ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

០៤:១៣ ២៤.៣.២០២០

ករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាកើនឡើងដល់ ៨៧នាក់

នៅចុងសប្តាហ៍កន្លងទៅនេះ ករណីឆ្លងថ្មីនៃវីរុសកូរ៉ូណា ឬកូវីដ១៩ ត្រូវបានរកឃើញលើអ្នកទេសចរជនជាតិបារាំងមួយក្រុម និងជនជាតិខ្មែរពីររូបនៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យកម្ពុជាប្រឈមនឹងករណីឆ្លងវីរុសនេះកាន់តែកើនឡើង។ គិតត្រឹមយប់ថ្ងៃច័ន្ទ ករណីឆ្លងសរុបនៅកម្ពុជាមានចំនួន ៨៧នាក់ ក្នុងនោះមានពលរដ្ឋកម្ពុជា ៣៥នាក់។ ភាគច្រើននៃករណីឆ្លងនេះ កើតឡើងនៅខេត្តព្រះសីហនុ កំពង់ចាម និងភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា។

រដ្ឋាភិបាលកម្ពុជាបានបន្តសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ទល់ការឆ្លងវីរុសកូរ៉ូណានេះ ដែលត្រូវបានផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ប្រទេសចិន។ ដោយសារកង្វះមន្ទីរពេទ្យព្យាបាល ជាពិសេសនៅតាមតំបន់ជនបទ នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានខេត្ត និងស្រុក ប្រែក្លាយសាលារៀនទៅជាមណ្ឌលថែទាំ និងព្យាបាលអ្នកជំងឺ ក្នុងករណីចាំបាច់។ ការអំពាវនាវនេះបានធ្វើឡើង ស្របពេលដែលពលករចំណាកស្រុកកម្ពុជារាប់ពាន់នាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ត្រឡប់មកសហគមន៍របស់ខ្លួនវិញ បន្ទាប់ពីរដ្ឋាភិបាលថៃប្រកាសបិទព្រំដែនរបស់ខ្លួន។

បន្ថែមលើនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានអំពាវនាវឲ្យមានការចូលរួមពីពលរដ្ឋកម្ពុជា ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានការឆ្លងវីរុសកូរ៉ូណាពីអ្នកដែលមានវីរុសនេះ ទៅកាន់បុគ្គលផ្សេងទៀតក្នុងសហគមន៍ ដោយប្រកាន់ខ្ជាប់នូវអនាម័យដៃ ជៀសវាងកន្លែងមានមនុស្សប្រមូលផ្តុំច្រើន បើនៅទីសាធារណៈ គួរនៅឆ្ងាយពីអ្នកដទៃយ៉ាងតិចណាស់ ១ម៉ែត្រ ហើយបើសង្ស័យថាឆ្លងវីរុសនេះ ត្រូវទាក់ទងទៅគ្រូពេទ្យជំនាញ៕

០១:៣២ ២១.៣.២០២០

ករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាកើនដល់ ៥១នាក់ គិតត្រឹមថ្ងៃសុក្រ

គិតត្រឹមយប់ថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីចំនួន ៤ថែមទៀត ដែលសរុបករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាបានកើនដល់ ៥១នាក់ ក្នុងនោះមានពលរដ្ឋកម្ពុជាចំនួន ៣១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ក្រសួងសុខាភិបាលកម្ពុជា។ ករណីឆ្លងថ្មី ៤នោះ ត្រូវបានរកឃើញលើជនជាតិម៉ាឡេស៊ី ១នាក់ នៅខេត្តកំពង់ចាម ជនជាតិខ្មែរ ១នាក់ នៅរាជធានីភ្នំពេញ និងជនជាតិខ្មែរ ២នាក់ នៅខេត្តបាត់ដំបង។

ក្នុងចំណោមពលរដ្ឋកម្ពុជាសរុប ៣១នាក់ ដែលឆ្លងវីរុសនេះ រួមមានពលរដ្ឋកម្ពុជា ២៥នាក់ដែលបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី និងស្ត្រី ២នាក់ ដែលជាភរិយារបស់បុរសដែលបានធ្វើដំណើរទៅម៉ាឡេស៊ី និងបុរសម្នាក់ ដែលមិនមានប្រវត្តិចេញទៅក្រៅប្រទេស ក៏ប៉ុន្តែបានចាប់ដៃផ្ទាលជាមួយនឹងបុគ្គលដែលបានវិលត្រឡប់មកសហគមន៍វិញ បន្ទាប់ពីបានធ្វើដំណើរទៅម៉ាឡេស៊ី។

០១:២៩ ២១.៣.២០២០

អ្នក​ធ្វើការក្នុង​វិស័យ​កាត់ដេរ​ព្រួយ​បារម្ភ​ពី​លទ្ធភាព​ច្រើន​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា

កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ចាប់ផ្តើមចេញពីរោងចក្រដើម្បីទទួលទានបាយថ្ងៃត្រង់ ដោយមានពាក់ម៉ាសគ្រប់គ្នា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ចាប់ផ្តើមចេញពីរោងចក្រដើម្បីទទួលទានបាយថ្ងៃត្រង់ ដោយមានពាក់ម៉ាសគ្រប់គ្នា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)

នៅ​ម៉ោង​១១:៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ កម្មករ​រោង​ចក្រ​កាត់​ដេ​រ​មួយក្នុង​ខេត្ត​កណ្តាល​បាន​ចាប់​ផ្តើម​ចេញ​ពី​រោង​ចក្រ​ ដើម្បី​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់។ ខុស​ពី​សព្វ​មួយ​ដង ​ នៅ​សប្តាហ៍​នេះ​ ពួកគេ​ម្នាក់ៗ​ពាក់​ម៉ាស​ និង​លាង​ដៃ​នឹងអាល់​កុល​ដែល​បាញ់​ដោយ​សន្តិសុខ​ឈរ​នៅ​មាត់​ទ្វារ​រោង​ចក្រ ​ទាំង​ពេល​ចេញ​មក​ខាង​ក្រៅ​ និង​ពេល​ចូល​ក្នុង​រោង​ចក្រ​វិញ។​ សម្មភាព​នេះ​ចាប់​ផ្តើម​មាន​ដោយ​សារ​មេរោគ​កូរ៉ូណា ​ឬ​កូវីដ-១៩​កំពុង​កើន​ឡើងនៅ​កម្ពុជា។​

កំពុង​ឈរ​ទិញ​បាយ ​និង​ម្ហូប​កញ្ចប់​នៅ​ខាង​មុខ​រោង​ចក្រ ​អ្នកស្រី សែ វុទ្ធី ​កម្មការិនីធ្វើ​ការ​ផ្នែក​ដេរ​ខោអាវ​ក្មេង​ ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ រោង​ចក្រ​ចាប់​ផ្តើម​ដាក់​ទឹក​អាល់​កុល​បាញ់​សម្លាប់​មេរោគ​ ​វាស់​កម្តៅ​ និង​ផ្តល់​ម៉ាស​ឲ្យ​ពាក់ ​និង​ពេល​ខ្លះ​កម្មករ​ទិញ​ម៉ាស​ពាក់​ខ្លួន​ឯង ​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា។ ​អ្នកស្រី​បន្ថែមថា ​អ្នក​គ្រប់​គ្រង​រោងចក្រ​បាន​ប្រាប់​ឲ្យ​ក្រុម​កម្មករ​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​និង​រក្សាអនាម័យឲ្យ​បាន​ដិត​ដល់។ ​

«គេ​ប្រាប់​ឲ្យ​យើង​ពាក់​ម៉ាស ​ឲ្យ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ​ហើយ​យើង​កុំ​ទៅ​កន្លែង​ណា​ដែលមាន​ទី​ប្រជុំ​ជន​ខ្វះ​ការ​អនាម័យ​អី​អ៊ីចឹង។​ [ពេល​ធ្វើការ​ក្នុង​រោងចក្រ] ​ខ្ញុំ​លាង​ដៃ​ជាមួយ​ទឹក​សាប៊ូ​ ពេល​ទៅ​បន្ទប់​ទឹក​ទៅ​អី​ ផឹក​ទឹក​ឲ្យ​ច្រើន​ ហើយ​មាន​ទឹក​លាង​ដៃ​ខ្លួន​ឯង​ផ្សេង​ទៀត»។​

ព័ត៌មានលម្អិត

០១:២៧ ២១.៣.២០២០

ការ​ជួប​ជុំ​បែបសាសនា​នៅ​ម៉ាឡេស៊ី​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​២៣​នាក់ ឆ្លង​វីរុស​កូរ៉ូណា

កាល​ពី​៣​សប្តាហ៍​មុន ពលរដ្ឋ​កម្ពុជា​ប្រមាណ​៨០​នាក់​បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចូលរួម​កម្មវិធី​សាសនា​មួយ​នៅ​ទីនោះ។ ពិធី​សាសនា​នោះ​មាន​ការ​ចូលរួម​ពី​មនុស្ស​ជាង​១​ម៉ឺន​នាក់ មក​ពី​ប្រមាណ​៣០​ប្រទេស។ ប្រជាជន​កម្ពុជា​ចំនួន​៧៩​នាក់ ត្រូវ​បាន​រាយការណ៍​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជាថា​បាន​ចូលរួម​ពិធី​សាសនា​ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ។

ក្រោយមក​ជន​បរទេស​មួយ​ចំនួនដែល​ចូលរួម​ពិធី​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​វីរុស​កូរ៉ូណា។ កម្ពុជា​ចាប់​ផ្តើម​ធ្វើ​តេស្ត​សំណាក​របស់​មនុស្ស​ដែល​ចូលរួម​ក្នុង​ពិធី​សាសនា​ហើយ​ត្រឡប់​មក​កម្ពុជា​វិញ។

រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមីនា​នេះ អ្នក​ទៅ​ទីនោះ​ចំនួន​២៣​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​វីរុស​មួយ​នេះ។ មិន​តែ​ប៉ុណ្ណោះ​ស្រ្តី​ពីរ​នាក់ ដែល​ជាភរិយា​របស់​បុរស​ពីរ​នាក់​ដែល​បាន​ទៅ​ទីនោះ ក៏​ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​នោះ​ផង​ដែរ។

លោក រ៉ហ្សាត អាយុ​៤៦ឆ្នាំ នៅ​ខេត្ត​បាត់​ដំបង ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​នេះ បាន​ថ្លែង​ប្រាប់​VOAនៅ​ថ្ងៃ​សុក្រ​តាម​ទូរសព្ទ​ពី​មន្ទីរ​ពេទ្យ​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​ថា លោក​និង​ក្រុម​របស់​លោក​៥នាក់​ទៀត បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ពី​ភ្នំពេញ​ទៅ​ទីក្រុង​កូឡាឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ពិធីសាសនា​នៅ​ទីនោះ។ កាល​នោះ កម្ពុជា​មិន​ទាន់​រក​ឃើញ​ពលរដ្ឋ​កម្ពុជា​ណាមួយ​ឆ្លង​វីរុស​នៅ​ឡើយ​ទេ។ ករណី​ដំបូង​នៃ​វីរុស​កូរ៉ូណា​ដែល​កើត​លើ​ពលរដ្ឋ​កម្ពុជា ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​៨ ខែមីនា។

លោក រ៉ហ្សាត មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​មិន​បាន​ប្រយ័ត្ន​ប្រយែង​នឹង​វីរុស​កូរ៉ូណា​នោះ​ទេ​កាល​នោះ​បើ​ទោះ​អាជ្ញាធរ​ម៉ាឡេស៊ីបាន​ពិនិត្យ​កម្តៅ​របស់​ពួកគេពេល​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​ក៏ដោយ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​វា​មិន​ដឹង​ដែរ ខ្ញុំ​អង្គុយ​ស្តាប់​តែ​គេ​សូត្រ​ធម៌។ និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​ស្តាប់​តែ​គេ​សូត្រ​ធម៌»។

ព័ត៌មានលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG