ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន កំពុង​សិក្សា​លទ្ធភាព​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដើម្បីទប់ទល់​នឹង​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការឆ្លងរាលដាលនៃវីរុសកូរ៉ូណា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ ​ព្រមាន​ថា​ លោក​កំពុង​សិក្សា​លទ្ធភាព​នៃ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ដែល​លោក​ថា ធ្វើឡើង​ក្នុង​គោល​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា នៅ​ពេល​ប្រជាជន​មិន​ស្តាប់​តាម​ការ​អំពាវ​នាវ​របស់​រដ្ឋាភិបាល។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ដែល​នឹង​ចេញ​ទៅ​ជួយ​ព្យាបាល​អ្នក​ជំងឺ​ដែល​ផ្ទុក​វីរុស​កូរ៉ូណា ដែល​កម្ពុជា​មាន​ករណី​ឆ្លង​សរុប​ទៅ​ដល់​ជាង​ ៩០។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​កំពុង​ឲ្យ​ពិនិត្យ​នូវ​លទ្ធភាព​ប្រើ​មាត្រា​ទី​ ២២ ​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ស្នើ​សុំ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​សាសន្ន។ ខ្ញុំ​មិន​ចង់​ប្រើ​ទេ ក៏​ប៉ុន្តែ​បើ​ការ​អំពាវ​នាវ​ខ្ញុំ គ្មាន​ប្រសិទ្ធិភាព»។

លោក​បាន​ថ្លែង​បែប​នេះ ភ្លាមៗ​ក្រោយ​លោក​ប្រតិកម្ម​ទៅ​នឹង​ការ​ដំឡើង​ថ្លៃ​ម៉ាស​នៅ​លើ​ទីផ្សារ ខណៈ​តម្រូវ​មាន​កាន់​តែ​ច្រើន ហើយ​អ្នក​លក់​ទាំង​នោះ មិន​ស្តាប់​តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «ហើយ​ខ្ញុំ​នឹង​ឈាន​ទៅ​ដល់​ការ​រឹប​អូស​ម៉ាស​ពី​ហាង​ទាំង​អស់។ ខ្ញុំ​កំពុង​សិក្សា​ពិនិត្យ​មើល​អំពីផ្លូវ​ច្បាប់។ បើ​អ្នក​ឯង​នៅ​តែ​បន្ត​ឡើង​ថ្លៃ។ ទៅ​រឹប​អូស​យក​តែ​ម្តង​ ដាក់​បញ្ជា​រឹប​អូស​យក​តែ​ម្តង។ កុំ​ឲ្យ​វា​រក​ស៊ី​ត​ទៀត ហើយ​បិទ​ឱសថ​ស្ថាន​ហ្នឹង​ចោល​តែ​ម្តង»។

មាត្រា​២២​ នៃ​រដ្ឋធម្មនុញ្ញ ​ចែង​ថា៖ «​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុងភាព​អាសន្ន​ ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ ប្រធាន​ព្រឹទ្ធសភា។

លោក ហ៊ុន សែន បន្ត​ថា​ ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​បាន ទាល់​តែ​មាន​ច្បាប់​ដាច់​ដោយ​ឡែក​មួយ​ទៀត ដែល​លោក​ថា​កំពុង​តែ​សិក្សា។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ហ៊ុន សែន ក៏​បានព្រមាន​ថា ​កុំ​ឲ្យ​មាន​ការ​វិភាគ​ថា​ លោក​ឆ្លៀត​ប្រើប្រាស់​មាត្រា​នេះ ដើម្បី​បំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG