ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

២១:១៦ ១៩.៣.២០២០

ព្រះ​សង្ឃ​ត្រៀម​ទូងស្គរ​ តែ​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា

ជា​ជំនឿ​មួយ​និង​សម្រាប់​សេចក្តី​សុខ​ផ្លូវ​ចិត្ត ព្រះ​សង្ឃ​នៅ​ទូទាំង​ប្រទេស​តាម​វត្ត​អារាម​ជាង ​៥​ពាន់​វត្ត​ និង​ព្រះ​សង្ឃ​ជាង ​៧ម៉ឺន​អង្គ​ នឹង​មាន​ការ​ទូងស្គរ​ទ្រង់ទ្រាយ​ធំ​មួយ ​ដែល​ជាជំនឿ​មួយ​ថា​ ប្រទេស​កម្ពុជា​នឹង​មិន​ជួប​វិបត្តិ​នៃ​ការ​រីករាល​ដាល​ទ្រង់ទ្រាយ​ធំ​នៃ​វីរុស​កូរ៉ូណា ​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ​៩​ពាន់​នាក់ ​និង​ឆ្លង​ជាង ​២០​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក។​

ព្រះ​សង្ឃ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ណែនាំ​ឲ្យ​ទូង​ស្គរ​ និង​សូត្រ​ធម៌ ​នៅ​ល្ងាចថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ​២០២០ ​ពោល​គឺ​នៅ​សប្តាហ៍​ក្រោយ ​ចាប់​ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​ ៦​ល្ងាច។​

គណៈ​សង្ឃ​នាយក​នៃ​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី១៦ ​ខែ​មីនា ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​ព្រះ​តេជគុណ ​នន្ទ ង៉ែត​ ប្រធាន​គណៈសង្ឃ​នាយក​ ដោយស្នើ​ឲ្យ​មាន​ការ​ទូង​ស្គរ​ និង​សូត្រ​ព្រះ​ធម៌​ព្រម​គ្នានៅ​គ្រប់​វត្ត​ទូទាំង​ប្រទេស​នៅ ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​ ជា​ជំនឿ​មួយ ​«ដើម្បី​បួង​សួង​ជម្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺផ្លូវ​ដង្ហើម​កូវីដ​១៩»។​

ប៉ុន្តែ​អំឡុង​ពេល​ពិធី​ទូងស្គរ​ និង​សូត្រ​ព្រះធម៌​នេះ ​គឺ​មិន​ចាំបាច់​ប្រមូល​មនុស្សម្នារ​ឲ្យ​ជួប​ជុំ​ច្រើន​ពេក​នោះ​ទេ​ ជា​ពិសេស​ហាម​ឃាត់​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូវីដ​១៩។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។​

គណៈ​សង្ឃ​នាយក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​អប់រំ​បន្ថែម​ពី​វីរុស​កូវីដ​១៩ ​ក៏​ដូច​ជា​ការ​ប្រកាន់​យក​នូវ​ការ​អនុវត្ត​អនាម័យ​ល្អ​ និង​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​វត្ត​អារាម។​

អានព័ត៌មានលម្អិត

១៩:៣៧ ១៩.៣.២០២០

អ្នក​ធ្វើ​ការ​ផ្នែក​សុខភាព​បង្កើន​ការ​ការពារ​ ខណៈ​អ្នក​ឆ្លង​វីរុស​កូរ៉ូណាកើន​ឡើង​នៅ​កម្ពុជា

លោកវេជ្ជបណ្ឌិត គី សន្ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ផ្តល់សម្ភាសន៍ដល់ VOA អំពីការការពារខ្លួនរបស់ក្រុមគ្រូពេទ្យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
លោកវេជ្ជបណ្ឌិត គី សន្ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ផ្តល់សម្ភាសន៍ដល់ VOA អំពីការការពារខ្លួនរបស់ក្រុមគ្រូពេទ្យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)

ខណៈ​ហាងលក់ដូរ​មួយ​ចំនួន​ត្រូវ​បិទទ្វារដោយ​សារ​មេរោគ​កូរ៉ូណា​ ឬ​កូវីដ-១៩ ​ ឱសថ​ស្ថាន​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​រាជធានី​ភ្នំពេញ ​បែរ​ជា​កើន​មនុស្ស​ចេញចូល​ច្រើន​ខុស​ពី​ធម្មតា ​ដើម្បី​ទិញ​ថ្នាំ ​និង​គ្រឿង​សម្លាប់​មេរោគ។​

ក្នុង​ឱសថ​ស្ថាន​មួយ​នៅសង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ភ្នំពេញ ​លោក​ សួរ សំណាង ​កំពុងលក់​ថ្នាំ​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មកទិញជា​បន្ត​បន្ទាប់​ឥត​ដាច់។ ស្លៀក​ពាក់ធម្មតា ​ដោយ​មាន​ពាក់​ម៉ាស់​ជាប់​រហូត​ផងឱសថការី ​និង​ជា​ម្ចាស់​ឱសថស្ថាន​នេះ​ ប្រាប់ ​VOA​ កាល​ពី​ថ្ងៃ​ពុធ​ថា​ ចាប់​តាំង​ពី​កម្ពុជា​កើត​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ ហើយ​កើន​ឡើង​ជា​បន្ត​បន្ទាប់ លោក​ចាប់​ផ្តើម​ការពារ ​និង​ប្រុង​ប្រយ័ត្ន​ជាង​មុន ​ជាពិសេសរាល់​ពេល​ទាក់​ទង​ជាមួយ​ក្រុម​គ្រួសារ ​និង​កូន​តូចៗ​ ៣​នាក់​របស់​លោក។​

«ការពារ​ចម្បង​ហ្នឹង​គឺ​ឧស្សាហ៍​លាង​ដៃ ​ពេល​ដែល​ទទួល​ប្រាក់​ ហើយ​ខ្ញុំ​ត្រូវ​លាង​អាល់​កុល​លាង​ជែលសម្លាប់​មេរោគ។ ​ហើយ​ខ្ញុំ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ដែល​ត្រូវ​មក​ទិញ។ ខ្ញុំ​នៅ​ឲ្យ​ឆ្ងាយពី​គ្នា​បន្តិច។ ​រួចបើ​គាត់​ប្រាប់មាន​អាការៈ​ សួរព័ត៌មាន​គាត់​ មាន​កម្តៅ​ឡើងខ្លាំង​ ​គាត់​ធ្លាប់​ចេញ​ចូល​ខេត្ត​ណា​ណី ​ឲ្យ​គាត់​ទៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ដើម្បី​ពិភាក្សា​ជាមួយ​ដុកទ័រ»។​

ខណៈ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​រហូត​ដល់​ជិត ​៤០​ករណី​ អ្នក​ធ្វើការ​ទាក់ទង​នឹង​ផ្នែក​សុខភាព​ ដូច​ជា​វេជ្ជបណ្ឌិត​អ្នក​ថែទាំ​អ្នក​ជំងឺ​និង​អ្នក​លក់​ថ្នាំ​ពេទ្យ​ជាដើម​ នៅ​តែ​បន្ត​ការងារ​របស់​ពួក​គេ ​ប៉ុន្តែ​ពួក​គេបង្កើន​ការ​ការពារ ​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។​

អានព័ត៌មានលម្អិត

១៩:០៥ ១៩.៣.២០២០

ឪពុក​ម្តាយ​នៅ​ខេត្ត​សៀមរាប​បារម្ភការ​សិក្សា​របស់​កូន ខណៈ​សាលា​រៀន​បិទ​ទ្វារ

ជាង​ពីរ​សប្តាហ៍​មក​ហើយ​ដែល​កូនស្រី​របស់​អ្នកស្រី​ ឱម ផល្លី​ នៅ​ក្នុង​ក្រុង​សៀមរាបនៅ​តែ​ផ្ទះ។កូនស្រី​វ័យ​ជំទង់​របស់​អ្នកស្រី ​ឱម ផល្លី ​គ្មាន​អ្វីធ្វើ​ច្រើន​ទេ​ ​ហើយ​ម្តាយ​របស់​នាងបាន​បង្កើន​ការងារ​ផ្ទះ​ប្រចាំ​ថ្ងៃឲ្យ​នាង​ កុំ​ឲ្យ​គាត់​នៅ​ទំនេរ។​

ដូច្នេះ​ យុវតី សួស កញ្ញារ៉ូសា ​ដែល​រៀនថ្នាក់ទី​៨​ និង​ដែល​ជា​ធម្មតា​អាច​មមាញឹក​ជាមួយ​ការងារ​សាលា​ នៅ​ពេល​នេះ​បែរ​ជា​រ៉ាប់រង​ការងារ​លាង​ចាន​ ​បោក​ខោអាវ​និង​កិច្ចការ​ផ្ទះ​ផ្សេង​ទៀត​ហើយ​ពេល​ខ្លះនាង​ត្រូវ​អាន​សៀវភៅ។​

យុវតី សួស កញ្ញារ៉ូសា ​និយាយ​ថា៖ «នៅ​ផ្ទះ​អផ្សុក​អ៊ីចឹង!​ជួន​កាល​មើល​សៀវភៅ​ទៅជួន​កាល​ម៉ាក់​ប្រើធ្វើ​បោក​ខោ​អាវ​ អីទៅ​ ខ្ញុំ​បោក​ទៅ»។​

យុវតីវ័យ​១៤ឆ្នាំ​រូប​នេះ ហាក់​ស្ទាក់​ស្ទើរ​មិន​ចង់​ឈប់​តាម​ការ​ផ្អាក​ការ​សិក្សា​ ​ដែល​ប្រកាស​ដោយ​ក្រសួង​អប់រំ ​កាល​ពី​ថ្ងៃទី​៧​ ខែមីនា បន្ទាប់​ពី​ពលរដ្ឋ​កម្ពុជា​ម្នាក់​ក្នុង​ក្រុង​សៀម​រាប​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​កូរ៉ូណា​វីរុស ​ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​បិទ​សាសា​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ។​

ប៉ុន្តែ​ពីរ​សប្តាហ៍​ក្រោយ​មក​ ​ការ​បិទ​សាលា​ដោយ​មិន​បាន​គ្រោង​ទុក​មុន​នោះ​បាន​ពង្រីក​ដល់​គ្រឹះស្ថាន​អប់រំ​ឯ​ទៀត​នៅ​ទូទាំង​ប្រទេស។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ។ ​ភាព​អផ្សុក​នៅ​តែ​ផ្ទះ​របស់​យុវតី​កញ្ញា រ៉ូសា​ ក៏​ត្រូវ​បាន​ពន្យារ​តាម​នោះ​ដែរ។​

ក្រសួង​អប់រំ យុវជន ​និងកីឡាបាន​ប្រកាស​ថា​ ​នឹង​មាន​ថ្នាក់​រៀន​តាមប្រព័ន្ធ​អនឡាញ​ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា E-learning​ ​បើ​ទោះជាមាន​សេចក្តី​លម្អិត​តិច​តួច​អំពី​ថ្នាក់​រៀន​នេះ​ថា​តើ​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្តេច​នោះ។​

សិស្ស​បឋម​សិក្សា​ក្នុង​ក្រុង​សៀមរាប​មាន​ចំនួន​សរុប​ជាង​ ៣ម៉ឺន​នាក់ហើយ​ជាង ​២​ម៉ឺន​នាក់​ទៀត​ជា​សិស្ស​រៀន​នៅ​កម្រិត​មធ្យម​សិក្សា​ថ្នាក់​អនុវិទ្យាល័យ​និង​វិទ្យាល័យ។​នេះ​បើ​យោង​តាម​ស្ថិតិ​របស់​មន្ទីរ​អប់រំ​ខេត្ត​សៀមរាប។​

ការ​បិទ​សាលារៀន​បាន​ធ្វើឲ្យ​ឪពុក​ម្តាយ​ ​ដែល​ធ្វើ​ការ​ ពិបាក​គ្រប់គ្រង​កូនៗ​របស់​ពួកគេ​ឬ​ក៏​ធានា​ថា​ ពួកគេ​មិន​ភ្លេច​មេរៀន​ដែល​បាន​រៀន។​

អ្នកស្រី ​ឱម ផល្លី ​វ័យ​៤៣​ឆ្នាំ​បារម្ភ​ថា កូន​របស់​អ្នកស្រី​គឺ​ កញ្ញារ៉ូសា ​នឹង​ភ្លេច​មេរៀន​ ប្រសិន​បើ​នាង​មិន​រំឭក​មេរៀន​ឲ្យ​បាន​ទៀង​ទាត់​នោះ។​អ្នកស្រី​បារម្ភ​ថា កូន​ស្រីរបស់​អ្នកស្រីនឹង​ធ្លាក់​ក្នុង​ការ​ប្រឡង​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦​ ខែ​មីនា បន្ថែម​លើ​ការ​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​បារម្ភ​អាហ្នឹង​[កូរ៉ូណា​វីរុស​]ក៏​បារម្ភ​ហើយ​ណា​ទៀត​បារម្ភ​ខ្លាច​កូន​វា​រៀន​ទៅ​វា​ប្រឡង​អត់​ជាប់។​ ខ្លាច​អ្ហឺ ​ព្រោះអី​ជិត​ប្រឡង​ហើយ»។​

អានព័ត៌មានលម្អិត

១០:៣៩ ១៩.៣.២០២០

កម្ពុជា​សម្រេច​មិន​ឲ្យ​ជនជាតិ​វៀតណាម​ចូល​ក្នុង​ប្រទេស​តាម​គ្រប់​ច្រក

រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃព្រហស្បតិ៍នេះ​ បាន​ប្រកាស​ថា​កម្ពុជា​នឹង​សម្រេច​បិទ​ការ​ធ្វើ​ដំណើរ​របស់​ជនជាតិ​វៀតណាម​ចូល​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពីអធ្រាត្រ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​តទៅ ជា​វិធានការ​មួយ​ឆ្លើយ​តប​នឹង​ការ​សម្រេច​ចិត្ត​បិទ​ច្រក​ព្រំដែន​ពី​ភាគី​វៀតណាម ដែល​លោក ហ៊ុន សែន ថា​មិន​មាន​ការ​ជូន​ដំណឹង​ជា​មុន។

ក្នុង​សំឡេង​ដែល​មាន​មាន​រយៈ​ពេល​ជាង​១០នាទី និង​ត្រូវ​បាន​ចែកចាយ​តាម​ប្រព័ន្ធ​សង្គម ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​ថា​វៀតណាម​បាន​បិទ​ច្រក​ព្រំដែន​គោក ដើម្បី​ប្រឆាំង​នឹង​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា ​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ជា​មុន ហើយ​លោក​ក៏​សម្រេច​បិទ​ច្រក​ព្រំដែន​វិញ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែមីនា ក្រសួង​ការបរទេស​កម្ពុជា​ បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ដោយ​ពលរដ្ឋ​វៀតណាម និង​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម ​ដោយ​ពលរដ្ឋ​កម្ពុជា ​តាម​ផ្លូវ​គោក​ ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ទាំង​អស់​ នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់​ពី​អធ្រាត្រ​ថ្ងៃ​ទី​២០ ខែ​មីនា។ ក្រសួង​បញ្ជាក់​ថា វិធានការ​នេះ មិន​អនុវត្ត​ចំពោះ​ពលរដ្ឋ​វៀតណាម​និង​កម្ពុជា ដែល​កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត និង​ផ្លូវ​ការ​ទេ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា៖ «វិធាន​ការ​នេះ​មាន​គោល​បំណង​បញ្ចៀស​នូវ​ការ​លំបាក​ចំពោះ​ពលរដ្ឋ​វៀតណាម ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែល​តម្រូវ​ឲ្យ​បង្ខាំង​ខ្លួន​នៅ​ដាច់​ពីគេ​ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​វៀតណាម»។

ភាគី​កម្ពុជាស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា ​ដើម្បី​សម្រសម្រួល និង​ធានា​ថា​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រួម អាច​អនុវត្ត​ដោយ​គ្មាន​ការ​រាំង​ស្ទះ។

លើស​ពី​នេះ​ទៅ​ទៀត ភាគី​កម្ពុជា​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​សម្រួល​ការ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​របស់​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ក្នុង​ប្រទេស​វៀតណាម ប្រសិន​បើ​មាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស។

លិខិត​របស់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាម​ ចុះ​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ផ្ញើ​ទៅ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ជា​បណ្តោះ​អាសន្ន​ មិន​ឲ្យ​ជន​បរទេស​ទាំង​អស់​ចូល​វៀតណាម ​រយៈពេល​៣០​ថ្ងៃ ​ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២០​នេះ។

លិខិត​នេះ​បញ្ជាក់​បន្ថែម​ថា ​អ្នក​ដែល​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​ រួម​មាន​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ​ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ថា​ គ្មាន​ជំងឺ​ COVID19​ ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ដែល​ពួកគេ​រស់​នៅ​ ​ហើយ​ត្រូវ​មាន​ការ​យល់​ព្រម​ជា​មុន​ពី​អាជ្ញាធរ​វៀតណាម​ ​ទើប​អាច​ចូល​ប្រទេស​វៀតណាម​បាន។

ក្នុង​សំឡេង​ដែល​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ VOA លោក ហ៊ុន សែន បញ្ជាក់​ថា​ការ​សម្រេច​ចិត្ត​របស់​វៀតណាម​ក្នុង​ការ​បិទ​ច្រក ដែល​លោក​ថា​មិន​បាន​ជូន​ដំណឹង «នេះ​ជា​ការ​មួយ​ដែល​យើង​ពិបាក​យល់»។

លោក​បន្ថែម​ថា ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា«មិន​មែន​ជា​ការ​សង​សឹក​ឬ​ឆ្លើយ​តប​គំរោះគំរើយ»។ លោក​បន្ថែម​ថា បំរាម​របស់​កម្ពុជា​ត្រូវ​អនុវត្ត​ ​រហូត​ដល់​វៀតណាម​លើក​បំរាម​របស់​ខ្លួន​ចេញ។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «យើង​មិន​ទាន់​បញ្ជូន​ជំងឺ​ទៅ​ឲ្យ​វៀតណាម​ណា​ម្នាក់​ទេ។ ...យើង​ក៏​ត្រូវ​អនុវត្ត​វិធានការ​មួយ​ការ​ពារ​ប្រជាជន​របស់​យើង​ដែរ។ គាត់​សង្ស័យ​មក​លើ​យើង យើង​ក៏​សង្ស័យ​លើ​គាត់​ដែរ។ មាន​សិទ្ធិ​សង្ស័យ​ទាំង​សង​ខាង។ ហើយ​មាន​សិទ្ធិនឹង​ការ​ពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទាំង​សង​ខាង»។

ករណី​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បាន​កើន​ដល់​៣៧​នាក់ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ​ទី​១៩ ​ខែ​មីនា ​ឆ្នាំ​២០២០ ​ដោយ​ក្នុង​នោះ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​២៤​នាក់។ ​

គួរ​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​បិទ​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេស​មក​ពី​ប្រទេស​ចំនួន​៦​ចូល​ប្រទេស​កម្ពុជា ​រួម​មាន​អ៊ីតាលី ​បារាំង ​អាល្លឺម៉ង់ ​អេស្ប៉ាញ ​អាមេរិក ​និង​អ៊ីរ៉ង់ ​តាំង​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG