ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ធ្វើ​ការ​ផ្នែក​សុខភាព​បង្កើន​ការ​ការពារ​ ខណៈ​អ្នក​ឆ្លង​​​វីរុស​កូរ៉ូណា​​កើន​ឡើង​នៅ​កម្ពុជា


សម្ភារៈការពារនិងសម្លាប់មេរោគ ដែលដាក់នៅលើតុខាងមុខមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យអ្នកទៅពិនិត្យជំងឺលាងសម្អាតដៃ មុនចូលមន្ទីរពេទ្យ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
សម្ភារៈការពារនិងសម្លាប់មេរោគ ដែលដាក់នៅលើតុខាងមុខមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យអ្នកទៅពិនិត្យជំងឺលាងសម្អាតដៃ មុនចូលមន្ទីរពេទ្យ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)

ខណៈ​ហាងលក់ដូរ​មួយ​ចំនួន​ត្រូវ​បិទទ្វារដោយ​សារ​មេរោគ​កូរ៉ូណា​ ឬ​កូវីដ-១៩ ​ ឱសថ​ស្ថាន​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​រាជធានី​ភ្នំពេញ ​បែរ​ជា​កើន​មនុស្ស​ចេញចូល​ច្រើន​ខុស​ពី​ធម្មតា ​ដើម្បី​ទិញ​ថ្នាំ ​និង​គ្រឿង​សម្លាប់​មេរោគ។​

ក្នុង​ឱសថ​ស្ថាន​មួយ​នៅសង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ភ្នំពេញ ​លោក​ សួរ សំណាង ​កំពុងលក់​ថ្នាំ​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មកទិញជា​បន្ត​បន្ទាប់​ឥត​ដាច់។ ស្លៀក​ពាក់ធម្មតា ​ដោយ​មាន​ពាក់​ម៉ាស់​ជាប់​រហូត​ផងឱសថការី ​និង​ជា​ម្ចាស់​ឱសថស្ថាន​នេះ​ ប្រាប់ ​VOA​ កាល​ពី​ថ្ងៃ​ពុធ​ថា​ ចាប់​តាំង​ពី​កម្ពុជា​កើត​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ ហើយ​កើន​ឡើង​ជា​បន្ត​បន្ទាប់ លោក​ចាប់​ផ្តើម​ការពារ ​និង​ប្រុង​ប្រយ័ត្ន​ជាង​មុន ​ជាពិសេសរាល់​ពេល​ទាក់​ទង​ជាមួយ​ក្រុម​គ្រួសារ ​និង​កូន​តូចៗ​ ៣​នាក់​របស់​លោក។​

«ការពារ​ចម្បង​ហ្នឹង​គឺ​ឧស្សាហ៍​លាង​ដៃ ​ពេល​ដែល​ទទួល​ប្រាក់​ ហើយ​ខ្ញុំ​ត្រូវ​លាង​អាល់​កុល​លាង​ជែលសម្លាប់​មេរោគ។ ​ហើយ​ខ្ញុំ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ដែល​ត្រូវ​មក​ទិញ។ ខ្ញុំ​នៅ​ឲ្យ​ឆ្ងាយពី​គ្នា​បន្តិច។ ​រួចបើ​គាត់​ប្រាប់មាន​អាការៈ​ សួរព័ត៌មាន​គាត់​ មាន​កម្តៅ​ឡើងខ្លាំង​ ​គាត់​ធ្លាប់​ចេញ​ចូល​ខេត្ត​ណា​ណី ​ឲ្យ​គាត់​ទៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ដើម្បី​ពិភាក្សា​ជាមួយ​ដុកទ័រ»។​

ខណៈ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​រហូត​ដល់​ជិត ​៤០​ករណី​ អ្នក​ធ្វើការ​ទាក់ទង​នឹង​ផ្នែក​សុខភាព​ ដូច​ជា​វេជ្ជបណ្ឌិត​អ្នក​ថែទាំ​អ្នក​ជំងឺ​និង​អ្នក​លក់​ថ្នាំ​ពេទ្យ​ជាដើម​ នៅ​តែ​បន្ត​ការងារ​របស់​ពួក​គេ ​ប៉ុន្តែ​ពួក​គេបង្កើន​ការ​ការពារ ​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។​

លោក ​សួរ សំណាង​ អាយុ​៤០​ឆ្នាំ​ដែល​ជា​ម្ចាស់​ឱសថស្ថាន​ មាន​ប្រសាសន៍​ថា ​លោកចាប់​ផ្តើម​បិទ​ទ្វារ​ឱសថ​ស្ថាន​របស់​លោក​មួយ​ផ្នែក​ ដើម្បី​កុំ​ឲ្យ​អ្នក​មក​ទិញ​ថ្នាំ​អាច​ចូល​ទៅ​ខាង​ក្នុងឱសថស្ថាន​ ​ ស្រប​ពេលប្រជាពលរដ្ឋ​ច្រើន​ជាង​មុន​ ចាប់​ផ្តើម​ទិញ​ថ្នាំ​ទុក​សម្រាប់​ប្រើប្រាស់។​

«ភាគ​ច្រើន​គាត់​ទិញ​យក​ទៅ​ទុក​ប្រើប្រាស់។ ​គាត់​ព្រួយ​បារម្ភ​ខ្លាច​ហ្វាម៉ាស៊ី ​ខ្លាច​អី​បិទ​ទ្វារ​អ៊ីចឹង។​ គាត់​ទិញ​អាថ្នាំ​ប្រភេទ​ក្តៅ​ខ្លួន ​ក្អក ​រាគរូស​ អី​អ៊ីចឹង​ យក​ទៅ​ទុក​ប្រើប្រាស់»។

លោក​បន្ថែម​ថា លោក​អាច​នឹង​បិទ​ទ្វារ​ឱសថស្ថាន​របស់​លោក​មួយ​រយៈប្រសិន​បើ​ជំងឺ​នេះ​រាល​ដាល​ខ្លាំង​ដល់​សហគមន៍។​

រហូត​មក​ដល់​ពេល​នេះនៅ​តាម​ឱសថស្ថាននីមួយៗ តែង​មាន​មនុស្ស​ចេញ​ចូល​ដើម្បី​ទិញ​ថ្នាំ​និង​អាល់​កុល​ឬ​ជែល​សម្លាប់​មេរោគ​ជា​បន្ត​បន្ទាប់​ស្រប​ពេល​ដែល​ឱសថស្ថាន​ខ្លះ​មាន​មនុស្ស​ឈរជុំ​ជិត។ ​ឱសថ​ការី​កំពុងលក់​ថ្នាំ​ហាក់​មិន​មាន​ពេល​សម្រាក។​

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា​ កម្ពុជា​រក​ឃើញ​អ្នក​ជំងឺកូវីដ-១៩ ចំនួន​ ៣៧​ករណី ​ក្នុង​នោះ​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន ​២៤​នាក់។ ​នៅ​កម្ពុជា​ពុំ​ទាន់​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា​ មាន​ការឆ្លង​ក្នុង​សហគមន៍​នៅ​ឡើយ ​តែ​លទ្ធភាព​នឹង​អាច​កើត​មាន​ឡើង។​នេះ​បើ​តាម​មន្រ្តី​របស់​ក្រសួង​សុខាភិបាល។​

មន្ទីរ​ពេទ្យ​ និង​គ្លីនិក ​ទាំង​រដ្ឋ និង​ឯកជនមួយ​ចំនួន​ចាប់​ផ្តើម​ដាក់​ទឹក​សម្លាប់​មេរោគ ​និង​ពិនិត្យ​កម្តៅ​និង​កន្លែង​ខ្លះ​ផ្តល់​ម៉ាស​ការពារ ​មុន​នឹង​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​ទៅ​ខាង​ក្នុង​មន្ទីរ​ពេទ្យ។ ​មន្ទីរ​ពេទ្យ​ខ្លះ​ចាប់​ផ្តើម​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ ​និង​បង្កើន​ការ​ការពារ​សម្រាប់​ក្រុម​គ្រូពេទ្យរបស់​ខ្លួន។

លោកវេជ្ជបណ្ឌិត យូ សុផាត ​ប្រធាន​គ្លីនិក​ក្បាល​ថ្នល់ ផ្តល់សម្ភាសន៍ដល់ VOA អំពីការការពារខ្លួនរបស់ក្រុមគ្រូពេទ្យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
លោកវេជ្ជបណ្ឌិត យូ សុផាត ​ប្រធាន​គ្លីនិក​ក្បាល​ថ្នល់ ផ្តល់សម្ភាសន៍ដល់ VOA អំពីការការពារខ្លួនរបស់ក្រុមគ្រូពេទ្យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)

លោកវេជ្ជបណ្ឌិត​ យូ សុផាត ​ប្រធាន​គ្លីនិក​ក្បាល​ថ្នល់ ​ក្នុង​រាជធានី​ភ្នំពេញ ​ប្រាប់ ​VOA​ ថា ​គ្លីនិក​របស់​លោក​ចាប់​ផ្តើម​ដាក់​កៅអី​សម្រាប់​អ្នក​មក​ពិនិត្យ​ជំងឺ​ឲ្យ​អង្គុយ​ដាច់ៗ​ពី​គ្នា​និង​ហាម​មិន​ឲ្យ​មាន​អ្នក​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​ដូច​មុន។ ​លោក​បន្ត​ថាអ្នក​ចូល​ក្នុង​គ្លីនិក​របស់​លោក​គឺ​ត្រូវ​លាង​ដៃ​នឹង​ទឹក​សម្លាប់​មេរោគ ​និង​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​កម្តៅ​ ហើយ​ថា នឹង​អាច​សួរ​អំពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ ​ប្រសិន​បើ​អ្នក​ចូល​គ្លីនិក​មាន​កម្តៅ​ចាប់​ពី​៣៧​អង្សារឡើង។

លោក​វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា ថ្មីៗ​នេះ​ចំនួន​អ្នកដែល​មក​ពិនិត្យ​ និង​ព្យាបាល​ជំងឺនិង​សម្រាក​នៅ​គ្លីនិក​របស់​លោក​ជា​ទូទៅមាន​ចំនួន​ពី ​៥០​ទៅ​៦០​នាក់ ប៉ុន្តែ​ចំនួន​នេះ​ថយ​ចុះ​ប្រមាណ ៥០​ភាគ​រយ។​លោក​ក៏​បាន​ណែ​នាំ​ដល់​ក្រុម​គ្រូពេទ្យ​ និង​វេជ្ជបណ្ឌិត​នៅ​គ្លីនិក​របស់​លោក​ទាំង​ជាង ​៣០​នាក់​ ឲ្យ​បង្កើន​ការការ​ពារ​ខ្លួន ​ចៀសវាង​ការ​ចម្លង​មេរោគទៅ​អ្នក​ជំងឺ​និង​ការ​ឆ្លង​ពី​អ្នក​ជំងឺ។

«មុន​នឹង​ជួប​អ្នក​ជំងឺ គ្រូពេទ្យ​ត្រូវ​មាន​សម្លៀក​បំពាក់​ត្រឹម​ត្រូវ ​ពាក់​ម៉ាស់​ពាក់​អី​ត្រឹមត្រូវ។​ មាន​អាល់កុល​លាង​ដៃ ​បាញ់​សម្អាត​ដៃ​អ៊ីចឹង​ទៅ។​ យើង​ការពារ។ ​ រហូត​ដល់​កន្លែង​ខ្លះ​ ពេល​វះកាត់​ត្រូវ​មាន​វ៉ែនតា​ការពារ​ភ្នែក​ទៅ​ទៀត។​ ហើយ​មុន​នឹង​ប៉ះ​អ្នក​ជំងឺ​ គ្រូពេទ្យ​ហ្នឹង​ត្រូវ​បាញ់​អាល់កុល​ដៃ ហើយសាក​សួរ​អ្នក​ជំងឺ​ ពេលហៀបប៉ះពាល់​អ្នក​ជំងឺ​ ​ត្រូវ​បាញ់​អាល់​កុល​ដៃ​ ពេល​ពិនិត្យ​ជំងឺ ​ហើយ​ត្រូវ​បាញ់​អា​ល់​កុល​ដៃ​ឡើង​វិញ ​អា​ហ្នឹង​ជា​វិធី​ការពារ»។​

លោក​វេជ្ជបណ្ឌិត យូ សុផាត ​បន្ថែម​ថា ​គ្រួសារ​របស់​គ្រូ​ពេទ្យ​ម្នាក់ៗ ​ជា​ក្រុមមនុស្ស​ដែល​ស្និទ្ធ​នឹង​ពេទ្យ​ និង​ត្រូវ​ការពារ​ពួក​គេ​ឲ្យ​បាន​ដិត​ដល់។​

«យើង​ដឹង​ខ្លួន​យើង​ថា ជា​អ្នក​ចេញ​ពី​កន្លែង​ប្រឈមមួយ​ទៅ​ហើយ យើង​មិន​ទាន់​មាន​ផ្ទុក​មេរោគ​ទេ​ ប៉ុន្តែ​យើង​ការពារ​ខ្លួន​ ចៀស​វាង​ទៅ​ដល់​ផ្ទះ​ហ្នឹង​ យើង​ Friendly [រាក់​ទាក់]​ជាមួយ​បង​ប្អូន​ ប្រពន្ធ​កូន​អីហ្នឹង....អត់​មាន​ទៅ​ឱប​ថើប​គ្នា​កណ្តាល​វាល​ទៀត​ទេ… ចៀស​វាង​ កូន​ក៏​ដោយ អត់ឲ្យ​រត់​ប៉ះដែរ។ យើង​ទៅ​ដល់​ផ្ទះ​ចុះ​ពី​ឡាន ​យើង​ទុក​ឡាន​ស្រួល​បួល​ទៅ​ យើង​ទៅ​កន្លែង​យើង​បាន​យើង​ដោះ​ខោអាវ​ ដូរ​ខោអាវ​នៅ​ផ្ទះ​ហ្នឹង។​ ហើយ​បាន​យើង​យក​ខោអាវ​ហ្នឹងទៅ​ដាក់បោក​ក្នុង​ម៉ាស៊ីន​បាន​យើង​ទៅ​ងូត​ទឹក​សម្រាក​អី​ទៅ​ បានយើង​អាច​ជួបជុំ​ជាមួយ​គ្រួសារ​បាន»។​

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាលមេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ឆ្លង​តាម​រយ:​ដំណក់​ទឹក​តូចៗ​ ដែល​ខ្ទាត​ចេញ​មក​ក្រៅ​តាម​រយ:​ក្អក​ ឬ​កណ្តាស់​ ​តែ​មិន​ហោះ​ហើរ​ក្នុង​ខ្យល់​នោះ​ទេ។ ​ទាំង​អ្នក​ឈឺ ​និង​អ្នក​ជា​ត្រូវ​ឧស្សាហ៍​លាង​ដៃ​នឹងសាប៊ូ​ អាល់កុល​ ជែល​ជាដើម។​ចំពោះ​អ្នកជា​ពុំ​ចាំបាច់​ពាក់​ម៉ាស​ទេ​គឺពាក់​តែ​នៅ​ពេល​ចាំបាច់​ដូច​ជា​ កន្លែង​ប្រមូល​ផ្តុំ ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ ​និង​ក្រុម​គ្រូពេទ្យ​ ហើយ​បោះ​ម៉ាស​ចោលក្នុង​ធុង​សម្រាម​ភ្លាម ​ក្រោយ​ប្រើប្រាស់។​

នៅ​សប្តាហ៍​នេះ​ រដ្ឋាភិបាលបាន​សម្រេច​ឲ្យ​ផ្អាក​ដំណើរ​ការ​កន្លែង​ដែល​អាច​មាន​ការ​ជួប​ជុំ​មនុស្ស​ច្រើន​ ​រួម​មានខារ៉ាអូខេ រោង​ភាព​យន្ត ​ការ​ប្រគុំតន្រ្តី ​និង​ការ​ជួប​ជុំ​បែប​សាសនា​ផ្សេងៗ​រហូត​ដល់​មាន​ការធូរ​ស្បើយ​ពីជំងឺកូវីដ-១៩ ។​ រដ្ឋា​ភិបាល​ក៏​បាន​សម្រេច​ផ្អាក​ការ​បង្រៀន​គ្រប់​កម្រិត​ទាំង​ស្ថាប័ន​រដ្ឋ​ និង​ឯកជន​នៅ​ទូទាំង​ប្រទេស។​

ឱសថ​ការី ​វេជ្ជបណ្ឌិត​ព្រម​ទាំង​អ្នក​ថែ​ទាំ​អ្នក​ជំងឺ​មួយ​ចំនួនបាន​បដិសេធផ្តល់​សម្ភាសន៍​ដល់​ VOA​ ​អំពី​ការ​យល់​ឃើញ​របស់​ពួកគេ​ដោយសារ​បារម្ភ​ខ្លាច​មាន​បញ្ហា​ជាមួយ​ការ​និយាយ​របស់​ពួកគេ។​ឱសថ​ការី​មួយ​រូបដែល​ធ្វើ​ការ​នៅ​ឱសថស្ថាន​មួយ​ម្តុំ​ផ្សារ​តាប៉ាង ​រាជធានី​ភ្នំពេញ​ និយាយ​ថា នាង​សុំ​មិន​ផ្តល់​សម្ភាសន៍​ពាក់ព័ន្ធ​នឹង​ករណី​នេះ ​ដោយ​បារម្ភ​ថា​ ​ប៉ះពាល់​ដល់​មុខ​របរ​របស់​ខ្លួន។ ​ចំណែក​គ្រូពេទ្យ​មួយ​ចំនួន​ក៏​ប្រាប់​ថា សុំ​មិន​ផ្តល់​សម្ភាសន៍ ហើយ​ឲ្យ​ទៅ​សួរ​ខាង​ថ្នាក់​ដឹកនាំ​ក្រសួង​សុខាភិបាល​វិញ។​

មក​ទល់​ពេល​នេះ កម្ពុជា​បាន​បង្កើត​ និង​ចាត់​យក​កន្លែង​ថែទាំ ​និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នៅ​មន្ទីរ​ពេទ្យ​ទូទាំង​ប្រទេស​រួមមាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ ​និង​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី៧​ ​សៀមរាប ​ព្រម​ទាំង​សម្រេច​ប្រើប្រាស់​សណ្ឋាគារ ​Great Duke​ អតីត​សណ្ឋាគារ​អាំងទែ​កុងទី​ណង់​តាល់​ ជា​មន្ទីរ​ពេទ្យ​សម្រាប់​ពិនិត្យ ​ថែ​ទាំ ​និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នេះ​ផង​ដែរ។ ​នេះ​បើ​តាម​ការ​ប្រកាស​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​ច័ន្ទ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ស្វែង​រក​គ្រូពេទ្យ​ និង​អ្នក​ជំនាញ​វេជ្ជវិទ្យា​ស្ម័គ្រ​ចិត្ត​ ដើម្បី​ចូល​រួម​បំពេញ​កិច្ចការ​ចាំបាច់​នានា​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស។​ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ ដោយសារ​មាន​ការ​ស្នើសុំ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​កាន់​តែ​កើន​ឡើង​ ក្រសួង​បាន​ពង្រីក​គម្រោង​ព្យាបាល ​និង​ធ្វើ​តេស្ត​មួយ​កន្លែង​ទៀត​ នៅ​អតីត​មណ្ឌល​សុខភាព​ចាក់​អង្រែ ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ ​ដែល​មាន​គ្រែ​ចំនួន​១០០​បន្ថែម​ទៀត។​

លោកស្រី​ឱ វណ្ណឌីន ​អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​១៨​ ខែមីនា​ ថា​រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា​បាន​ត្រៀម​ក្រុម​គ្រូ​ពេទ្យ​ប្រមាណ​ជា ២០០០​នាក់​ ដែល​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ និង​កំពុង​ត្រូវ​បាន​ដាក់​ពង្រាយនៅ​ទូទាំងប្រទេស​សម្រាប់​ដោះ​ស្រាយ​ករណី​មេរោគ​កូវីដ-១៩។​លោកស្រី​បន្ថែម​ថា ​ ការ​ចួល​រួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​គឺ​ជារឿង​ចាំបាច់​ក្នុង​ការ​ចូលរួម​ទប់​ស្កាត់ ​និង​ដោះ​ស្រាយ​ករណី​ជំងឺ​កូវីដ-១៩នេះ ​ជាពិសេស​ការ​ស្វែង​រក​អ្នក​ឆ្លង​ជំងឺ​នេះ។ ​

«ថ្វី​ដ្បិត​តែ​កម្លាំង​ដែល​ក្រសួង​សុខាភិបាល​យើង​មាន​បច្ចុប្បន្ន​នេះ​ អ្វី​ដែល​យើង​តម្រូវ​ ពីព្រោះ​គ្រូ​ពេទ្យ​គាត់​គ្រាន់​តែ​ពិនិត្យ​សុខភាព​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទេ​ មិន​រហូត​ទៅ​ដល់​ថា​ ​ទៅ​ដេញ ​អ្នក​ខ្លះ​រត់​ពី​នេះ​ទៅ​នោះ ​ពី​នោះ​ទៅ​នេះ​អី​អ៊ីចឹង​ទេ។ ​អ៊ីចឹងការ​ដែល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩​នេះមិនមែនជា​ភារកិច្ច​របស់​ក្រសួង​សុខា​ភិបាល​តែ​ម្នាក់​ឯង​ទេ»។​

លោក​វេជ្ជ​បណ្ឌិត​ គី សន្ទី ​ប្រធានមន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ​ប្រាប់​ ​VOA​ ថា ​មន្ទីរ​ពេទ្យ​ដែល​លោក​គ្រប់​គ្រងបាន​ទទួល​សម្ភារៈ​ការពារ​ជំងឺ​ឆ្លង​ពី​ក្រសួង​សុខាភិបាល​ ព្រម​ទាំង​មាន​ក្រុម​គ្រូពេទ្យ​ដែល​ឆ្លង​កាត់ការ​បណ្តុះ​បណ្តាល​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ជំងឺ​ឆ្លង សម្រាប់ចាំ​ពិនិត្យ ​និង​ព្យាបាលអ្នក​ជំងឺ។​ លោកបន្ត​ថា ក្រុម​គ្រូពេទ្យ​តែង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ជំងឺ​ឆ្លងថ្មី​នេះ ប៉ុន្តែ​លោក​ថា ​កាតព្វ​កិច្ច​របស់​ក្រុម​គ្រូពេទ្យ​គឺ​នៅ​តែ​ប្តេជ្ញា​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ។​

«ខ្ញុំ​ជឿ​ជាក់​ថា​ ពេទ្យ​ទាំង​អស់​គាត់​មាន​មនសិកាវិជ្ជាជីវៈ។ ​ខ្ញុំ​មិន​ជឿ​ថា​ ​ពេទ្យ​ហ្នឹងរត់​ចោល​កន្លែង​ធ្វើ​ការ​ទេ​ ព្រោះ​គាត់​មាន​វិជ្ជាជីវៈ។ ​ហើយ​ការ​ព្រួយ​បារម្ភ​គឺ​មាន​ដូច​គ្នា។ ​ប៉ុន្តែ​ធ្វើ​ម៉េច​កាតព្វកិច្ច។ កាតព្វ​កិច្ច ​ភារកិច្ច ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ព្យាបាល​ជំងឺ។ ​ខ្ញុំ​យល់​ថា គាត់​នឹង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ។ ​យើង​អត់​មាន​អី​ត្រូវ​Panic​[ស្លន់ស្លោ]​ទេ ​សំខាន់​យើង​រួមគ្នា​ទាំង​អស់​គ្នា​ដើម្បី​ធ្វើ​អនាម័យ​ ហើយ​ទប់​ស្កាត់​ការ​ឆ្លង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG