ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឪពុក​ម្តាយ​នៅ​ខេត្ត​សៀមរាប​បារម្ភ​​ការ​សិក្សា​របស់​កូន ខណៈ​សាលា​រៀន​បិទ​ទ្វារ


អ្នកស្រី រុន សារឿន វ័យ៣៥ឆ្នាំ កំពុងសកអំពៅនៅផ្ទះ ក្នុងសង្កាត់សាលាកម្រើក ក្រុងសៀមរាប ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២០។ (ហ៊ុល រស្មី/VOA)
អ្នកស្រី រុន សារឿន វ័យ៣៥ឆ្នាំ កំពុងសកអំពៅនៅផ្ទះ ក្នុងសង្កាត់សាលាកម្រើក ក្រុងសៀមរាប ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២០។ (ហ៊ុល រស្មី/VOA)

ជាង​ពីរ​សប្តាហ៍​មក​ហើយ​ដែល​កូនស្រី​របស់​អ្នកស្រី​ ឱម ផល្លី​ នៅ​ក្នុង​ក្រុង​សៀមរាបនៅ​តែ​ផ្ទះ។កូនស្រី​វ័យ​ជំទង់​របស់​អ្នកស្រី ​ឱម ផល្លី ​គ្មាន​អ្វីធ្វើ​ច្រើន​ទេ​ ​ហើយ​ម្តាយ​របស់​នាងបាន​បង្កើន​ការងារ​ផ្ទះ​ប្រចាំ​ថ្ងៃឲ្យ​នាង​ កុំ​ឲ្យ​គាត់​នៅ​ទំនេរ។​

ដូច្នេះ​ យុវតី សួស កញ្ញារ៉ូសា ​ដែល​រៀនថ្នាក់ទី​៨​ និង​ដែល​ជា​ធម្មតា​អាច​មមាញឹក​ជាមួយ​ការងារ​សាលា​ នៅ​ពេល​នេះ​បែរ​ជា​រ៉ាប់រង​ការងារ​លាង​ចាន​ ​បោក​ខោអាវ​និង​កិច្ចការ​ផ្ទះ​ផ្សេង​ទៀត​ហើយ​ពេល​ខ្លះនាង​ត្រូវ​អាន​សៀវភៅ។​

យុវតី សួស កញ្ញារ៉ូសា ​និយាយ​ថា៖ «នៅ​ផ្ទះ​អផ្សុក​អ៊ីចឹង!​ជួន​កាល​មើល​សៀវភៅ​ទៅជួន​កាល​ម៉ាក់​ប្រើធ្វើ​បោក​ខោ​អាវ​ អីទៅ​ ខ្ញុំ​បោក​ទៅ»។​

យុវតីវ័យ​១៤ឆ្នាំ​រូប​នេះ ហាក់​ស្ទាក់​ស្ទើរ​មិន​ចង់​ឈប់​តាម​ការ​ផ្អាក​ការ​សិក្សា​ ​ដែល​ប្រកាស​ដោយ​ក្រសួង​អប់រំ ​កាល​ពី​ថ្ងៃទី​៧​ ខែមីនា បន្ទាប់​ពី​ពលរដ្ឋ​កម្ពុជា​ម្នាក់​ក្នុង​ក្រុង​សៀម​រាប​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​កូរ៉ូណា​វីរុស ​ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​បិទ​សាសា​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ។​

ប៉ុន្តែ​ពីរ​សប្តាហ៍​ក្រោយ​មក​ ​ការ​បិទ​សាលា​ដោយ​មិន​បាន​គ្រោង​ទុក​មុន​នោះ​បាន​ពង្រីក​ដល់​គ្រឹះស្ថាន​អប់រំ​ឯ​ទៀត​នៅ​ទូទាំង​ប្រទេស។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ។ ​ភាព​អផ្សុក​នៅ​តែ​ផ្ទះ​របស់​យុវតី​កញ្ញា រ៉ូសា​ ក៏​ត្រូវ​បាន​ពន្យារ​តាម​នោះ​ដែរ។​

វិទ្យាល័យ ១០មករា ១៩៧៩ ក្នុងក្រុងសៀមរាប បិទទ្វារតាំងពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
វិទ្យាល័យ ១០មករា ១៩៧៩ ក្នុងក្រុងសៀមរាប បិទទ្វារតាំងពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

សាលាបឋមសិក្សាវត្តស្វាយ និងវិទ្យាល័យហ៊ុន សែន វត្តស្វាយ ដែលបានបិទទ្វារជាងពីរ សប្តាហ៍មកនេះ។ (ហ៊ុល រស្មី/VOA)
សាលាបឋមសិក្សាវត្តស្វាយ និងវិទ្យាល័យហ៊ុន សែន វត្តស្វាយ ដែលបានបិទទ្វារជាងពីរ សប្តាហ៍មកនេះ។ (ហ៊ុល រស្មី/VOA)

ក្រសួង​អប់រំ យុវជន ​និងកីឡាបាន​ប្រកាស​ថា​ ​នឹង​មាន​ថ្នាក់​រៀន​តាមប្រព័ន្ធ​អនឡាញ​ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា E-learning​ ​បើ​ទោះជាមាន​សេចក្តី​លម្អិត​តិច​តួច​អំពី​ថ្នាក់​រៀន​នេះ​ថា​តើ​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្តេច​នោះ។​

សិស្ស​បឋម​សិក្សា​ក្នុង​ក្រុង​សៀមរាប​មាន​ចំនួន​សរុប​ជាង​ ៣ម៉ឺន​នាក់ហើយ​ជាង ​២​ម៉ឺន​នាក់​ទៀត​ជា​សិស្ស​រៀន​នៅ​កម្រិត​មធ្យម​សិក្សា​ថ្នាក់​អនុវិទ្យាល័យ​និង​វិទ្យាល័យ។​នេះ​បើ​យោង​តាម​ស្ថិតិ​របស់​មន្ទីរ​អប់រំ​ខេត្ត​សៀមរាប។​

ការ​បិទ​សាលារៀន​បាន​ធ្វើឲ្យ​ឪពុក​ម្តាយ​ ​ដែល​ធ្វើ​ការ​ ពិបាក​គ្រប់គ្រង​កូនៗ​របស់​ពួកគេ​ឬ​ក៏​ធានា​ថា​ ពួកគេ​មិន​ភ្លេច​មេរៀន​ដែល​បាន​រៀន។​

អ្នកស្រី ​ឱម ផល្លី ​វ័យ​៤៣​ឆ្នាំ​បារម្ភ​ថា កូន​របស់​អ្នកស្រី​គឺ​ កញ្ញារ៉ូសា ​នឹង​ភ្លេច​មេរៀន​ ប្រសិន​បើ​នាង​មិន​រំឭក​មេរៀន​ឲ្យ​បាន​ទៀង​ទាត់​នោះ។​អ្នកស្រី​បារម្ភ​ថា កូន​ស្រីរបស់​អ្នកស្រីនឹង​ធ្លាក់​ក្នុង​ការ​ប្រឡង​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦​ ខែ​មីនា បន្ថែម​លើ​ការ​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​បារម្ភ​អាហ្នឹង​[កូរ៉ូណា​វីរុស​]ក៏​បារម្ភ​ហើយ​ណា​ទៀត​បារម្ភ​ខ្លាច​កូន​វា​រៀន​ទៅ​វា​ប្រឡង​អត់​ជាប់។​ ខ្លាច​អ្ហឺ ​ព្រោះអី​ជិត​ប្រឡង​ហើយ»។​

យុវតី​ កញ្ញា​រ៉ូសា​ ក៏​បាន​បង្ហាញ​ការ​បារម្ភ​របស់​នាង​អំពី​មេរៀន​គណិត​វិជ្ជា​ដែរ។ នាងនិយាយថា​ នាងកំពុង​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ភ្លេច​មេរៀន​នេះ។​

កញ្ញា ​បញ្ជាក់​ថា៖ «ភ័យ​ដែរ​រឿង​ភ្លេច​មេរៀន​ ​ព្រោះខ្លាច​តែ​ពេល​ចូល​ទៅ​ គ្រូ​ឲ្យ​ប្រឡង​ភ្លាម​អ៊ីចឹង​ខ្ញុំ​ភ័យ​ណាស់»។​

សាលារៀន​ មហាវិទ្យាល័យ​និង​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​វិជ្ជាជីវ:​នៅ​ទូទាំង​ប្រទេស​ ​ជា​ធម្មតា មាន​សភាព​អ៊ូអរ ​ដោយ​មានសិស្ស​អ្នក​លក់​អាហារ​និង​អ្នក​លក់​របស់​របរ​សិក្សា។​ប៉ុន្តែ​ទាំង​អស់​នេះ​មិន​មាន​ទៀត​ទេ​ ​នៅ​ខេត្ត​សៀមរាប។

នៅ​ក្នុង​វិទ្យាល័យ​១០​មករា១៩៧៩​ ​លោក ស៊ាន​ ធី​ កំពុង​មើល​ការ​បង្ហើយ​កិច្ចការ​សាង​សង់​ខ្លះ​នៅ​ទីធ្លា​កណ្តាល​សាលារៀន។​ ក្នុង​វ័យ​៥០​ឆ្នាំ​ ​លោក​ធ្វើ​ជា​ជំនួយ​ការ​ឲ្យ​នាយក​សាលាហើយ​ទទួល​បន្ទុក​ផ្នែក​វិន័យ។លោក​មាន​ប្រសាសន៍​ថា ​សាលា​មិន​ផ្តល់​ការ​បញ្ជាក់​ណា​មួយ​ដែល​ថា​ ​ពេល​ណា​ថ្នាក់​រៀន​នឹង​បើកឡើង​វិញ​ទេ ​និង​បាន​ពន្យល់​ថា​គ្រូ​នឹង​ប្រើឱកាស​ផ្អាក​ការ​សិក្សា​នេះ​ដើម្បី​យក​ពិន្ទុ​បីខែ​ចុង​ក្រោយ​មក​ចែក​ ដើម្បី​រក​មធ្យម​ភាគ​សម្រាប់​ពិន្ទុ​ប្រឡង​ឆមាស​តែ​ម្តង។​

«ពិន្ទុ​ឆមាស​គឺ​យក​បី​ខែ​ហ្នឹង​ចែក​រក​មធ្យម​ភាគ​គិត​ឆមាស​តែ​ម្តង អ៊ីចឹង​ទៅណា៎​ មាន​តែប៉ុណ្ណឹង​ទេ»។​

ក្នុង​ពេល​ជាមួយ​គ្នានេះ​ ​លោក ​ស៊ាន ធី ​បាន​និយាយ​ថា​គ្រូ​បង្រៀន​និង​បុគ្គលិក​បាន​រៀបចំ​សម្អាត​អនាម័យ​ក្នុង​ទីធ្លា​សាលា​និង​កំពុង​រៀប​ចំ​កន្លែងសិស្ស​លាង​ដៃ​នឹងអាល់កុល​ពេល​សិស្ស​ដែល​មាន​ជាង​ ៥០០០​នាក់​ ចាប់​ពី​ថ្នាក់​ទី៧​ ដល់​ទី​១២ ​វិល​ត្រឡប់​មករៀន​វិញ។

ជំនួយ​ការ​នាយក​សាលា​រូបនេះមិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ អំពី​ថ្នាក់​រៀន​តាម​ប្រព័ន្ធ​អនឡាញ​ដែលក្រសួង​បាន​ប្រកាស និង​បាន​និយាយ​ថា​ ​ថ្នាក់រៀន​គួរ​ផ្សេងៗ​ទៀត​ក៏ត្រូវ​បាន​បញ្ឈប់។​

«ខ្ញុំ​ថា​ បើអ៊ីចឹង មាន​តែ​ប្អូនៗ​រៀន​បន្ថែម​មាន​តែ​ដាក់​ពេល​រៀន​របស់​ខ្លួន​ហ្នឹង​ហើយ។ អាណា​ព្យាបាល​ជួយ​បង្រៀនអី​កូន​បន្ថែម​អ៊ីចឹង​ទៅណា៎។គេ​ឲ្យ​ជួប​ជុំ​ទេ អ៊ីចឹង​ហ្អាស់»។

លោក​ លី ប៊ុណ្ណា ​ប្រធាន​ស្តីទី​ មន្ទីរ​អប់រំខេត្ត​សៀម​រាប​ ​បាន​មាន​ប្រសាសន៍​ថា​ ​ក្រសួង​បាន​ចែក​សៀវភៅ​សម្រាប់​ស្វ័យ​សិក្សា​ប៉ុន្តែ​លោក​ថាសាលា​បឋម​ អនុវិទ្យាល័យ​និង​វិទ្យាល័យ​មួយ​ចំនួន​បាន​រៀប​មេរៀន​តាម​ប្រព័ន្ធ​អនឡាញ​បើ​ទោះ​ជា​លោក​មិនទាន់​អាច​ផ្តល់​សេចក្តីលម្អិត​អំពី​របៀប​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​នោះ​ក៏ដោយ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖​ «នែ!​ដំណាក់កាល​ដំបូង​អាច​ជួប​ការ​លំបាក​ខ្លះ​ ហើយ​នឹង​អាច​ជា​បណ្តើរៗ ​អាច​ងាយ​ស្រួល»។

សាលាបឋមសិក្សា គង់ម៉ុច ក្នុងក្រុងសៀមរាប បិទទ្វារ តាំងពីថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ ២០២០។ (ហ៊ុល រស្មី/VOA)
សាលាបឋមសិក្សា គង់ម៉ុច ក្នុងក្រុងសៀមរាប បិទទ្វារ តាំងពីថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ ២០២០។ (ហ៊ុល រស្មី/VOA)

នៅ​ក្នុង​ស្ថានភាព​ដែល​មិន​ដឹង​ច្បាស់​ថា​ នឹង​ត្រូវ​បង្រៀន​កូន​យ៉ាង​ដូច​ម្តេច​នៅ​ផ្ទះ​នោះ​ ​ឪពុក​ម្តាយសង្ឃឹម​ថា​ ​សាលារៀន​នឹង​បើក​ទ្វារ​ឡើង​វិញ​ឆាប់ៗ​នេះ​ ដោយ​សារ​ហេតុផល​ខ្លះគឺ​ថា​កូនៗ​របស់​ពួក​គាត់​នៅ​ទំនេរ​មិន​ធ្វើ​អី​នៅ​ផ្ទះ។​

អ្នកស្រី ​រុន សារឿន​ ​វ័យ​៣៥​ឆ្នាំ ​កំពុងរវល់​សក​អំពៅ​នៅ​ផ្ទះ​ ក្នុង​សង្កាត់​សាលា​កម្រើក​ ក្រុង​សៀមរាប។​ ស្ត្រី​ដែល​មានកូន​ប្រុស​ពីរ​នាក់​នេះ ​និយាយបណ្តើរ​ ធ្វើ​ការ​បណ្តើរ​ថា​កូនៗ​របស់​អ្នក​ស្រី​អង្គុយ​នៅ​តែ​ផ្ទះ​ ​មិន​ធ្វើ​អី​និង​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​លេងទូរស័ព្ទ​របស់​ពួក​គេ។

«នោះ​ឯង​អូន​ ​ឲ្យ​គាត់​នៅ​ផ្ទះ​នេះ​ ​គាត់​សំកុក។ ​គាត់​ពេល​ទៅ​ ​ទៅ​ [សាលារៀន]​គាត់​មាន​មិត្តភក្តិ រួច​ទៅ​អាច​ថា​ គាត់​លេង​ គាត់​មាន​ពេល​សប្បាយ​ខ្លះ។ ​ព្រោះ​ពេល​នេះ​ ​គាត់​នៅ​តែ​ក្នុង​ផ្ទះ​នៅ​ម្នាក់​ឯង​មើល​ មាន​ទូរសព្ទ​មើល​ទូរសព្ទ​ វាល់ៗ​ល្ងាចទៅ​ណា៎»។

អ្នកស្រី​បន្ថែម​ថា​អ្នកស្រី​មិន​ចង់​ឲ្យ​កូន​នៅ​តែ​ផ្ទះ​នោះ​ទេ។​

«ដល់​ពេល​អ៊ីចឹង​ទៅ​[អត់]​ចង់​ឲ្យ​គាត់​នៅ​ផ្ទះ​ពេក​ទេ​ ​ឲ្យ​គាត់​បាន​ទៅ​រៀន​ ​គាត់​មាន​មិត្តភក្តិ​ ​គាត់​លេង»។

នៅ​ឯ​សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ​អ្នកស្រី​ ​នួន​ សារ៉ែន​ ​មាន​កូន​ម្នាក់​រៀន​នៅ​សាលា​ឋបម​សិក្សា​ និង​ពីរ​នាក់​ទៀត​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​ សែន​វត្តស្វាយ។​ អាជីវករ​រូប​នេះ​និយាយ​ថា​វា​ជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​របស់​អាជ្ញាធរ​ក្នុង​ការបិទ​សាលារៀន​ ដើម្បី​បញ្ឈប់​ការ​រីករាល​ដាល​នៃ​មេរោគ។​ ប៉ុន្តែ​អ្នកស្រី​បាន​និយាយ​ថា ​ អាជ្ញាធរ​គួរ​មាន​ផែនការ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូនៗ​គាត់​បាន​រៀន​មេរៀនពេល​បិទ​សាលា។​

«កូន​ក្មេង​តែ​វា​ខាន​យូរ​ វាភ្លេច​អស់​ហើយ»។​

នៅ​ពេល​ដែល​ឪពុក​ម្តាយ​ជញ្ជឹង​គិត​ខ្លាំង​ពី​មេរៀន​ដែល​កូន​មិន​បាន​រៀន​និង​ការ​ប្រឡង​ដែល​នឹង​មក​ដល់​នោះក្មេង​ជំទង់​ជា​ច្រើន​ដូច​ជា​យុវតី​កញ្ញា រ៉ូសា​គ្រាន់​តែ​ចង់​ជួប​ជុំមិត្ត​ភក្តិ​របស់​នាង​ម្តង​ទៀត​ដើម្បី​មាន​ពេល​រីករាយ​ជា​មួយ​គ្នា។

«ពេល​ចេញ​លេងពេល​ញាំ​អ៊ីចឹង​ដណ្តើម​គ្នា​ញាំ​ចា៎​ សប្បាយ​ ចង់​ [ទៅ​ពេល​នោះ​វិញ]»

ដោយ​ឡែក​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​លោក​ ហង់ ជួនណារ៉ុន​បាន​ថ្លែង​ថា​ ​ការ​ឲ្យ​គ្រប់​សាលា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ​ទាំង​រដ្ឋ ​និង​ឯកជន​ផ្អាក​នៅ​ពេល​នេះ​ គឺ​ដើម្បី​បញ្ចៀស​លទ្ធភាព​នៃ​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ណា​មួយ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «ដូច្នេះ​គេ​បង្ការ ​ខ្លាច​អា​ជំងឺ​ហ្នឹង។​ បើ​សិន​ជា​ឆ្លង​ វា​លឿន​មែន​ទែន!​ ​អ៊ីចឹង​បាន​គេ​ផ្អាក ​ទប់​ស្កាត់​មុន ​ព្រោះ​វា​មិន​ដឹង​ថា​ ​វា​មិន​វិវត្ត​ទៅ​យ៉ាង​ម៉េច។ ​បើ​នៅ​អាមេរិក​ ​នៅ​អឺរ៉ុប​ បិទ​ដែរ​ហ្នឹង! ​ធ្វើ​ម៉េច!​បើ​សិន​ជា​ឈឺ​ទៅ ​នរណា​ទទួល​ខុសត្រូវ?​អា​ហ្នឹង​វិធាន​ការ​បង្ការ​ទេ»។

បើ​តាម​លោក​ហង់ ជួន ណារ៉ុន​ សិស្សានុសិស្ស​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​ ៣​លាន​នាក់៕​

XS
SM
MD
LG