សមាជិកព្រឹទ្ធសភាអាមេរិក៤នាក់អំពាវនាវឲ្យព្យួរកម្មវិធីហ្វឹកហ្វឺនការងារក្រោយបញ្ចប់ការសិក្សាសម្រាប់និស្សិតអន្តរជាតិដែលហៅកាត់ថា OPT នៅក្នុងលិខិតមួយផ្ញើទៅកាន់សេតវិមាន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីស្តីទីនៃក្រសួងសន្តិសុខមាតុភូមិបានថ្លែងនៅក្នុងបទសម្ភាសន៍ក្នុងវិទ្យុមួយថា និស្សិតអន្តរជាតិដែលប្រើប្រាស់កម្មវិធីហ្វឹកហ្វឺនក្រោយបញ្ចប់ការសិក្សា ឬ OPT នេះបង្កការព្រួយបារម្ភដល់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump)។
ក្រុមអ្នកជំនាញបានប្រាប់ VOA ថា ប្រសិនបើអាមេរិកព្យួរកម្មវិធី OPT លទ្ធផលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចអាមេរិកហើយចំនួននិស្សិតចុះឈ្មោះនៅសាកលវិទ្យាល័យនានានៅអាមេរិកនឹងធ្លាក់ចុះខ្លាំង ដែលវិស័យឧត្តមសិក្សានេះរកប្រាក់ចំណូលបានជាង៤០ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមានដូចជាលោក Tom Cotton នៃរដ្ឋ Arkansas លោក Ted Cruz នៃរដ្ឋ Texas លោក Chuck Grassley នៃរដ្ឋ Iowa និងលោក Josh Hawley នៃរដ្ឋ Mississippi បានសរសេរលិខិតមួយទៅកាន់សេតវិមានកាលពីថ្ងៃទី៧ ខែឧសភាថា៖ «មិនមានហេតុផលណាដែលត្រូវអនុញ្ញាតឲ្យនិស្សិតអន្តរជាតិស្នាក់នៅអាមេរិកបីឆ្នាំបន្ថែមទៀតដើម្បីយកការងារ ដែលអាចទុកសម្រាប់ពលរដ្ឋអាមេរិកាំងដែលគ្មានការងារធ្វើ ខណៈដែលសេដ្ឋកិច្ចរបស់យើងងើបឡើងវិញ»។
លោក David Bier អ្នកវិភាគគោលនយោបាយអន្តោប្រវេសន៍នៅវិទ្យាស្ថាន CATO ថ្លែងប្រកែកតបនឹងការវាយតម្លៃនេះដោយលើកឡើងថា៖ «មូលហេតុដែលធ្វើឲ្យពលរដ្ឋអាមេរិកាំងអត់ការងារធ្វើគឺបណ្តាលមកពីជំងឺរាតត្បាត ហើយនៅពេលដែលជំងឺរាតត្បាតនេះចុះថមថយ អត្រាអ្នកអត់ការងារធ្វើក៏នឹងថយចុះផងដែរសម្រាប់ទាំងជនអន្តោប្រវេសន៍ និងពលរដ្ឋអាមេរិក»។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ កំពុងពិចារណាដាក់កំហិត ឬហាមឃាត់និស្សិតអន្តរជាតិមិនឲ្យធ្វើការក្រោយបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីថ្លែងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋអាមេរិកាំងដែលអត់ការងារធ្វើ។
លោក Bier មិនយល់ស្របនោះទេ។ លោកបានថ្លែងថា៖ «ជាការពិតទៅ ការដាក់កំហិតលើការធ្វើអន្តោប្រវេសន៍នឹងបង្កហានិភ័យដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ព្រោះប្រសិនបើក្រុមហ៊ុនត្រូវចំណាយពេលកាន់តែយូរដើម្បីរកមនុស្សមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការងារមួយ នោះក្រុមហ៊ុនត្រូវខាតដំណើរការ ដែលនេះក៏ធ្វើឲ្យយឺតយ៉ាវដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចដែរ»។
ក្រោមកម្មវិធី OPT និស្សិតអន្តរជាតិអាចធ្វើការនៅសហរដ្ឋអាមេរិកបានរយៈពេល១២ខែបន្ទាប់ពីបញ្ចប់ការសិក្សា។ ប្រសិនបើនិស្សិតរៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ឬគណិតវិទ្យា ដែលហៅសង្ខេបថាជំនាញស្ទែម (STEM) កម្មវិធី OPT អាចឲ្យពួកគេហ្វឹកហ្វឺនការងារបាន២ឆ្នាំ។
និស្សិតប្រហែលអាចដាក់ពាក្យសុំសិទ្ធិធ្វើការមុនបញ្ចប់ការសិក្សា ឬហៅថា OPT ដែលអនុញ្ញាតឲ្យពួកគេធ្វើការក្រៅម៉ោងសិក្សា ២០ម៉ោង ឬតិចជាងនេះក្នុងមួយសប្តាហ៍ ខណៈពេលពួកគេកំពុងសិក្សា ហើយពួកគេអាចធ្វើការពេញម៉ោងពេលសាលាអត់រៀន។ បើសិស្សម្នាក់សម្រេចចិត្តស្នាក់នៅក្នុងអាមេរិកបន្ទាប់ពីបញ្ចប់ការសិក្សា ពេលវេលាដែលគាត់បានធ្វើការក្រោមកម្មវិធី OPT រួចហើយពេលនៅរៀន នឹងកាត់បន្ថយចេញពីអំឡុងពេលដែលអាចធ្វើការបានតាមរយៈកម្មវិធី OPT។
សមាជិកព្រឹទ្ធសភាលោក Cotton លោក Cruz លោក Grassley និងលោក Hawley បានថ្លែងនៅក្នុងលិខិតនោះថា៖ «ពលរដ្ឋអាមេរិកាំងសង្ឃឹមថា ការស្តារសេដ្ឋកិច្ចឡើងវិញនឹងដំណើរការទៅដោយឆាប់រហ័ស ដោយពលរដ្ឋអាមេរិកាំងនឹងត្រឡប់ទៅធ្វើការវិញក្នុងចំនួនច្រើនលើសលុប នៅពេលដែលពួកគេមានសុវត្ថិភាពនឹងចេញទៅធ្វើការវិញបាន។ ប៉ុន្តែជាអកុសល វានឹងត្រូវការពេលវេលាសម្រាប់ឲ្យអាជីវកម្មភាគច្រើនអាចចាប់ផ្តើមរកចំណូលឲ្យបានដូចមុនពេលមានជំងឺរាតត្បាតនេះ»។
ប៉ុន្តែពួកគេនៅតែជំរុញឲ្យព្យួរទិដ្ឋាការសម្រាប់ជនបរទេសថ្មីមកធ្វើការនៅអាមេរិករយៈពេល៦០ថ្ងៃ ហើយព្យួរប្រភេទទិដ្ឋាការសម្រាប់ជនបរទេសផ្សេងទៀតរយៈពេលយ៉ាងហោចណាស់១ឆ្នាំ។
លិខិតនោះក៏បានលើកឡើងពីចំនួនអ្នកអត់ការងារធ្វើច្រើនមិនធ្លាប់មានពីមុនមកនៅសហរដ្ឋអាមេរិក។ កាលពីខែមេសា អត្រាអ្នកអត់ការងារធ្វើមាន១៤,៧ភាគរយ ឬមានមនុស្ស២២លាននាក់បាត់បង់ការងារធ្វើ។
លោក Bier ថ្លែងថា គោលបំណងនៅក្នុងពេលស្តារសេដ្ឋកិច្ចឡើងវិញនេះគឺដើម្បីបំពេញការងារនៅតាមក្រុមហ៊ុននានាឲ្យបានកាន់តែឆាប់កាន់តែល្អ។
លោកបានថ្លែងថា៖ «នៅពេលណាដែលអ្នកពន្យារពេល នៅទីបំផុតអ្នកនឹងធ្វើឲ្យប៉ះពាល់ដល់គ្រប់ក្រុមហ៊ុនដែលពឹងផ្អែកទៅលើធនធានពីក្រុមហ៊ុនមួយនោះ។ អ្នកកំពុងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ដែលកំពុងព្យាយាមចេញទៅក្រៅដើម្បីទិញអ្វីមួយដែលពួកគេត្រូវការ ដែលរំខានដល់សង្វាក់ផ្គត់ផ្គង់ និងតម្រូវការនៅក្នុងវិស័យសេដ្ឋកិច្ច។ នេះជាមូលហេតុមួយដែលកម្មវិធី OPT នេះជាគំនិតល្អ»។
លោក Bier ដែលថ្មីៗនេះចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា «ការពិតនៃកម្មវិធី OPT សម្រាប់និស្សិតអន្តរជាតិ» បានពន្យល់ថា តួនាទីគ្រប់គ្រងភាគច្រើននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាសុទ្ធតែកាន់កាប់ដោយអ្នកដែលកើតនៅអាមេរិក ឬជាជនជាតិអាមេរិកាំង។ មុខតំណែងជាអ្នកសរសេរកម្មវិធីកុំព្យូទ័រមានជនអន្តោប្រវេសន៍ច្រើនជាង។
និស្សិតបរទេស និងសេដ្ឋកិច្ចអាមេរិក
យោងតាមសមាគមអ្នកអប់រំអន្តរជាតិឈ្មោះ NAFSA និស្សិតអន្តរជាតិជាង១លាននាក់នៅសាកលវិទ្យាល័យនានានៅអាមេរិករួមចំណែកប្រាក់ចំណូលដល់ទៅជិត៤១ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាមេរិក និងបានបង្កើតការងារជាង៤៥ម៉ឺនការងារ ក្នុងអំឡុងឆ្នាំសិក្សា២០១៨ ដល់ ២០១៩។
អ្នកស្រី Sarah Spreitzer នាយកទំនាក់ទំនងជាមួយរដ្ឋាភិបាលនៅឯក្រុមប្រឹក្សាអាមេរិកាំងផ្នែកអប់រំ (American Council on Education) បានថ្លែងថា ពួកគេរំពឹងរួចជាស្រេចថា ចំនួននិស្សិតអន្តរជាតិនឹងធ្លាក់ចុះ២៥ភាគរយ។
អ្នកស្រី Spreitzer ថ្លែងថា៖ «ខ្ញុំគិតថា ចំនួននេះប្រហែលមានការប្រែប្រួលទៀត ផ្អែកទៅតាមចំនួនជាក់ស្តែងដែលគ្រឹះស្ថានអប់រំរបស់អាមេរិកនឹងឃើញចំនួនពាក្យសុំនិងប្រាក់កក់សម្រាប់វិស្សមកាលរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ ប៉ុន្តែ២៥ភាគរយនោះផ្អែកទៅតាមការតួលេខដែលយើងទទួលបានពីគ្រឹះស្ថានអប់រំឧត្តមសិក្សានានាកន្លងមក»។
អ្នកស្រី Spreitzer ថ្លែងថា កម្មវិធី OPT ជាមូលហេតុមួយដែលធ្វើឲ្យនិស្សិតសម្រេចចិត្តទៅរៀននៅសហរដ្ឋអាមេរិក។
អ្នកស្រីក៏បានថ្លែងថា និស្សិតអន្តរជាតិធ្វើការតាមរយៈកម្មវិធី OPT មានជះឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចក្នុងស្រុក (ក្នុងមូលដ្ឋាន) និងតំបន់។
អ្នកស្រីថ្លែងថា៖ «ពួកគេជួយសេដ្ឋកិច្ចដោយការទិញទំនិញ ម្ហូបអាហារ ទៅភោជនីយដ្ឋាន ជួលផ្ទះ ទិញឡាន និងអ្វីៗផ្សេងៗទៀតដែលពួកគេធ្វើពេលគេនៅអាមេរិក»។
សមាគម NAFSA បានរាយការណ៍កាលពីឆ្នាំ២០១៩ថា សិស្សអន្តរជាតិ៧នាក់ជួយបង្កើតការងារនៅអាមេរិកបានចំនួន៣ ដោយសារតែការចាយវាយរបស់ពួកគេទៅលើថ្លៃសិក្សាថ្នាក់ឧត្តមសិក្សា កន្លែងស្នាក់នៅ ម្ហូបអាហារ ទិញទំនិញនានា មធ្យោបាយធ្វើដំណើរ ទូរគមនាគមន៍ និងធានារ៉ាប់រងសុខភាព៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា