តាមជំនឿរៀងៗខ្លួន ព្រះសង្ឃនៅកម្ពុជា បានគោះរគាំង សូត្រធម៌ និងសមាធិ ខណៈពលរដ្ឋមួយចំនួននៅតាមជនបទ បានដាក់ទីងមោង និងដុតភ្លើងនៅពេលយប់ ដើម្បីបញ្ចៀសការរីករាលដាលនៃវីរុសកូរ៉ូណា ដែលមានជាង៩០ករណីហើយនៅកម្ពុជា។
នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ប្របមាត់ទន្លេបាសាក់ ព្រះសង្ឃគោះរគាំងសូត្រធម៌ចម្រើនព្រះបរិត្ត និងសមាធិ កាលពីថ្ងៃទី២៣ ខែមីនា តាមការអំពាវនាវពីគណសង្ឃនាយកដើម្បីជួយរំសាយការភ័យខ្លាចជំងឺកូវីដ១៩ ទៅដល់អ្នកមានជំនឿលើពុទ្ធសាសនា ជាសាសនារដ្ឋនៅកម្ពុជា។
ព្រះតេជគុណ ភួង សុវណ្ណ ចៅអធិការវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង មានសង្ឃដីកាថា ពិធីសូត្រធម៌ និងគោះរគាំងជាមធ្យោបាយតាមផ្លូវសាសនាមួយក្នុងការជួយពង្រឹងស្មារតីនិងរំសាយការភ័យខ្លាចក្នុងចំណោមពុទ្ធសាសនិក។
«សូត្រទៅព្រះបរិត្តហ្នឹងគឺមានអំណាចអាចជួយរំងាប់នូវវិបត្តិទុក្ខភ័យផ្សេងៗនោះបាន។ អ៊ីចឹងប្រសិនបើពុទ្ធបរិស័ទ គាត់មានជំនឿថា ព្រះបរិតហ្នឹងអាចជួយរក្សាការពារ ជួយកម្ចាត់ទុក្ខភ័យហ្នឹង គឺថាអាចជួយធ្វើឲ្យផ្លូវចិត្តរបស់គាត់ហ្នឹង បានស្រួលទៅណា។ អ៊ីចឹង មិនធ្វើឲ្យគាត់ភ័យស្លន់ស្លោ»។
ព្រះតេជគុណក៏បានអំពាវនាវឲ្យមានការអនុវត្តតាមវិធានការការពារប្រឆាំងនឹងជំងឺកូវីដ១៩ ស្របតាមក្រសួងសុខាភិបាលផងដែរ។
ពុទ្ធសាសនិកនៅកម្ពុជាមួយចំនួនងាកទៅរកការទូន្មានផ្នែកផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនា ស្របពេលពួកគេមានការព្រួយបារម្ភនិងមិនស្ងប់ក្នុងចិត្តខណៈរោគរាតត្បាតកូវីដ១៩ បន្តឆ្លងចូលមកដល់ប្រទេសកម្ពុជាចំនួន៩៣ករណីគិតត្រឹមល្ងាចថ្ងៃពុធនេះ។
ពេលចូលរួមក្នុងពិធីគោះរគាំង សូត្រធម៌ និងសមាធិនោះ លោក ទី រស្មី អាយុ៤២ឆ្នាំ និងជាបុគ្គលិកក្រុមហ៊ុនឯកជនមួយយល់ថា ការសម្តែងធម៌ពីសំណាក់ព្រះសង្ឃ នឹងជួយបញ្ចៀសភាពភ័យខ្លាចលើរោគរាតត្បាតកូវីដ១៩ ស្របពេលលើកកម្ពស់ស្មារតីរបស់ពុទ្ធសាសនិកផងដែរ។
«បញ្ចៀសឲ្យវាចេញផុតឲ្យឆ្ងាយ កុំឲ្យវាមកធ្វើបាប និងបៀតបៀន។ ដូចយើងមើលឃើញស្រាប់ហើយវាជារោគរាតត្បាត និងធ្វើឲ្យខូចខាតច្រើនណាស់ ទាំងប្រទេសយើង និងប្រទេសគេ។ ... យ៉ាងហោចណាស់ជាការលើកទឹកចិត្តមួយ ដើម្បីឲ្យពួកគាត់មានកម្លាំងចិត្ត កុំមានភ័យខ្លាចជ្រុល»។
ចំណែកឯពលរដ្ឋមួយចំនួននៅតាមជនបទវិញ ពួកគេបានប្រើប្រាស់ទីងមោងដាក់ខាងមុខផ្ទះ និងដុតភ្លើងនៅពេលយប់ ដើម្បីបញ្ចៀសការរាតត្បាតនៃវីរុសនេះផងដែរ។
លោក ឈុំ វ៉ាន់ អាយុ៦៣ឆ្នាំ ជាកសិករម្នាក់ក្នុងភូមិកំពង់ល្វា ឃុំស៊ីធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថ្លែងប្រាប់VOA ថា លោកធ្វើទីងមោងដាក់ខាងមុខផ្ទះនេះ គឺតាមអ្នកភូមិនៅទីនេះ និងជាជំនឿមួយដែលមានតាំងពីបុរាណមក។ ប៉ុន្តែលោកថាលោកនៅតែការពារសុខភាពរបស់លោកបន្ថែមលើជំនឿនេះ។
«អាហ្នឹងតាមប្រពៃណីខ្មែរយើងពីដើមមកឲ្យតែមាន រោគាអីក្នុងភូមិស្រុកហ្នឹង ចាស់ៗពីដើមគាត់ចេះដាក់មក។អ៊ីចឹងវាចេះតែតៗទៅ ។ យើងមិនដឹងថាមានប្រសិទ្ធភាពយ៉ាងម៉េចនោះទេ។ មិនដឹងដែរអាហ្នឹង គ្រាន់តែប៉ុណ្ណឹងទេ»។
ទោះជាយ៉ាងណា ក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តដែលនឹងចេញទៅជួយព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវកុំឲ្យប្រជាពលរដ្ឋប្រើប្រាស់ជំនឿដុតភ្លើងពេលយប់ ដែលលោកថាអាចនាំឲ្យមានអគ្គិភ័យ។
លោកមានប្រសាសន៍ថា៖ «ម្យ៉ាងទៀត ខ្ញុំសូមអំពាវនាវ សុំកុំប្រើអបិយជំនឿ ដើម្បីបណ្តេញកូវីដ១៩»៕