វត្ថុរាងស៊ីឡាំងដែលមានទំហំប៉ុនរថយន្តមួយត្រូវបានគេរកឃើញកាលពីថ្ងៃទី ១៧ ខែកក្កដាកន្លងទៅនេះនៅក្រុង Green Head ដែលជាក្រុងដ៏តូចមួយជាប់សមុទ្រនៅចម្ងាយ ២៥០ គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុង Perth រដ្ឋ Western Australian នៃប្រទេសអូស្ត្រាលី។
វត្ថុរាងស៊ីឡាំងពណ៌ទង់ដែងដ៏ធំនេះត្រូវបានតោងជាប់ដោយកូនខ្យងសមុទ្រជាច្រើននៅពេលដែលអ្នកស្រុកប្រើរថយន្តទាញវត្ថុនេះចេញពីទឹក។ វត្ថុអាថ៌កំបាំងនេះមានទទឹងប្រវែងប្រហែល ២ ម៉ែត្រកន្លះនិងបណ្ដោយប្រវែង២ម៉ែត្រកន្លះ។
បន្ទាប់មក អាជ្ញាធរបានយកវត្ថុនោះចេញ។ យោធានិងទីភ្នាក់ងារអវកាសអូស្ត្រាលីកំពុងធ្វើការជាមួយប៉ូលិសដើម្បីវិភាគថាតើវត្ថុនោះជាអ្វីនិងមកពីណា។ គេគិតថាវត្ថុនេះមិនមែនជាបំណែកណាមួយនៃយន្តហោះដឹកអ្នកដំណើរនោះទេ។
លោក Brad Tucker ដែលជាតារាវិទូនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) បានប្រាប់ VOA កាលពីថ្ងៃទី ១៩ ខែកក្កដាថា វត្ថុអាថ៌កំបាំងនេះអាចជាបំពង់ឥន្ធនៈដែលគេបោះចោលរបស់រ៉ុក្កែតឥណ្ឌា។
លោក Tucker បានថ្លែងដូច្នេះថា៖ «មនុស្សជាច្រើនគិតថានេះជាបំណែកធ្លាក់ពីអវកាស ដែលអាចជាបំណែកមួយរបស់រ៉ុក្កែត។ វាមិនទាន់ពិត ១០០% ទេ ប៉ុន្តែរូបរាង ទម្រង់ និងវត្ថុធាតុដើមនៃវត្ថុនេះមានលក្ខណៈស្រដៀងច្រើនទៅនឹងបំណែករបស់រ៉ុក្កែត។ មនុស្សជាច្រើនគិតថានេះជាបំណែកមួយរបស់រ៉ុក្កែត Polar Satellite Launch Vehicle របស់ឥណ្ឌា។ ប៉ុន្តែវាក៏មានលក្ខណៈជាទូទៅដូចផ្នែកផ្សេងទៀតរបស់រ៉ុក្កែតផងដែរ។ ដូច្នេះដោយសារតែមានលក្ខណៈដូច្នេះហើយ ទើបគេគិតថាវាអាចជាបំណែកមួយនៃរ៉ុក្កែត»។
លោក Tucker និយាយថា ចំណុចសំខាន់មួយដែលវត្ថុនេះអាចមានគឺលេខសំគាល់ឬក៏លេខកាតាឡុក។
លោកបានថ្លែងដូច្នេះថា៖ «បំណែកភាគច្រើននៃវត្ថុអវកាសឬក៏យានអវកាសគឺតែងតែមានលេខកាតាឡុកឬលេខសំគាល់។ នៅពេលដែលបំណែកយានអវកាសរបស់ក្រុមហ៊ុន Space-X បែកជាបំណែកនៅរដ្ឋ New South Wales ភាគខាងកើតប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន ខ្ញុំបានទៅជួបកសិករនិងបានធ្វើការកំណត់អត្តសញ្ញាណរបស់បំណែកនោះ ហើយនៅលើបំណែកធំៗ យើងឃើញមានលេខសំគាល់នៅលើនោះ។ នៅលើបំណែកនោះមិនមានពាក្យណាសរសេរថា «ប្រសិនបើរកឃើញ សូមប្រគល់ឱ្យឥណ្ឌាឬក៏ចិន» នោះទេ»។
ប៉ូលិសរដ្ឋ Western Australia បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៨ ខែកក្កដាថា វត្ថុមិនទាន់កំណត់អត្តសញ្ញាណដែលបានរសាត់មកទើលើឆ្នេរសមុទ្រទីក្រុង Perth នោះគឺជាបំណែកធ្លាក់ពីអវកាស «ហើយគេនឹងចាត់ចែងវត្ថុនោះតាមការកំណត់ដូច្នេះរហូតទាល់តែដល់ពេលដែលវាត្រូវបានកំណត់ថាជាអ្វីផ្សេង»៕
ប្រែសម្រួលដោយលោក ភី សុភាដា។
វត្ថុអាថ៌កំបាំងដ៏ធំមួយរសាត់មកទើលើឆ្នេរសមុទ្រដាច់ស្រយាលមួយនៅអូស្ត្រាលី
- Phil Mercer