ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពន្យល់​ពី​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​ចុង​ក្រោយ


រូបឯកសារ៖ ជន​ចំណាក​ស្រុក​ដែល​ព្យាយាម​ស្វែង​រក​ទិដ្ឋាការ​ការងារ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​សណ្ឋាគារ ដែល​អាជ្ញាធរ​បញ្ជាក់​ថា​មាន​ភាព​ចង្អៀត​ណែន នៅ​ទីក្រុង Monterrey ប្រទេស​ម៉ិកស៊ិក កាល​ពី​ខែ​មីនា។
រូបឯកសារ៖ ជន​ចំណាក​ស្រុក​ដែល​ព្យាយាម​ស្វែង​រក​ទិដ្ឋាការ​ការងារ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​សណ្ឋាគារ ដែល​អាជ្ញាធរ​បញ្ជាក់​ថា​មាន​ភាព​ចង្អៀត​ណែន នៅ​ទីក្រុង Monterrey ប្រទេស​ម៉ិកស៊ិក កាល​ពី​ខែ​មីនា។

បទបញ្ជា​ចុង​ក្រោយ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ ​រឹតបន្តឹង​និង​បន្ថែម​ការ​ដាក់​កំហិត​ទៅ​លើ​ទិដ្ឋាការ​ធ្វើការ​របស់​ជនបរទេស​និង​ទិដ្ឋាការ​សម្រាប់​ជន​អន្តោរប្រវេសន៍​ស្របច្បាប់​មក​រស់​នៅ​អាមេរិក។

បទបញ្ជា​ដែល​ទើប​តែ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នាពេល​ថ្មីៗ​នេះ​នឹង​រារាំង​ទិដ្ឋាការ​ទាំង​នោះ​ដល់ដំណាច់​ឆ្នាំ​២០២០។ ទិដ្ឋាការ​ទាំង​នោះ​រួម​មាន​ទិដ្ឋាការ​សម្រាប់​មក​ធ្វើការ​ជា​ មេដោះ ​វិស្វករ​ និង​អ្នកវិទ្យាសាស្ត្រ ដែល​មក​ធ្វើការ​នៅ​អាមេរិក​ក្នុង​រយៈ​ពេល​មាន​កំណត់។

តើ​ប៉ះពាល់​លើ​អ្នក​ណា​ខ្លះ?

បទ​បញ្ជា​នេះ​ប៉ះពាល់​លើ​ទិដ្ឋាការ​ H1B ​សម្រាប់​អ្នក​ធ្វើការ​ជំនាញ​ជាន់​ខ្ពស់​ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​របស់​អាមេរិក ទិដ្ឋាការ​ប្រភេទ L ដែល​ជា​ញឹក​ញាប់​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ពាណិជ្ជកម្ម​នានា​ដើម្បី​បញ្ជូន​ជនបរទេស​មក​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ណា​មួយ ទិដ្ឋាការ​ J1 ​សម្រាប់​ឲ្យ​ជន​បរទេស​មក​ផ្លាស់ប្តូរ​ការ​សិក្សា ការងារ​និង​វប្បធម៌ និង​ទិដ្ឋាការ H2B សម្រាប់​អ្នកធ្វើការ​បណ្តោះ​អាសន្ន​ក្នុង​ឧស្សាហកម្ម​នានា​ដែល​មិន​ស្ថិត​ក្នុង​វិស័យ​កសិកម្ម។

ប្រពន្ធ​កូន​ក្រោម​អាយុ​១៨​ឆ្នាំ​របស់​អ្នកសុំ​ទិដ្ឋាការ​ក៏​នឹង​ត្រូវ​ប៉ះពាល់​ផងដែរ។ ពួកគេ​ជា​រឿយៗ​ទទួល​បាន​ទិដ្ឋាការ​ដែល​អាច​ឲ្យ​ធ្វើ​ការងារ​តិចតួច​ផងដែរ។

អ្នកណា​ខ្លះ​ដែល​មិនប៉ះពាល់?

បទ​បញ្ជា​នេះ​មិន​ប៉ះ​ពាល់​អ្នក​ដែល​មាន​ទិដ្ឋាការ​ដែលមាន​សុពលភាព​ឬ​ប័ណ្ណ​ដែល​ហៅ​ថា​ green card ​សម្រាប់​អ្នក​មាន​សិទ្ធិ​រស់នៅ​ក្នុង​អាមេរិក​ជា​អចិន្ត្រៃយ៍​ស្រាប់​ទៅ​ហើយ​នោះ​ទេ មិនថា​អ្នក​ទាំងនោះ​នៅ​ក្នុងឬ​ក្រៅ​អាមេរិក​ក្នុង​ពេលនេះ ហើយ​ក៏​មិនប៉ះពាល់​អ្នកដែល​បាន​ដាក់​ពាក្យ​សុំ green card ឬ​ទិដ្ឋាការ​បណ្តោះអាសន្ន នៅ​ក្នុង​សហរដ្ឋ​អាមេរិកនោះទេ។​

អ្នក​ដទៃ​ទៀត​ដែល​ត្រូវ​បាន​លើកលែង​ឲ្យ​ក្រោម​បទ​បញ្ជា​នេះ​រួម​មាន​ប្តីឬ​ប្រពន្ធ ឬ​កូន​របស់​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង អ្នកដែល​ផ្តល់​សេវាកម្ម​ដែល​ត្រូវបាន​ចាត់​ទុក​ថា​មាន​សារៈសំខាន់​សម្រាប់​ផ្នែក​ផ្គត់ផ្គង់​ម្ហូបអាហារ​របស់​អាមេរិក ឬ​អ្នកដែល​មាន​ប្រយោជន៍​ចំពោះ​សហរដ្ឋ​អាមេរិក​ តាម​ការសម្រេច​របស់ក្រសួង​ការបរទេ​ស​អាមេរិក​ឬ​ក្រសួង​សន្តិសុខ​មាតុភូមិ។

តើ​ជា​បទបញ្ជានេះ​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី?

លោក​ប្រធានាធិបតី ត្រាំ​ បានថ្លែងថា បទបញ្ជា​នេះ​មាន​គោល​បំណង​ដើម្បី​ការពារ​ការងារ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ក្នុងគ្រាដែល​អត្រា​អ្នក​អត់ការងារ​ធ្វើ​ខ្ពស់​ ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ១៩។

បទបញ្ជា​នេះ​ធ្វើឡើង​២ខែ​បន្ទាប់ពី​លោក​ប្រធានាធិបតី​បាន​ប្រកាស​ពី​ការ​ព្យួរ​ green card ដែល​ផ្តល់​សិទ្ធិ​រស់នៅ​ស្របច្បាប់​ជាអចិន្ត្រៃយ៍​ ដោយ​ប្រកែក​ពី​ជំហាន​ដែល​ត្រូវការ​ដើម្បី​លើក​កម្ពស់​ការ​ស្តារ​សេដ្ឋកិច្ច​អាមេរិក​ឡើងវិញ។

តើ​អ្នកណា​ខ្លះ​ស្វាគមន៍​ការ​ប្រកាស​បទបញ្ជា​នេះ?

ខណៈ​ដែល​ប្រតិកម្ម​ភាគច្រើន​នៅ​រដ្ឋសភា​មាន​ភាព​អវិជ្ជមាន​ លោក​ Ted Cruz សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋតិចសាស​បាន​ហៅ​បទ​បញ្ជា​នេះ​ថាមាន «សារៈសំខាន់» ហើយ​បាន​និយាយ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយថា៖«យើង​ត្រូវ​តែ​ផ្តោត​លើ​ការ​ការពារ​ជីវិត​ពលរដ្ឋ​អាមេរិកាំង​និង​រក្សាការងារ​សម្រាប់​ពួកគេ។ មូល​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​អាមេរិក​បន្ត​ផ្អាក​ការ​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ជន​អន្តោប្រវេសន៍​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​នេះ»។​

ក្រុម NumbersUSA ដែល​គាំទ្រ​គោលនយោបាយ​ដាក់​កំហិត​ទៅ​លើ​ការ​ធ្វើ​អន្តោប្រវេសន៍​នេះ​ បាន​ហៅ​ការ​សម្រេច​ចិត្ត​នេះថា​«មិនធ្លាប់​មាន​ពីមុន​មក» ហើយ​បាន​ថ្លែងថា ខ្លួន​«អបអរ​សាទរ» ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ក្នុង​ការ​ផ្អាក​ការ​អនុញ្ញាត​ឲ្យ​ជនអន្តោប្រវេសន៍​និង​ជនបរទេស​ដែល​ចង់​មក​ធ្វើការ​នៅ​អាមេរិក​ក្នុង​ការ​ចូលមក​ក្នុង​សហរដ្ឋ​អាមេរិក។

ក្រុម NumbersUSA បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ជាង៤៥លាននាក់​ដែល​បាន​បាត់បង់​ការងារ​ធ្វើ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ​ បទបញ្ជា​ប្រធានាធិបតី​តំណាង​ឲ្យឱកាស​ដ៏​ពិត​ប្រាកដ​មួយ​ដើម្បី​បង្កើន​ការងារ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​មួយ​ដែល​អាច​ទ្រទ្រង់​ជីវភាព​រស់​នៅ​បាន»។ ចំណុច​សំខាន់​មួយ​ទៀត វា​ក៏​តំណាង​ឲ្យ​ឱកាស​មួយ​សម្រាប់​និយោជក​អាមេរិកាំង​ពង្រីក​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​នៅ​ក្នុង​សហគមន៍​មួយ​ដែល​មិន​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​ជា​ប្រវត្តិសាស្ត្រ​ ហើយ​ជា​ការ​បង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង​នឹង​ធ្វើការងារ​ទាំង​នោះ»។

អ្នកណា​ខ្លះ​ដែល​ប្រឆាំង​នឹង​បទ​បញ្ជា​នេះ?

បទ​បញ្ជា​ដែល​ដាក់​កំហិត​ទៅ​លើ​ការ​ធ្វើ​អន្តោប្រវេសន៍​នោះ​បង្ក​ឲ្យ​មាន​ទស្សនៈ​ផ្ទុយ​គ្នា​រវាង​គណបក្ស​ទាំងពីរ​ទាំង​នៅ​ក្នុង​រដ្ឋសភា​និង​ព្រឹទ្ធសភា។ លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ South Carolina ដែល​ជា​ធម្មតាថ្លែង​ការពារ​លោក ត្រាំ បាន​បង្ហោះសារ​លើ​បណ្តាញ​ Twitter ថា៖«ជនអន្តោ​ប្រវេសន៍​ស្របច្បាប់​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​អាមេរិក» ហើយ​បទ​បញ្ជា​នេះ​«នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​លើ​ការ​ស្តារ​សេដ្ឋកិច្ច​របស់​យើង​ឡើងវិញ»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ជាមួយ​នឹងសមាជិក​រដ្ឋ​សភា​ម្នាក់​ លោក Jerrold Nadler សមាជិក​រដ្ឋ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ New York និង​ជា​ប្រធាន​គណៈកម្មាធិការទទួល​បន្ទុកកិច្ច​ការ​តុលាការ​នៅ​រដ្ឋសភា​បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​ ត្រាំ ថា ប៉ុនប៉ង​ «បង្វែរ​ចំណាប់​អារម្មណ៍​សាធារណៈជន​អាមេរិកាំង​ពី​បរាជ័យ​ដ៏​គួរ​ឲ្យ​អាម៉ាស់​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩»។

​ក្រុម​អង្គការ​សិទ្ធិ​ជន​អន្តោប្រវេសន៍​និង​ក្រុម​អ្នក​តស៊ូ​មតិ ក៏​បាន​បញ្ចេញ​សំឡេង​តវ៉ា​យ៉ាង​ខ្លាំងផងដែរ៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

អត្ថបទ​ទាក់ទង

XS
SM
MD
LG