កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលករណីឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ថ្មីមិនធ្លាប់មាន រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានដាក់បណ្តឹងទៅតុលាការកំពូលសហរដ្ឋអាមេរិកដើម្បីសុំទុកជាមោឃៈនូវច្បាប់ថែទាំសុខភាព Affordable Care Act ហៅកាត់ថា ACA ដែលគេស្គាល់ជាទូទៅថា Obamacare។
ខុសពីប្រទេសលោកខាងលិចដទៃទៀត ប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់ពលរដ្ឋអាមេរិកជាប់ទាក់ទងនឹងការងាររបស់ពួកគេ។ ហេតុនេះហើយ ចាប់ពីមានការបិទសកម្មភាពសេដ្ឋកិច្ចនិងសង្គមដើម្បីទប់ស្កាត់កូវីដ១៩មក ពលរដ្ឋអាមេរិកជាច្រើនមិនត្រឹមតែបានបាត់បង់ការងារប៉ុណ្ណោះតែ តែក៏បានបាត់បង់ការធានារ៉ាប់រងសុខភាពដែរ។
ម៉្យាងទៀត និយោជកអាមេរិកខ្លះមិនផ្តល់ការធានារ៉ាប់រងសុខភាពទេ ដែលធ្វើឲ្យពលរដ្ឋខ្លះត្រូវបង្ខំទិញការធានារ៉ាប់រងសុខភាពដោយខ្លួនឯង។ គោលបំណងនៃច្បាប់ Affordable Care Act គឺដើម្បីជួយសាធារណជនអាចទិញការធានារ៉ាប់រងសុខភាពក្នុងតម្លៃសមរម្យបាន។
ប្រតិកម្មទៅនឹងវិធានចុងក្រោយរបស់សេតវិមាននេះ លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកពីគណបក្សប្រជាធិបតេយ្យថ្លែងចោទលោកប្រធានាធិបតីTrump និងគណបក្សសាធារណរដ្ឋថា ធ្វើយុទ្ធនាការដើម្បីលុបបំបាត់ការការពារនិងផលប្រយោជន៍ដែលច្បាប់ធានារ៉ាប់រងសុខភាពនេះផ្តល់ឲ្យក្នុងអំឡុងពេលកំពុងមានវិបត្តិរាតត្បាតជំងឺកូវីដ១៩ ហើយថាសកម្មភាពនេះជារឿងឃោរឃៅ។
តុលាការកំពូលសហរដ្ឋអាមេរិកត្រូវគេរំពឹងថានឹងស្តាប់សក្ខីកម្មអំពីរឿងនេះនៅក្នុងខែតុលាខាងមុខ។
កាលពីថ្ងៃសុក្រក្រុមការងារសហរដ្ឋអាមេរិកសម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ១៩របស់រដ្ឋបាលលោកប្រធានាធិបតីត្រាំ រំពឹងថានឹងធ្វើសន្និសីទព័ត៌មានសាធារណៈជាលើកដំបូងក្រោយការផ្អាករយៈពេលជិត២ខែមកហើយ ដោយលោកអនុប្រធានាធិបតីMike Pence ជាអ្នកដឹកនាំសន្និសីទព័ត៌មាននេះ៕