ជាជំនឿមួយនិងសម្រាប់សេចក្តីសុខផ្លូវចិត្ត ព្រះសង្ឃនៅទូទាំងប្រទេសតាមវត្តអារាមជាង ៥ពាន់វត្ត និងព្រះសង្ឃជាង ៧ម៉ឺនអង្គ នឹងមានការទូងស្គរទ្រង់ទ្រាយធំមួយ ដែលជាជំនឿមួយថា ប្រទេសកម្ពុជានឹងមិនជួបវិបត្តិនៃការរីករាលដាលទ្រង់ទ្រាយធំនៃវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សប្រមាណ ៩ពាន់នាក់ និងឆ្លងជាង ២០ម៉ឺននាក់នៅទូទាំងពិភពលោក។
ព្រះសង្ឃនៅទូទាំងប្រទេសកម្ពុជាត្រូវបានណែនាំឲ្យទូងស្គរ និងសូត្រធម៌ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ពោលគឺនៅសប្តាហ៍ក្រោយ ចាប់ពីម៉ោង៣រសៀលដល់ម៉ោង ៦ល្ងាច។
គណៈសង្ឃនាយកនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា បានចេញសេចក្តីប្រកាសមួយ ដោយព្រះតេជគុណ នន្ទ ង៉ែត ប្រធានគណៈសង្ឃនាយក ដោយស្នើឲ្យមានការទូងស្គរ និងសូត្រព្រះធម៌ព្រមគ្នានៅគ្រប់វត្តទូទាំងប្រទេសនៅ ថ្ងៃច័ន្ទសប្តាហ៍ក្រោយ ជាជំនឿមួយ «ដើម្បីបួងសួងជម្នះលើការរាតត្បាតនៃជំងឺផ្លូវដង្ហើមកូវីដ១៩»។
ប៉ុន្តែអំឡុងពេលពិធីទូងស្គរ និងសូត្រព្រះធម៌នេះ គឺមិនចាំបាច់ប្រមូលមនុស្សម្នារឲ្យជួបជុំច្រើនពេកនោះទេ ជាពិសេសហាមឃាត់អ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លងវីរុសកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
គណៈសង្ឃនាយកក៏បានស្នើឲ្យមានការផ្សព្វផ្សាយអប់រំបន្ថែមពីវីរុសកូវីដ១៩ ក៏ដូចជាការប្រកាន់យកនូវការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារនៅតាមវត្តអារាម។
គង់នៅវត្តបុទុមវត្តីដែលមានព្រះសង្ឃជាង ៥០០អង្គគង់នៅ ព្រះតេជគុណ នន្ទ ង៉ែត ប្រធានគណៈសង្ឃនាយក បានមានសង្ឃដីកាប្រាប់VOAកាលពីថ្ងៃពុធថា៖«សូមឲ្យគណៈកម្មការអាចារ្យវត្ត លោកតា លោកយាយ វត្តណាដែលគួរមានអាសន្ន ផ្តាសាយ និងរោគកូវីដ១៩ហ្នឹង ត្រូវចៀសវាងកុំឲ្យប៉ះពាល់គ្នា សុំចម្រើនពរជ្រាប»។
ព្រះអង្គមានសង្ឃដីកាទូន្មានអប់រំពុទ្ធបរិស័ទឲ្យមានការប្រតិបត្តិការពារខ្លួនពីជំងឺកូវីដ១៩ឲ្យបានល្អ។
«ឥឡូវហ្នឹង សុំឲ្យលោកយាយ លោកតា ណែនាំកូនចៅ កុំឲ្យទៅកន្លែងណាដែលមានគ្រោះថ្នាក់ ដែលមានឈឺ ដែលមានក្អក តឹងច្រមុះ និងផ្តាសាយ កុំឲ្យទៅជិត»។
ព្រះតេជគុណ តាត មហាទី ចៅអធិការវត្តព្រះឥន្ទកោសា នៅក្នុងខេត្តសៀមរាប ដែលមានព្រះសង្ឃចំនួន៧៥អង្គគង់នៅ មានសង្ឃដីកាប្រាប់ VOAថា វត្តព្រះឥន្ទកោសានឹងប្រារព្ធធ្វើពិធីទូងស្គរតាមការណែនាំរបស់គណៈសង្ឃនាយក ប៉ុន្តែពិធីទូងស្គរនេះមិនឲ្យមានការប្រមូលផ្តុំនោះទេ និងមានការសូត្រធម៌ដោយឡែកតាមកុដិ។
ព្រះអង្គមានសង្ឃដីកាថា៖«គិតថា ការទូងស្គរ យើងនឹងធ្វើតាមនីតិវិធីរបស់គណៈសង្ឃ ប៉ុន្តែយើងអត់ឲ្យមានការជួបជុំទេ ព្រោះថា កន្លែងទូងស្គរអី មានព្រះសង្ឃមួយអង្គអី លោកទៅទូងនៅនោះ។ បើមិនអ៊ីចឹងទេ អាត្មាទៅទូងក៏បានដែរ។ មិនឲ្យមានការប្រមូលផ្តុំទេ ដាច់ខាត»។
ព្រះអង្គមានសង្ឃដីកាបន្ថែមបន្តថា វត្តព្រះឥន្ទកោសាបានអនុវត្តនូវវិធានការការពារពីវីរុសកូរ៉ូណា ដូចជាការដាក់បម្រាមលើការឆាន់ចង្ហាន់រួមគ្នានៅក្នុងកុដិ និងការផ្អាកការនិមន្តបិណ្ឌបាតជាដើម។
នៅពេលសួរថា តើវត្តព្រះឥន្ទកោសានឹងមានចំណាត់ការយ៉ាងដូចម្តេចចំពោះបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ ព្រះតេជគុណ តាត មហាទី មានសង្ឃដីកាថា ព្រះតេជគុណនឹងស្នើសុំទៅអាជ្ញាធរនូវឧបករណ៍ត្រួតពិនិត្យ ក៏ដូចជាព្យាយាមការពារមិនឲ្យមានការប្រមូលផ្តុំគ្នាច្រើនក្នុងចំណោមពុទ្ធបរិស័ទ។
«អាត្មាថា បើសិនជាចូលឆ្នាំ អាត្មានឹងសុំអំពាវនាវ ឬក៏បិណ្ឌបាត ទៅដល់អាជ្ញាធរ ដើម្បីឲ្យមានឧបករណ៍សម្រាប់ត្រួតពិនិត្យ។ ឧទាហរណ៍វាស់កម្តៅវាស់អី។ អាត្មាថា ប្រសិនបើពុទ្ធបរិស័ទមក យើងនឹងរៀបចំពុទ្ធបរិស័ទហ្នឹងគឺអត់ឲ្យមកប្រជ្រៀតគ្នាទេ គឺសុខចិត្តថា ឲ្យមកមានរបៀបមួយៗ កុំឲ្យមកប្រជ្រៀតគ្នា»។
ករណីវីរុសកូរ៉ូណានៅកម្ពុជាបានកើនដល់៣៧នាក់ គិតត្រឹមព្រឹកថ្ងៃពុធទី១៩ ខែមីនា ឆ្នាំ២០២០ ដោយក្នុងនោះ មានពលរដ្ឋកម្ពុជាចំនួន ២៤នាក់។
នៅសប្តាហ៍នេះ រដ្ឋាភិបាលបានសម្រេចឲ្យផ្អាកដំណើរការកន្លែងដែលអាចមានការជួបជុំមនុស្សច្រើន រួមមានខារ៉ាអូខេ រោងភាពយន្ត ការប្រគំតន្រ្តី និងការជួបជុំបែបសាសនាផ្សេងៗរហូតដល់ជំងឺកូវីដ-១៩ បានធូរស្បើយ។រដ្ឋាភិបាលក៏បានសម្រេចផ្អាកការបង្រៀនគ្រប់កម្រិតទាំងស្ថាប័នរដ្ឋ និងឯកជននៅទូទាំងប្រទេស៕