ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមត្រួត​ពិនិត្យថា ​គ្រាប់មីន​កែច្នៃ​និង​សំណល់​គ្រាប់​ផ្ទុះ​​ពី​សង្គ្រាម​កំពុង​សម្លាប់​និង​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ពិការ


ជនរងគ្រោះ​ដោយសារ​គ្រាប់មីន ដើរ​ដោយ​ប្រើ​ឈើច្រត់​ នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ឆ្នាំ២០០៣។
ជនរងគ្រោះ​ដោយសារ​គ្រាប់មីន ដើរ​ដោយ​ប្រើ​ឈើច្រត់​ នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ឆ្នាំ២០០៣។

ទោះ​បី​ជាមាន​ឧបសគ្គ​បន្តិចបន្តួច អ្នក​និពន្ធ​នៃ​របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ Landmine Monitor ប្រកាស​ពី​ភាព​ជោគ​ជ័យ​ដែល​កំពុង​បន្ត​របស់​សន្ធិសញ្ញា​គ្រាប់មីន​ឆ្នាំ១៩៩៩។ ពួកគេ​បាន​កត់​ត្រា​ប្រទេស​ចំនួន​១៦៤​ ឬ​៨០​ភាគ​រយ​នៃ​ប្រទេស​ក្នុង​ពិភពលោក​ថា​បាន​ចុះ​ហត្ថលេខា​លើសន្ធិសញ្ញា​ដែល​ហាម​ឃាត់​ការ​ប្រើប្រាស់ ការ​ផលិត ការ​ស្តុក​ទុក​ និងការ​ជួញដូរ​អាវុធ​ដ៏​ប្រល័យ​នេះ។​

ហើយ​ស្ទើរ​តែ​ទាំងអស់​នៃ​ប្រទេស​ចំនួន​៣៣​ ដែល​នៅ​ក្រៅ​សន្ធិសញ្ញា​នេះ​គឺ​អនុលោម​តាម​ក្នុង​ពេល​ចាំបាច់។

ក្រុម​ស្រាវជ្រាវ​ The Landmine Monitor រាយការណ៍​តែ​អំពី​រដ្ឋ​មួយ​ប៉ុណ្ណោះ​គឺ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​មិន​មាន​ចំណែក​នៅ​ក្នុង​សន្ធិសញ្ញា ថា​បាន​ប្រើ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាតិ​ពី​ពាក់កណ្តាល​ឆ្នាំ២០១៩​រហូត​ដល់​ខែតុលា​ឆ្នាំ២០២០។ ប៉ុន្តែ​ អំឡុង​ពេល​ដូចគ្នា​នេះ ក្រុម​ស្រាវជ្រាវ​នេះ​បាន​រាយការណ៍​ពី​ការ​ប្រើប្រាស់​គ្រាប់មីន​ដោយ​ក្រុម​ឧទ្ទាម​ដែល​បាន​កើនឡើង​ក្នុង​ប្រទេស​មួយ​ចំនួន។

របាយការណ៍​នោះ​បាន​លើកឡើងថា ច្រើន​ជាង​ពាក់កណ្តាលនៃ​ជនស៊ីវិល​ជាង​៥៥៥០​នាក់​ដែល​បាន​ស្លាប់និង​របួស​ ​គឺ​ដោយសារ​គ្រាប់មីន​កែច្នៃដែល​ត្រូវបាន​កត់ត្រា​កាលពី​ឆ្នាំ​មុន​ក្នុង​ប្រទេស​កំពុង​មាន​ជម្លោះ​ដូចជា​អាហ្វហ្គានីស្ថាន កូឡុំប៊ី អ៊ីរ៉ាក់ ម៉ាលី នីហ្សេ អ៊ុយក្រែន និង​យេម៉ែន។ របាយការណ៍​នោះបន្ថែម​ថា​ជនស៊ីវិល​ដែល​បាន​ស្លាប់និង​របួសជិត​ពាក់កណ្តាល​គឺ​ជា​កុមារ។

លោក Loren Persi មេដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ​ Landmine Monitor ​ប្រាប់​ VOA ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​និង​របួស​៥៥៥០​នាក់​មាន​២២០០​នាក់​ស្លាប់​និង​៣៣៥៧​របួស។

លោក Persi ថ្លែងថា៖ «សមាមាត្រ​រវាង​មនុស្ស​ស្លាប់​និង​របួស​បង្ហាញ​យ៉ាង​ច្បាស់​ថា មាន​មនុស្ស​ស្លាប់​និង​របួសជាច្រើន​នាក់ទៀត ​ហើយ​មនុស្ស​ដែល​រងរបួស​ដោយសារ​គ្រាប់​មីន​និង​គ្រាប់​ផ្ទុះ​សល់ពី​សង្គ្រាម​គឺ​មិន​ត្រូវបាន​គេ​កត់ត្រា​គ្រប់គ្រាន់​ក្នុង​ប្រទេស​ជាច្រើន​ដែល​មាន​ជម្លោះ»។

តាំង​ពី​សន្ធិសញ្ញា​បាន​ចូលជា​ធរមាន ក្រុមស្រាវជ្រាវ Landmine Monitor រាយការណ៍​ ថា​ ប្រទេស​ហត្ថលេខី​បាន​កំទេច​គ្រាប់មីន​ដែល​បាន​ស្តុក​ទុក​ចំនួន​៥៥លាន រួម​ទាំង​២៦៩.០០០​កាលពី​ឆ្នាំ​មុន។ របាយការណ៍​បាន​បន្ត​ថាដំណើរ​ការ​កំពុង​ត្រូវបាន​ធ្វើ​ក្នុង​ការ​ឈូស​ឆាយ​តំបន់ដែល​មាន​គ្រាប់​មីន។

​ក្រុមស្រាវជ្រាវ​នេះ​បាន​ដាក់ប្រទេស​ចំនួន​១២​ក្នុង​បញ្ជី​អ្នក​ផលិត​គ្រាប់​មីន​ ប៉ុន្តែ​រាយការណ៍​តែ​ប៉ុន្មាន​ប៉ុណ្ណោះ​ដែល​កំពុង​ផលិត​មីន​យ៉ាង​សកម្ម។

នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ទទួល​បន្ទុក​ផ្នែក​សព្វាវុធ​លោក Stephen Goose និយាយ​ថា​ ការ​សម្រេច​ចិត្ត​មួយ​ដោយ​រដ្ឋបាល​របស់​លោក​ Trump ដើម្បី​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​រដ្ឋបាល​លោក​ Obama ក្នុង​ការ​បញ្ចប់​ផលិតកម្ម​គ្រាប់មីន​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​ក្នុង​ការ​សម្រេច​ឲ្យ​បាននូវគោល​ដៅ​ ពិភព​លោក​ដែល​គ្មាន​គ្រាប់​មីន។

លោក Goose ថ្លែងថា៖«សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជំហ​បច្ចុប្បន្ន​កំពុង​ប្រកាស​ខ្លួន​ឯង​ថា​មាន​សិទ្ធិ​ក្នុង​ការ​ផលិត​អាវុធ​ម្តង​ទៀត​តាម​ចិត្ត​របស់​ខ្លួន ជួញដូរ​អាវុធ​តាម​ចិត្ត និង​ប្រើ​ប្រាស់​វា​នៅទីណា​ក៏​បាន​ក្នុង​ពិភពលោក»។

នៅពេល​ដែល​អាមេរិក​ប្រកាស​ពី​ការ​ផ្លាស់ប្តូរ​កាលពី​ខែមករា រដ្ឋបាល​លោក Trump បាន​និយាយ​ថា​ ការ​រឹតបន្តឹង​អាចបណ្តាល​ឲ្យ​កងកម្លាំង​អាមេរិក«មាន​គុណវិបត្តិ​ធ្ងន់ធ្ងរ​អំឡុង​ពេល​មាន​ជម្លោះ​ប្រឆាំង​នឹងខ្មាំង​សត្រូវ​របស់​យើង»។​

លោកGoose ​និយាយ​ថា​ លោក​រីករាយដែល​លោក Joe Biden ​កាលពី​ខែ​កុម្ភៈ​ក្នុង​ពេល​លោក​ជា​បេក្ខជន​ប្រធានាធិបតី​បាន​ប្រកាស​ថា​ លោក​នឹង​ប្តូរ​គោល​នយោបាយ​លោក Trump ត្រឡប់​មកវិញ​បើសិន​ជា​លោក​ជាប់​ឆ្នោត។ លោក Goose និយាយ​ថា​ សកម្ម​ជន​កំពុង​សង្ឃឹម​ថា សហរដ្ឋ​អាមេរិកនឹង​ចូល​រួម​ជាមួយ​ប្រទេស​ដែល​គាំទ្រ​ការ​ហាមប្រាម​អាវុធ​មួយ​នេះ​ម្តងទៀត៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG