ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

២៣:១៨ ២៤.៣.២០២០

ស្ថានទូត​ជួយសិស្ស-និស្សិត​ដែល​ចង់​ចាកចេញ​ពេល​ជំងឺ​កូវីដ១៩​ឆ្លង​នៅ​សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន — ស្ថានទូត​កម្ពុជា​អំពាវនាវ​ដល់​និស្សិតខ្មែរ​ដែល​កំពុងតែ​សិក្សា​នៅ​សហរដ្ឋអាមេរិក ឱ្យ​មក​ទាក់ទង​ដើម្បី​ជួយ​សម្រួល បើសិនជា​ពួកគេ​ជួប​ការលំបាក​ក្នុងការ​រៀបចំ​ដំណើរ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ក្នុងគ្រា​ដែល​មាន​ការ​ឆ្លង​រាលដាល​យ៉ាង​លឿន​នៃ​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋអាមេរិក។

សេចក្តី​ជូន​ដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ បាន​បញ្ជាក់​ថា ចំណាត់ការ​នេះ​គឺ​ដើម្បី​គិតគូរ​ដល់​សុវត្ថិភាព​ជា​ចម្បង​របស់​និស្សិត​ទាំងនោះ ដោយសារ​តែ​«កន្លងមក​ ទាំង​សាលា ក៏ដូចជា Sponsorមួយ​ចំនួន​បាន​សម្រេច​បញ្ចប់​វគ្គ/កម្មវិធី​សិក្សា និង​តម្រូវ​ឱ្យ​សិស្ស-និស្សិត​បរទេស​ត្រឡប់​ទៅ​ប្រទេស​ខ្លួនវិញ​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដល់​សិស្ស-និស្សិត​ទាំង​នោះ ក៏ដូចជា​ដើម្បី​ជៀសវាង​ករណី​ការ​ឃុំខ្លួន​នៅ​មួយ​កន្លែង ការ​រឹតត្បិត​សេរីភាព​ដើរហើរ ឬ​ការបិទ​ជើង​យន្តហោះ​ជាដើម»។

លោក ជុំ សុន្ទរី ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃច័ន្ទ​ថា សេចក្តី​ជូនដំណឹង​នេះ​មិនមែន​ជា​ការ​អំពាវនាវ​ឱ្យ​និស្សិត​ខ្មែរ​វិល​ត្រឡប់​ទៅវិញ​ទេ គឺ​ស្ថានទូត​គ្រាន់តែ​ជួយ​សម្រួល​ដល់​និស្សិត​ណា ដែល​ជួប​ប្រទះ​ការ​លំបាក ពេល​ព្យាយាម​វិលត្រឡប់​ទៅវិញ​ប៉ុណ្ណោះ ដោយសារ​តែ​មាន​ក្រុមហ៊ុន​យន្តហោះ​ខ្លះ​បាន​ផ្អាក​ការ​ហោះហើរ។ ទន្ទឹមនឹង​នោះ ក៏​មាន​ប្រទេស​មួយ​ចំនួន​បាន​បិទមិន​ឱ្យ​យន្តហោះ​ចូល​ផងដែរ។ ដូច្នេះ ស្ថានទូត​នឹង​ខិតខំ​ស្វែងរក​ជើង​យន្តហោះ​ណា ដែល​អាច​នឹង​ជួយ​ដឹក​និស្សិត​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​វិញ​បាន។

ស្ថានឯកអគ្គ​រាជទូត​ក៏​បាន​អំពាវនាវ​ដល់​សិស្សនិស្សិត​កម្ពុជា ដែល​មាន​បំណង​បន្ត​ការ​ស្នាក់នៅ ឬ​មិនអាច​ធ្វើ​ដំណើរ​បាន ដោយសារតែ​ហេតុផល​ផ្សេងៗ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន ការពារ​ខ្លួន និង​ជៀសវាង​ការ​ជួបជុំ​គ្នា និង​ការ​ចេញ​ទៅ​ក្រៅ ហើយ​ឱ្យ​គោរព​តាម​បទបញ្ជា និង​គោលការណ៍​ណែនាំ​តាម​រដ្ឋ​នីមួយៗ​ដែល​ពួកគេ​ស្នាក់នៅ។ ប៉ុន្តែ ស្ថានទូត​មិនបាន​បញ្ជាក់​ថា តើ​មាន​និស្សិត​ប៉ុន្មាន​នាក់ នៅបន្ត​ស្នាក់​នៅ​ទេ។

អានព័ត៌មានលម្អិត

២១:១៣ ២៤.៣.២០២០

មន្រ្តី​សុខាភិបាល៖ ​ពលរដ្ឋ​ខ្មែរ​៣៥​នាក់​វិល​ត្រឡប់ពី​ថៃ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា

ភ្នំពេញ —

ពលរដ្ឋ​ខ្មែរ​ដែល​បាន​ត្រឡប់​ចូល​កម្ពុជា​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែតនៃ​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៣៥​នាក់​ ក្នុង​ចំណោម​អ្នក​វិល​ត្រឡប់​ជាង ​១ម៉ឺន​៥​ពាន់​នាក់ ត្រូវ​បាន​មន្រ្តី​សុខាភិបាល​ធ្វើ​តេស្តរក​វីរុស​កូវីដ​១៩ ​ខណៈ​ពួកគេ​សម្រុក​មក​កម្ពុជា​វិញ ​នៅ​ពេល​ថៃ​បាន​ចាប់​ផ្តើម​បិទ​ច្រក​ព្រំដែន។ ​នេះ​បើ​យោង​តាម​លោក​ កែវ សុភ័ក្ត្រា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ កែវ សុភ័ក្ត្រា​ បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ថា ​មនុស្ស​ចំនួន៣៥​នាក់ ​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​នាក់​ដែល​បាន​ចូល​មក​កម្ពុជា​វិញ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​រក​វីរុស​មួយ​នេះ។ ​លោក​បន្ត​ថា​ ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​អាច​នឹង​ប្រកាស​នៅ​យប់​ថ្ងៃ​អង្គារ​នេះ។​

លោក​មាន​ប្រសាសន៍ថា៖​ «អ្នក​ដែល​មាន​កម្តៅ​ក្នុង​ចំណោម​ដែល​មក​នេះ ​យើង​ឃើញ​មាន​៣៥​នាក់​ហើយ ​ដែល​យើង​យក​សំណាក​ផ្ញើទៅ​ភ្នំពេញ​តាំង​ពី​យប់មិញ​ម៉្លេះ។ ​យប់​នេះ​បែប​ដឹង​ហើយ​លទ្ធផល»។ ​

មន្រ្តី​សុខាភិបាល​រូប​នោះ​ឲ្យ​ដឹង​ថា​ពួកគេ​មាន​កម្តៅ​ខ្ពស់ ​និង​ស្អក​ក​ជាដើម​ ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និងមន្ទីរ​ពេទ្យ​ក្រុង​ប៉ោយប៉ែត​និង​រង់ចាំ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត។​

ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់​បាន​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​ពី​ប្រទេស​ថៃ​ តាម​រយៈច្រក​ព្រំដែន​ប៉ោយ​ប៉ែត ​កាល​ពី​ចុង​សប្តាហ៍ ​បន្ទាប់​ពី​ប្រទេស​ថៃ​បាន​ប្រកាស​បិទ​ច្រក​ព្រំដែន​ចាប់​ពី​ថ្ងៃ​ច័ន្ទ ​ដើម្បី​បង្ការ​ការ​រាត​ត្បាត​វីរុស​កូវីដ​១៩។ ​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​ឆ្លង​ក្នុងប្រទេសកម្ពុជា​កាន់​តែ​ច្រើន​ នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​សម្រុក​មក​បែប​នេះ។​

អានព័ត៌មានលម្អិត

២០:១៧ ២៤.៣.២០២០

ព័ត៌មានចុងក្រោយ៖ ការទប់ទល់នឹងការឆ្លងវីរុសកូរ៉ូណានៅកម្ពុជា

នៅថ្ងៃអង្គារនេះ កម្ពុជាមិនទាន់មានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណានៅឡើយទេ ដែលករណីឆ្លងសរុបក្នុងពេលនេះមានចំនួន ៨៧នាក់។ យ៉ាងណាមិញ រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ពលករចំណាកស្រុកពីប្រទេសថៃ ចំនួន ៣៥នាក់ ត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា ហើយលទ្ធផលនៃការធ្វើតេស្តនេះនឹងរួចរាល់នៅយប់ថ្ងៃអង្គារនេះ។

កាលពីចុងសប្តាហ៍កន្លងទៅនេះ ពលករចំណាកស្រុកកម្ពុជារាប់ពាន់នាក់ ដែលធ្វើការនៅប្រទេសថៃ បានធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសបិទព្រំដែនរបស់ខ្លួន។ ការសម្រុកចូលប្រទេសកម្ពុជាក្នុងពេលតែមួយនេះ បានបង្កជាផលលំបាកដល់អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា ក្នុងការធ្វើតេស្តលើពលករទាំងអស់នោះ។

យ៉ាងណាមិញ នៅថ្ងៃអង្គារនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ក្នុងករណីដែលពលករចំណាកស្រុកណាម្នាក់ត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា អាជ្ញាធរនឹងរឹតបន្តឹងការធ្វើដំណើរចេញចូលក្នុងសហគមន៍នោះ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលក្នុងសហគមន៍។

ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញនេះ បានអំពាវនាវឲ្យអាជ្ញាធរតាមមូលដ្ឋាន ប្រែក្លាយសាលារៀន ទៅជាមន្ទីរពេទ្យ ដើម្បីត្រៀមជាវិធានការថែទាំ និងព្យាបាលអ្នកជំងឺនៃវីរុសកូរ៉ូណា។

កាលពីម្សិលមិញ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានប្រកាសអំពាវនាវឲ្យសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក ធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញ ខណៈសហរដ្ឋអាមេរិក កំពុងប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាកាន់តែខ្លាំងឡើង។

០៤:១៧ ២៤.៣.២០២០

គ្រូពេទ្យ​ចិន​៧នាក់​ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្ពុជាអំពីការព្យាបាលជំងឺ​កូវីដ១៩

បុគ្គលិកប្រចាំអកាសយានដ្ឋានអន្តរជាតិភ្នំពេញម្នាក់កាន់ទង់ជាតិកម្ពុជា និងចិន ខណៈយន្តហោះដឹកក្រុមគ្រូពេទ្យចិន និងសម្ភារៈបរិក្ខាពេទ្យពីប្រទេសចិន បានមកដល់កម្ពុជា ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩ នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
បុគ្គលិកប្រចាំអកាសយានដ្ឋានអន្តរជាតិភ្នំពេញម្នាក់កាន់ទង់ជាតិកម្ពុជា និងចិន ខណៈយន្តហោះដឹកក្រុមគ្រូពេទ្យចិន និងសម្ភារៈបរិក្ខាពេទ្យពីប្រទេសចិន បានមកដល់កម្ពុជា ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩ នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

វ៉ាស៊ីនតោន — នៅថ្ងៃច័ន្ទនេះ ក្រុមគ្រូពេទ្យជំនាញចិនចំនួន ៧នាក់ បានធ្វើដំណើរមកដល់កម្ពុជា ដោយនាំមកជាមួយនូវសម្ភារៈបរិក្ខាពេទ្យ ដើម្បីផ្តល់ការបណ្តុះបណ្តាលខាងផ្នែកវេជ្ជសាស្ត្រអំពីការព្យាបាលវីរុសកូរ៉ូណា ឬកូវីដ១៩ ដល់កម្ពុជា។ នេះបើយោងតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសរសេរលើទំព័រហ្វេសប៊ុក​ផ្លូវការរបស់លោក។

នៅកម្ពុជា ករណីឆ្លងវីរុសកូរ៉ូណា ដែលដំបូងផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន បានកើនឡើងខ្លាំងនៅក្នុងខែមីនានេះ ដែលករណីភាគច្រើនគឺកើតមានលើអ្នកដែលបានធ្វើដំណើរទៅក្រៅប្រទេស និងទេសចរបរទេសដែលបានមកដល់កម្ពុជា។ គិតត្រឹមថ្ងៃច័ន្ទនេះ ករណីឆ្លងសរុបមានចំនួន ៨៦នាក់ ក្នុងនោះមានពលរដ្ឋកម្ពុជា ចំនួន៣៥នាក់។

ក្រសួងសុខាភិបាលកម្ពុជាបន្តអះអាងថា នៅកម្ពុជាមិនទាន់មានករណីឆ្លងក្នុងសហគមន៍នៅឡើយទេ។ ស្របពេលជាមួយគ្នានោះ​ ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាទាំងអស់ រួបរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានការឆ្លងពីបុគ្គលដែលមានវីរុស ទៅកាន់បុគ្គលផ្សេងទៀត ដោយធ្វើតាមការណែនាំរបស់គ្រូពេទ្យអ្នកជំនាញ តាមរយៈ​ការរក្សាអនាម័យ ជាពិសេស​ការ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​នឹង​សាប៊ូ និងជៀសវាងការប្រមូលផ្តុំមនុស្សច្រើនជាដើម។

ក្រៅពីប្រទេសកម្ពុជា រដ្ឋាភិបាលចិនក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញរបស់ខ្លួនទៅកាន់ប្រទេសមួយចំនួន ដូចជាអ៊ីតាលីជាដើម ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុង​ការព្យាបាលការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលមិនទាន់មានវ៉ាកសាំង ឬថ្នាំព្យាបាលផ្លូវការណាមួយនៅឡើយទេ។ ដោយឡែក ករណីឆ្លងថ្មីនៅប្រទេសចិនបានថយចុះគួរឲ្យកត់សម្គាល់៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG