- ដោយ សុខ ខេមរា
ក្រសួងសុខាភិបាលកម្ពុជាប្រកាសថាករណីវីរុសកូរ៉ូណាកើនថែម៤នាក់
ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន ៤នាក់ថែមទៀត កាលពីថ្ងៃពុធ ដោយបានធ្វើឲ្យតួលេខសរុបក្នុងប្រទេសកម្ពុជាកើនដល់ ៣៧នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
នៅក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ថា ការរកឃើញថ្មីរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាចំនួន២ករណី គឺជាបុរសជនជាតិខ្មែរ ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងចំនួន២ ករណីទៀត គឺរកឃើញលើខ្លួនបុរសជនជាតិម៉ាឡេស៊ី។
«សរុបករណីវិជ្ជមានវីរុសកូវីដ១៩ នៅទូទាំងប្រទេស ត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មានចំនួន៣៧នាក់ ស្រី២ នាក់ និង ប្រុស ៣៥នាក់ ដែលក្នុងនោះមានជនជាតិចិនម្នាក់ នៅខេត្តព្រះស៊ីហនុបានជាសះស្បើយ អង់គ្លេស៣នាក់ កាណាដា ១នាក់ ប៊ែលហ្ស៊ិក ១នាក់ បារាំង ២នាក់ ក្នុងនោះមានកូនប្រុសបង្កើតអាយុ ៤ខែ ម៉ាឡេស៊ី ៥នាក់ ខ្មែរ ២៤នាក់ ក្នុងនោះមានអ្នកដែលវិលត្រឡប់មកពី(ចូលរួម)ពិធីសាសនានៅប្រទេសម៉ាឡេស៊ី ២១នាក់»។
ករណីទាំង ៤ចុងក្រោយ គឺចំនួន ២នាក់រកឃើញនៅក្នុងខេត្តកំពត ជាពលរដ្ឋម៉ាឡេស៊ី និង ត្បូងឃ្មុំ ២នាក់ជាជនជាតិខ្មែរ។ ជនទាំង ៤នេះ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តទាំងពីរ ដោយត្រូវគេដាក់ឲ្យនៅដាច់ដោយឡែក។ ជនជាតិខ្មែរទាំងពីរនេះ គឺជាមនុស្សពីរនាក់ដែលស្ថិតក្នុងចំណោមមនុស្ស ៧៩ នាក់ ដែលបានវិលត្រឡប់មកពីចូលរួមក្នុងពិធីសាសនា ក្នុងប្រទេសម៉ាឡេស៊ី ហើយទើបបានរកឃើញចុងក្រោយថាវិជ្ជមាននៅម៉ោង ៨យប់ ថ្ងៃទី១៨ មីនា។
កម្ពុជាបង្កើតគណៈកម្មការជាតិប្រយុទ្ធជំងឺកូវីដ១៩
រដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធ បានសម្រេចបង្កើតគណៈកម្មការថ្នាក់ជាតិមួយ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ដែលកំពុងរីករាលដាលនៅជុំវិញពិភពលោក ខណៈកម្ពុជាកំពុងប្រឈមនឹងការឆ្លងជំងឺរលាកដង្ហើមប្រភេទថ្មីកាន់តែកើនឡើង។ នេះបើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៨ ខែមីនា ដែលលោកនាយករដ្ឋមន្ត្រីកម្ពុជាបានចុះហត្ថលេខា។
គោលបំណងនៃគណៈកម្មការជាតិប្រយុទ្ធជំងឺកូវីដ១៩ គឺដើម្បីកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺនេះ។ គណៈកម្មការជាតិប្រយុទ្ធជំងឺនេះ មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានដឹកនាំ និងរដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធនានានៅក្នុងព្រះរាជាណាចក្រ ជាអនុប្រធាននិងសមាជិក។
ការបង្កើតគណៈកម្មការជាតិនេះកើតឡើង ស្របពេលដែលកម្ពុជាកំពុងមានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ជាពិសេសបន្ទាប់ពីពលរដ្ឋកម្ពុជាមួយក្រុមបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមពិធីបុណ្យសាសនាមួយ។ គិតត្រឹមថ្ងៃយប់ពុធ ទី១៨ ខែមីនា ករណីឆ្លងជំងឺកូវីដសរុបមានចំនួន ៣៧នាក់ ក្នុងនោះពលរដ្ឋកម្ពុជាចំនួន ២៤នាក់ ដែលក្នុងចំណោមអ្នក ២៤នាក់នេះ រួមមាន ២១នាក់គឺជាពលរដ្ឋដែលបានទៅចូលរួមពិធីបុណ្យសាសនានៅម៉ាឡេស៊ី។
កាលពីដើមសប្តាហ៍នេះ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យមានការចូលរួមពីគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្លាំងយោធា ដើម្បីបង្កើនកម្លាំងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីមួយនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ពាន់ ៧រយនាក់នៅជុំវិញពិភពលោក៕
ករណីឆ្លងជំងឺកូវីដ១៩នៅកម្ពុជាកើនដល់ ៣៧
មន្រ្តីសុខាភិបាល៖ ស្ថានភាពសុខភាពរបស់អ្នកផ្ទុកវីរុសកូរ៉ូណាស្ថិតក្នុងសភាពធម្មតា
មន្រ្តីសុខាភិបាលកម្ពុជាបានអះអាងថា ស្ថានភាពសុខភាពរបស់អ្នកដែលផ្ទុកវីរុសកូរ៉ូណាឬCOVID19 ដែលកម្ពុជារកឃើញ ស្ថិតក្នុងសភាពធម្មតា និងមិនមានសញ្ញាធ្ងន់ធ្ងរដែលគួរឲ្យព្រួយបារម្ភនោះទេ។
ករណីវីរុសកូរ៉ូណានៅកម្ពុជាបានកើនដល់៣៥នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ក្នុងនោះមានពលរដ្ឋកម្ពុជាចំនួន២២នាក់។ ពលរដ្ឋកម្ពុជាភាគច្រើនបានឆ្លងវីរុសនេះ បន្ទាប់ពីពួកគេចូលរួមក្នុងពិធីសាសនាមួយនៅក្នុងប្រទេសម៉ាឡេស៊ី ហើយត្រឡប់មកកម្ពុជាវិញ។
លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះថា ក្រសួងបានធ្វើតេស្តមនុស្សសរុបចំនួន១១១២នាក់ ហើយក្នុងនោះ៣៥នាក់មានផ្ទុកវីរុសនេះ។
លោកស្រីបន្តថា ករណីអ្នកផ្ទុកវីរុសនៅកម្ពុជាគឺជាករណីស្រាលដោយសារតែភាគច្រើនកើតលើអ្នកដែលមានអាយុ២០ឆ្នាំ ជាងទៅដល់៤០ឆ្នាំជាង។
លោកស្រីមានប្រសាសន៍ថា៖ «ករណីប៉ុន្មានដែលយើងសង្កេតឃើញហ្នឹង លើកលែងតែជនជាតិអង់គ្លេស៣នាក់នោះដែលគាត់មានវ័យចាស់។ ក្រៅពីហ្នឹងសុទ្ធតែល្បាក់២០ក្រាស់រហូតដល់៤០ក្រាស់ អ៊ីចឹងគាត់ស្ថិតក្នុងកម្លាំងពលំគាត់ខ្លាំងក្លា»។
លោកស្រីបន្តថា ទោះយ៉ាងណា ក្រសួងសុខាភិបាលនៅតែបន្តតាមដានសុខភាពពួកគេបន្តទៀត។ ប៉ុន្តែអ្នកស្រីថា ពួកគេភាគច្រើនមានស្ថានភាពសុខភាពធម្មតារហូតមកដល់ពេលនេះ។