និយាយ​ថា​វា​ជា​គន្លឹះ​ក្នុង​ការ​លើក​កម្ពស់​ស្ថានភាព​ការងារ​ប្រសើរ​ឡើង​នៅតាម​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា។​

វិស័យ​កាត់ដេរ​គឺជា​ស្នូល​សេដ្ឋកិច្ចរបស់​ប្រទេស​កម្ពុជា។ ​វិស័យ​នេះ​មិន​គ្រាន់តែ​ផ្តល់​ការងារ​ច្រើន​បំផុត​សម្រាប់​កម្មករ​៧០​ម៉ឺន​នាក់​ ដែល​ភាគច្រើន​ជាស្ត្រី​នោះ​ទេ​ តែ​វិស័យ​នេះ​ក៏ជា​ប្រភព​ចំណូល​នៃ​រូបិយ​បណ្ណ​បរទេស​ដ៏ធំ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ ​ហើយ​ដែល​ផ្តល់​ចំណូល​ជាង​៥​ពាន់​លាន​ដុល្លារ​ក្នុង​ការ​នាំចេញ​មួយ​ឆ្នាំៗ ​ជាពិសេស​ការនាំ​ចេញ​មក​ស.រ.អា.និង​សហភាព​អឺរ៉ុប។​

ក្រុមហ៊ុន​ផលិតផល​សម្លៀក​បំពាក់​បំពាក់​ល្បីៗ​រាប់សិប​នៅ​លោក​ខាង​លិច​បាន​បាន​ឲ្យ​រោងចក្រ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផលិត​សម្លៀក​បំពាក់​របស់​ខ្លួន។​

វិស័យ​នេះ​ពឹង​អាស្រ័យ​លើ​ឈ្មោះ​សម្លៀកបំពាក់​ ដូចជា ​H&M, Adidas, Gap ​និង​ Armani​ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះវិស័យ​នេះ​ត្រូវ​ខូច​ឈ្មោះ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ដោយសារ​មាន​ជម្លោះ​ការងារ​ពលកម្ម ​និង​ការ​យារយី​សហជីព​ឯករាជ្យ។​

បញ្ហា​នេះ​កើន​ឡើង​ច្រើន​នៅ​ដើម​ឆ្នាំ​២០១៤ ​នៅ​ពេល​អាជ្ញាធរ​កម្ពុជា​បាន​បាញ់​សម្លាប់​កម្មករ​យ៉ាង​តិច៥​នាក់ អំឡុង​មាន​ការ​តវ៉ា​ទាមទារ​ឡើង​ប្រាក់ខែ​គោល​ និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង។​

អង្គការ​សិទ្ធិ​មនុស្ស​ Hu​man Rights Watch ​និយាយ​ថា ​ក្រុមហ៊ុន​សម្លៀក​បំពាក់​ឈ្មោះ​ល្បីៗ​ត្រូវតែ​ចាត់​វិធានការ។ ​អ្នកស្រី​ Kashyap ​និយាយ​ថា ​មាន​ក្រុមហ៊ុន​សម្លៀក​បំពាក់​ខ្លះ​ប៉ុណ្ណោះ​បាន​ធ្វើ​ដូច្នេះ ​ដូច​ជា ក្រុមហ៊ុន ​H&M, ក្រុមហ៊ុន Adidas ​និង​ក្រុមហ៊ុន ​Gap​ ជាពិសេស​បាន​ឆ្លើយតប​នឹង​ការរក​ឃើញ​នៅ​ក្នុង​របាយ​ការណ៍​នេះ។​ ទោះជា​យ៉ាងណាក្តី ​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​ផ្សេងៗ​ទៀត ​រួមមាន​ Armani​ មិន​បាន​ឆ្លើយ​តប​ទេ។​

អ្នកស្រី Kashyap ​និយាយ​ថា ​ការ​ឆ្លើយតប​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​ ជាពិសេស​ក្រោយពី​រោងចក្រ ​Rana Plaza ​បាន​បាក់​នៅ​ប្រទេស​បង់ក្លាដែស​ ដែល​បាន​សម្លាប់​កម្មករ​ជាង​១​ពាន់​នាក់។​

«អនុសាសន៍​ទីមួយ​ចំពោះ​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​គឺ​ថា ​គេ​ចាំបាច់​ត្រូវ​បង្ហាញ​ជាសាធារណៈ​នូវ​បញ្ជី​ឈ្មោះ​រោងចក្រ​ផលិត​ទំនិញ​របស់​ខ្លួន»។​

ចំណុច​នេះ​សំខាន់ ​ព្រោះ​មាន​រោងចក្រ​ជាច្រើន​ដែល​លក់​ផលិតផល​មក​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​នៅ​ប្រទេស​នៅ​លោក​ខាង​លិច ​បាន​ផ្តល់​ការងារ​ដោយ​សម្ងាត់​ឲ្យ​រោងចក្រ​ផ្សេង​ទៀត​ដែល​មិន​ត្រូវបាន​ធ្វើ​អធិការ​កិច្ច​ ហើយ​ដែលមាន​ស្ថានភាព​ការងារ​អាក្រក់​ខ្លាំង។​

«មាន​ក្រុមហ៊ុន​សម្លៀក​បំពាក់​មួយ​ចំនួន​តូចប៉ុណ្ណោះ​បាន​បង្ហាញ​ជាសាធារណៈ​នូវ​ឈ្មោះ​របស់​រោងចក្រ​ផ្គត់ផ្គង់​ទំនិញ​របស់​ខ្លួន។ ​បញ្ហា​នេះ​មិនអាច​មាន​ការ​យោគយល់​ទេ។ ​ខ្ញុំគិត​ថា ​ក្រោយពី​វិបត្តិ​បាក់​រោងចក្រ ​Rana Plazaយើង​ឃើញ​មាន​វិបត្តិ​គ្មាន​តម្លាភាព​ ហើយ​ខ្ញុំ​គិត​ថា ​ក្រុមហ៊ុន​សម្លៀក​បំពាក់​នានា​មិនអាច​បន្ត​គេច​វេស ​ហើយ​និយាយ​ថា ​ខ្លួន​មិន​ចង់​បង្ហាញ​បញ្ជី​ឈ្មោះ​រោងចក្រ​ផ្គត់ផ្គង់​ទំនិញ​របស់​ខ្លួន​នោះទេ ​ដោយ​សារ​តែផល​ប្រយោជន៍​ប្រកួត​ប្រជែង​ ឬ​កិច្ចការ​សម្ងាត់​របស់​ក្រុម​ហ៊ុន»។​

ក្រៅពី​នេះ ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ចង់ឲ្យ​ក្រុមហ៊ុន​សម្លៀក​បំពាក់ធ្វើការ​ប្រសើរ​ឡើង​ក្នុងការ​តាមដាន​បណ្តាញ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ខ្លួន។​

ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ ​ក្រុមហ៊ុន​ H&M ​ដែល​ជា​ក្រុមហ៊ុនលក់​រាយ​របស់​ស៊ុយ​អែត ​និយាយ​ថា ​ក្រុមហ៊ុន​នេះ​យល់​ស្រប​តាម​ការ​រក​ឃើញជាច្រើន​នៅ​ក្នុង​របាយ​ការណ៍​នេះ​ រួមមាន​ផល​វិបាក​ជា​អវិជ្ជមាន​បណ្តាល​មកពី​ការ​រំលោភ​បំពាន​ក្នុង​កិច្ច​សន្យា​ការងារ​រយៈពេល​ខ្លី ​ហើយ​បាន​បន្ថែម​ថា ​ក្រុមហ៊ុន​នេះ​នឹង​ចាត់​វិធានការ​ធ្វើឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់ខ្លួន​ឈប់​ធ្វើ​អំពើ​ខុសច្បាប់​ទាំង​នេះ។​

ក្រុមហ៊ុន​ H&M ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​សម្លៀក​បំពាក់ដំបូង​គេ​ដែល​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ផលិត​ទំនិញ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយវាសម្រួល​ដល់​ការ​រាយ​ការណ៍អំពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​ធ្វើ​កិច្ច​សន្យា​បន្ត។​ តែ​ក្រុមហ៊ុន​សម្លៀក​បំពាក់ផ្សេងៗ​ទៀត​មិន​សូវ​ខិតខំ​ទេ ​ឬ​មិន​ធ្វើ​អ្វី​ទាល់តែ​សោះ។​ អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ទទួល​ស្គាល់​ថា ​បញ្ហា​ដែល​គេបាន​រក​ឃើញ​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ​ដូច្នេះ​លុះត្រាតែ​រដ្ឋាភិបាល​សុខចិត្ត​ពង្រឹង​ច្បាប់​ការងារ​របស់​ខ្លួន ​បើមិន​ដូច​នេះ​ទេ លក្ខខណ្ឌការងារ​របស់​កម្មករ​នឹងនៅ​តែ​មិន​មាន​ការ​គោរព៕​

លោក​ពិន ស៊ីសុវណ្ណជូនសេចក្តី​ប្រែសម្រួល​


វីដេអូថ្មីៗបំផុត

XS
SM
MD
LG