ចំនួនឆ្លងមេរោគកូរ៉ូណាថ្មីក្នុងរយៈពេលមួយថ្ងៃនៅក្នុងសហរដ្ឋអាមេរិក ឡើងជិតទៅដល់កម្រិតខ្ពស់មួយនៅពេលដែលរដ្ឋាភិបាល បានប្រាប់ឲ្យដឹងថា មនុស្សជិត២០លាននាក់នៅក្នុងប្រទេសនេះអាចបានឆ្លងវីរុសនេះ។
រដ្ឋនានានៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ពីការឆ្លងថ្មីចំនួន៣៩.៣២៧ករណីកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post។ ចំនួននេះជាចំនួនដ៏ខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីការផ្ទុះបានចាប់ផ្តើមកាលពីខែធ្នូឆ្នាំទៅមក។
សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក បានកត់ត្រាចំនួន៣៤.៣០០ករណីកាលពីថ្ងៃពុធ ដែលជិតដល់ចំនួន៣៦.០០០ពាន់ករណីដែលជាចំនួនឆ្លងឡើងខ្ពស់បំផុតកាលពីថ្ងៃទី២៤ ខែមេសា។
លោក Ashish Jha នាយកវិទ្យាស្ថានសុខភាពសាកលនៃសាកលវិទ្យាល័យ Harvard បាននិយាយនៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ជាមួយបណ្តាញទូរទស្សន៍ NBC ក្នុងកម្មវិធី «ថ្ងៃនេះ» ថា ការកើនឡើងកាលពីពេលថ្មីៗនេះក្នុងសហរដ្ឋអាមេរិក បណ្តាលមកពីការបើកសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ខណៈដែលខ្វះទម្រង់ការសុវត្ថិភាពត្រឹមត្រូវ។
ក្នុងខណៈនោះដែរ មជ្ឈមណ្ឌលសម្រាប់ការត្រួតត្រានិងរារាំងជំងឺរបស់សហរដ្ឋ អាមេរិក បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនករណីមេរោគកូរ៉ូណា អាចមានចំនួន១០ដងច្រើនជាងចំនួនដែលត្រូវបានរាយការណ៍។
ការកត់ត្រាដោយសាកលវិទ្យាល័យ Johns Hopkins បានដាក់ចំនួនករណីឆ្លង២,៥សែនករណី។
ក៏ប៉ុន្តែ មជ្ឈមណ្ឌលសម្រាប់ការត្រួតត្រានិងរារាំងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានប្រាប់ឲ្យដឹងថា ចំនួនឆ្លងពិតប្រាកដប្រហែល២០លានករណី។
ពួកមន្រ្តីបានជឿជាយូរយាណាស់មកហើយថា ចំនួនពិតប្រាកដមិនបានត្រូវគេរាយការណ៍ទេ។ មជ្ឈមណ្ឌល CDC ប្រាប់ឲ្យដឹងថា ខ្លួនផ្អែកលើការប៉ាន់ស្មានថ្មីបន្ទាប់ពីការសិក្សាសំណាកឈាមមកពីទូទាំងប្រទេស៕