ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

២៣:១៥ ២៥.៣.២០២០

វីរុសកូរ៉ូណានៅកម្ពុជាបង្កការប៉ះទង្គិច​ពាក្យ​សម្ដី​លើ​សហគមន៍​ឥស្លាម

អ្នកស្រី សាន់ វ៉ាន់នី អាជីវករលក់សាច់មាន់នៅផ្សារច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខែមីនា ឆ្នាំ២០២០។ (Ananth Baliga/VOA)
អ្នកស្រី សាន់ វ៉ាន់នី អាជីវករលក់សាច់មាន់នៅផ្សារច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខែមីនា ឆ្នាំ២០២០។ (Ananth Baliga/VOA)

ភ្នំពេញ — អ្នកស្រីហម ​ស្រីម៉ុម ​និង​អ្នកស្រី ​សារ៉ោះ ​អាប់ឌុលឡោះ លក់​សាច់​មាន់​ឆៅ​នៅ​តូប​ក្បែរ​ខាង​គ្នា​ជាង​២០​ឆ្នាំ​មក​ហើយ​ ក្នុង​ផ្សារ​ទួល​សង្កែ​នៅភ្នំពេញ។ ​ពួក​គេធ្លាប់​ប្រាស្រ័យ​ទាក់​ទង​លេង​សើច​ជាមួយ​គ្នា​ជា​ធម្មតា ​និង​ពេល​ខ្លះ​ចែក​រំលែក​ម្ហូបអាហារ​គ្នា​ទទួល​ទាន​ថែម​ទៀត​ផង។ ស្រីម៉ុម​ជា​ពុទ្ធសាសនិក ​ហើយ​អាប់​ឌុលឡោះ​ជាឥស្លាម​សាសនិក។

​ប៉ុន្តែពួក​គេចាប់ផ្តើមមានជម្លោះពាក្យសម្តីជាមួយគ្នា ​ក្រោយពេលក្រសួង​សុខាភិបាលបានប្រកាស​ថា ​មាន​ឥស្លាម​សាសនិកកម្ពុជា ​ដែលត្រឡប់ពី​ការ​ប្រារព្ធ​ពិធី​បួងសួង​តាម​បែប​សាសនានៅប្រទេស​ម៉ាឡេស៊ី ឆ្លងវីរុស​កូរ៉ូណា។​ ​នេះជាការប្រកាសឆ្លងទ្រង់ទ្រាយធំមួយ​នៅកម្ពុជា ​ដែលនាំឲ្យមានការព្រួយបារម្ភថា នឹងចម្លងទៅប្រជាជនផ្សេងទៀត។​

​ក្នុងសេចក្តីប្រកាសព័ត៌មាននោះ​ ​ក្រសួងសុខាភិបាល​បានបង្ហាញអត្ត​សញ្ញាណ​នៃ​អ្នកដែល​ឆ្លង ​ដោយ​មាន​ការបែងចែកថា «ខ្មែរ»​និង​«ខ្មែរឥស្លាម»។ នេះជា​ការបង្ហាញជាក់​ច្បាស់​លើ​បណ្ដា​ឥស្លាម​សាសនិក​នៅកម្ពុជា ​និង​ដំណើរ​រឿង​រ៉ាវ​ទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ មាន​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដីមិនសមរម្យតាម​រយៈបណ្ដាញទំនាក់​ទំនង​សង្គម​ ​មក​លើ​សាសនា​ឥស្លាម ​បណ្ដា​ជន​ឥស្លាម​សាសនិក ​និង​មក​លើ​សហគមន៍​ជនជាតិ​ចាម​តែ​ម្ដង។​

ឃើញ​ដូច្នេះ​នាំ​ឱ្យ​អ្នកស្រី ​សារ៉ោះ ​អាប់ឌុលឡោះ ​ហាក់​មាន​អារម្មណ៍​តូច​ចិត្ត ​ហើយ​ព្រលយពាក្យ​ពេចន៍​ឮៗ ខណៈអ្នកស្រី​កំពុង​លក់​នៅ​ឯ​ផ្សារ។ ​វានាំ​ឱ្យ​កើត​ក្ដី​មិន​យល់​ស្រប​គ្នា ​យល់​ច្រឡំ ​និង​នាំ​ទៅដ​ល់​ជម្លោះពាក្យ​សម្ដី​ជាមួយអ្នកស្រី ​ហម ​ស្រីម៉ុម កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​កន្លង​ទៅ។

​ដោយ​មាន​ក្រមា​ទទូល​គ្រប​ក្បាល ​និង​កន្សែង​រុំ​មុខ​ជិត ​អ្នកស្រី ​សារ៉ោះ ​អាប់ឌុលឡោះ ​បានប្រាប់​ VOA ថា៖​ ​«ខ្ញុំ​អ្នក​ថា​ ចំពោះ​អ្នក​និយាយ​ទេ។ ​ខ្ញុំ​ថា ​ម៉េច​បាន​ចាំ​បាច់​ដៀល​បង​ប្អូន​ឥស្លាម​អ៊ីចឹង? អត់​ត្រូវ​ដៀល​ទេ ​ហើយ​អត់​ត្រូវ​ឆ្អើមខ្ពើម​គ្នាទេ ព្រោះ​អី​គេ​ម្នាក់ៗ គេ​ខ្លាច​រៀងៗ​ខ្លួន។ ​គេ​ការ​ពារ​រៀង​ខ្លួន។ ​ចេះ​តែ​ថា បង​ប្អូន​ខ្មែរ​ឥស្លាម​នេះ​នាំរោគ​មកចូល​ស្រុក​ខ្មែរ​ ខ្ញុំ​ក៏​ខឹង​ទៅ។​ ខ្ញុំ​ក៏​ថា ​ឱ្យ​គេ​អ្នក​និយាយ តែ​អ្នក​អត់​និយាយ​ហ្នឹង​ ​គេ​ត​មក​ ក៏​កើត​ការ​ប្រកែក​គ្នា ​មួយ​ម៉ាត់​ពីរម៉ាត់​ក្នុង​ផ្សារ​ហ្នឹងទៅ ​ចាស៎!»។

​រំលង​គ្នា​តែ​មួយ​តូប ​និង​ស្ថិត​នៅ​តែ​ចម្ងាយ​ប្រមាណ​បី​ម៉ែត្រ​ពីគ្នា ​ក្នុង​ផ្សារ​ទួល​សង្កែ ​ដែល​អ្នក​ដើរ​ទិញឥវ៉ាន់នៅ​តែ​ធ្វើដំណើរទៅមក​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ហែង ​អ្នកស្រី ​ហម ​ស្រីម៉ុម ​បាន​ប្រាប់​ VOA​ ថា៖ ​«ទៅ​មិនបាច់ប្រកាន់​ទេ។ [គាត់]ម្នាក់​ហ្នឹង​ ​វា​និយាយថា​«ខ្មែរៗ!» ​តែ​ជាមួយ​ខ្ញុំ​អត់​មានប្រកាន់​ថា​ សាសន៍ណា សាសន៍​ណា​ទេ​។ សម្រាប់​ពួក​ខ្ញុំ​លក់​ដូរ​ហ្នឹង​ ​ត្រូវ​គ្នា​ទាំង​អស់​ទេ។ តែ​ដូច​ថា [គាត់]​ម្នាក់​ហ្នឹង​ ​វា​អត់​សូវ​ដឹងអី​ទេ។ ​វា​និយាយ​ឡើង​វាសុទ្ធ​តែ​«មីខ្មែរ»។ ខ្ញុំ​ខឹងពេក​ ​ខ្ញុំ​ថា​ ​យើង​នៅ​លើ​ទឹក​ដី​ខ្មែរ​ ​កុំ​ជេរ​ខ្មែរ!»។​

បច្ចុប្បន្ន អ្នក​ទាំង​ពីរ​បានឈប់​ស្ដីរក​គ្នា។

អានព័ត៌មានលម្អិត

២៣:១៣ ២៥.៣.២០២០

ព្រះ​សង្ឃ​គោះ​រគាំង សូត្រធម៌ និងសមាធិ ខណៈ​ពលរដ្ឋដាក់​ទីង​មោង​និង​ដុត​ភ្លើងដើម្បី​បញ្ចៀស​វីរុស​កូរ៉ូណា

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភ្នំពេញ — តាម​ជំនឿ​រៀងៗ​ខ្លួន ព្រះ​សង្ឃនៅ​កម្ពុជា ​បាន​គោះ​រគាំង សូត្រ​ធម៌ និង​សមាធិ​ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​ជន​បទ បាន​ដាក់​ទីង​មោង ​និង​ដុត​ភ្លើង​នៅ​ពេល​យប់ ​ដើម្បី​បញ្ចៀសការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា ​ដែល​មាន​ជាង​៩០​ករណី​ហើយ​នៅ​កម្ពុជា។​

នៅ​វត្ត​និគ្រោធវ័ន ​ហៅ​វត្ត​គល់​ទទឹង​ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ​ ​ប្រប​មាត់​ទន្លេ​បាសាក់ ព្រះ​សង្ឃ​គោះ​រគាំង​សូត្រ​ធម៌​ចម្រើន​ព្រះ​បរិត្ត និង​សមាធិ ​ ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មីនា ​តាម​ការ​អំពាវនាវ​ពី​គណសង្ឃ​នាយក​ដើម្បី​ជួយ​រំសាយ​ការភ័យ​ខ្លាច​ជំងឺ​កូវីដ​១៩​ ទៅ​ដល់​អ្នក​មាន​ជំនឿ​លើ​ពុទ្ធ​សាសនា​ ជា​សាសនា​រដ្ឋ​នៅ​កម្ពុជា។​

ព្រះ​តេជគុណ ​ភួង សុវណ្ណ ​ចៅ​អធិការវត្ត​និគ្រោធវ័ន​ ហៅ​វត្ត​គល់​ទទឹង មាន​សង្ឃដីកា​ថា ​ ពិធី​សូត្រ​ធម៌ ​និង​គោះ​រគាំង​ជា​មធ្យោបាយ​តាម​ផ្លូវ​សាសនា​មួយ​ក្នុង​ការ​ជួយ​ពង្រឹង​ស្មារតី​និង​រំសាយ​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ពុទ្ធ​សាសនិក។​

«សូត្រ​ទៅ​ព្រះ​បរិត្តហ្នឹង​គឺ​មាន​អំណាច​អាចជួយ​រំងាប់​នូវ​វិបត្តិ​ទុក្ខភ័យ​ផ្សេងៗ​នោះ​បាន។ ​អ៊ីចឹងប្រសិន​បើ​ពុទ្ធ​បរិស័ទ​ គាត់​មាន​ជំនឿ​ថា ​ ព្រះ​បរិត​ហ្នឹង​អាច​ជួយ​រក្សា​ការពារ​ ជួយ​កម្ចាត់​ទុក្ខ​ភ័យ​ហ្នឹង​ គឺ​ថា​អាច​ជួយ​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​របស់​គាត់​ហ្នឹង​ បាន​ស្រួល​ទៅ​ណា។ អ៊ីចឹង ​មិន​ធ្វើ​ឲ្យ​គាត់​ភ័យ​ស្លន់ស្លោ»។​

ព្រះ​តេជ​គុណ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អនុវត្ត​តាម​វិធាន​ការ​ការពារប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ​ស្រប​តាម​ក្រសួង​សុខាភិបាល​ផង​ដែរ។​

អានព័ត៌មានលម្អិត

១៨:១៣ ២៥.៣.២០២០

លោកហ៊ុន សែន កំពុង​សិក្សា​លទ្ធភាព​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដើម្បីទប់ទល់​នឹង​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា

ភ្នំពេញ — លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ ​ព្រមាន​ថា​ លោក​កំពុង​សិក្សា​លទ្ធភាព​នៃ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ដែល​លោក​ថា ធ្វើឡើង​ក្នុង​គោល​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា នៅ​ពេល​ប្រជាជន​មិន​ស្តាប់​តាម​ការ​អំពាវ​នាវ​របស់​រដ្ឋាភិបាល។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ដែល​នឹង​ចេញ​ទៅ​ជួយ​ព្យាបាល​អ្នក​ជំងឺ​ដែល​ផ្ទុក​វីរុស​កូរ៉ូណា ដែល​កម្ពុជា​មាន​ករណី​ឆ្លង​សរុប​ទៅ​ដល់​ជាង​ ៩០។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖«ខ្ញុំ​កំពុង​ឲ្យ​ពិនិត្យ​នូវ​លទ្ធភាព​ប្រើ​មាត្រា​ទី​ ២២ ​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ស្នើ​សុំ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​សាសន្ន។ ខ្ញុំ​មិន​ចង់​ប្រើ​ទេ ក៏​ប៉ុន្តែ​បើ​ការ​អំពាវ​នាវ​ខ្ញុំ គ្មាន​ប្រសិទ្ធិភាព»។

លោក​បាន​ថ្លែង​បែប​នេះ ភ្លាមៗ​ក្រោយ​លោក​ប្រតិកម្ម​ទៅ​នឹង​ការ​ដំឡើង​ថ្លៃ​ម៉ាស​នៅ​លើ​ទីផ្សារ ខណៈ​តម្រូវ​មាន​កាន់​តែ​ច្រើន ហើយ​អ្នក​លក់​ទាំង​នោះ មិន​ស្តាប់​តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖«ហើយ​ខ្ញុំ​នឹង​ឈាន​ទៅ​ដល់​ការ​រឹប​អូស​ម៉ាស​ពី​ហាង​ទាំង​អស់។ ខ្ញុំ​កំពុង​សិក្សា​ពិនិត្យ​មើល​អំពីផ្លូវ​ច្បាប់។ បើ​អ្នក​ឯង​នៅ​តែ​បន្ត​ឡើង​ថ្លៃ។ ទៅ​រឹប​អូស​យក​តែ​ម្តង​ ដាក់​បញ្ជា​រឹប​អូស​យក​តែ​ម្តង។ កុំ​ឲ្យ​វា​រក​ស៊ី​ត​ទៀត ហើយ​បិទ​ឱសថ​ស្ថាន​ហ្នឹង​ចោល​តែ​ម្តង»។

មាត្រា​២២​ នៃ​រដ្ឋធម្មនុញ្ញ ​ចែង​ថា៖«​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុងភាព​អាសន្ ន​ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ ប្រធាន​ព្រឹទ្ធសភា។

លោក ហ៊ុន សែន បន្ត​ថា​ ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​បាន ទាល់​តែ​មាន​ច្បាប់​ដាច់​ដោយ​ឡែក​មួយ​ទៀត ដែល​លោក​ថា​កំពុង​តែ​សិក្សា។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ហ៊ុន សែន ក៏​បានព្រមាន​ថា ​កុំ​ឲ្យ​មាន​ការ​វិភាគ​ថា​ លោក​ឆ្លៀត​ប្រើប្រាស់​មាត្រា​នេះ ដើម្បី​បំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ៕

០០:៥០ ២៥.៣.២០២០

កម្ពុជារកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤បន្ថែមទៀត

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនាយប់ថ្ងៃអង្គារថាបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤ លើអ្នកទេសចរជនជាតិអង់គ្លេស ២នាក់ និងជនជាតិអាមេរិកាំង ២នាក់ ដែលធ្វើដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ បន្ថែមលើនេះ កម្ពុជាក៏មានករណីជាសះស្បើយថ្មីចំនួន ៤នាក់ ដែលជាជនជាតិខ្មែរ ២នាក់នៅខេត្តត្បូងឃ្មុំ និង២នាក់ទៀត នៅខេត្តបាត់ដំបង។

គិតត្រឹមយប់ថ្ងៃអង្គារនេះ ករណីឆ្លងសរុបនៅកម្ពុជាមានចំនួន ៩១នាក់ រួមទាំងអ្នកជាសះស្បើយចំនួន ៦នាក់។ ដោយឡែក កម្ពុជាកំពុងមានការព្រួយបារម្ភពីលទ្ធភាពនៃការឆ្លងវីរុសកូរ៉ូណានេះបន្ថែមទៀត បន្ទាប់ពីពលករខ្មែររាប់ពាន់នាក់បានធ្វើដំណើរចាកចេញពីប្រទេសថៃ វិលត្រឡប់មកកាន់កម្ពុជាវិញ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG