ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជួប​ជុំ​បែប​​សាសនា​នៅ​ម៉ាឡេស៊ី​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​២៣​នាក់ ឆ្លង​វីរុស​កូរ៉ូណា


ជនជាតិ​ម៉ូស្លីម​ម៉ាឡេស៊ី​អធិស្ឋានក្នុង​ពិធីបុណ្យ​ Eid al-Fitr នៅវិហារអ៊ីស្លាមជាតិ​ក្នុង​ទីក្រុង​គូឡាឡាំពួ កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ២០១៩។ (AP/Vincent Thian)

រហូត​មក​ដល់​ពេល​នេះ ករណី​ឆ្លង​វីរុស​កូរ៉ូណា​កើន​ដល់​ទៅ​ជិត​៥០​នាក់​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ពលរដ្ឋ​កម្ពុជា​២៣​នាក់​ដែល​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

កាល​ពី​៣​សប្តាហ៍​មុន ពលរដ្ឋ​កម្ពុជា​ប្រមាណ​៨០​នាក់​បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចូលរួម​កម្មវិធី​សាសនា​មួយ​នៅ​ទីនោះ។ ពិធី​សាសនា​នោះ​មាន​ការ​ចូលរួម​ពី​មនុស្ស​ជាង​១​ម៉ឺន​នាក់ មក​ពី​ប្រមាណ​៣០​ប្រទេស។ ប្រជាជន​កម្ពុជា​ចំនួន​៧៩​នាក់ ត្រូវ​បាន​រាយការណ៍​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជាថា​បាន​ចូលរួម​ពិធី​សាសនា​ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ។

ក្រោយមក​ជន​បរទេស​មួយ​ចំនួនដែល​ចូលរួម​ពិធី​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​វីរុស​កូរ៉ូណា។ កម្ពុជា​ចាប់​ផ្តើម​ធ្វើ​តេស្ត​សំណាក​របស់​មនុស្ស​ដែល​ចូលរួម​ក្នុង​ពិធី​សាសនា​ហើយ​ត្រឡប់​មក​កម្ពុជា​វិញ។

រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមីនា​នេះ អ្នក​ទៅ​ទីនោះ​ចំនួន​២៣​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​វីរុស​មួយ​នេះ។ មិន​តែ​ប៉ុណ្ណោះ​ស្រ្តី​ពីរ​នាក់ ដែល​ជាភរិយា​របស់​បុរស​ពីរ​នាក់​ដែល​បាន​ទៅ​ទីនោះ ក៏​ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​នោះ​ផង​ដែរ។

លោក រ៉ហ្សាត អាយុ​៤៦ឆ្នាំ នៅ​ខេត្ត​បាត់​ដំបង ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​នេះ បាន​ថ្លែង​ប្រាប់​VOAនៅ​ថ្ងៃ​សុក្រ​តាម​ទូរសព្ទ​ពី​មន្ទីរ​ពេទ្យ​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​ថា លោក​និង​ក្រុម​របស់​លោក​៥នាក់​ទៀត បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ពី​ភ្នំពេញ​ទៅ​ទីក្រុង​កូឡាឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ពិធីសាសនា​នៅ​ទីនោះ។ កាល​នោះ កម្ពុជា​មិន​ទាន់​រក​ឃើញ​ពលរដ្ឋ​កម្ពុជា​ណាមួយ​ឆ្លង​វីរុស​នៅ​ឡើយ​ទេ។ ករណី​ដំបូង​នៃ​វីរុស​កូរ៉ូណា​ដែល​កើត​លើ​ពលរដ្ឋ​កម្ពុជា ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​៨ ខែមីនា។

លោក រ៉ហ្សាត មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​មិន​បាន​ប្រយ័ត្ន​ប្រយែង​នឹង​វីរុស​កូរ៉ូណា​នោះ​ទេ​កាល​នោះ​បើ​ទោះ​អាជ្ញាធរ​ម៉ាឡេស៊ីបាន​ពិនិត្យ​កម្តៅ​របស់​ពួកគេពេល​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​ក៏ដោយ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​វា​មិន​ដឹង​ដែរ ខ្ញុំ​អង្គុយ​ស្តាប់​តែ​គេ​សូត្រ​ធម៌។ និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​ស្តាប់​តែ​គេ​សូត្រ​ធម៌»។

រយៈ​ពេល​៤​ថ្ងៃ​នៃ​ការ​ចូលរួម​ពិធី​សាសនា​ដែល​ជា​ពិធី​មួយ​ដ៏​ធំនិង​មាន​ការ​ចូលរួម​ពី​មនុស្ស​រាប់​ពាន់​នាក់​ជាពិសេស​ប្រជាជន​ម៉ាឡេស៊ី ក្រុម​មនុស្ស​មក​ពី​ចម្រុះ​ជាតិ​សាសន៍​ស្នាក់​នៅ​វិហារ​នោះ ហូប​ចុក​ជាមួយ​គ្នា ដែល​នាំ​ឲ្យ​មាន​ការ​ចម្លង​វីរុស​នេះ​ជា​បន្ត​បន្ទាប់។

លោក រ៉ហ្សាត មាន​ប្រសាសន៍​ថាអ្នក​ចូលរួម​មិន​បាន​គិត​ដល់​ការ​ឆ្លង​វីរុស​កូរ៉ូណា ដែល​ពិភព​លោក​កំពុង​ព្រួយ​បារម្ភ​នោះ​ទេ។ លោក​បន្ត​ថា​លោក​សម្រាក​នៅ​លើ​ឥដ្ឋ​ការ៉ូ​នៅ​ក្នុង​វិហារ​សាសនា​នោះ ដោយ​លោក​មាន​កម្រាល​ពូក​តូច​មួយ​ក្រាល​ពី​លើ​ឥដ្ឋ​ដើម្បី​សម្រាក។

លោក​មាន​ប្រសាសន៍​ថា៖ «កន្លែង​យើង​គេង​ហ្នឹង ដេក​កណ្តាល​ការ៉ូ​យើង​ស្អាត​ធម្មតា។ ប៉ុន្តែ​យើង​មាន​កម្រាល​ពូក​យើង ម្នាក់មួយៗ ក្រាលដេក។ និយាយ​ឲ្យ​ចំ​ទៅ កៀកៗ​គ្នា យើង​ថា​មួយ​ម៉ែត្រ​ចុះ។ យើង​អាច​លាត​ដៃ​ប្រែ​ខ្លួន លាត​ដៃ​សន្ធឹង​អី​បាន»។

លោក​បន្ត​ថា​ការ​បរិភោគ​អាហារ និង​ទឹក ក៏​នៅ​ជុំ​គ្នា ហើយ​មាន​ការ​ចាប់​ដៃ​គ្នា​ផង​ដែរ ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ដែល​ស្គាល់​គ្នា និង​ជន​បរទេស​ដែល​មក​ចូលរួម​ពិធី​សាសនា​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «អ្នក​ដែល​ខ្ញុំ​ចាប់​ដៃ​គេ​ទៅ​ជួស​ឈាម​ជួស​អី ពិនិត្យ​ដែរ គេ​មិន​អី​ផង ប្រាំ​មួយ​ប្រាំ​ពីរ​នាក់ ខ្ញុំ​ប្រាប់​ទៅ គេ​ទៅ​ជួស​ឈាម​ជួស​អី អត់​អី​ផង។ ភាគ​ច្រើន​អ្នក​ដែល​ជិត​ស្និទ្ធិ​ផឹក​ទឹក​កែវ​ជាមួយ​គ្នា។ ទៅ​៦​នាក់​ហ្នឹង ២​នាក់​អត់​កើត​សោះ បង​ឯង​មើល»។

មាន​ការ​ចុះ​ផ្សាយថា​ប្រជាជន​ម៉ាឡេស៊ី​ជាង៥ពាន់​នាក់​ចូលរួម​ក្នុង​ពិធី​នេះ ហើយ​ក្នុង​នោះ​ជនបរទេស​មក​ពី​ប្រទេស​ផ្សេង​ប្រមាណ​១៥០០​នាក់​ បាន​ចូលរួម។ មនុស្ស២​នាក់​ត្រូវ​បាន​រាយការណ៍​ថាស្លាប់ ដោយសារវីរុស​កូរ៉ូណា និង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ក្នុង​ពិធី​សាសនា​នេះ។

លោក​រ៉ហ្សាត បាន​វិល​ត្រឡប់​មកកម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៣ ខែមីនា។ លោក​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​យក​ទៅ​ធ្វើ​តេស្ត​រក​វីរុស​នេះ។ ទោះ​ស្នាក់​នៅ​មន្ទីរពេទ្យ​ជិត​១០​ថ្ងៃ​មក​ហើយ ក្រោយ​រក​ឃើញ​ថា​លោក​មាន​ផ្ទុក​វីរុស​នេះ លោក​មាន​ប្រសាសន៍​ថា លោក​មិន​មាន​សញ្ញា​អ្វី​កើត​ឡើង​ដែល​ទាក់ទង​នឹង​វីរុស​កូរ៉ូណា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «សុខភាព​ខ្ញុំ​ធម្មតា ប៉ុន្តែ​ពី​មុន​មក​ខ្ញុំ​មាន​រោគ​ក្រពះ ពោះវៀន ហើយ​លើស​ឈាម លើស​អី​ចឹង​ទៅ​១៦ ១៧ ឥឡូវ​ពេទ្យ​គេ​ឲ្យ​ថ្នាំ​លើស​ឈាម»។ លោក​បន្ថែម​ថា៖ «ចង់​និយាយ​ថា​បើ​ចិត្ត​ខ្ញុំ ខ្ញុំ​អត់​ជឿ​ថា​ខ្ញុំ​មាន​ទេ។ សុខ​ភាព​ធម្មតា​ខ្លួន​ខ្ញុំ​ឈឺ​តែ​អញ្ចឹង។ ចង់​និយាយ​ថា​ខ្ញុំ​ហ្នឹង​ខ្លួន​ឯង​វា​អត់​មាន​អី​ទេ។ ប៉ុន្តែ​ពេទ្យ​គេ​ថា​យើង​មាន ប៉ុន​យើង​ជឿ​តាម​ពេទ្យ​ទៅណា»។

រហូត​មក​ដល់​ពេល​នេះ ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​មាន​ចំនួន​៤៧​ក្នុង​នោះ​មាន​ស្រ្តីពីរនាក់​ដែល​ជា​ភរិយា​របស់​បុរស​២នាក់​ដែល​ចូល​រួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី។

ភរិយា​របស់​លោក រ៉ហ្សាត ​ក៏​បាន​ផ្ទុក​វីរុស​នេះ​ដែរ និង​ត្រូវ​បាន​ផ្តល់​ដំណឹង​នេះ ដោយ​មន្រ្តី​សុខាភិបាល​ខ្មែរ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ កូនស្រី​របស់​លោក​ចំនួន​៤នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​៦​ទៅ​១២​ឆ្នាំ មិន​មាន​ផ្ទុក​វីរុស​នោះ​ទេ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ភរិយា​របស់​លោក​ដែល​មាន​អាយុ​៣៥​ឆ្នាំ បាន​ថ្លែង​ប្រាប់​VOA​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា អ្នកស្រី​មិន​មាន​រោគសញ្ញា​អ្វី​នៃ​វីរុស​នោះ​ទេ បើ​ទោះ​អ្នកស្រី​មាន​ផ្តាសាយ​តិចតួច និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ​ជាង​១​ឆ្នាំ​មក​ហើយ។

អ្នកស្រី​ដែលពិសា​ថ្នាំ​ទឹក​នោម​ផ្អែម​រៀងរាល់​ថ្ងៃ​មាន​ប្រសាសន៍​ថា៖ «រាល់​ថ្ងៃ​នៅ​ឃុំ​ទាំង​អស់​គ្នា នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា មិន​ឲ្យ​ចេញ​ទៅ​ណា អត់​ឲ្យ​ចេញ​ទៅ​ណា​ទេ»។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល អ្នកស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ អ្នកស្រី​មាន​ប្រសាសន៍​ថាអ្នកស្រី​កំពុង​ស្នាក់​នៅ​ផ្ទះ​នៅ​ឡើយ​ទេ ជាមួយ​កូនៗ​របស់​អ្នកស្រី​៤នាក់ ប៉ុន្តែ​អ្នកស្រីត្រូវ​បាន​ប្រាប់​ឲ្យ​នៅ​ឆ្ងាយ​ពី​កូន ថែទាំ​អនាម័យ និង​មិន​ត្រូវ​ចេញ​ពី​ផ្ទះ​នោះ​ទេ។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​ចម្អិន​ម្ហូប​ខ្ញុំ​នៅ​ក្នុង​ផ្ទះ ខ្ញុំ​អាច​បិទ​មុខ។ ខ្ញុំ​នៅ​ជាមួយ​កូន ខ្ញុំ​អាច​បិទ​មុខ ក៏​បាន។ ខ្ញុំ​ធ្លាប់​ពាក់​មុខ​អញ្ចឹង ខ្ញុំ​អត់​បញ្ហា​ទេ។ ដូច​កូន វា​មិន​ដែល​ធ្លាប់ វា​ថា​វា​ថប់​ដង្ហើម​ណាស់​ម៉ាក់​អើយ»។

VOA​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក វឿន ប៊ុនរ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​បានទេ ដោយ​លោក​លើក​ទូរសព្ទ ហើយ​លោក​ថា​ជាប់​រវល់​ប្រជុំ។ VOAក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ដែរ។

លោក រ៉ហ្សាត មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្តាយ​ដែល​ចូលរួម​ពិធីនេះ ប៉ុន្តែ​លោក​ថាលោក​មិន​ភាព​ភ័យ​ខ្លាច​អ្វី​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ម្នាក់ៗ​ចេះ​តែ​សោកស្តាយ​ហើយ​ណា។ យើង​ក៏​វា​មិន​ដឹង​ដែរ រឿង​អញ្ចឹង។ ហើយ​ប្រទេស​ម៉ាឡេស៊ី ក៏​គ្នា​មិន​ដឹង។ យើង​អត់​ដឹង​ទាំង​អស់​គ្នា»។ លោក​បន្ថែម​ថា៖ «ចង់​និយាយ​ថា​អ្វី​ដែល​កំណត់​ឲ្យ​យើង​ស្លាប់ គឺ​វា​ស្លាប់​ហើយ។ ខ្ញុំ​អត់​ភ័យ​ទេ​បង ខ្ញុំ​អត់​មាន​ទៅ​ភ័យ​រឿង​អី​ទេ។ ប្រសិន​ជា​អ្វី​ដែល​កំណត់​ដោយ​ព្រះ​ជា​ម្ចាស់​យើ​ង​ស្លាប់​ថ្ងៃ​នេះ ទោះ​បី​យើង​មិន​ចង់​ស្លាប់ យើង​រត់​ទៅ​ណា ក៏​នៅ​តែ​ស្លាប់»។

មក​ដល់​ពេល​នេះ លោក រ៉ហ្សាត បារម្ភ​អំពី​អ្នក​មើល​ថែ​កូន​របស់​លោក ប្រសិន​បើ​ភរិយា​របស់​លោក​ត្រូវ​បញ្ជូន​មក​មន្ទីរ​ពេទ្យ ដើម្បី​សម្រាក​ព្យាបាល​ដូច​រូប​លោក​ដែរ។ ទោះ​ជាយ៉ាងណា លោក​មាន​ប្រសាសន៍​ថាលោក​នឹង​ប្រាប់​បង​ប្អូន​ប្រុស​ស្រី​របស់​លោក​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ឲ្យ​មក​យក​កូនស្រី​របស់​លោក​ទាំង​៤​នាក់​ទៅ​មើល​ថែ។

លោក​មាន​ប្រសាសន៍​ថា៖ «បារម្ភ​ដែរ​មិន​ដឹង​ធ្វើ​ម៉េច។ បើ​ថា​នេះ ខ្ញុំ​ទេ​ហៅ​បង​ប្អូន​មក​ជួយ​យក​តែ​ប៉ុណ្ណឹង​ឯង មក​យក​កូន​ទៅ​[នៅ]ស្វាយ[ខេត្ត​បន្ទាយមានជ័យ]»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG